គម្រោង​វិនិយោគ​មក​កម្ពុជា​ថយ​ចុះ​ប្រមាណ​ ១២% ក្នុង​ឆ្នាំ​២០២០ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩

ដោយ សុជីវី
2021.02.13
Share on WhatsApp
Share on WhatsApp
គម្រោង​វិនិយោគ​មក​កម្ពុជា​ថយ​ចុះ​ប្រមាណ​ ១២% ក្នុង​ឆ្នាំ​២០២០ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្ដាសោភា។
រូប​ពី​ហ្វេសប៊ុក

គម្រោង​វិនិយោគ​មក​កម្ពុជា​ថយ​ចុះ​ប្រមាណ​ ១២% ក្នុង​ឆ្នាំ​២០២០ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។​ ឆ្នាំ​២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា បាន​អនុម័ត​គម្រោង​ចំនួន​២៣៨​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៨,២ ពាន់​លាន​ដុល្លារ គឺ​ថយ​ចុះ​ប្រមាណ​ ១២%​ធៀប នឹង​ឆ្នាំ​២០១៩។

បើ​ទោះ​ជា​យ៉ាងណា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃទី​៩ កុម្ភៈ​ថា ការ​ថយ​ចុះ​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ល្អ​នៅឡើយ​បើ​ធៀប​នឹង​ការ​ព្យាករណ៍​នៅ​​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​ក្នុង​ឆ្នាំ​២០២០។

ដោយឡែក​សម្រាប់​ខែ​មករា ដើម​ឆ្នាំ​២០២១​ នេះ គម្រោង​វិនិយោគ​ចំនួន ២០​គម្រោង ត្រូវ​បាន​អនុម័ត ដែល​មាន​ទុន​វិនិយោគ​សរុប ៦២១​លាន​ដុល្លារ គឺ​បាន​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ខែ​មករា​កាល​ពី​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ១៧​គម្រោង។

ក្នុង​ន័យ​ជំរុញ​កា​រវិន​យោគ​មក​កម្ពុជា​នេះ​មន្ត្រី​កម្ពុជា និង​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បាន​ជួបពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ ពី​ឱកាស​នៃ​ការ​វិនិយោគ​ប្រកបដោយ​ចិរភាព​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្ដាសោភា បាន​ថ្លែងប្រាប់​ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា តំណាងរាស្ត្រ មន្ត្រី​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច និង​តំណាង​វិស័យ​ឯកជន​របស់​ចក្រភព​អង់គ្លេស​ពី​ឱកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ និង​នៅ​ក្រោយ​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩។

លោក សុខ ចិន្តាសោភា បាន​លើកឡើង​ពី​សក្ដានុពល​នៃ​ការ​វិនិយោគ​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ និង​អះអាង​ថា កម្ពុជា​បាន​ធ្វើ​សេចក្តី​ព្រាងច្បាប់ និង​បទបញ្ញត្តិ​ថ្មី​ស្តីពី​ការ​វិនិយោគ ដើម្បី​ជួយ​សម្រួល និង​ទាក់ទាញ​អ្នក​វិនិយោគ​។​

ជាមួយគ្នា​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក សុខ ចិន្ដាសោភា ក៏បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​បញ្ហា​ប្រឈម និង​សំណូមពរ ដើម្បី​ជំរុញ​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល