ព្រះមហាក្សត្រព្រះបាទ បរមនាថ នរោត្តម សីហមុនី ប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ថវិកាជាតិឆ្នាំ ២០១៩ តាមរយៈព្រះរាជក្រម ចុះថ្ងៃទី១២ ខែធ្នូ។
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ឬច្បាប់ថវិកាជាតិឆ្នាំ ២០១៩ នេះ ត្រូវបានសភាឯកបក្សអនុម័តទាំងស្រុងដោយគ្មានការកែប្រែ កាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅ។
របបក្រុងភ្នំពេញបានបង្កើនថវិកាជាតិប្រមាណ ៧រយលានដុល្លារបន្ថែមទៀត សម្រាប់ការចំណាយនៅឆ្នាំ២០១៩។ ថវិកាដែលរបបនេះគ្រោងចំណាយមានប្រមាណ ៦.៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១ភាគរយ បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០១៨ កន្លងទៅ ដែលមានប្រមាណ ៦ពាន់លានដុល្លារ។ គម្រោងចំណាយសម្រាប់ឆ្នាំ២០១៩ នេះ កើនឡើងលើសពីគម្រោងចំណូលរបស់រដ្ឋ ដែលមានត្រឹមតែជាង ៥ពាន់លានដុល្លារ។
អ្នកឃ្លាំមើលសង្គមថ្លែងថា នៅពេលដែលចំណាយ និងចំណូលមិនមានតុល្យភាពនឹងគ្នា របបក្រុងភ្នំពេញចៀសមិនផុតពីត្រូវខ្ចីបំណុលគេ ដើម្បីយកមកបង្គ្រប់ការចំណាយរបស់ខ្លួនឡើយ ហើយនិន្នាការបែបនេះ គឺជាហានិភ័យសម្រាប់សង្គមជាតិទៅថ្ងៃមុខ។
គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០១៨ កម្ពុជាជំពាក់បំណុលបរទេសក្នុងក្របខ័ណ្ឌទ្វេភាគីជាង ៦ពាន់ ៨ រយលានដុល្លារ និងពហុភាគីជាង ៣ពាន់លានដុល្លារអាមេរិក។ ប្រទេសដែលកម្ពុជាខ្ចីច្រើនជាងគេបំផុត គឺប្រទេសចិន ដែលមានទឹកប្រាក់កម្ចីជាង ៤ពាន់លានដុល្លារអាមេរិក។ របបក្រុងភ្នំពេញអះអាងថា នេះមិនមែនជាចំនួនច្រើនដែលគួរឱ្យព្រួយបារម្ភនោះទេ ព្រោះសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ ហើយកម្ពុជានៅមានលទ្ធភាពសងបំណុលនេះនៅឡើយ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសចិនក៏បានផ្ដល់ជំនួយ និងកម្ចីជាង ២រយលានដុល្លារបន្ថែមទៀត ដល់របបក្រុងភ្នំពេញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
