អ្នកវិភាគនិងសង្គមស៊ីវិល រិះគន់របបលោក ហ៊ុន សែន ថា ប្រមូលចំណូលបានតិចតូចពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដោយសារតែកង្វះសមត្ថភាព និងមានអំពើពុករលួយ។ ការរិះគន់នេះ បន្ទាប់ពីក្រសួងកសិកម្ម បង្ហាញរបាយការណ៍ថា ក្រសួងប្រមូលចំណូលបានជាង៦លានដុល្លារ ពីការជួលដីសម្បទានសេដ្ឋកិច្ចជាង១លានហិកតារ។
ដីសម្បទានសេដ្ឋកិច្ច ដែលជាមូលហេតុដ៏សំខាន់មួយបណ្ដាលឲ្យមានជម្លោះដីធ្លី ការកាប់បំផ្លាញ ព្រៃឈើ ធនធានធម្មជាតិ និងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា អស់រយៈកាលជាង ២ ទសវត្សរ៍មកនេះ បានផ្ដល់ចំណូលសម្រាប់ជាតិជាង៦ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។
អ្នកស្រាវជ្រាវ និងអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ យល់ថា ការប្រមូលចំណូលបានជាង ៦លាន ដុល្លារពីការការជួលដីឬផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាង ១លាន ហិកតារនេះ គឺមានន័យថា របបលោក ហ៊ុន សែន បានជួលដីឱ្យបរទេសថោកៗក្នុង១ហិកតារ តម្លៃត្រឹម ៦ដុល្លារក្នុង មួយឆ្នាំ។ លោករិះគន់ថា វាគឺជារបៀបធ្វើសេដ្ឋកិច្ចបែបល្ងង់ខ្លៅ ឬអសមត្ថភាពបំផុត និងជារបៀបធ្វើ សេដ្ឋកិច្ចដែលចេះប្រើតែកាំភ្លើង ហើយសម្លុតយកតែប្រយោជន៍ស្រាប់ៗ ដែល មិនបានគិតអំពីប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯងនោះទេ។ «»
លោក គឹម សុខ បន្ថែមថា ចំណូលពីការផ្តល់ដីសម្បទាននេះ គឺមិនបានស្មើ ឬមិនអាចតបស្នង ការខូចខាតសង្គមកម្ពុជានោះទេ ដូចជាបាត់បង់ព្រៃឈើ បាត់បង់ធនធានធម្មជាតិ បាត់បង់ដីស្រែ ចម្ការ និងផ្ទះសម្បែងពលរដ្ឋជាដើម។ លោកយល់ថា ប្រសិនបើរបបលោក ហ៊ុន សែន ជួលដីឲ្យប្រជាពលរដ្ឋ ឬផ្ដល់ដីឲ្យពលរដ្ឋធ្វើកសិកម្មផ្ទាល់ ហើយរដ្ឋជួយគាំទ្រ និងរកទីផ្សារឲ្យបានទូលាយ ខណៈសសហគមន៍អឺរ៉ុប ផ្ដល់ប្រព័ន្ធអនុគ្រោះព័ន្ធដល់កម្ពុជានោះ ក៏បានផលចំណេញច្រើនជាង ការផ្តល់ ដីសម្បទានសេដ្ឋកិច្ចដែរ។
លោក គឹម សុខ បន្តថា របាយការណ៍របស់ក្រសួងកសិកម្មនេះ គឺជាការភូតកុហករាស្ត្រទាំងស្រុង ដោយសារមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដែលមិនគិតអំពីការរីកចម្រើនរបស់ ជាតិនោះទេ។ «»
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានបង្ហាញរបាយការណ៍ ប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ថា កម្ពុជាប្រមូលចំណូលពីដីសម្បទានសេដ្ឋកិច្ចបាន ជាង ៦លាន( ៦ ,៦៣៦, ៧២០ )ដុល្លារសហរដ្ឋអាមេរិក។ ក្នុងរបាយការណ៍ បង្ហាញដែរថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ២២៩ ត្រូវបានរបបលោក ហ៊ុន សែន សម្រេចឲ្យបន្តសុពលភាពលើផ្ទៃដីជាង១លាន(១ ,១៧៨ ,៦៤៦) ហិកតារ ដែលស្ថិតក្នុង១៩ខេត្ត។ ក្រុមហ៊ុនទាំងនោះ បានឈូសឆាយលើដីចំនួនជាង ៥សែន( ៥១៥, ៧០១ )ហិកតារ បង្កើនការដាំដុះបានជាង៤សែន( ៤៣៨, ២៥០ )ហិកតារ និងបានកសាងប្រព័ន្ធផ្លូវចំនួន ១ម៉ឺន( ១៧, ៦២៤) គីឡូម៉ែត្រ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឡោ រស្មី បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោកស្រ៊ុន ដារិទ្ធ បដិសេធឆ្លើយសំណួរអាស៊ីសេរី ក្រោមហេតុផលថា របបលោកហ៊ុន សែន ផ្អាកដំណើរការវិទ្យុអាស៊ីសេរី នៅក្នុងប្រទេសកម្ពុជា។
រីឯប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការលីកាដូ (Licadho) លោក អំ សំអាត ទទួលស្គាល់ថា ចំណូលរដ្ឋពីឈ្នួលដីសម្បទានសេដ្ឋកិច្ច មិនមានសមមូលនឹងផ្ទៃដីដែលរបបលោក ហ៊ុន សែន បានផ្ដល់ឲ្យក្រុមហ៊ុននោះទេ។ លោកបន្ថែមថា ការទទួលបានចំណូលពីដីសម្បទានសេដ្ឋកិច្ច គួរមានលក្ខណៈច្បាស់លាស់ ហើយសមស្របជាមួយនឹងទំហំដី និងទំហំទទួលផលប្រយោជន៍របស់ក្រុមហ៊ុននីមួយៗ ដែលរកបានពីធនធានដី។ «»
លោក អំ សំអាត បន្តថា របបលោកហ៊ុន សែន គួរតែពិនិត្យឡើងវិញអំពីតម្លៃឈ្នួលដីនេះ តើថា ស្របជាមួយទីផ្សារបច្ចុប្បន្នឬអត់ហើយគួរតែគ្រប់គ្រង់ចំណូលពីការប្រមូលព័ន្ធអាករផ្សេងៗពីក្រុមហ៊ុនទាំងអស់ឲ្យបានច្បាស់លាស់មានតម្លាភាពក្នុងការផ្ដល់ព័ត៌មាន និងបើកចំហជាសាធារណៈ ដើម្បីធានា ថវិកាទាំងអស់ត្រូវចូលទៅថវិកាជាតិ។ «»
របបលោក ហ៊ុន សែន តែងតែអះអាងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺដើម្បីជួយសម្រាលជីវភាព ផ្ដល់ការងារឲ្យប្រជាជនកម្ពុជា និងជំរុញការអភិវឌ្ឍប្រទេស ប៉ុន្តែផ្ទុយទៅវិញ ក្រុមអង្គការសង្គម ស៊ីវិល មើលឃើញថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺជាមូលហេតុបង្កទៅជាទុក្ខទោសដល់ប្រជា ពលរដ្ឋដែលពាក់ព័ន្ធទៅវិញ។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានបង្ហាញថា ដីសម្បទានសេដ្ឋកិច្ចភាគច្រើន បានបង្កអោយមានវិវាទដីធ្លីរាំរ៉ៃ ដែលបានធ្វើឲ្យប៉ះពាល់ ទៅដល់ប្រជាជនជាច្រើនម៉ឺនគ្រួសារ ហើយមានការដោះស្រាយ តិចតូចប៉ុណ្ណោះមកដល់បច្ចុប្បន្ននេះ៕
