មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​បន្ត​ខ្ចី​បុល​ពី​បរទេស​ដើម្បី​បំពេញ​ការ​ចំណាយ

0:00 / 0:00

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​សង្គម​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា អសមត្ថភាព​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​រីក​ចម្រើន​នោះ​ទេ ខណៈ​រដ្ឋាភិបាល​នៅ​បន្ត​ខ្ចី​បុល​ពី​បរទេស​ដើម្បី​បង្គ្រប់​ការ​ចំណាយ​ថវិកា​ជាតិ​សម្រាប់ឆ្នាំ២០២៥។ ពួកគាត់​ព្រមាន​ថា ការ​បន្ត​ខ្ចី​បុល​ពី​បរទេស​ច្រើន​លើសលប់ និង​គ្មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ការ​ចាយវាយ​ឱ្យ​មាន​តម្លាភាព​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​ធ្ងន់ធ្ងរ។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សង្គម​ព្រមាន​ពី​វិបត្តិ​សេដ្ឋកិច្ច​បណ្ដាល​ឱ្យ​កម្ពុជា​ផុង​ខ្លួន​ក្នុង​បំណុល​កាន់តែ​ជ្រៅ​ប្រសិនបើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែ​បន្ត​ខ្ចី​បុល​ពី​បរទេស​ដោយ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរតែ​ប្រឹងប្រែង​រក​លុយ​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​ទៅ​លើ​ការ​ខ្ចី​លុយ​បរទេស​យក​មក​បង្គ្រប់​ការ​ចំណាយ​សម្រាប់​ឆ្នាំ២០២៥នោះ​ឡើយ។ លោក​បន្ត​ថា បញ្ហា​ពុករលួយ​ចាក់ស្រេះ ការ​ចំណាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ​ទៅ​លើ​ការ​តែង​តាំង​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ​គឺជា​កត្តា​ចម្បង​ធ្វើ​ឱ្យ​កម្ពុជា​រក​ចំណូល​បាន​តិច​ប៉ុន្តែ​ចំណាយ​ច្រើន។

លោក អ៊ំ សំអាន៖«កម្ចី​យ៉ាង​ច្រើន​ក្រោម​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​វា​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក ហើយ​ខ្ចី​មក​កុំ​សម្រាប់​តែ​ចាយវាយ​ទៅ​មន្ត្រី​រាជការ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​មាន​រាប់ពាន់​នាក់។ យើង​ឃើញ​ថា ទីប្រឹក្សា​រដ្ឋាភិបាល​មាន​រាប់ពាន់​នាក់ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មាន​រាប់ពាន់​នាក់​ដល់​អ៊ីចឹង​យក​លុយ​ហ្នឹង​ទៅ​ខ្ជះខ្ជាយ​ទៅ​លើ​មន្ត្រី​មិន​ត្រូវ​តែង​តាំង»។

លោក អ៊ំ សំអាន បន្ថែម​ទៀត​ថា លុយ​ដែល​រដ្ឋាភិបាល​ខ្ចី​បុល​ភាគច្រើន​គឺ​មក​ពី​ប្រទេស​ចិន ហើយ​ការ​ខ្ចី​បុល​ពី​ចិន​នេះ​ភាគី​ចិន​មិន​ខ្វាយខ្វល់​ការ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ឡើយ​ដែល​បញ្ហា​នេះ​លោក​ថា អាច​ធ្វើ​ឱ្យ​កម្ពុជា​ដួល​រលំ​សេដ្ឋកិច្ច​មិន​ខុស​ពី​ប្រទេស​ស្រីលង្កា។

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ផ្សព្វផ្សាយ​ពី​ សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២៥ កាលពីថ្ងៃទី៤ ខែ​វិច្ឆិកា ដោយ​បង្ហាញ​ថា រដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង​៣៥ទ្រីលាន​រៀល (៣៥.៣៩៨.១៧៥ លាន​រៀល) ឬ​ស្មើនឹង​ប្រមាណ​ជិត៩ពាន់​លាន​ដុល្លារ។ ក្នុង​ចំនួន​ថវិកា​ជាតិ​ជិត ៩ពាន់​លាន​ដុល្លារ​នោះ​រដ្ឋាភិបាល​អាច​ប្រមូល​ចំណូល​ជាតិ​បាន​ចំនួន​ជិត ៣០ទ្រីលាន​រៀល (២៩.០៤៥.៨៦៣ លាន​រៀល) ឬ​ប្រមាណ​ជាង៧​ពាន់​លាន​ដុល្លារ ហើយ​ដើម្បី​បង្គ្រប់​ការ​ចំណាយ​សម្រាប់​ឆ្នាំ២០២៥​រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​ខ្ចី​បុល​ប្រាក់​ពី​បរទេស​ចំនួន​ជាង ៨ទ្រីលាន​រៀល (៨.៧៨០.៤៥២ លាន​រៀល) ឬ​ប្រមាណ​ជាង២ពាន់​លាន​ដុល្លារ។ ទោះ​ជា​យ៉ាង​ណា​កម្ពុជា​នៅ​មិន​ទាន់​បង្ហាញ​ថា ការ​ខ្ចី​បុល​ពី​បរទេស​ចំនួន​ជាង២ពាន់លាន​ដុល្លារ​នោះ​ពី​ប្រទេស​ណា​ខ្លះ​នោះ​ទេ ប៉ុន្តែ​លុយ​ដែល​ខ្ចី​មក​នោះ​រដ្ឋាភិបាល​បាន​បែង​ចែក​ឱ្យ​រដ្ឋ​នឹង​ផ្ដល់​កម្ចី​ឱ្យ​អគ្គិសនី​កម្ពុជា រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​ខ្ចី​បន្ត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី១០ ខែ​វិច្ឆិកា។

ទោះ​ជា​យ៉ាង​ណា​លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្ដេជ្ញា​ថា លោក​នឹង​កែប្រែ​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០ ខណៈ​រដ្ឋាភិបាល​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បោះពុម្ព​លុយ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ១​ពាន់​លាន​ដុល្លារ ដោយ​អះអាង​ថា ការ​បោះពុម្ព​លុយ​នោះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​ជាតិ​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​បន្ត​ខ្ចី​បុល​លុយ​ពី​បរទេស​គឺ​ដោយសារ​ការ​ចំណាយ​ថវិកា​ជាតិ​មិន​ចំ​គោលដៅ និង​គ្មាន​ផែនការ​ចំណាយ​ឱ្យ​បាន​ច្បាស់លាស់​ដែល​លោក​ថា ធ្វើ​ឱ្យ​គ្មាន​គណនេយ្យភាព។ លោក​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​ពឹង​ដង្ហើម​សេដ្ឋកិច្ច​ចិន​ដក ហើយ​ប្រសិន​បើ​បែប​នេះ​បន្ត​ទៀត​កម្ពុជា​នឹង​បាត់បង់​អធិបតេយ្យ​ទៅ​ឱ្យ​ប្រទេស​ចិន​ក្នុង​ករណី​កម្ពុជា​មិន​អាច​រើខ្លួន​សងបំណុល​ចិន​រួច។

លោក សេង វណ្ណលី៖«កង្វះ​ស្ថាប័ន​ឯករាជ្យ​ដែល​ត្រួតពិនិត្យ​ទៅ​លើ​ការ​ចំណាយ​ទៅ​លើ​គម្រោង​ចំណាយ​ប្រចាំ​ឆ្នាំ​ហើយ​ឈាន​ទៅ​ដល់​ការ​ខ្ចី​ហើយ​មិន​ត្រឹមតែ​មិន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ទេ​វា​បង្កើន​ជា​បន្ទុក និង​បំណុល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​វា​កើន​ឡើង។ គោលដៅ​នៃ​ការ​ខ្ចី​បំណុល​ខ្ចី​ថវិកា​ពី​បរទេស​ហ្នឹង​គឺ​ដើម្បី​ជំរុញ​អភិវឌ្ឍន៍​ទៅ​លើ​គម្រោង​ដែល​ជា​អត្ថិភាព​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដើម្បី​កើន​ថវិកា​ជាតិ ហើយ​សង​ទៅ​ម្ចាស់​បំណុល​វិញ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ថា បំណុល​កាន់តែ​កើន​ឡើង​ស្ថានភាព​សេដ្ឋកិច្ច​កាន់​តែ​ពិបាក»។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​២​ក្នុង​ឆ្នាំ២០២៤ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ប្រមាណ ជាង១១ពាន់​លាន​ដុល្លារ (១១.១៥៧,៤៨ លាន​ដុល្លារ) ក្នុង​នោះ​ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា​ដែល​គិត​ជា​ទំហំ​ទឹក​ប្រាក់​គឺ​មាន​ប្រមាណ៤​ពាន់​លាន​ដុល្លារ​ឬ​ស្មើ​នឹង៤០​ភាគរយ​នៃ​បំណុល​សរុប ។

អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​ខិតខំ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​តាម​រយៈ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លុប​បំបាត់​អំពើពុករលួយ​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAពី​សហភាព​អឺរ៉ុប ជាពិសេស​អ្នក​វិយោគ​ធំៗ​មក​ពី​បណ្ដា​លោក​សេរី​ដែល​ជា​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។