ក្រសួងការងារ ស្នើឲ្យថៅកែរោងចក្រ និងក្រុមហ៊ុននានា ផ្តល់ថ្ងៃឈប់សម្រាកសម្រាប់កម្មករ និយោជិក ព្រមទាំងបុគ្គលិកក្រុមហ៊ុននានាចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃ៧ ខែតុលាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ប៉ុន្តែក្រសួងថា ក្នុងករណីអ្នកដែលស្ម័គ្រចិត្តធ្វើការក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យ ពួកគេមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភបន្ថែមតាមច្បាប់ការងារ។
ពិធីបុណ្យភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី ៦ ខែតុលា ប៉ុន្តែច្បាប់ការងារបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេលបីថ្ងៃនៃពិធីបុណ្យ។
ទោះបីជាយ៉ាងណាក្រសួងការងារស្នើថា ដើម្បីរក្សា និរន្តរភាពផលិតភាពនៅកន្លែងធ្វើការនិយោជកនិងតំណាងកម្មករអាចរៀបចំរបៀបធ្វើការងារ ដោយធ្វើការប្តូរវេនគ្នាក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកនោះប៉ុន្តែត្រូវមានការយល់ព្រមគ្នាជាមួយបុគ្គលិក និងកម្មករ និយោជិកដែលពាក់ព័ន្ធ។
ជាមួយគ្នានេះ ក្រសួងក៏បានណែនាំដល់អ្នកដែលឈប់សម្រាកទាំងអស់គោរពតាមវិធានសុខាភិបាលដើម្បីគ្រប់គ្រងហានិភ័យទាក់ទងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងករណីពុលអាហារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។