កម្មករ កសិករ និងអាជីវករ សម្ដែងក្ដីព្រួយបារម្ភស្រដៀងៗគ្នាចំពោះជីវភាពរស់នៅរបស់ពួកគេ ដោយអាចនឹងប្រឈមនឹងបញ្ហាច្រើន ប្រសិនដំណើរការព្យួរអនុគ្រោះពន្ធក្នុងផ្នែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថា អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) លេចចេញជារូបរាងពិតប្រាកដមែន។ ពួកគេស្នើដល់អ្នកនយោបាយខ្មែរ គួរជជែកគ្នានិងរកដំណោះស្រាយរួមមួយសម្រាប់ប្រទេសជាតិ។ រីឯស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏អំពាវនាវឱ្យកម្ពុជាប្រញាប់ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ឱ្យទាន់ពេលដើម្បីបញ្ចៀសការផ្អាកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម (EBA) ពីសហគមន៍អឺរ៉ុប។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ អំពាវនាវដល់ថ្នាក់ដឹកនាំកម្ពុជា ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ឱ្យទាន់ពេលវេលា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក ស្នើឱ្យកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឱ្យសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិតដែលមិនត្រឹមត្រូវ។
សេចក្ដីថ្លែងការណ៍ដែលចេញនៅថ្ងៃអង្គារ ទី១២ កុម្ភៈនេះ បញ្ជាក់ថា ដើម្បីបញ្ចៀសការផ្អាកការអនុគ្រោះពន្ធ (EBA) ថ្នាក់ដឹកនាំកម្ពុជា នៅមានឱកាសនៅឡើយ នៅក្នុងការជៀសផុតពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ច នៃការដកការអនុគ្រោះពន្ធ EBA ក្រោយពីប្រទេសកម្ពុជាការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រមុខរបបក្រុងភ្នំពេញ លោក ហ៊ុន សែន សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារ ទី១២ កុម្ភៈនេះ ថា កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ លោក ហ៊ុន សែន អះអាងថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហគមន៍អឺរ៉ុបប្រកាសបន្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
កម្មការិនីកាត់ដេរម្នាក់ក្នុងចំណោមកម្មការិនីជាច្រើននាក់ នៅរោងចក្រ ស៊ុងលី (SONGLY) ក្រុងបាវិត ខេត្តស្វាយរៀង លោកស្រី ឌី សម្ផស្ស ប្រាប់អាស៊ីសេរីថា ក្រោយពីទទួលដំណឹងនេះ រូបគាត់កាន់តែបារម្ភខ្លាំង ពីជីវភាពរស់នៅដោយមិនដឹងថា នឹងត្រូវជួបប្រទះបញ្ហាអ្វីខ្លះ។ កម្មការិនីរូបនេះ ឱ្យដឹងថា ប្រាក់ខែដែលបានមកពីធ្វើការរោងចក្រសព្វថ្ងៃនេះ អាចជួយដោះស្រាយបញ្ហា ក្នុងបន្ទុកគ្រួសារបានច្រើនគួរសម ប្រាក់ខ្លះត្រូវទុកចិញ្ចឹមកូន ហើយខ្លះទៀតត្រូវផ្ញើឱ្យម្ដាយឪពុកចាស់ជរា។
លោកស្រី ឌី សម្ផស្ស បញ្ជាក់ថា ប្រសិនបើសហគមន៍អឺរ៉ុបដក ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាគាត់អាចនឹងបាត់បង់ការងារធ្វើ មិនអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបាន៖ «ការព្រួយបារម្ភពួកខ្ញុំគ្រប់គ្នា ខ្ញុំមិនអាចរៀបរាប់អស់ទេ គឺបារម្ភខ្លាំង។ បើសិនជារោងចក្រនឹងបិទទ្វារ អាចនឹងទៅស្រុកគេដើម្បីបានលុយបានកាក់ ឃ្លាតកូនឃ្លាតម្ដាយ ដើម្បីបានចំណូលមកផ្គត់ផ្គង់ក្នុងគ្រួសារ។ ជាកម្មករមួយរូប និងបងប្អូនកម្មករនៅទីនេះ ទាំងអស់គ្នា ស្នើមិនចង់ឱ្យផ្ដាច់ពន្ធអីចឹងណា៎។ សូមឱ្យអនុគ្រោះដូចពីមុន»។
ចំណែកអាជីវករលក់មាស និងផ្លាកទីននៅផ្សារដើមគ លោកស្រី គី ណាឌី ថ្លែងថា រាល់ថ្ងៃនេះ មិនថារូបលោកស្រី និងអាជីវករដទៃទៀត ប្រកបរបរលក់ដូរសព្វថ្ងៃ ចំណូលភាគច្រើន គឺបានមកពីការចំណាយរបស់កម្មករ កម្មការិនី។ អាជីវកររូបនេះបញ្ជាក់ថា បើសិនរោងចក្រត្រូវបិទទ្វារ ហើយកម្មករអត់មានការងារធ្វើ ពួកគាត់ក៏នឹងបាត់បង់ប្រាក់ចំណូលដែរ ពីព្រោះគ្មានអ្នកណាទៅទិញរបស់ប្រើប្រាស់នៅផ្សារទៀតទេ៖ «ពួកខ្ញុំច្រើនរកជាមួយអ្នកខាងរោងចក្រ។ គ្នាបានលុយសន្សំអ៊ីចឹងទៅ បានលុយបានលុយកាក់ទិញមានទិញប្រាក់ ផ្ញើម៉ាក់ប៉ាខ្លះអ៊ីចឹងទៅ។ បើសិនជាគេដកអនុគ្រោះហ្នឹងមែន ពួកខ្ញុំយ៉ាប់ហើយពូ។ ដូចថា ខាងគាត់អត់បានលុយអត់បានប្រាក់ខែសល់អ៊ីចឹង គេមិចមកទិញអីពួកខ្ញុំដែលជាអាជីវករនៅក្នុងផ្សារ។ គេរកតែបាយ អង្ករហូបមិនចង់បានផង។ បើសិនជាគេអត់មានបណ្ដាក្រុមហ៊ុនផ្សេងៗធ្វើវិនិយោគទុននៅស្រុកខ្មែរយើង យើងមិនស្ងាត់»។
កសិករម្នាក់នៅឃុំអណ្ដូងប្របែក ស្រុករមាសហែកខេត្តស្វាយរៀង លោក ឡូញ ថា ឱ្យដឹងថា តម្លៃស្រូវសព្វថ្ងៃនេះ ធ្លាក់ចុះថោក មកត្រឹម ៦០០រៀលមួយគីឡូក្រាម នៅតែរកទីផ្សារលក់មិនបាន។ កសិកររូបនេះ បន្តថា បើអឺរ៉ុបឈានដល់ការព្យួរអនុគ្រោះពន្ធកម្ពុជាទៀតនោះ រូបគាត់ក៏ដូចជាកសិករឯទៀត មិនដឹងថាត្រូវពឹងលើអ្វីនោះទេ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «បើកាលណាគេលែងអនុគ្រោះពន្ធហ្នឹង វានឹងប្រឈម។ រាល់ថ្ងៃនេះ ស្រូវ ៦០០ទេ សម្រាប់ស្រូវអីអ៊ែ ហើយគេអត់ទិញទៀត កំពុងតែប្រឈម គាត់ធ្វើស្រែប្រាំងស្រែអីហ្នឹង។ មួយរយៈពេលហ្នឹង មេឃអត់ភ្លៀងផង ពិបាកដែរ ឥឡូវពួកគាត់។ ពិបាកបំផុត គឺជីវភាពគ្រួសារហ្នឹងតែម្ដង រកចំណូល រកលុយបានតិចតួច បានត្រឹមតែដោះស្រាយម្ហូប កូនរៀនតិចតួចមិនចង់រួចផង ដូចជាខ្ញុំរាល់ថ្ងៃជាដើមអ៊ីចឹង»។
ក្រៅពីវិស័យកសិកម្ម ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើងថា វិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ ជាវិស័យទី២ នៅប្រទេសកម្ពុជា។ លោក ប៉ាវ ស៊ីណា សម្ដែងការបារម្ភថា បើសហគមន៍អឺរ៉ុបបន្តដំណើរការដកអនុគ្រោះពន្ធពីកម្ពុជា រហូតដល់ចេញសេចក្ដីព្យួរជាផ្លូវការនោះ រោងចក្រភាគច្រើននឹងត្រូវបិទទ្វារ ហើយកម្មកររាប់ម៉ឺននាក់នឹងត្រូវបាត់បង់ការងារធ្វើ។ ប្រធានសហជីពរូបនេះយល់ថា មានតែដំណោះស្រាយផ្នែកនយោបាយមួយទេ ទើបអាចជួយឱ្យប្រទេសកម្ពុជា គេចផុតពីការព្យួរអនុគ្រោះពន្ធជាបណ្ដោះអាសន្នពីសហគមន៍អឺរ៉ុបបាន៖ «ខ្ញុំមើលឃើញថា រឿងកើតចេញពីនយោបាយ។ ដូច្នេះមានតែរដ្ឋាភិបាល និងអ្នកនយោបាយទេ ដែលអាចធ្វើការដោះស្រាយ ដើម្បីឱ្យដំណើរការទាំងអស់វិលមករកភាពធម្មតាវិញ។ ហើយធ្វើម៉េចស្ដារលទ្ធភាពហ្នឹងមកក្រោយវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងមានឱកាសក្នុងការងារ ទទួលបានឱកាសការងារ ឱកាសវិនិយោគសម្រាប់ប្រទេសខ្មែរយើង»។
ជុំវិញរឿងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ដោយខ្លីថា កូនសោសម្រាប់ដោះស្រាយបញ្ហាការព្យួរអនុគ្រោះពន្ធ EBA នេះ គឺស្ថិតនៅលើដៃ លោក ហ៊ុន សែន។ បាត់ ឬនៅ គឺអាស្រ័យលើលោក ហ៊ុន សែន៕
