[អានអត្ថបទជា ភាសាអង់គ្លេស៖ Is Cambodia's real estate bubble finally bursting?]
នៅឆ្នាំ២០១៩ លោក សាក់ មុំ បានអូសលេងហ្វេសប៊ុក (Facebook) របស់លោក។ ពេលនោះ លោកបានឃើញការផ្សាយពាណិជ្ជកម្មលក់ផ្ទះល្វែងក្នុងបុរីមួយនៅជាយរាជធានីភ្នំពេញ។ ផ្ទះល្វែងជាច្រើនខ្នងនៅក្នុងបុរី VIP ត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណ ៥០.០០០ ដុល្លារ សម្រាប់ផ្ទះមួយល្វែង។ វាហាក់បីដូចជាកន្លែងដ៏ឥតខ្ចោះមួយសម្រាប់គូស្វាមីភរិយាថ្មីថ្មោងដែលទើបរៀបការរួច ហើយចង់ចាប់ផ្តើមកសាងជីវិតគ្រួសារមួយ។
លោក សាក់ មុំ វ័យ២៩ឆ្នាំ បានប្រាប់វិទ្យុអាស៊ីសេរីកាលពីខែមុនថា៖ «យើងធ្លាប់គិតថាយើងមានលុយ»។ លោក និងប្រពន្ធរបស់លោក ជាអ្នកលក់តុក្កតាកូនក្រមុំក្នុងតម្លៃរហូតដល់ ១៥០ដុល្លារ ក្នុងតុក្កតាមួយ។ ជួនកាល លោកលក់ដាច់តុក្កតាកូនក្រមុំបាន ៤ ឬ ៥ ក្នុងមួយថ្ងៃ ហើយលោកក៏ប្រកបរបរលាងម៉ូតូនៅមួយចំហៀងទៀតនៃកន្លែងលក់របស់លោកដែរ។ លោកមានប្រសាសន៍ថា«យើងធ្លាប់ជឿថាយើងអាចមានផ្ទះផ្ទាល់ខ្លួនយើងបាន»។
ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះល្វែងឈ្មោះ R.N. VIP Real Estate បានសន្យាថា ផ្ទះល្វែងមួយខ្នងរបស់លោក សាក់ មុំ នឹងត្រូវសាងសង់រួចរាល់ក្នុងរយៈពេល ១៨ ខែ ដូច្នេះលោក និងប្រពន្ធរបស់លោកបានសម្រេចចិត្តជួលផ្ទះមួយនៅក្បែរនោះ។ ប៉ុន្តែរយៈពេល១៨ខែបានអូសបន្លាយប្រែក្លាយជា៤ឆ្នាំ។ ក្នុងអំឡុងពេលនោះ អ្នកអភិវឌ្ឍន៍បុរីបានទាមទារឱ្យលោក សាក់ មុំ បង់ថ្លៃទិញផ្ទះនោះដាច់ ទោះបីជាការសាងសង់គម្រោងផ្ទះល្វែងទាំងនោះនៅជាប់គាំងក៏ដោយ។
ទីផ្សារអចលនទ្រព្យកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបុរីបែបនេះបានក្លាយជាចំណុចស្នូលនៃវិបត្តិលំនៅឋានពពុះសាប៊ូរបស់ប្រទេសនេះ។
ដោយគ្មានការបង់ប្រាក់ជាមុន អ្នកអភិវឌ្ឍន៍បុរីដែលខ្វះសាច់ប្រាក់ កំពុងជួបការលំបាកក្នុងការបញ្ចប់គម្រោងទាំងនេះ ហើយពួកគេបានងាកមកប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់អ្នកទិញ ធ្វើជាវត្ថុបញ្ចាំដើម្បីទទួលបានប្រាក់កម្ចី។ អតិថិជនវណ្ណៈទាប និងមធ្យម ដែលបានរងផលប៉ះពាល់ពីបំណុលដែលមានពីមុនស្រាប់ និងភាពអត់ការងារធ្វើបណ្តាលមកពីជំងឺរាតត្បាតសាកលកូវីដ១៩ កំពុងខកខានមិនអាចបង់រំលស់ជាច្រើនខែមកហើយ។ គឺប្រាក់រំលស់នេះហើយដែលអ្នកអភិវឌ្ឍន៍បុរីត្រូវការយ៉ាងខ្លាំងដើម្បីបញ្ចប់គម្រោងសាងសង់របស់ពួកគេ។
លទ្ធផលដែលគេទទួលបានមកវិញនោះ គឺជាបុរី ឬផ្ទះល្វែងជាច្រើនខ្នងដែលត្រូវបានពន្យារពេលសាងសង់ ឬបោះបង់ចោល ឬក៏ជាផ្ទះល្វែងដែលមានគុណភាពទាបខុសពីអ្វីដែលជាការសន្យា ឬបើមិនដូច្នេះទេ អ្នកទិញត្រូវបានគេចាក់សោមិនឱ្យចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគេ។ ពេលខ្លះ វិវាទនេះបានប្រែក្លាយទៅជាការតវ៉ាដោយហិង្សា ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋាភិបាលក្នុងអំឡុងពេលអន្តរកាលដ៏សំខាន់មួយ។ នោះគឺនៅពេលដែលលោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ព្យាយាមរក្សាស្ថិរភាព និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន។
វិបត្តិបុរីរួមបញ្ចូលនូវការងើបឡើងវិញមិនស្មើគ្នារបស់ប្រទេសកម្ពុជាពីជំងឺរាតត្បាតសាកលកូវីដ១៩ ជាមួយនឹងឧស្សាហកម្មសំណង់ និងអចលនទ្រព្យដែលធ្លាប់តែហក់ឡើងម្តងនោះ បង្កើតបានជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ទោះបីជាវិស័យជាច្រើនមានដូចជាទេសចរណ៍ និងបដិសណ្ឋារកិច្ចស្ទុះងើបឡើងវិញយ៉ាងណាក៏ដោយ។ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ហើយដែលត្រូវបានលើកទឹកចិត្តឱ្យទិញផ្ទះ ផលប៉ះពាល់ចំពោះពួកគេគឺមានលក្ខណៈធ្ងន់ធ្ងរ។

ករណីរបស់លោក សាក់ មុំ ដែលលោករស់នៅចម្ងាយប្រមាណ ៤០នាទីពីមូលដ្ឋានអតិថិជនរបស់លោកនៅក្នុងរាជធានីភ្នំពេញ រួមជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម។ ឥឡូវនេះ លោកលក់តុក្កតាកូនក្រមុំបានតែមួយប៉ុណ្ណោះរៀងរាល់ពីរទៅបីថ្ងៃម្តង ហើយលោកកំពុងព្រួយបារម្ភពីការមិនអាចបន្តបង់ប្រាក់រំលោះបាន។ អ្នករស់នៅក្នុងបុរីផ្សេងទៀត ដែលរាប់បញ្ចូលទាំងគ្រួសារថ្មីថ្មោងដូចជាលោក សាក់ មុំ ផង និងមនុស្សមានវ័យចំណាស់ជាងនេះដែលផ្លាស់ទីលំនៅពីខេត្តនានាមកទិញអចលនទ្រព្យនៅទីនោះ បាននិយាយថា ពួកគេព្រួយបារម្ភពីសុវត្ថិភាពនៃការអភិវឌ្ឍន៍បុរីដែលពាក់កណ្តាលនៃបុរីទាំងនេះមានសភាពទទេ។
លោក សាក់ មុំ បាននិយាយថា៖ «ដំបូងអ្នកឮថាបុរីផ្សេងមានបញ្ហា»។ លោកបន្តថា៖ «តែពេលក្រោយមកទៀត បញ្ហានេះក៏កើតមាននៅក្នុងបុរីរបស់យើងដែរ»។
«ទីផ្សារអចលនទ្រព្យច្របូកច្របល់»
ជំរុញដោយសាច់ប្រាក់បរទេស សេដ្ឋកិច្ចដែលពឹងផ្អែកលើប្រាក់ដុល្លារ និងបរិយាកាសបទប្បញ្ញត្តិប្រាក់កាសក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម ទីផ្សារភូមិគ្រឹះ ឬ ផ្ទះវីឡា និងខុនដូនៅរាជធានីភ្នំពេញបានផ្ទុះឡើងនៅពាក់កណ្តាលទសវត្សរ៍២០០០។ បុរីដែលអភិវឌ្ឍន៍ជាមួយផ្ទះល្វែង ឬផ្ទះដាច់តែឯង និងដែលនាំឱ្យគេនឹកឃើញដល់តំបន់ជាយក្រុងអាមេរិកាំង បានលេចចេញជាផ្នែកមួយនៃទីផ្សារសម្រាប់ពលរដ្ឋកម្ពុជាវណ្ណៈទាប និងមធ្យម។
សម្រាប់អ្នកទាំងឡាយណា ដែលមានសេដ្ឋកិច្ចសមរម្យ បុរីបានផ្តល់ជាទីកន្លែងសម្រាប់ស្នាក់នៅ និងតម្លៃសមស្រប។ បុរីក៏បានផ្តល់ដល់ម្ចាស់កម្មសិទ្ធិករឱ្យអាចមានសិទ្ធិគ្រប់គ្រងដីស្ថិតនៅពីក្រោមផ្ទះល្វែងរបស់ពួកគេបានផងដែរ។ កត្តានេះជានិមិត្តរូបដ៏មានអានុភាពនៅក្នុងប្រទេសមួយដែលកម្មសិទ្ធិឯកជនលើដីធ្លីត្រូវបានលុបបំបាត់ចោលក្នុងអំឡុងពេលរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ទីផ្សារអចលនទ្រព្យទទួលបានការចាប់អារម្មណ៍ជាពិសេសភ្លាមៗមុនពេលការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នៅពេលដែលឥទ្ធិពលនៃការវិនិយោគដោយផ្ទាល់ពីបរទេស និងវិស័យទេសចរណ៍ដ៏រឹងមាំ បានផ្តល់ឱ្យគ្រួសារជាច្រើននូវអំណាចទិញកាន់តែច្រើនជាងមុន។ នេះបើយោងតាមអ្នកនាង គឹម គិនកេសា នាយិកាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន CBRE Cambodia។
អ្នកនាង គឹម គិនកេសា និយាយប្រាប់វិទ្យុអាស៊ីសេរីថា៖ «សកម្មភាពសេដ្ឋកិច្ចទាំងនេះបាននាំឱ្យក្រុមអ្នកប្រើប្រាស់ក្នុងស្រុកមានលុយច្រើនក្នុងហោប៉ៅរបស់ពួកគេ។ ពួកគេមានសាច់ប្រាក់ក្នុងដៃដែលពួកគេមិនត្រូវការ ឬក៏ពួកគេចង់ពង្រីក ឬកែលម្អផ្ទះសម្បែងរបស់ពួកគេ»។ អ្នកនាងបន្តថា៖ «មនុស្សជាច្រើននាក់បានផ្លាស់ប្តូរទីលំនៅពីកណ្តាលក្រុងទៅរស់នៅតំបន់ជាយក្រុង ឬនៅតាមស្រុកដែលនៅជាប់នោះ»។

ទិន្នន័យពី CBRE បង្ហាញថា ក្នុងចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២២ ការផ្គត់ផ្គង់ផ្ទះល្វែងក្នុងបុរី បានកើនឡើងទ្វេដងពីចំនួនប្រមាណ ៦០.០០០ ទៅ ១២០.០០០ ផ្ទះល្វែង។
ប៉ុន្តែការរីកដុះដាលនេះ មិនបានស្ថិតស្ថេរយូរទេ។ នាយកប្រតិបត្តិអចលនទ្រព្យម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដើម្បីឱ្យលោកអាចនិយាយឱ្យស៊ីជម្រៅ បានប្រាប់វិទ្យុអាស៊ីសេរីថា កំណើនភ្លាមៗឆ្លុះបញ្ចាំងឱ្យឃើញដូចកាលពីនៅមុនពេលកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ ដែលបង្កឱ្យមានការផ្គត់ផ្គង់លើសតម្រូវការ និងហានិភ័យផ្នែកហិរញ្ញវត្ថុ ខណៈ «មនុស្សគ្រប់គ្នាបានឆ្កួតនឹងអចលនទ្រព្យ»។
អ្នកអភិវឌ្ឍន៍ដែលគ្មានបទពិសោធន៍បានប្រញាប់ប្រញាល់ហក់ចូលទៅក្នុងទីផ្សារអចលនទ្រព្យ ដោយផ្តល់ប្រាក់កម្ចីដោយខ្លួនឯងមិនចាំបាច់ឆ្លងកាត់ធនាគារ។ ប៉ុន្តែ ពួកគេយកអត្រាការប្រាក់ ១២ ឬ ១៣ ភាគរយ។ ជាមួយគ្នានេះ ឧកញ៉ាដែលគេមិនសូវស្គាល់មួយចំនួន ដែលចាប់តាំងពីពេលនោះមក ត្រូវបានចោទប្រកាន់ពីបទឆបោក និងត្រូវបានចាប់ខ្លួន បានផ្សព្វផ្សាយទីផ្សារតាមរូបភាពជាការវិនិយោគបែបឆបោក (Ponzi) ដូចជាការធ្វើជាគម្រោងបុរី ឬពុះដីឡូត៍លក់។
នាយកប្រតិបត្តិរូបនោះបាននិយាយថា៖ «អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនគឺជាមនុស្សល្ងង់។ ពួកគេមិនដែលធ្លាប់អនុវត្តគម្រោងដូច្នេះពីមុនមកទេ។ ពួកគេមិនជួលមនុស្សល្អមកធ្វើការឱ្យទេ។ ពួកគេគិតថាពួកគេពូកែផ្នែករចនាខាងក្នុងផ្ទះល្វែង។ ពួកគេគិតថាពួកគេពូកែធ្វើផែនការសម្រាប់តំបន់ណាដែលទំនេរ ហើយពួកគេមិនចង់ចំណាយប្រាក់កាសឡើយដើម្បីគិតគូរពីរបៀបអនុវត្តគម្រោងទាំងអស់នោះទេ»។ លោកបន្តថា៖ «វាប្រៀបដូចជា ខ្ញុំមិនដែលទៅជួបគ្រូពេទ្យជំនាញខាងផ្នែកសើស្បែកអ៊ីចឹង ហើយនិយាយថា 'ចេញទៅកុំឱ្យទើសមុខមាត់ខ្ញុំ ទុកឱ្យខ្ញុំជាអ្នកធ្វើវាជំនួសវិញ'។
ជំងឺរាតត្បាតសាកលកូវីដ១៩ បានវាយលុកអចលនទ្រព្យពពុះសាប៊ូនេះ។ រោងចក្រកាត់ដេរជាង ២០០ ដែលជានិយោជកផ្លូវការដ៏ធំបំផុតរបស់ប្រទេសនេះ បានបិទទ្វារចំពេលពុំមានការបញ្ជាទិញច្រើនពីក្រៅប្រទេស។ ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ការងារធ្វើ។ ឧស្សាហកម្មទេសចរណ៍អន្តរជាតិ បានដួលរលំ ខណៈការបិទខ្ទប់ប្រទេសម្តងហើយម្តងទៀតបានកាត់បន្ថយការចំណាយក្នុងស្រុក។ នៅពេលដែលជំងឺរាតត្បាតសាកលកូវីដ១៩ បានលាតត្រដាងឱ្យឃើញពីភាពទន់ខ្សោយជាប្រព័ន្ធនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា វិស័យអចលនទ្រព្យបានជាប់គាំង។

គិតត្រឹមដំណាច់ឆ្នាំ២០២២ ប្រាក់កម្ចីមិនដំណើរការបានកើនឡើងដល់ ៣,១% ធៀបនឹងប្រមាណ ២% កាលពីចុងឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។ ធនាគារពិភពលោក (World Bank) បានអំពាវនាវឱ្យមានការត្រួតពិនិត្យយ៉ាងដិតដល់ទៅលើ «កំណើនឥណទានដែលចេះតែកើនឡើង កម្រិតខ្ពស់នៃបំណុលឯកជន ការកើនឡើងប្រាក់កម្ចីមិនដំណើរការ និងការប្រមូលផ្តុំនៃហានិភ័យដែលពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីធានាបាននូវស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ»។
យោងតាមក្រុមហ៊ុន CBRE មានគម្រោងបុរីតែជាង ៦០ ប៉ុណ្ណោះត្រូវបានគេអនុវត្តនៅឆ្នាំដដែលនេះ បើប្រៀបធៀបទៅនឹងចំនួនគម្រោងបុរីច្រើនជាង ១០០ គម្រោងកាលពីឆ្នាំមុន។ នៅឆ្នាំ២០២៣ ចំនួននេះបានធ្លាក់ចុះមកនៅតិចជាង ២០ គម្រោង។
អ្នកស្រី ស៊ីលវីយ៉ា ណាំ (Sylvia Nam) អតីតសាស្ត្រាចារ្យនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (University of California, Irvine) ដែលបានស្រាវជ្រាវយ៉ាងទូលំទូលាយលើការអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកម្ពុជា បាននិយាយថា បុរីគឺជាផ្នែកពិសេសមួយនៃវិស័យអចលនទ្រព្យដែលងាយរងគ្រោះ ដោយសារតែវាត្រូវបានជំរុញដោយការផ្គត់ផ្គង់ និងមានគោលដៅទៅលើក្រុមមនុស្សដែលមានស្ថានភាពហិរញ្ញវត្ថុមិនច្បាស់លាស់ជាងក្រុមមនុស្សដទៃទៀត។
អ្នកស្រី ស៊ីលវីយ៉ា ណាំ បានប្រាប់វិទ្យុអាស៊ីសេរីថា៖ «អត្ថប្រយោជន៍របស់បុរីដែលគេអះអាង ក៏គឺជាកត្តានៃភាពទន់ខ្សោយរបស់វាផងដែរ»។ អ្នកស្រី បន្តថា៖ «ទីផ្សារបុរីត្រូវបានគេសន្មតថាបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជាក្នុងស្រុកតាមរបៀបលក់មួយដែលគេចង់បាន ជាជាងឱកាសទីផ្សារដែលអាចសម្រេចបាន»។
«វាទំនងដូចជាពួកគេខ្ចីបុលលុយពីអ្នកក្រអ៊ីចឹង»
នៅពេលដែលទីផ្សារបុរីបានធ្លាក់ចុះ មិនមែនមានតែអ្នកអភិវឌ្ឍន៍អចលនទ្រព្យថ្មីថ្មោងទេដែលលំបាក។
ទំព័រហ្វេសប៊ុក (Facebook) របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មានរំលេចទៅដោយការផុសរូបថតកម្មករសំណង់ដ៏មមាញឹក និងរូបម្ចាស់ផ្ទះក្នុងទឹកមុខញញឹម នៅក្នុងបុរី ឡេង ណាវ៉ាត្រា 6A ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យរបស់លោកនៅខេត្តកណ្តាល។
ប៉ុន្តែទំព័រនេះក៏ដិតដាមដោយការបញ្ចេញមតិពីអ្នកទិញដែលបានសុំអង្វរជាសាធារណៈឱ្យឧកញ៉ារូបនេះបញ្ចប់គម្រោងសាងសង់ផ្ទះល្វែងរបស់ពួកគាត់ដែលត្រូវបានពន្យារពេលជាយូរមកហើយ។

អ្នកទិញម្នាក់ឈ្មោះ រ៉ាំ សំរោង បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានបង់ប្រាក់ចំនួន ១៨.៨០០ ដុល្លារសម្រាប់ផ្ទះមួយល្វែងនេះ កាលពី ៤ ឆ្នាំមុន។ កិច្ចសន្យារបស់លោកបញ្ជាក់ថា លោកនឹងទទួលបានសោផ្ទះក្រោយរយៈពេល ១៨ ខែ។ ប៉ុន្តែផ្ទះល្វែងរបស់លោកនៅតែមិនទាន់មានគ្រឹះឬជញ្ជាំងសង់បញ្ចប់នៅឡើយ។ លោក រ៉ាំ សំរោង បានប្រាប់វិទ្យុអាស៊ីសេរីថា៖ «ក្រុមហ៊ុនអះអាងថាខ្លួនកំពុងជួបវិបត្តិសេដ្ឋកិច្ច»។ លោកបន្តថា «ផលប៉ះពាល់គឺថាយើងត្រូវចំណាយ [លុយ] ដើម្បីជួលផ្ទះ ប៉ុន្តែយើងក៏បានខ្ចីលុយពីធនាគារដើម្បីបង់ថ្លៃបុរីដែរ»។
មានទីតាំងនៅជិតផ្លូវជាតិលេខ៦ ខាងជើងរាជធានីភ្នំពេញ ការដ្ឋានសំណង់ធំល្វឹងល្វើយ លេចចេញពីក្រោយទេសភាពបែបជនបទជាយក្រុង ជាទីដែលបុរីផ្សេងទៀតនៅជាប់តាមដងផ្លូវត្រូវគេបោះបង់ចោល។ កម្មកររស់នៅក្នុងខ្ទមស័ង្កសីនៅចុងអចលនទ្រព្យនោះ។
អ្នកគ្រប់គ្រងសំណង់៣នាក់ ដែលសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាព បាននិយាយថា ការបង់ប្រាក់ពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យគឺមានភាពយឺតយ៉ាវម្តងម្កាលជាច្រើនសប្តាហ៍ ឬជាច្រើនខែម្តងៗ បានបណ្តាលឱ្យកម្មករដែលភាគច្រើនជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ បដិសេធមិនទទួលយកការធ្វើការថែមម៉ោង។ អ្នកគ្រប់គ្រងម្នាក់បានប្រាប់វិទ្យុអាស៊ីសេរីថា គាត់ក៏ពឹងផ្អែកលើកម្ចីដើម្បីទុកសម្រាប់បើកប្រាក់ឈ្នួលឲ្យកម្មករផងដែរ។
អ្នកគ្រប់គ្រងរូបនេះបាននិយាយថា៖ «វាប្រៀបបានដូចជាពួកគេខ្ចីប្រាក់ពីជនក្រីក្រដើម្បីចាប់ផ្តើមធ្វើអាជីវកម្មរបស់ពួកគេអ៊ីចឹង»។ លោកបន្តថា៖ «ត្រង់ចំណុចនេះ យើងមិនដឹងថាហេតុអ្វីបានជាពួកគេយឺតយ៉ាវក្នុងការបង់ប្រាក់នោះទេ។ មហាសេដ្ឋីមានលុយច្រើនណាស់ ដូច្នេះតើមកពីមូលហេតុអ្វីទៅ?»
លោក ឡេង ណាវ៉ាត្រា គឺជាឧកញ៉ាវ័យក្មេងម្នាក់ ដែលមានបណ្តាញទំនាក់ទំនងល្អ។ គោរមងារឧកញ៉ា គឺជាកិត្តិយសផ្តល់ដល់អ្នកទាំងឡាយណាដែលបានបរិច្ចាគទឹកប្រាក់យ៉ាងហោចណាស់ ៥០០.០០០ ដុល្លារ ដល់រដ្ឋាភិបាល។ លោកក៏ជាអ្នកគ្រប់គ្រងផលិតកម្មតន្ត្រីមួយផងដែរ។ លោកបានធានាដល់អ្នកទិញថា លោកនឹងបញ្ចប់ការសាងសង់ផ្ទះល្វែងរបស់ពួកគេ។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនរបស់លោកដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបានទេ។ ប៉ុន្តែនៅក្នុងការបង្ហោះមួយនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីខែកក្កដា លោកបានសរសេរថាក្រុមហ៊ុនរបស់លោកបានប្រគល់សោផ្ទះទៅឱ្យអ្នកទិញ និងបានសុំទោសចំពោះការយឺតយ៉ាវ។

សាងសង់មិនទាន់រួច
ជម្លោះបុរីផ្សេងទៀតបានរីកធំឡើងផ្តើមចេញពីការខកចិត្តតាមអនឡាញរហូតឈានដល់ការតវ៉ាជាលក្ខណៈបុគ្គល។
នៅបុរីពិភពថ្មីសាខាកំបូលទី៣ ស្ថិតនៅភាគខាងលិចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមអ្នកទិញដែលកំពុងមានហិរញ្ញវត្ថុធ្លាក់ចុះស្រាប់ កំពុងស្ថិតក្នុងភាពជាប់គាំងជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលបានរកស៊ីជាយូរមកហើយ។ ពួកគាត់អះអាងថាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានបំពានកិច្ចសន្យាជាមួយពួកគាត់។
ផ្តើមឡើងកាលពីប្រហែលនៅក្នុងឆ្នាំ២០២២ អ្នកទិញផ្ទះនៅបុរីកំបូលរាប់រយនាក់ដែលបានបង់រំលោះអចលនទ្រព្យរបស់ពួកគេអស់ជាច្រើនឆ្នាំមកហើយ ចាប់ផ្តើមខកខានក្នុងការបង់ប្រាក់។ ជាជាងទិញផ្ទះវិញក្នុងតម្លៃ ៥០% នៃតម្លៃទិញផ្ទះសរុប ដូចដែលបានចែងក្នុងកិច្ចសន្យារបស់ពួកគេ អ្នកអភិវឌ្ឍន៍បុរីពិភពថ្មីគ្រាន់តែចាក់សោមិនឱ្យមនុស្សចេញចូលក្នុងផ្ទះល្វែងរបស់ពួកគេ។ ហេតុការណ៍នេះបានបង្កឱ្យមានការតវ៉ាជាច្រើនខែ និងការដាក់ញត្តិទៅរដ្ឋាភិបាល។

ក្នុងពេលដែលអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី ចុះទៅពិនិត្យមើលទីតាំងនោះ កាលពីពេលថ្មីៗនេះ បុរីនេះមានសភាពស្ងប់ស្ងាត់ដោយផ្ទះល្វែងជាច្រើនជួរដែលសង់រួចត្រូវបានគេចាក់សោបិទទ្វារ និងបោះបង់ចោល ហើយផ្ទះល្វែងខ្លះមានដាក់ស្លាកសញ្ញាព្រមានពីការខកខានមិនបានបង់ពន្ធ។
ម្ចាស់ផ្ទះល្វែងម្នាក់ដែលរស់នៅទីតាំងនោះបច្ចុប្បន្ន ដែលបានទិញផ្ទះដែលត្រូវបានគេរឹបអូសពីអ្នកទិញម្នាក់ទៀត បានប្រាប់វិទ្យុអាស៊ីសេរីថា៖ «ពលរដ្ឋទាំងនោះគ្មានអ្វីនៅសេសសល់ជាប់នឹងខ្លួនទៀតទេ»។ «បើមិនបង់លុយទាន់ពេលទេ គេនឹងរឹបអូសយកផ្ទះល្វែងរបស់ពួកគាត់»។
ម្ចាស់ផ្ទះដែលបំពេញការងារជាមន្ត្រីរាជការ និងសុំមិនបញ្ចេញឈ្មោះដោយសារបារម្ភពីសុវត្ថិភាព បាននិយាយថា គាត់អាចបង់រំលោះប្រចាំខែចំនួន ៤០០ដុល្លារ លើតម្លៃផ្ទះល្វែង ៥០.០០០ ដុល្លារ ក្នុងផ្ទះមួយល្វែងបាន លុះត្រាតែមានការជួយជ្រោមជ្រែងពីកូនៗពេញវ័យរបស់លោក។ លោកបានបន្តថា គ្រួសារដែលមានប្រាក់ចំណូលមកពីប្រភពតែមួយ ឬពីរប្រភពផ្សេងគ្នា ទទួលបានលិខិតព្រមានពីការរឹបអូសយកផ្ទះ ខណៈការងាររោងចក្រ និងការងារផ្សេងទៀតកំពុងខ្សត់។
ពលរដ្ឋរស់នៅទីនោះបាននិយាយថា៖ «សូម្បីតែខ្ញុំ ខ្ញុំក៏យឺតយ៉ាវក្នុងការបង់ប្រាក់រំលោះដែរ ប៉ុន្តែខ្ញុំមិនដែលខកខានមិនបានបង់ប្រាក់នោះទេ»។ «ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ១៩ យើងបានគិតថាវាពិបាកណាស់ទៅហើយ។ ប៉ុន្តែរយៈពេលនេះគឺពិបាកជាងកាលពីពេលនោះទៅទៀត»។
ម្ចាស់បុរីពិភពថ្មី ឧកញ៉ា ហុង ពីវ បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំមុនថា លោកបានព្យាយាមដោះស្រាយវិវាទជាមួយម្ចាស់ផ្ទះល្វែងជាច្រើនដង ហើយបានចំណាយលុយអស់យ៉ាងតិច ៥,៦លានដុល្លារ ដើម្បីទិញផ្ទះជាង ៤៥០ខ្នងមកវិញ។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ហុង ពីវ ដើម្បីសុំការអត្ថាធិប្បាយបានទេ។
ទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បានឃើញពីការងើបឡើងវិញចម្រុះ ចេញពីវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។ ប៉ុន្តែកម្ពុជាបានជួបការលំបាកជាពិសេសដោយសារតែកត្តាផ្គត់ផ្គង់លើសតម្រូវការ និងការពឹងផ្អែកលើការវិនិយោគរបស់ចិនដែលបានធ្លាក់ចុះចំពេលមានការធ្លាក់ចុះនៃអចលនទ្រព្យនៅក្នុងប្រទេសចិនខ្លួនឯង។
គេមិនដឹងច្បាស់ទេថាតើពេលណាឧស្សាហកម្មនេះនឹងងើបឡើងវិញទេ។ នៅក្នុងរបាយការណ៍មួយកាលពីខែមុន ក្រុមហ៊ុនវិភាគផ្នែកហិរញ្ញវត្ថុឈ្មោះ S&P Global បានព្រមានថា «ទស្សនវិស័យនៃហានិភ័យវិលមករកសេដ្ឋកិច្ចកាលពីមុនរបស់ប្រទេសកម្ពុជា គឺខ្សោយជាងគេ» បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់នេះ ដោយក្នុងនោះការធ្លាក់ចុះនៃវិស័យអចលនទ្រព្យទំនងជាបន្តកើតមានតទៅទៀត។ របាយការណ៍បានបន្ថែមថា ប្រាក់កម្ចីមិនដំណើរការ ត្រូវបានព្យាករថានឹងកើនឡើងក្នុងរយៈពេលពីរឆ្នាំទៀតរហូតដល់កម្រិតកំពូលប្រមាណ ៧,៧% នៅឆ្នាំ២០២៦។
ដំណោះស្រាយរបស់រដ្ឋាភិបាល
រដ្ឋាភិបាលកម្ពុជាជារឿយៗកាត់ទោសជនរងគ្រោះដោយសារវិវាទដីធ្លី រាប់ចាប់ពីការចាប់ដាក់គុកក្រុមស្ត្រីដែលតស៊ូប្រឆាំងនឹងការលុបបឹងចុងក្រោយក្នុងទីក្រុងភ្នំពេញ រហូតដល់ការចោទប្រកាន់អ្នកស្រុកដែលបានព្យាយាមដាក់ញត្តិប្រឆាំងនឹងសេដ្ឋីអំពៅ រហូតដល់ការកាត់ទោសដាក់ពន្ធនាគាររយៈពេលជាច្រើនឆ្នាំលើជនជាតិដើមភាគតិចដែលចងក្រងឯកសារកត់ត្រាពីក្រុមមន្ត្រីដែលបំផ្លាញដីស្រែចម្កា និងផ្ទះសម្បែងរបស់ពួកគាត់។
ប៉ុន្តែជម្លោះបុរី ដែលភាគច្រើនគ្របដណ្តប់ដោយក្រុមមនុស្សដែលមានលុយ និងអំណាចនយោបាយច្រើនជាង ទទួលបានការឆ្លើយតបដែលមានលក្ខណៈជាការផ្សះផ្សាច្រើនជាង។

កាលពីឆ្នាំមុន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពន្យារពេលការបង់ពន្ធសម្រាប់អ្នកអភិវឌ្ឍន៍បុរី និងលើកទឹកចិត្តឱ្យមានការកែសម្រួលប្រាក់កម្ចីឡើងវិញ ខណៈនិយតករអាជីវកម្មអចលនទ្រព្យ និងហាងបញ្ចាំ បានចេញលិខិតព្រមានជាប្រចាំអំពីការវិនិយោគលើគម្រោងបុរីដែលគ្មានអាជ្ញាប័ណ្ណ។
កាលពីខែមិថុនា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឱ្យបញ្ឈប់ការរឹបអូសយកផ្ទះល្វែង ហើយជំនួសមកវិញដោយផែនការកែសម្រួលលក្ខខណ្ឌបង់ប្រាក់ឡើងវិញ។ លោកនិយាយថា «ការរឹបអូសយកផ្ទះល្វែងណាមួយ គឺមិនល្អសម្រាប់សេដ្ឋកិច្ច និងសង្គមជាតិឡើយ»។
ថ្មីៗនេះ ក្រោយពីផ្ទុះការតវ៉ាកាលពីខែមេសា ដែលបានបណ្តាលឱ្យម្ចាស់ផ្ទះនៅបុរីពិភពថ្មី ដុតកង់ឡានតាមផ្លូវ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងស្វែងរកដំណោះស្រាយសម្រាប់វិបត្តិបុរីទាំងនេះ។
លោក ហ៊ុន ម៉ាណែត ដែលមានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច បានចាត់ទុកកំណើនសេដ្ឋកិច្ចជាអាទិភាព ដោយមានគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។
លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានដឹងអំពីបញ្ហានេះ»។ «យើងមើលឃើញ និងដឹងឮពីទុក្ខលំបាកដែលពលរដ្ឋកំពុងជួបប្រទះ»។
ប៉ុន្តែ ទិដ្ឋភាពទូលំទូលាយនៃបញ្ហានេះនៅតែអាក្រក់។ កម្ចីមិនដំណើរការបានកើនឡើងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ហើយកម្ពុជាមានអនុបាតបំណុលឯកជនខ្ពស់បំផុតទី៥ធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) នៅលើពិភពលោក ពោលគឺតាមពីក្រោយក្រុងហុងកុង សហរដ្ឋអាមេរិក ចិន និងជប៉ុន។ នេះបើយោងតាមធនាគារពិភពលោក។
ឆមាសទីមួយនៃឆ្នាំ២០២៤ បានឃើញពីការអនុវត្តគម្រោងបុរីតិចតួចបំផុតក្នុងរយៈពេលមួយទសវត្សរ៍៖ គឺចំនួនពីរគម្រោង។
គ្រួសារខ្លះកំពុងជាប់ផុងយ៉ាងជ្រៅទៅក្នុងវិបត្តិអចលនទ្រព្យនេះដែលពួកគេមិនអាចពិចារណាជម្រើសដទៃទៀតបានឡើយ។ លោក សាក់ មុំ ជាឪពុករបស់កុមារវ័យមួយខួបនៅបុរី VIP បានបង់រំលោះរយៈពេលពីរឆ្នាំនៃកម្ចីអចលនទ្រព្យរយៈពេលប្រាំពីរឆ្នាំរបស់លោក។ នៅពេលសួរថាតើលោកនឹងជ្រើសរើសទៅរស់នៅក្នុងបុរី VIP ម្ដងទៀតដែរឬទេ លោកបានសើច។
លោកបាននិយាយថា៖ «យើងគ្មានជម្រើសទេ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។