សាលា​ក្រុង​ភ្នំពេញ​តម្រូវ​ឱ្យ​​ទីតាំង​សហគ្រាស ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ធំៗ រើ​ទៅ​តំបន់​ជាយ​ក្រុង​វិញ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រាប់​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ខ្នាត​ធំ ដែល​ស្ថិត​ក្នុង​តំបន់​ប្រជុំជន​នៃ​រាជធានី​ភ្នំពេញ ឱ្យ​រៀបចំ​ផ្លាស់ប្ដូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ទៅ​តំបន់​ជាយ​ក្រុង​វិញ។

ទីតាំង​ជាយ​ក្រុង​ដែល​អាជ្ញាធរ​ស្នើ​ឡើង​នោះ គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ កាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ចាប់​ពី​ចំណុច​ស្ពាន​ព្រែក​ព្នៅ ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ១៤ ដល់ ១០៥ ទៅ​ភ្ជាប់​ផ្លូវ​ជាតិ​លេខ១ ត្រង់​គីឡូ​ម៉ែត្រ​លេខ ២៤ ដល់ ៨៤០ ដោយ​កាត់​ផ្លូវ​ជាតិ​លេខ៣ ផ្លូវ​ជាតិ​លេខ២ និង​ផ្លូវ​ជាតិ​លេខ២១។

សាលាក្រុង​ភ្នំពេញ​អះអាង​ថា ក្រោយ​ពេល​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ នេះ​សាងសង់​រួច​រាល់​នៅ​ឆ្នាំ ២០២១ ខាង​មុខ អាជ្ញាធរ​នឹង​ហាមឃាត់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ទាំង​អស់ ឱ្យ​ចរាចរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ទៀត​ឡើយ។

អភិបាល​ក្រុង​ភ្នំពេញ​លោក ឃួង ស្រេង បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៦ កុម្ភៈ ការ​អនុវត្ត​បែប​នេះ គឺ​ដើម្បី​រក្សា​សុវត្ថិភាព សណ្ដាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ ព្រម​ទាំង​បញ្ចៀស​បាន​នូវ​ការ​កក​ស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​នៅ​តែ​មាន​ចំនួន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ នៅ​ក្នុង​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។