ពលរដ្ឋរស់នៅខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍អង្គរ និងមន្ត្រីសង្គមស៊ីវិលអះអាងថា ការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក នាំឱ្យសណ្ឋាគារលំដាប់ផ្កាយ និងកន្លែងផ្ដល់សេវាកម្មជូនភ្ញៀវទេសចរមួយចំនួន បង្ខំចិត្តបិទទ្វារ ពុំមែនបណ្ដាលមកពីជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ តែម្យ៉ាងនោះទេ។ ពួកគេសង្កេតឃើញថា វិបត្តិនយោបាយ និងការធ្លាក់ចុះប្រជាធិបតេយ្យ គឺជាមូលហេតុចម្បង ដែលនាំឱ្យភ្ញៀវទេសចរថយចុះ។
ការលើកឡើងនេះ ក្រោយពី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី និងអ្នកនាំពាក្យក្រសួងទេសចរ លោក ជុក ជំនោរ ត្រូវបានកាសែតក្នុងស្រុកស្រង់សំដីថា មូលហេតុចម្បងនាំឲ្យសណ្ឋាគារចំនួន ៨ នៅខេត្តសៀមរាប បិទទ្វារបណ្ដោះអាសន្ន ប៉ះពាល់ការងារបុគ្គលិករាប់ពាន់នាក់ គឺដោយសារការធ្លាក់ចុះភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប បង្កឡើងដោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា អាជ្ញាធរបានទម្លាក់កំហុសលើមេរោគវីរុសកូរ៉ូណា ថា ជាមូលហេតុនាំឱ្យធ្លាក់ចុះភ្ញៀវទេសចរ ក៏ប៉ុន្តែធាតុពិតពុំដូច្នេះទាំងស្រុងនោះទេ។ ពួកគេរកឃើញថា ចាប់តាំងពីកម្ពុជាមានវិបត្តិនយោបាយ ជាពិសេស ការរំលាយគណបក្សសង្គ្រោះជាតិ កាលពីអំឡុងឆ្នាំ២០១៧ ធ្វើឱ្យប្រជាធិបតេយ្យ និងការគោរពរំលោភសិទ្ធិមនុស្សធ្លាក់ចុះយ៉ាងគំហុក ដែលជាប្រភពចម្បង ប៉ះពាល់វិស័យភ្ញៀវទេសចរ មកពីប្រទេសលោកខាងលិច និងអឺរ៉ុប។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ថា ការទម្លាក់កំហុសលើវីរុសកូរ៉ូណា ធ្វើឱ្យប៉ះពាល់វិស័យទេសចរនៅខេត្តសៀមរាប ពុំទាន់ត្រឹមត្រូវទាំងស្រុងនោះទេ។ លោកទទួលស្គាល់ថា វីរុសនេះ ក៏ជាធាតុផ្សំមួយផ្នែក ប៉ះពាល់វិស័យទេសចរ ក៏ប៉ុន្តែ ជម្លោះនយោបាយ ទើបជាហេតុផលសំខាន់ បណ្ដាលឱ្យភ្ញៀវទេសចរធ្លាក់ចុះច្រើន មុនពេលមិនទាន់ផ្ទុះវីរុសកូរ៉ូណា ៖ «ភ្ញៀវអឺរ៉ុបបានធ្លាក់ចុះក្រោយពីមាន វិបត្តិនយោបាយ ទី២បន្ទាប់ពីមានវត្តមានភ្ញៀវចិន ភ្ញៀវអឺរ៉ុបបានបន្ថយវត្តមាន ក្នុងតំបន់ទេសចរសំខាន់ៗ ក្នុងកម្ពុជា។ ក្រោយមកយើងឃើញថា ភ្ញៀវអឺរ៉ុបកាន់តែស្ងាត់ៗ ក្រោយពេលមានបញ្ហាសេដ្ឋកិច្ចប៉ះពាល់សំខាន់ផងដែរ បញ្ហាពិភពលោក និងចុងក្រោយមួយទៀត រហូតដល់មានបញ្ហាជំងឺវីរុស ( កូវីដ - ១៩ ) ធ្វើឱ្យភ្ញៀវទេសចររឹតតែស្ងាត់មួយជាន់ទៀត អាហ្នឹងគឺជាធាតុផ្សំ » ។
ក្រសួងទេសចរណ៍ឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយចំនួន ៨ នៅខេត្តសៀមរាប ផ្អាកដំណើរការ ប៉ះពាល់បុគ្គលិកជាង ១ពាន់នាក់បាត់បង់ការងារ និងមានកន្លែងផ្ដល់សេវាកម្មទេសចរមួយចំនួនទៀត បានបញ្ឈប់បុគ្គលិករបស់ខ្លួនបណ្ដើរៗ ដោយសារខ្សត់ភ្ញៀវ។
បុគ្គលិករដ្ឋបាលសណ្ឋាគារមួយ ក្នុងក្រុងសៀមរាប លោក អាង ឆាល ទទួលស្គាល់ថា ការផ្ទុះវីរុសកូរ៉ូណា ធ្វើឱ្យភ្ញៀវទេសចរជនជាតិចិនថយចុះយ៉ាងគំហុកនៅរយៈពេលជាង ២ខែកន្លងមកនេះ ខណៈដែលភ្ញៀវទេសចរកំពុងធ្លាក់ចុះស្រាប់ បង្កប៉ះពាល់កន្លែងផ្ដល់សេវាកម្មទេសចរជាច្រើន ប្រឈមក្ស័យធន ធ្វើឱ្យពលរដ្ឋបាត់បង់ការងារ និងប្រាក់ចំណូល៖ «ជនជាតិចិនឥឡូវដេកស្អាតហើយ មានន័យថា Guides ( មគ្គុទ្ទេសក៍ ) ដេកស្អាតហើយ អត់មានភ្ញៀវដើរទេ។ ក្រុមហ៊ុន Tours ចិន ( ក្រុមហ៊ុនទេសចរណ៍របស់ចិន ) គឺចប់ឈឹង គឺចប់ទាំងស្រុង មានន័យថា ៩០ភាគរយ គឺចប់អស់ហើយ។ គ្មានដំណើរការអ្វីកើតទេ បុគ្គលិករំសាយមួយរយៈពេលនេះទៅ។ មួយរយៈនេះ ក្រុម Guides ( មគ្គុទ្ទេសក៍ ) ជនជាតិចិន មានការដើរហែក្បូនដង្ហែ ដង្ហោយហៅ ភ្ញៀវទេសចរចិន ឱ្យមកដើរលេងវិញច្រើន។ អាហ្នឹងខាង Guides ( មគ្គុទ្ទេសក៍ ) ចិន និងសមាគមចិនគាត់ផ្សព្វផ្សាយខ្លួនគាត់ » ។
ប្រធានក្រុមមគ្គុទ្ទេសក៍អង្គរ លោក ខៀវ ធី សង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយ ភ្ញៀវទេសចរអឺរ៉ុបធ្លាក់ចុះខ្លាំង កើនឡើងភ្ញៀវជនជាតិចិន ក៏ប៉ុន្តែនៅគ្រាដែលផ្ទុះវីរុសកូរ៉ូណា ភ្ញៀវទេសចរជនជាតិចិនចាប់ផ្ដើមស្ងប់ស្ងាត់នៅរយៈពេលជាង ២ខែចុងក្រោយនេះដែរ។ លោកថា កត្តានយោបាយ អាកាសធាតុ និងភាពរញ៉េរញ៉ៃតាមច្រកព្រំដែន ក៏ជាបញ្ហាធ្វើឱ្យប៉ះពាល់ភ្ញៀវទេសចរដែរ៖ «កត្តានយោបាយតិចតួច អាកាសធាតុ បរិស្ថានខ្លះទៅ ភាពរញ៉េរញ៉ៃតាមច្រកព្រំដែនខ្លះទៅ វាជាកត្តាដែលមានការធ្លាក់ចុះ ភាគច្រើនធ្លាក់តិច ដល់ឥឡូវដល់កត្តាមេរោគហ្នឹងវាធ្លាក់គំហុកមែនទែន។ ទាំងចិនក៏ឈប់មក អឺរ៉ុបក៏គេបារម្ភ » ។
របាយការណ៍គ្រឹះស្ថានអង្គរឱ្យដឹងថា នៅខែមករា ដើមឆ្នាំ២០២០ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ទិញសំបុត្រចូលតំបន់អង្គរ ចំនួនជាង ២៣ម៉ឺននាក់ (២៣៤.៩៣៧នាក់) គឺថយចុះជាង ២៦% បើធៀបកាលពីខែមករាឆ្នាំ២០១៩ នោះ។ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរប៉ាន់ប្រមាណថា ចំនួនទេសចរមកកម្ពុជាអាចនឹងថយចុះប្រមាណ ១០រយភាគ នៅក្នុងឆ្នាំ២០២០ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។