ក្រសួង​ពាណិជ្ជកម្ម​ដាក់​ផែនការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​៧៥​ម៉ឺន​តោន​នៅ​ឆ្នាំ​២០២៣

ដោយ ទីន ហ្សាការីយ៉ា
2022.11.24
Share on WhatsApp
Share on WhatsApp
ក្រសួង​ពាណិជ្ជកម្ម​ដាក់​ផែនការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​៧៥​ម៉ឺន​តោន​នៅ​ឆ្នាំ​២០២៣ ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
RFA/Tha Thai

ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់​ផែនការ​នាំ​ឲ្យ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​ឲ្យ​បាន​ចំនួន ៧៥​ម៉ឺន​តោន​នៅ​ឆ្នាំ​២០២៣ និង ១​លាន​តោន នៅ​ឆ្នាំ​២០២៥​ខាងមុខ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​លើកឡើង​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​២៣ វិច្ឆិកា ថា ដើម្បី​ឲ្យ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ឲ្យ​បានសម្រេច​ដូច​ផែនការ​ដាក់ចេញ​នេះ ក្រសួងពាណិជ្ជកម្ម​ត្រូវ​ផ្តោត​លើ​សសរស្ដម្ភ​៤ រួម​មាន ត្រូវ​ពង្រឹង​អភិបាលកិច្ច​ឲ្យ​កាន់តែ​ប្រសើរ ជំរុញ​ផលិតកម្ម​ពូជស្រូវ។ ការ​រក​ទីផ្សារ​បន្ថែម និង ការស្រាវជ្រាវ​និង​អភិវឌ្ឍ ដែល​អាច​ឆ្លើយ​តប​ការ​ប្រែប្រួល​អាកាសធាតុ​ទីផ្សារ និង​ទិន្នផល។

លោក ប៉ាន សូរស័ក្ដិ គ្រោង​ចរចា​ពង្រីក​ទីផ្សារ​នាំចេញ និង​ការ​សម្របសម្រួល​លើ​អនុស្សរណៈ​យោគយល់ (MOU ) ដើម្បី​នាំ​អង្ករ​ចេញ​កាន់​ទីផ្សារ​ប្រទេស​ចិន ទី​ម័​រ​ខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស (Bangladesh)។ល។

ការ​ដាក់​ផែនការ​នាំ​អង្ករ​ចេញ​នេះ នៅ​ក្រោយ​ពី​មាន​កា​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្មី ពី​កសិករ​ថា លោក​អសមត្ថភាព​ដោះស្រាយ​បញ្ហា​អង្ករ​ចុះថ្លៃ។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រជាកសិករ​នៅ​តាម​បណ្ដា​ខែត្រ​មួយចំនួន​ដូចជា ខែត្រ​តាកែវ បាត់ដំបង បាន​ប្រតិកម្ម​ទៅ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងកសិកម្ម លោក ទិត ទីណា ដែល​មិន​ទទួលខុសត្រូវ​លើ​ការ​រក​ទីផ្សារ​ស្រូវ អង្ករ បែរជា​មក​បន្ទោស​ប្រជាកសិករ​រឿង​ច្រូតស្រូវ​ជាន់គ្នា​ទៅវិញ ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ចុះថោក​។ ពួកគេ​លើកឡើង​ថា កាលពីមុន​តម្លៃ​ស្រូវ​ថ្លៃ​លក់​បាន ១​ពាន់ ២​រយ​រៀល ក្នុង​មួយ​គីឡូក្រាម តែ​ឥលូវ​នេះ​ធ្លាក់​ថ្លៃ​និង​គ្មាន​ទីផ្សារ គឺ​លក់​បានតែ​៧០០​រៀល​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រយៈពេល​៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ជាង ៣៥​ម៉ឺន​តោន គឺ​កើនឡើង​ជាង​១៣% ទៅកាន់​ទីផ្សារ​ទិសដៅ​ចំនួន ៥៣ ប្រទេស ក្នុង​នោះ ប្រទេស​ចិន​នៅតែ​ឈរ​លំដាប់​លេខ​១​ដដែល​។ ចិន​បាន​បញ្ជា​ទិញ​អង្ករ​ច្រើន​ជាងគេ​ពី​កម្ពុជា ក្នុង​បរិមាណ​ចំនួន ១៧ ម៉ឺន​តោន ដែល​កើនឡើង​ជាង​១០%

ចំណែក ការ​អង្ករ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​វិញ​វិញ មាន​ជាង ១១​ម៉ឺន​តោន កើនឡើង ៤៧% និង​នាំ ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​វិញ​ជិត ៣​ម៉ឺន​តោន កើនឡើង​ជិត​២%

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។