ក្រុមអ្នកប្រកបមុខរបរកំប៉ិកកំប៉ុក នៅភ្នំពេញត្អូញថា មុខរបររបស់ពួកគេក៏រងការធ្លាក់ចុះខ្លាំងដែរ ដោយសារតែឥទ្ធិពលនៃជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ១៩ (Covid-19)។ អ្នកឃ្លាំមើលអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា អាជីវករប្រកបរបរតូចតាច ពិតជារងផលប៉ះពាល់ធ្ងន់ធ្ងរមែន និងស្នើសុំឲ្យរដ្ឋជួយ។
ស្ត្រីជាអ្នកលក់កាហ្វេ និងមានលក់សំលៀកបំពាក់ផង នៅផ្សារដើមគ ឈ្មោះ ម៉ៅ លក្ខិណា ឲ្យដឹងថា អាជីវកម្មរបស់លោកស្រី ធ្លាក់ចុះខ្លាំង នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែមនុស្សម្នាបង្ហាញការខ្លាចរអា លែងសូវហ៊ានដើរផ្សារ និងហូបអាហារ នៅខាងក្រៅដូចមុន។
លោកស្រីបន្តថា មិនមែនតែតូបលក់ដូររបស់លោកស្រីទេ ដែលលក់មិនដាច់ តូបផ្សេងៗទៀត ក៏ធ្លាក់ចុះដូចគ្នា។ ពិសេស អ្នកលក់បាយ គុយទាវ ពេលព្រឹក និងអ្នកលក់បន្លែ តាមកញ្ឆេរ លក់មិនសូវបានដូចមុនទេ៖ « ស្ងាត់ពេក លក់ចេះតែសល់។ តាមមើលមកពីអា Covid-19 ហ្នឹង គេអត់សូវមក ឬក៏យ៉ាងម្ដេច ព្រោះអ្វីលក់អត់ដាច់ ស្ងាត់ជាងមុនមែនទែនតែម្ដង។ ដល់អ៊ីចឹងទៅ ប៉ះពាល់ដល់តែបន្ថយ ( ថ្លៃ ) ម្ហូប អ៊ីចឹងណា។ បន្ថយនៅតែ២ម៉ឺន ៣ម៉ឺន ( រៀល ) វិញ។ អ្នកលក់បាយវិញ ត្អូញប្រាប់ខ្ញុំថា លក់មាសអស់៥ជីហើយ លក់ចូលដើម លក់ចូលដើម ដល់អ៊ីចឹងទៅលក់មាសចាយ អាចំណេញលើកមុន ឥឡូវលក់វិញចាយចង់អស់ហើយ។ អ្នកលក់បន្លែវិញ អត់ហ៊ានឈប់ទេ ខ្លាចអត់លុយបង់គេ»។
ស្ត្រីចំណាស់ លក់ចេកចៀន ដំឡូងចៀន តាមផ្លូវម្នាក់ទៀត ក៏អះអាងស្រដៀងគ្នាដែរ។ លោកស្រី ណឹប សឿន មានវ័យជាង ៦០ឆ្នាំ ជាអ្នកលក់ចេកចៀន នៅរាជធានីភ្នំពេញដែរ ឲ្យដឹងថា មនុស្សម្នា ក៏រាងស្បើយ ក្នុងការធ្វើដំណើរដែរ តាំងតែពីល្បីករណីខ្យល់គ ដួលស្លាប់ និងជំងឺកូវីដ១៩ មក។ ស្ត្រីលក់ចេកចៀនរូបនេះ អះអាងថា មនុស្សគ្រប់គ្នា ផ្អើលទិញតែអង្ករ ប្រហុក គ្រឿងទេស និងម៉ាស់ពាក់ និងបណ្ដាលឲ្យអ្នកលក់ដូរតូចតាច រងការខាតច្រើន៖ « អ្នកទិញគេផ្អើលអាជំងឺហ្នឹង គេទិញរបៀបថា ចាប់ហួយ ណាអូន ដូចស្ករ ប៊ីចេង ប្រហុក អំបិល ហើយត្រីងៀត ត្រីខកំប៉ុង។ ឯអាជីវករដងផ្លូវ អត់ដាច់ទេអូន។ វាអត់មានត្រូវមុខអ្វីត្រូវទិញ គេទិញតែចាប់ហួយទេ ដល់មុខរបរតាមដងផ្លូវ លក់បន្លែ លក់ដំឡូងអ្វីហ្នឹង អត់ដាច់ទេ»។
អាជីវករម្នាក់ទៀត ជាអ្នកលក់ផ្លែឈើ នៅម្ដុំផ្សារសិនជូរី ក្នុងខណ្ឌពោធិ៍សែនជ័យ លោកស្រី ណុប សំអូន ក៏ត្អូញត្អែរដែរថា លក់មិនសូវដាច់ដែរ។ លោកស្រីនិយាយថា ឮតែអ្នកផ្សារផ្អើលថា គេនាំគ្នាទិញអង្ករទុក តែសម្រាប់ការលក់ដូរប្រភេទតូបតូចៗ នៅក្នុងផ្សារមិនសូវដាច់ទេ៖ « រាងស្ងាត់ជាងមុន។ ខ្ញុំក៏អត់ទាន់ទិញអ្វីទុកដែរ គ្រាន់តែលឺគេថា ទិញអ្វីទុកអ៊ីចឹងណា តែមិនដឹងទិញអ្វី ទុកផង»។
ក្រុមអ្នកលក់ដូរទាំងនេះកំពុងបារម្ភថា ប្រសិនបើការលក់ដូរដូចពួកគាត់ នៅតែបន្តធ្លាក់ចុះទៀត បញ្ហាប្រឈមខ្លាំង គឺការគ្មានលទ្ធផលសងលុយធនាគារ។
ក្រៅពីអ្នកលក់ដូរ អ្នករត់ម៉ូតូរម៉កកង់បី ក៏អះអាងពីស្ថានភាពធ្លាក់ចុះ នៃការដឹកភ្ញៀវដែរ។ លោក ខែក វិចិត្រ ជាអ្នករត់ម៉ូតូសណ្ដោងរម៉កកង់បី នៅរាជធានីភ្នំពេញ ឲ្យដឹងថា លោកធ្លាក់ចំណូលអស់ពាក់កណ្ដាល ដោយសារឥទ្ធិពលជំងឺកូវីដ១៩ នេះ។ លោកប្រាប់ទៀតថា មុនពេលករណីជំងឺកូវីដ១៩ ផ្ទុះឡើង លោកធ្លាប់រត់កង់បី បានចំណូលចន្លោះ ៦ ទៅ ៨ម៉ឺនរៀល ឬប្រហែល ២០ដុល្លារអាមេរិក តែឥឡូវ លោករត់បានតែ ៤ម៉ឺន ឬ ១០ដុល្លារប៉ុណ្ណោះ។
លោកថា អ្នករត់ម៉ូតូឌុប និងអ្នករត់ឡានឈ្នួល ឬតាក់ស៊ី ក៏ធ្លាក់ចុះចំណូលដូចគ្នាដែរ ដោយសារ លែងសូវមានម៉ូយដឹក ហើយអ្នករត់ម៉ូតូឌុបខ្លះ បានផ្អាករត់ឌុបតែម្ដង ដោយសារធ្លាក់ចំណូលខ្លាំងពេក៖ « ឥឡូវស្ងាត់បង។ វាខុសពីមុន ស្ងាត់អត់សូវមានមនុស្សដើរណាបង។ ស្ងាត់តាមហាង តាមអ្វី គេអត់សូវដើរលេងអ៊ីចឹងណាបង។ គេអត់សូវចេញទៅណា គេនៅផ្ទះអ៊ីចឹង ភាគច្រើនគេនៅ ផ្ទះ។ គេដើរតិចតួច មិនមែនអត់សោះទេ»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សង្កេតឃើញថា កំឡុងពេលផ្ទុះករណីជំងឺកូវីដ១៩នេះ ក្រុមអ្នកអ្នករកស៊ីរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិតជាលក់មិនដាច់មែន។ លោក វន់ ពៅ បញ្ជាក់ទៀតថា ពលរដ្ឋសម្រុកទៅទិញទំនិញតែនៅផ្សារទំនើប ឯអាជីវករខ្នាតតូច និងក្រុមលក់តាមចិញ្ចើមផ្លូវសឹងគ្រប់កន្លែង លក់មិនដាច់នៅសល់ទំនិញរាល់ថ្ងៃ។
លោក វន់ ពៅ សំណូមពរឲ្យរដ្ឋាភិបាល ជួយដោះស្រាយបញ្ហានេះ ដោយខិតខំធ្វើយ៉ាងណា ផ្ដល់ទំនុកចិត្តផ្នែកសុខភាព ឲ្យពលរដ្ឋមានជំនឿលើប្រព័ន្ធសុខាភិបាលកម្ពុជា រដ្ឋត្រូវជួយទិញផលិតផលរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ យកទៅចែកជូនពលរដ្ឋ ត្រូវចាត់វិធានការទប់ស្កាត់ការឡើងថ្លៃទំនិញ និងងាកទៅរកកិច្ចចរចាយកប្រព័ន្ធអនុគ្រោះពន្ធ EBA មកវិញ ដើម្បីផលប្រយោជន៍អ្នកក្រៅប្រព័ន្ធ៖ « អ្នកក្រៅប្រព័ន្ធរដ្ឋាភិបាលគួរតែជួយទិញសម្ភារៈទាំងអស់របស់អ្នកក្រៅប្រព័ន្ធ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្របន្ថែមទៀត ព្រោះរដ្ឋាភិបាលស្រុកគេ កាលណា មានបញ្ហាគេជួយអ្នកក្រៅប្រព័ន្ធ ទិញរបស់របរអ្នកក្រៅប្រព័ន្ធដើម្បីឧបត្ថម្ភទៅអ្នកដែលកំពុងខ្វះខាតផ្សេងៗទៀត។ អាហ្នឹងហើយ ជាកម្មវិធីសំខាន់ដែលរដ្ឋត្រូវគិតបញ្ហាហ្នឹង ហើយបញ្ហាមួយទៀត រដ្ឋត្រូវទប់ស្កាត់ អាកូរ៉ូណា វ៉ាយរើស (Corona Virus) បានច្រើន ធ្វើឲ្យមានទំនុកទុកចិត្តឡើងវិញ លើប្រព័ន្ធសុខាភិបាលហ្នឹង ជាការជួយមួយផងដែរ»។
អាជ្ញាធររាជធានីភ្នំពេញឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋនាំគ្នាសម្រុកទិញទំនិញស្ដុកទុក។ អាជ្ញាធរអំពាវនាវពលរដ្ឋកុំសម្រុកទិញទំនិញស្ដុកទុក ដែលនាំឲ្យជនឱកាសនិយមឆ្លៀតឱកាសដំឡើងថ្លៃ។ ចំណែកសហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវដល់ពលរដ្ឋថា កុំមានព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ព្រោះអង្ករនៅក្នុងស្ដុកមានពេញបរិបូរណ៍សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស និងមានអង្ករនាំចេញទៀតផង។ ទន្ទឹមគ្នានេះ សហព័ន្ធស្រូវអង្ករ បានប្រកាសបើកស្តង់លក់អង្ករនៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ មីនាស្អែកនេះ។ ដូច្នេះ អាជ្ញាធរអំពាវនាវពលរដ្ឋ កុំឲ្យមានការព្រួយបារម្ភពីបញ្ហាអង្ករ និងស្បៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។