អាជីវករលក់ចំណីអាហារតាមចិញ្ចើមផ្លូវនៅផ្សាររាត្រីក្នុងក្រុងបាត់ដំបង បារម្ភថា ការផ្លាស់ប្ដូរទីតាំងតូបពីមាត់ស្ទឹងសង្កែ ទៅលក់នៅកន្លែងផ្សេង នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគាត់ ។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋបាលក្រុងបើកការពិភាក្សាជាមួយអាជីវករដោយផ្ទាល់ និងរកទីតាំងផ្សេងដែលសមស្របសម្រាប់ការលក់ដូររបស់ពួកគាត់។
អាជីវករលក់ចំណីអាហារនៅតាមបណ្ដោយស្ទឹងសង្កែ ក្បែរផ្សាររាត្រីក្នុងក្រុងបាត់ដំបង លើកឡើងថា ពួកគាត់មិនអាចទទួលយកការផ្លាស់ប្ដូរទីតាំងតូបពីកន្លែងចាស់ ទៅកន្លែងថ្មីតាមគម្រោងកែលម្អសួនច្បាររបស់រដ្ឋបាលក្រុងបាត់ដំបងបានឡើយ។
អាជីវករម្នាក់លក់អាហារនៅផ្សាររាត្រី លោកស្រី ម៉េត រីយ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ មីនា ថា តូបលក់អាហារថ្មីមានទីធ្លាតូចចង្អៀតមិនអាចដាក់តុឱ្យភ្ញៀវអង្គុយហូបអាហារបាន និងមិនអាចទុកសម្ភារៈលក់ដូរនៅពេលយប់ ហើយថែមទាំងមានផ្លូវលិចទឹកនៅរដូវវស្សាផងដែរ។ លោកស្រីបន្តថា ការលក់ដូររាល់ថ្ងៃគឺពឹងផ្អែកទៅលើទេសភាពនៅមាត់ស្ទឹងសង្កែ ដែលទាក់ទាញភ្ញៀវឱ្យចូលមកហូបអាហារ ខុសពីទីតាំងតូបថ្មី ដែលមានតែផ្ទះប្រជាពលរដ្ឋលក់ដូរព្រោងព្រាត។ លោកស្រីថា ការផ្លាស់ប្ដូរទីតាំងលក់ដូរនៅពេលនេះនឹងធ្វើឱ្យលោកស្រី ព្រមទាំងអាជីវករដទៃទៀតបាត់បង់ប្រាក់ចំណូលជាមិនខាន។
លោកស្រី ម៉េត រីយ៉ា៖ «និយាយរឿងពិបាក ជាជាងគេដេញយើងចោល គេឱ្យយើងទៅ(លក់)នៅហ្នឹង។ ដូចនិយាយអ៊ីចឹង!កន្លែងពីរម៉ែត្របួនជ្រុងទៅដាក់អីបានខ្លះ?អត់មានសល់ទៅមុខទៅក្រោយ សល់តែផ្លូវដើរប្រហែលមួយម៉ែត្រ។ អ៊ីចឹងឃើញទេ?លក់អីកើត ធ្លាប់តែលក់ដាក់តុដប់ម្ភៃ ដល់ពេលមកអត់មានកន្លែងដាក់តុគិតម៉េច?ហើយយើងធ្វើម៉េចបើគេដេញយើងហើយហ្នឹង ទៅតវ៉ានៅណា?តវ៉ាអីក៏មិនដែលបានដែរហ្នឹង»។
អាជីវករម្នាក់ទៀត គឺលោក ទ្រឿង រដ្ឋ ឱ្យដឹងថា ការលក់ដូរនៅមាត់ស្ទឹងសង្កែមានភាពកាក់កបជាងដោយសារមានម្លប់ឈើ និងទេសភាពមាត់ស្ទឹង ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរ។ លោកថា ក្នុងមួយថ្ងៃលោកអាចរកចំណូលបានជាង១០ម៉ឺនរៀលពីការលក់អាហារនៅទីនោះ យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ និងសងធនាគារ។ លោកបារម្ភថា ការផ្លាស់ប្ដូរទីតាំងទៅកន្លែងថ្មី អាចនឹងធ្វើឱ្យលោកប្រឈមបញ្ហាលុយកាក់ និងការសងបំណុលជាមិនខាន។
លោក ទ្រឿង រដ្ឋ៖ «គេចេញលិខិតហ្នឹងឱ្យយើងរើបីថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខាទៅហ្នឹង ឱ្យហើយបីថ្ងៃ ដើម្បីគេទុកកន្លែងហ្នឹងរៀបចំសួនវិមានឯករាជ្យហ្នឹង ហើយឱ្យយើងរង់ចាំ(តូប)ខាងនោះធ្វើឱ្យហើយ។ តែមិនដឹងអង្កាល់រង់ចាំហ្នឹង ដល់អ៊ីចឹងទៅទាំងអស់គ្នាមិនសប្បាយចិត្តទេ»។
ដំបូងឡើយ មានអាជីវករលក់ដូរនំបញ្ចុក នំប៉័ង បបរគុយទាវ និងចំណីអាហារផ្សេងទៀត ប្របតាមមាត់ស្ទឹងសង្កែត្រើយខាងលិចចំនួន២៨តូបចាប់តាំងពីមុខសារមន្ទីរ ដល់សួននាគបាញ់ទឹក ដោយបង់សេវាអនាម័យ២ម៉ឺនរៀល និងថ្លៃសន្តិសុខ១ម៉ឺនរៀល ជារៀងរាល់ខែ។
លុះមកដល់ថ្ងៃទី១០ មីនា រដ្ឋបាលក្រុងបាត់ដំបងបានកំណត់ឱ្យអាជីវកររុះរើតូបលក់ដូរកន្លែងចាស់ក្នុងរយៈពេលបីថ្ងៃ ក្រោមហេតុផល កែលម្អទីតាំងផ្សាររាត្រីប្របមាត់ស្ទឹងសង្កែ ឱ្យក្លាយជាសួនវិមានឯករាជ្យ និងសួនច្បារសម្ដេចក្រឡាហោម ស ខេង។ ប៉ុន្តែមកទល់ពេលនេះ អាជីវករថាពួកគាត់នៅមិនទាន់បានចាប់លេខតូប ខណៈការសាងសង់រៀបចំកន្លែងលក់ដូរថ្មីមិនទាន់រួចរាល់នៅឡើយ។
កន្លែងលក់ដូរថ្មី មានទីតាំងស្ថិតនៅខាងលិចការដ្ឋានសាងសង់វិមានឯករាជ្យ តាមបណ្ដោយផ្លូវសួនចំប៉ី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ដោយរដ្ឋបាលក្រុងសម្រេចយកសួនចំប៉ីនៅកណ្ដាលផ្លូវភ្លោះជិតវត្តដំរីស សាងសង់តូបចំនួន៣២ ដោយក្នុងមួយតូបមានទំហំពីរម៉ែត្របួនជ្រុង។ អាជីវករធ្លាប់បានស្នើឱ្យមានការដំឡើងទ្វាររួត ដើម្បីទុកដាក់ឥវ៉ាន់នៅពេលយប់ និងសុំពង្រីកទំហំតូបពីពីរម៉ែត្រទៅបីម៉ែត្រវិញ តែរដ្ឋបាលក្រុងអាចផ្ដល់ឱ្យត្រឹមតែពីរម៉ែត្រកន្លះប៉ុណ្ណោះ។ រដ្ឋបាលក្រុងក៏បានសន្យាដែរថា នឹងជួសជុលផ្លូវតាមបណ្ដោយតូបថ្មីនោះដើម្បីកែប្រែមិនឱ្យមានទឹកលិចនៅរដូវវស្សា។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា រាល់គម្រោងអភិវឌ្ឍ ឬកែប្រែរៀបចំសោភ័ណភាពក្រុង អាជ្ញាធរត្រូវពិភាក្សាជាមួយអ្នកប៉ះពាល់ដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយសមស្របទាំងអស់គ្នា។ លោកជំរុញឱ្យរដ្ឋបាលក្រុងបាត់ដំបង ជួបប្រជុំជាមួយក្រុមអាជីវករ ដើម្បីដឹងពីការចង់បានរបស់ពួកគាត់ និងស្វែងរកទីតាំងសមស្រប ធំទូលាយ សម្រាប់ការលក់ដូរ។
លោក អ៊ិន គង់ជិត៖ «ជីវភាព និងសេដ្ឋកិច្ចប្រាក់ចំណូលរបស់ពួកគាត់ គឺរំពឹងលើការលក់ដូរតូចតាចនៅតាមមាត់ស្ទឹងពេលយប់។ ដូច្នេះប្រសិនបើបង្ខំឱ្យពួកគាត់រើរុះតូបទៅលក់នៅទីតាំងថ្មីគឺពួកគាត់អាចនឹងអាចបាត់បង់ចំណូលដោយសារលក់ពុំសូវដាច់»។
កាលពីចុងឆ្នាំ២០២២ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ធ្លាប់ប្រតិកម្មនិងរិះគន់ចំពោះការដែលអាជ្ញាធរខេត្តបានរុះរើ និងកាប់គាស់ដើមផ្កាចំប៉ីនៅលើសួនម្ដងរួចមកហើយ ដោយថាសួននេះជាស្នាដៃបន្សល់ពីអភិបាលខេត្តចាស់លោក អ៊ុង សាមី ក្នុងអំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ដែលជាកន្លែងផ្ដល់ម្លប់សម្រាប់ពលរដ្ឋសម្រាក និងដើរលំហែហាត់ប្រាណ។
ប្រជាពលរដ្ឋ ក្រុមអាជីវករ និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា ពួកគាត់សុទ្ធតែចង់ឃើញក្រុងបាត់ដំបងមានសោភណភាពល្អប្រសើរ តែពួកគាត់ស្នើសុំឱ្យអាជ្ញាធរកែលម្អ និងអភិវឌ្ឍ ប្រកបដោយទំនួលខុសត្រូវ និងសិក្សាពីផលប៉ះពាល់ទៅលើប្រជាពលរដ្ឋឱ្យបានច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។