វិនិយោគិន​ត្រូវ​ការ​ទុន​១​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក

ដោយ អ៊ុំ រង្សី
2016.06.28
កសិដ្ឋាន​ជ្រូក ព្រះសីហនុ ៨៥៥ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី ស្ថិត​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៦
RFA/Rann Samnang

វិនិយោគិន​លើ​ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​បាន​ចំណាយ​ទៅ​លើ​ការ​នាំ​ចូល​ជ្រូក​សាច់​ប្រមាណ​ជាង ៤០០​លាន​ដុល្លារ​ពី​ក្រៅ​ប្រទេស ដើម្បី​បំពេញ​តម្រូវការ​នៅ​ក្នុង​ស្រុក។

អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ជា​ប្រធាន​ក្រុម​ការងារ​ផ្នែក​កសិកម្ម និង​កសិឧស្សាហកម្ម​ផ្នែក​ឯកជន លោក ម៉ុង ឫទ្ធី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ជ្រូក​សាច់​ដែល​នាំចូល​មក​កាន់​កម្ពុជា កន្លង​មក​ភាគ​ច្រើន​មក​ពី​ប្រទេស​វៀតណាម និង​ថៃ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក។

លោក​ឲ្យ​ដឹង​ដែរ​ថា ជ្រូក​ដែល​នាំ​ចូល​ទាំង​នោះ វា​មិន​ត្រឹមតែ​បន្ត​គំរាមកំហែង​ដល់​ការ​រីក​លូតលាស់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ វា​ក៏​គំរាមកំហែង​ដល់​សុខភាព និង​សេដ្ឋកិច្ច​ជាតិ​ខ្លាំង​ដែរ ព្រោះ​ភាគច្រើន​មិន​បាន​ពិនិត្យ​គុណភាព​បាន​ត្រឹមត្រូវ​នៅ​ឡើយ។

​ទន្ទឹម​គ្នា​នេះ វិនិយោគិន​រូប​នេះ​អះអាង​ថា ទោះ​កម្ពុជា​មាន​បច្ចេកទេស​ចិញ្ចឹម​ជ្រូក ប៉ុន្តែ​ការ​ចិញ្ចឹម​នៅ​តែ​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ។ លោក​ថា អ្នក​វិនិយោគ​ត្រូវ​ពឹង​ផ្អែក​លើ​ដើម​ទុន​ប្រមាណ ១.០០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​រឿង​សំខាន់ ដើម្បី​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​ពី​បរទេស​បាន​ទាំង​ស្រុង៖ «យើង​ចង់​ពង្រីក​ការ​ចិញ្ចឹម​ទ្វេ​ដង​ឲ្យ​ធំ​ជាង​សព្វថ្ងៃ ប៉ុន្តែ​ខ្វះ​ដើម​ទុន ព្រោះ​ផ្នែក​ចិញ្ចឹម​ជ្រូក​នេះ ខាង​ធនាគារ​គេ​មិន​សូវ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ ហេតុ​នេះ ទុន ១​ពាន់​លាន​វា​សំខាន់​ណាស់​សម្រាប់​អភិវឌ្ឍន៍​ផ្នែក​ចិញ្ចឹម​ជ្រូក​ឲ្យ​រីក​ចំរើន»

អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ឲ្យ​ដឹង​ថា  បច្ចុប្បន្ន​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ច្រើន​ជាង​គេ នៅ​ខេត្ត​កំពង់ស្ពឺ។ ជាង​នេះ ជ្រូក​សាច់​ដែល​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​លោក​បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក គឺ​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ ប្រមាណ​ចាប់​ពី ៣០០ ទៅ ៤០០​ក្បាល​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។