រដ្ឋាភិបាលត្រៀមថវិកា ៤លានដុល្លារសម្រាប់ចំណាយទៅលើមន្ត្រីកសិកម្មបម្រើការងារជួយកសិករនៅតាមឃុំសង្កាត់ក្នុងខេត្តចំនួន១៧ នៅឆ្នាំ២០២៤ខាងមុខ ។ ប៉ុន្តែអ្នកជំនាញកសិកម្មនិង អ្នកស្រាវជ្រាវ យល់ឃើញថា គម្រោងនេះអាចនឹងទទួលបានផលប្រយោជន៍តិចតួច។
តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចេញថវិកាជាតិឆ្នាំ២០២៤ បង្ហាញថា ក្រសួងបានត្រៀមថវិកាចំនួន១៦,៩ ប៊ីលានរៀល ស្មើនឹង៤លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទៅលើមន្ត្រីកសិកម្មចុះបម្រើការងារនៅតាមមូលដ្ឋានឃុំសង្កាត់ នេះបើតាមការចេញផ្សាយកាលចុងខែតុលាឆ្នាំ២០២៣នេះ នៅលើគេហទំព័រផ្លូវការរបស់ក្រសួង។ ការចំណាយទាំងនេះដើម្បីជួយលើកកម្ពស់ផលិតភាព នឹងជួយដល់ជីវភាពគ្រួសារកសិករនៅតាមជនបទ។
កសិករម្នាក់នៅស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ លោក រឿង រ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែវិច្ឆិកា ថា លោកសាទរនឹងគម្រោងផ្នែកកសិកម្មរបស់រដ្ឋាភិបាល ប៉ុន្តែលោកនិងកសិករផ្សេងទៀតរង់ចាំមើលប្រសិទ្ធភាពការងាររបស់មន្ត្រីទាំងអស់នោះសិន ពីព្រោះកន្លងមកថ្នាក់ដឹកនាំបានតែសន្យា តែមិនទាន់ឃើញមានលទ្ធផលជាដុំកំភួនឡើយ។
លោក រឿង រ៉ា៖ «ខ្ញុំចង់សំណូមពរអ្នកគ្រប់គ្រងថ្នាក់លើទាំងអស់ឱ្យជួយបញ្ចុះតម្លៃប្រេង តម្លៃជី តម្លៃថ្នាំ ជូនដល់ប្រជាពលរដ្ឋខ្ញុំ បានអត់យ៉ាងណាយ៉ាងណី»។
ស្រដៀងគ្នានេះដែរ អ្នកសម្របសម្រួលសហគមន៍កសិករនៅស្រុករមាសហែក ខេត្តស្វាយរៀង លោកស្រី ខៀវ សារុន លើកឡើងដែរថា កសិករជាច្រើនកំពុងជាប់បំណុលធ្ងន់ធ្ងរដោយសារតែខាតបង់លើវិស័យកសិកម្ម ពីព្រោះតម្លៃកសិផល បានធ្លាក់ចុះជាបន្តបន្ទាប់។
លោកស្រី ខៀវ សារុន៖ «ខាងឃុំគេជ្រើសរើសយកមន្ត្រីកសិកម្មចុះតាមជនបទ ហើយទាក់ទងនឹងមន្ត្រីនឹងដូចជាបើតាមអ្វីដែលមើលឃើញ ខ្ញុំគិតថាមិនទាន់ល្អជាងមុនប៉ុន្មានទេ ប៉ុន្តែសង្ឃឹមថា នៅពេលដែលពួកគាត់ចុះមកដល់សហគមន៍ ពួកគាត់នឹងយកបញ្ហាប្រជាពលរដ្ឋជាធំ»។
កាលពីថ្ងៃទី៣១ ខែតុលា ក្រសួងមុខងារសាធារណៈ បានប្រកាស ពីការប្រឡងជ្រើសរើសមន្ត្រីកសិកម្ម ចំនួន២៥០នាក់ ត្រៀមចុះជួយដល់កសិករនៅតាមបណ្ដាខេត្តចំនួន១៧ ដើម្បីបង្រៀនបច្ចេកទេសដល់កសិករនៅតាមជនបទ។
ក្រសួងមុខងារសាធារណៈក៏បានកំណត់ប្រាក់បៀវត្សរ៍ប្រចាំខែសម្រាប់មន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ចាប់ពី ១លាន ៤សែនរៀល (១.៤០០.០០០) ទៅ១លាន ៦សែនរៀល (១.៦០០.០០០) ផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោកស្រី អ៊ឹម រចនា ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ ដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកលើក។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការដាក់មន្ត្រីកសិកម្មនៅតាមជនបទនេះ អាចបានផលប្រយោជន៍តិចតួច បើរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាធំរបស់កសិករ។ លោកបន្ថែមថា បញ្ហារបស់កសិករទាំងអស់នោះគឺការលក់បានតម្លៃថ្លៃ ដើម្បីលើកកម្ពស់ខ្ពស់ដល់កសិករ ប៉ុន្តែតម្លៃកសិករបច្ចុប្បន្នកំពុងជួបបញ្ហានិងជំពាក់បំណុលធ្ងន់ធ្ងរ។
បណ្ឌិត មាស នី៖ «ពាក់ព័ន្ធទៅនឹងទីផ្សារ បើធ្វើហើយវាអត់មានតម្លៃមានខ្ពស់ដែលចំណេញបាន ហើយសម្ភារប្រើប្រាស់ផ្សេងៗ[ក្នុងវិស័យកសិកម្ម]វាឡើងថ្លៃ មិនអាចយកគ្រាន់តែបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំមួយៗ ហើយអាចនឹងមានដំណោះស្រាយទៅលើវិស័យកសិកម្មហ្នឹងមិនអាចទៅរួចទេ។ ប៉ុន្តែដូចខ្ញុំបានជម្រាបជូនអ៊ីចឹងមិនមែនថា វាមិនបានប្រយោជន៍សោះ ប៉ុន្តែមួយជ្រុងតូចប៉ុណ្ណោះ»។
ចំណែកប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មើលឃើញថា ការចំណាយនេះ នៅមានប្រសិទ្ធភាពទាប ចំពោះមន្ត្រីកសិកម្មនៅតាមឃុំសង្កាត់នោះទេ ។ លោកជំរុញឲ្យមន្ត្រីរដ្ឋាភិបាល ឲ្យប្រើប្រាស់ឆន្ទៈពិតប្រាកដជួយទៅដល់កសិករ នូវបច្ចេកទេស និងតម្រូវការផ្សេងរបស់សហគមន៍។
លោក ថេង សាវឿន៖ «តម្រូវការកសិករក្នុងវិស័យកសិកម្ម កត្តាបច្ចេកទេសមិនមែនជាបញ្ហាចោទទេ សម្រាប់ប្រជាពលរដ្ឋយើង ប៉ុន្តែយន្តការនៃការផ្ដល់ព័ត៌មាន យន្តការនៃការផ្ដល់នូវលំហូរព័ត៌មាន អំពីយុទ្ធសាស្ត្រ វិធីសាស្ត្រ និងនិន្នាការតម្រូវការរបស់ពិភពលោក ក៏ដូចជាក្រុមហ៊ុនវិស័យឯកជនក្នុងប្រទេសកម្ពុជា ឬក៏ពិភពលោកនៃការនាំចេញលើវិស័យកសិកម្មគឺជាយន្តការមួយដែលត្រូវតែបានផ្សព្វផ្សាយ ហើយនឹងត្រូវការមនុស្សដើម្បីចូលរួមចំណែកទៅលើវិស័យនេះ»។
រដ្ឋាភិបាលបានប្រកាសជ្រើសរើសមន្ត្រីកសិកម្មនៅឆ្នាំ២០២៣ មានចំនួន១៧ខេត្ត ក្នុងនោះរួមមានខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី។ សម្រាប់ឆ្នាំ២០២៤ខាងមុខ រដ្ឋាភិបាលនឹងជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៥៥០នាក់៕
ជុំវិញរឿងនេះអ្នកស្រី សុ ជីវី មានសម្ភាសផ្ទាល់ជាមួយអ្នកជំនាញកសិកម្មលោក នី ណាក់ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
