ក្រុមអង្គការសង្គមស៊ីវិលមិនសង្ឃឹមថា ប្រទេសវៀតណាមនឹងជួយទិញអង្កពីកម្ពុជាតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នោះទេ ព្រោះប្រទេសនេះមានជាប់ពាក់ព័ន្ធ ការប្រើសារធាតុគីមីក្នុងផលិតផលរបស់ខ្លួនហួសកម្រិត និងជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មផង។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនៅមិនទាន់មានជំនឿថា វៀតណាមនឹងជួយទិញអង្ករពីកម្ពុជា ក្នុងតម្លៃសមរម្យនោះទេ ព្រោះប្រជាជនប្រទេសនេះភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ហើយផលិតផលភាគច្រើនដែលនាំចូលមកកម្ពុជា ផ្ទុកសារធាតុគីមីហួសកម្រិតដូចជា បន្លែ ត្រីសាច់ ផ្លែឈើ និងអង្ករជាដើម។
ក្រសួងកសិកម្មបានបង្ហោះសារនៅក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួន កាលពីថ្ងៃទី៣០ ខែមករា ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម វួ យ៉ាងមិញ ( Vu Quang Minh ) បានប្រជុំពិភាក្សាពីការប្រមូលទិញស្រូវពីកសិករកម្ពុជា។ កិច្ចប្រជុំនេះផ្ដោតយ៉ាងសំខាន់ លើការពិនិត្យ និងការវាយតម្លៃស្ថានភាពតម្លៃស្រូវ និងរួមគ្នាដោះស្រាយ នូវយន្តការប្រមូលទិញស្រូវ-អង្ករពីកម្ពុជាឱ្យបានសមស្របទៅតាមតម្លៃលើទីផ្សារវៀតណាម។ លើសពីនេះ ភាគីទាំងពីរនឹងអនុវត្តផលិតកម្មកសិកម្មឱ្យបានទូលំទូលាយ ដើម្បីរក្សានិរន្តរភាពដៃគូរវាងអ្នកផលិត និងអ្នកទិញ។ ក្រៅពីនេះ ភាគីទាំងពីរនឹងសហការគ្នាដោះស្រាយ បញ្ហាប្រឈមឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាព។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មិនមានសង្ឃឹមថា វៀតណាមនឹងជួយទិញអង្ករពីកម្ពុជាក្នុងតម្លៃដែលអាចទទួលយកបាននោះទេ។ លោកចាត់ទុកថា ការស្នើរបស់ក្រសួងកសិកម្មបែបនេះ ជារូបភាពបង្ហាញពលរដ្ឋថាខ្លួន បានយកចិត្តទុកដាក់រកទីផ្សារជូនកសិករ តែធាតុពិតប្រជាជនវៀតណាមជាប្រទេសធ្វើកសិកម្ម ហើយភាគច្រើនផលិតផលរបស់ពួកគេ គឺជាមុខសញ្ញានាំចូលមកកម្ពុជារួមមាន បន្លែ ត្រី សាច់ និង ផ្លែឈើជាដើម៖ «ពលរដ្ឋវៀតណាមកំពុងភ័យព្រួយសុវត្ថិភាពចំណីអាហារមានជាប់ពាក់ព័ន្ធសារធាតុគីមី។ អ៊ីចឹងដោយសារតែវៀតណាមជាប្រទេសកសិកម្មយើងមិនសង្ឃឹមថា វៀតណាមនឹងជួយទិញស្រូវយើង ដោយសារគេជាប្រទេសផលិតដែរ។ តែយើងមិនទាន់មានជំនឿលើ ប្រសិទ្ធភាព និងលទ្ធភាព ក្នុងចំនួនមួយមិនអាចទប់ទល់ការខាតបង់សហភាពអឺរ៉ុបយកពន្ធអង្ករពីកម្ពុជានោះទេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា នៅគ្រាដែលសហភាពអឺរ៉ុបសម្រេចយកពន្ធអង្កពីកម្ពុជា ធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះយ៉ាងខ្លាំង បង្កប៉ះពាល់ជីវភាពកសិករ។ លោកថា ថ្នាក់ដឹកនាំរដ្ឋ ត្រូវរកមធ្យោបាយដោះស្រាយរឿងនេះឱ្យទាន់ពេលវេលា ស្របពេលដែលវិបត្តិនយោបាយ ហាក់បំផ្លាញចំណូលកសិករកម្ពុជា។ ហេតុនេះលោកថា ប្រមុខដឹកនាំរដ្ឋ និងអ្នកនយោបាយគួរតែស្ដារ បរិយាកាសនយោបាយឡើងវិញ ទើបមានសង្ឃឹមថា ដំណោះស្រាយបញ្ហានេះនឹងមានភាពល្អប្រសើរ៖ «យើងឃើញថា បញ្ហានយោបាយនៅប្រទេសកម្ពុជា ក៏វាជាប់ពាក់ព័ន្ធ EBA ដែរ។ អ៊ីចឹងហើយនេះជាការប្រឈមមួយ ត្រូវតែមាន បើសិនអាចរកមធ្យោបាយដោះស្រាយឱ្យមានភាពប្រសើរឡើងវិញបញ្ហានយោបាយ អាចជួយដល់បញ្ហានេះដែរ»។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៩ សហភាពអឺរ៉ុបបានសម្រេចយកពន្ធ ចំពោះអង្ករនាំចេញពីកម្ពុជា។ សហភាពអឺរ៉ុបបានកំណត់ពន្ធប្រមាណ ២០០ដុល្លារ សម្រាប់អង្ករមួយតោននៅក្នុងឆ្នាំទី១ និងបានទម្លាក់ពន្ធមកយកត្រឹមតែ ១៣២ដុល្លារ នៅឆ្នាំទី២ និងនៅត្រឹម ១០៩ដុល្លារ នៅឆ្នាំទី៣ ធ្វើឱ្យកម្ពុជាខាតបាត់ចំណូលសេដ្ឋកិច្ចរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។ រីឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរីថា កម្ពុជានឹងតវ៉ា ចំពោះសេចក្ដីសម្រេចនេះ តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក ក្នុងបំណងតម្កល់ប្រយោជន៍ជាតិ។
កសិកររស់នៅខេត្តកំពង់ធំ លោកស្រី ស៊ុន ភាព ព្រមានថា លោកស្រីនឹងបោះបង់របបធ្វើស្រែចម្ការប្រសិនណាបើរបបក្រុងភ្នំពេញ មិនដោះស្រាយតម្លៃកសិផលឱ្យបានសមរម្យនោះទេ។ លោកស្រីថា កសិករភាគច្រើនបានផុងខ្លួននៅក្នុងអន្ទាក់បំណុលធនាគារ ពីព្រោះតម្លៃកសិផលមិនអាចទូទាត់កម្លាំងពលកម្ម ជី និងថ្នាំសម្លាប់សត្វល្អិតបាន។ លោកស្រីបន្ថែមថា បច្ចុប្បន្នតម្លៃអង្ករនៅក្នុងមួយគីឡូក្រាមចាប់ពី ៦៥០ រៀល ទៅ ៧៥០ រៀលថោកជាងឆ្នាំមុនៗ ពោលកាលពីឆ្នាំ២០១៨ និង ២០១៧ ស្រូវ ១ គីក្រាមអាចលក់ចាប់ពី ១ ពាន់ ៥០ រៀល (១.០៥០) ទៅ ១ ពាន់ ១រយរៀល (១.១០០) ៖ «ទូទាត់អត់បាន អត់ទទួលយកបាន។ តម្លៃនេះខាតដើម ណាមួយសត្វស៊ី។ ទូទាត់ប្រើថ្នាំ អត់រួចកម្មករ។ ខាតច្រើនណាស់ សូមរដ្ឋាភិបាលដោះស្រាយកសិករ ជំពាក់គេច្រើនណាស់»។
មន្ត្រីសង្គមស៊ីវិលផ្ដល់មតិថា ដើម្បីដោះស្រាយបញ្ហានេះក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ គួរតែរកមធ្យោបាយឱ្យកសិករកាត់បន្ថយចំណាយការធ្វើកសិកម្ម ហើយរដ្ឋត្រូវជួយជំរុញឱ្យមីក្រូហិរញ្ញវត្ថុ និងធនាគារ កាត់បន្ថយការប្រាក់ ដើម្បីសម្រួលការលំបាករបស់កសិករ។ លើសពីនេះ ដោះស្រាយជម្លោះនយោបាយ ក៏ជាគន្លឹះសំខាន់ បំណងស្ដារជីវភាពកសិករ និងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
