រដ្ឋសភាគណបក្សប្រជាជនកម្ពុជាបានសម្រេចអនុម័តគម្រោងផលិតអគ្គិសនីដុតធ្យូងថ្មខ្នាតធំចំនួន២ កន្លែង តាមសំណើរបស់រដ្ឋាភិបាល នៅថ្ងៃទី២៦ មីនា ក្នុងអង្គប្រជុំវិសាមញ្ញរបស់ខ្លួន។ សង្គមស៊ីវិលយល់ថា ស្ថាប័ននីតិបញ្ញត្តិមិនគួរប្រើពេលប្រថុចញ៉ុច ដើម្បីអនុម័តគម្រោងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារបែបនេះទេ។
រដ្ឋសភារបបក្រុងភ្នំពេញបានប្រើពេលប្រហែល១ ម៉ោង ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងវិស័យធុរកិច្ច ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណ១ ពាន់៧ រយលានដុល្លារអាមេរិក។ សេចក្ដីព្រាងច្បាប់ទាំង៣ នេះ រួមមាន ការអនុម័តយល់ព្រមឱ្យក្រុមហ៊ុនរ៉ួយ៉ាល់គ្រុប (Royal Group) សាងសង់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០ មេហ្កាវ៉ាត់នៅខេត្តកោះកុង ការអនុម័តយល់ព្រមឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ (HAN SENG COAL MINES Co., LTD) សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព២៦៥ មេហ្កាវ៉ាត់នៅខេត្តឧត្តរមានជ័យ ព្រមទាំងការអនុម័តយល់ព្រមឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ ដដែលនេះសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុង២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មខេត្តឧត្តរមានជ័យ មកអនុស្សាវរីយ៍សៀមរាបខាងកើត។
ព័ត៌មានរបស់រដ្ឋសភាឱ្យដឹងថា សេចក្ដីព្រាងច្បាប់នីមួយៗ មានចំនួន៣ មាត្រា ដូចគ្នា ហើយសមាជិកសភាចំនួន១០៩ រូប ដែលមានវត្តមានក្នុងអង្គប្រជុំ បានលើកដៃគាំទ្រសេចក្ដីព្រាងច្បាប់ទាំង៣ នេះ ទាំងអស់គ្នា។
ទោះជាយ៉ាងណា ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា គម្រោងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារបែបនេះ គួរតែមានការពិភាក្សាដេញដោលឱ្យបានហ្មត់ចត់។ លោករិះគន់ថា ការប្រើពេលតែមួយម៉ោងដើម្បីអនុម័តគម្រោងទាំងនេះ គឺគ្រាន់តែជាការធ្វើបង្គ្រប់កិច្ចតាមសំណើរបស់រដ្ឋាភិបាលប៉ុណ្ណោះ៖« គម្រោងវិនិយោគ គម្រោងសម្បទានធំៗ នេះ មុននឹងអនុម័តដោយសភា វាគួរតែឆ្លងកាត់ការពិគ្រោះយោបល់ឱ្យបានទូលំទូលាយពីសង្គមស៊ីវិល ពីតួអង្គពាក់ព័ន្ធផ្សេងៗ ហ្នឹង ក៏ប៉ុន្តែវាអត់ចម្លែកទេ សភាឯកបក្សគេធ្វើអ្វីៗទៅតាមការស្នើសុំរបស់រដ្ឋាភិបាល។ អ៊ីចឹងមើលទៅ យើងមិនសង្ឃឹមថា វានឹងមានតម្លាភាព ហើយនឹងមានផលប្រយោជន៍អ្វីច្រើនសម្រាប់សាធារណៈប៉ុន្មាននោះទេ»។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា សេចក្តីព្រាងច្បាប់នេះនឹងអាចជួយប្រទេសកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ទាក់ទិននឹងការចូលរួមប្រជុំរបស់សមាជិកសភាដោយដោយពុំមានពាក់ម៉ាសត្រឹមត្រូវ។ លោក ឡេង ប៉េងឡុង មានប្រសាសន៍ថាសមាជិកសភាទាំងនេះសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យសុខភាពត្រឹមត្រូវមុនអនុញ្ញាតឲ្យចូលរួមប្រជុំសភាហើយរាល់ឯកសារនឹងចែកជូនតាមអនឡាញ ដើម្បីទប់ស្កាត់ជំងឺកូវីត១៩៖ « ខ្លះពាក់ម៉ាស ហើយខ្លះទៀតក៏មិនបានពាក់ម៉ាស។ ពាក់ម៉ាសហ្នឹង តាមធម្មតាខ្លាចគាត់ក្អក ឬកណ្ដាស់ឆ្លងពីគេទេ។ដូច្នេះហើយកាលពីមុន កាលខាងរាជធានីក្រុងគេចែងថា មិនចាំបាច់ពាក់ក៏បាន មានខ្លះពាក់ ហើយមិនពាក់ មានខ្លះក៏មានក្រមាទៅ។ អ៊ីចឹងនៅកម្ពុជាមិនទាន់មានអ្វីធ្ងន់ធ្ងរ ដូចជា ប្រទេសដទៃទេ » ។
កាលពីថ្ងៃទី៧ កុម្ភៈកន្លងទៅ គណៈរដ្ឋមន្ត្រីបានអនុម័តគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មចំនួន ២កន្លែង ដោយមួយមានទីតាំងស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង និងមួយទៀតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គម្រោងនៅខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group) របស់ឧកញ៉ា គិត ម៉េង ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទំហំទឹកប្រាក់ជាង១ ពាន់៣ រយលានដុល្លារអាមេរិក។ ចំណែក គម្រោងនៅខេត្តឧត្តរមានជ័យវិញ វិនិយោគដោយក្រុមហ៊ុន ហាន សេង ខូល ម៉ាញ (HAN SENG COAL MINES Co., LTD)របស់ឧកញ៉ា វិញ ហួរ ដែលជាជំនួញស្និទ្ធនឹងបក្សកាន់អំណាច ក្នុងទំហំទឹកប្រាក់ជាងជិត៣ រយលានដុល្លារអាមេរិក (២៩៤)។ ក្រុមហ៊ុននេះក៏ទទួលបានសិទ្ធិវិនិយោគលើគម្រោងខ្សែបណ្ដាញអគ្គិសនីចេញពីរោងចក្ររបស់ខ្លួននៅខេត្តឧត្តរមានជ័យទៅកាន់អនុស្សាវរីយ៍សៀមរាបខាងកើតផងដែរ ដែលគម្រោងនេះមានទំហំទឹកប្រាក់ជាង ៦១លានដុល្លារអាមេរិក។
រដ្ឋាភិបាលលោក ហ៊ុន សែន រំពឹងថា រោងចក្រអគ្គិសនីដុតធ្យូងថ្មពីរកន្លែងនេះ នឹងអាចផលិតអគ្គិសនីបានជិត១ ពាន់មេហ្កាវ៉ាត់ នៅពេលដំណើរការបានពេញលេញ។ រដ្ឋាភិបាលអះអាងទៀតថា នេះជាគម្រោងចាំបាច់ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ក្នុងពេលអនាគត។
ទោះជាយ៉ាងណា ក្រុមអ្នកការពារបរិស្ថានលោក ហេង ស្រស់ និយាយថាយល់ថាលោកមិនគាំទ្រចំពោះគម្រោងផលិតថាមពលនេះទេ ពីព្រោះគម្រោងផលិតថាមពលអគ្គិសនីនីមួយៗរដ្ឋាភិបាលមិនដែលគិតគូរពីបរិស្ថានទេ៖ « ក្នុងនាមយើងជាសកម្មជនយើងព្រួយបារម្ភចំពោះគម្រោងវិនិយោគទាំង៣ខេត្តហ្នឹង វាអាចនឹងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលនៅក្រឡឹងជុំវិញ » ។
កន្លងមកសកម្មជនបរិស្ថានយល់ថា មិនមែនជាការវិនិយោគបែបឆ្លាតវៃនោះទេ ពីព្រោះធ្យូងថ្មមានតម្លៃថ្លៃ បើប្រៀបធៀបនឹងការផលិតអគ្គិសនីចេញពីប្រភពខ្យល់ ពន្លឺព្រះអាទិត្យ ឬជីវម៉ាស់។ ជាងនេះទៅទៀត រោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ នឹងបញ្ចេញឧស្ម័នកាបូនិកច្រើនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវិតមនុស្សសត្វ នៅជុំវិញតំបន់នោះ។ ជាពិសេស វាប្រាស់ចាកទៅនឹងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាខ្លួនឯងផ្ទាល់ ដែលកំពុងលើកកម្ពស់ផែនការ និងបច្ចេកវិទ្យាបញ្ចេញកាបូនទាប ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
