កម្ពុជា និងប្រទេសកូរ៉េខាងត្បូងបើកប្រជុំទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជកម្មសេរី
2020.07.31
កម្ពុជា និងប្រទេសកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំមួយទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ។ សារព័ត៌មានខេប៊ីអេស(KBS) របស់កូរ៉េខាងត្បូងចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ថា កិច្ចប្រជុំនៅថ្ងៃទី១ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត(Internet) ភាគីទាំងពីរពិភាក្សាគ្នាលម្អិតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមមាន៖ វិធានការនៃប្រភពដើម កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និងគោលការណ៍ទូទៅ និងការបើកចំហរទីផ្សារទំនិញ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក សៀង ថៃ ធ្លាប់ប្រាប់អាស៊ីសេរីថា ផលិតផល ដែលកម្ពុជាអាចនាំចេញទៅប្រទេសកូរ៉េខាងត្បូង រួមមាន ផលិតផលសំលៀកបំពាក់វាយនភ័ណ្ឌ ស្បែកជើង និងកៅស៊ូ ជាដើម។ លោកបន្តថា ចំពោះប្រទេសកូរ៉េខាងត្បូងវិញ គឺអាចនាំចូលនូវគ្រឿងចក្រ កុំព្យូទ័រ យានយន្ត និងផលិតផលគីមី ជាដើម។ លោក សៀង ថៃ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ថាតើកម្ពុជានឹងចំណេញកម្រិតណា នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូង ក៏ប៉ុន្តែលោកថា ផលិតផលទាំងនេះ ភាគច្រើនមិនប្រកួតប្រជែងគ្នាទេ តែអាចបំពេញឱ្យគ្នាទៅវិញទៅមក ដូចជា គ្រឿងចក្រផ្នែកសិកម្មពីកូរ៉េខាងត្បូង គឺនឹងអាចជួយដល់វិស័យកសិកម្មនៅកម្ពុជា៕