អាជ្ញាធររាជធានីភ្នំពេញ ប្រកាសបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មមួយចំនួន ក្នុងតំបន់លឿននៃភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ឧសភា។
សេចក្ដីសម្រេចស្ដីពី ការបិទបញ្ចប់បម្រាមគោចរ ចេញផ្សាយនៅយប់ថ្ងៃទី២១ ឧសភា ឲ្យដឹងថា បម្រាមគោចរនៅក្នុងតំបន់លឿន ដែលបានហាមឃាត់ជាបណ្ដោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ ដល់ម៉ោង៣ នឹងបើកដំណើរការឡើងវិញ។
គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណកន្លែងអាជីវកម្ម ឡើងវិញ និងបិទបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ ប៉ុន្តែការអនុញ្ញាតឲ្យបើកដំណើរការនេះ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស់ រក្សាគម្លាត និងបាញ់អាល់កុលសម្លាប់មេរោគ។
ថ្វីបើអាជ្ញាធរបិទបញ្ចប់បម្រាមគោចរនេះ ដោយឡែក សកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ មានជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូថេក បៀហ្គាឌិន ម៉ាស្យា កាស៊ីណូ រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា រួមទាំងសេវាកម្មផ្សេងៗទៀត នៅបន្តផ្អាកដំណើរការជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី។
ទាក់ទងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះដែរ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ១៦៥នាក់ បន្ទាប់ពីអ្នកជំងឺម្នាក់ទៀត បានស្លាប់។ ចំណែកតួលេខឆ្លងថ្មីវិញ មានជាង ៤រយនាក់ (៤៦០) បន្ថែមទៀត ក្នុងនោះភាគច្រើន ជាករណីឆ្លងក្នុងសហគមន៍។ រីឯអ្នកជាសះស្បើយវិញ មានជាង ៨រយនាក់ (៨២៤) នៅថ្ងៃ២១ ឧសភា។
ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ឧសភា កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណ២២% ឬជាង ២លាននាក់ហើយ ក្នុងចំណោមអ្នកដែលត្រូវចាក់វ៉ាក់សាំងសរុប ១០លាននាក់។
គិតត្រឹមព្រឹកថ្ងៃទី ២១ ឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ២ម៉ឺន ៤ពាន់នាក់ (២៤.១៥៧) ក្នុងនោះ អ្នកជាសះស្បើយមានជាង ១ម៉ឺន ៦ពាន់នាក់ (១៦.៥២៤)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។