កសិករ​ខេត្ត​សៀមរាប ​និង​ព្រះវិហារ​បង្ខំ​ចិត្ត​លក់​ស្រូវ​ក្នុង​តម្លៃ​ថោក​ ដើម្បី​សង​បំណុល​ធនាគារ

0:00 / 0:00

កសិករ​មួយ​ចំនួន​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ព្រះវិហារ​ បង្ខំ​ចិត្ត​លក់​ស្រូវ​ក្នុង​តម្លៃ​ថោក ​ដើម្បី​បង្វិល​ប្រាក់​សង​ម្ចាស់​បំណុល និង​ធនាគារ។ ពួកគាត់​អះអាង​ថា ក្រុម​ឈ្មួញ​កណ្ដាល បាន​បន្តុះ​បង្អាប់​តម្លៃ​ស្រូវ​របស់​ពួកគាត់​ ក្នុង​ពេល​ដែល​កសិករ​កំពុង​សម្រុក​ប្រមូល​ផល​ស្រូវ​អំឡុង​ខែ​វិច្ឆិកា​នេះ។

កសិករ​រស់​នៅ​ស្រុក​ចំនួន៣ ក្នុង​ខេត្ត​ព្រះវិហារ​គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប ស្រុក​ជ័យសែន​ និង​កសិករ​​មួយ​ចំនួន​នៃ​ខេត្ត​សៀមរាប កំពុង​បាក់​ទឹកចិត្ត​លែង​ចង់​ប្រកប​របរ​កសិកម្ម​ដោយសារ​តម្លៃ​ស្រូវឆ្នាំ​នេះ ​មិន​អាច​ទូទាត់​ការ​ចំណាយ​ថ្លៃ​ដើម​បាន​ឡើយ ​ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក​ផ្ទួនៗគ្នា។

ឧបសគ្គ​​ដែលនាំ​ឱ្យ​កសិករ​ជួប​ការ​លំបាក​ត្រួតគ្នា​រួម​មានគ្រោះ​ធម្មជាតិ និង​បញ្ហា​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​ស្រូវ​ ធ្វើ​ឱ្យ​ស្រូវ​របស់​កសិករ​មិន​សូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ឡើយ។

កសិករ​រស់​នៅ​ស្រុក​ត្បែង​មាន​ជ័យ​ខេត្ត​ព្រះវិហារ​លោក សឹម សានឹត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃ​ទី​១១ វិច្ឆិកា ថា ឆ្នាំ​នេះ​លោក​ធ្វើ​ស្រែ​លើ​ផ្ទៃ​ដី ១០ហិកតារ​​ហើយ​ទើបតែ​ប្រមូល​ផល​ស្រូវ​បាន ១៦​តោន​ ក៏ប៉ុន្តែ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ ដោយ​ក្នុង​មួយ​គីឡូក្រាម តម្លៃ​ចាប់​ពី​ ៩២០រៀល​ដល់​ ៩៤០រៀល​ ធ្វើ​ឱ្យ​លោក​ត្រូវ​ខាតបង់​មិន​អាច​ទូទាត់ ការ​ចំណាយ​ថ្លៃដើម​បានឡើយ។

បើ​ទោះជា​ស្រូវ​ថោក​ក៏​ដោយ ក៏លោក​ត្រូវបង្ខំ​ចិត្ត​លក់​ស្រូវ​ស្ទើរតែទាំង​អស់​ ព្រោះតែ​គ្មាន​ជម្រើស​ ដើម្បី​ប្រមូល​លុយ​សង​ធនាគារ ដែល​លោក​បាន​ខ្ចី​ធ្វើ​ដើម​ទុន​កសិកម្ម។

លោក សឹម សានឹត៖«មុន​ដំបូង​គឺ​មាន​ដើម​ស្រូវ​មាន​អី​ពេញ​ប៉ុន្តែ​ពេល​ស្រូវ​ផើម​គឺ​វា​ងាប់​តែ​ម្ដង!ដល់​អ៊ីចឹង​ទៅ​តម្លៃ​ស្រូវ​វា​ថោក​អត់​រួច​ខ្លួន នឹង​ថ្លៃ​ចំណាយ​និយាយ​រួម​អត់​រួច​ដើម»។

កសិករ​ម្នាក់​ទៀត​រស់នៅ​ស្រុក​ជ័យសែន លោក លឿន សារឺ ត្អូញ​ថា ស្រូវ​ឆ្នាំ​នេះ​មិន​សូវ​កើន​ផល​ច្រើន​ទេ ដោយសារ​បញ្ហា​ប្រឈម​សត្វ​ល្អិត​ និង​ប្រែ​ប្រួល​អាកាសធាតុ ​ធ្វើ​ឱ្យ​ទិន្នផល​ស្រូវ​របស់លោក​ថយ​ចុះ​ច្រើន ​បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។
លោក​បញ្ជាក់​ថា ឆ្នាំ​នេះ​លោក​ធ្វើ​ស្រែ​លើ​ផ្ទៃ​ដី ២០​ហិកតារ​ នឹង​ត្រៀម​​ច្រូត​កាត់​ឆាប់ៗ​ នេះ ក៏ប៉ុន្តែ​តម្លៃ​ស្រូវ​ថោក​ពេក ធ្វើ​ឱ្យ​លោក​ហាក់​អល់​អែក​ក្នុង​ការ​លក់​ចេញ។

លោក លឿន សារឺ៖«បើ​សម្រាប់​ខ្ញុំ​វិញ​ខ្ញុំ​ជួប​ការ​លំបាក​មែន​ទែន​គឺ​ខ្ញុំ​ប្រើ​​ថ្នាំ​ប្រើ​ជី ​ដល់​ស្រូវ​ចុះ​ថោក​អ៊ីចឹង​ម៉ាស៊ីន​ចេះ​តែ​ឡើង​ថ្លៃ​យី​!សព្វ​គ្រប់​កំពុង​តែ​បារម្ភ​បើ​ថោក​អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ច្រូត​ទៅ​ដាក់​កន្លែង​ណា​ផង»។

បុរស​ដដែល​បន្ថែម​ថា កសិករ​ភាគច្រើន​នៅ​ខេត្ត​ព្រះវិហារ​ធ្វើ​ស្រែ​ប្រវាស់​មេឃ​ដដែលៗ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ស្រែ​បានតែ​ម្តង​ប៉ុណ្ណោះ។

កសិករ​បន្ថែម​ថា ពួក​គាត់​ជួប​បញ្ហា​ច្រើន ទម្រាំ​បាន​ផល​ស្រូវ ត្រូវ​ចំណាយ​កម្លាំង​ពលកម្ម ចំណាយ​ថ្លៃ​ភ្ជួរ​រាស់ ថ្លៃ​ច្រូត​កាត់ ថ្លៃ​ដឹក​ជញ្ជូន ចំណាយ​ថ្លៃ​ពូជ ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ថ្នាំ​បាញ់​ស្មៅ ជាដើម។ រីឯ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ក៏​ជា​ឧបសគ្គ ធ្វើ​ឱ្យស្រូវ​របស់​កសិករ​មួយ​ចំនួន​ក្រៀម​ស្វិត​ ដោយសារ​តែ​រលក​កម្តៅ​កើន​ឡើង​ខ្លាំង។

រីឯ​ស្ថានភាព​កសិករ​នៅ​ខេត្ត​សៀមរាប​ឯ​នោះ​វិញ​ កសិករ​រស់​នៅ​ក្នុង​ស្រុក​ចំនួន​៩ ក្នុង​ខេត្ត​នេះ ​កំពុង​មមាញឹក​ប្រមូល​ផល​កសិកម្ម​ដូច​គ្នា​ដែរ។ រី​ឯ​ក្រុម​ឈ្មួញ​ក៏​កំពុង​សម្រុក​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ដល់​មូលដ្ឋាន។ កសិករ​អះអាង​ថា តម្លៃ​ស្រូវ​ឋិត​លើ​បបូរមាត់​ឈ្មួញ​កណ្តាល ជា​អ្នក​កំណត់​ទៅ​តាម​ប្រភេទ​គុណ​ភាព​ស្រូវ ដោយ​ស្រូវ​ខ្លះ​ឈ្មួញ​បាន​ឱ្យ​តម្លៃ​ចន្លោះ​ពី ​៨០០រៀល ទៅ​ ៩០០រៀលប៉ុណ្ណោះ ខណៈ​ដែល​តម្លៃ​ស្រូវ​អាច​ចំណេញ​បាន​ចន្លោះ​ពី​ ១.១០០រៀល ដល់​ ១៣.០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។

កសិករ​រស់​នៅ​ស្រុក​សូទ្រនិគម​ខេត្ត​សៀមរាប លោកស្រី យឿន សុភាព ​សង្កេត​ឃើញ​ថា កសិករ​ភាគ​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​លក់​ស្រូវ​ក្នុងពេល​ប្រមូល​ផល​ភ្លាមៗ ដើម្បី​យក​លុយ​សង​ថ្លៃ​ច្រូត​កាត់ ថ្លៃ​ជី និង​សង​បំណុល​ធនាគារ។
លោកស្រី​ថា ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ដូច្នេះ ​អ្នក​ទទួល​ផល​ចំណេញ​កប់​ក្ដោង​គឺ​ក្រុម​ឈ្មួញ​កណ្តាល។

លោកស្រី យឿន សុភាព៖«បើ​យើង​ទិញ​ជី ជួល​អាត្រាក់​គេ​មួយ​ហិកតារ​ ១៥ម៉ឺន​ ចុះ​បើ​នៅ​ថ្លៃ​ជី​ថ្លៃ​អី​ទៀត ព្រោះ​យើង​ជួល​គេ​បាញ់​ថ្នាំ​សព្វ​គ្រប់ ហោច​ណាស់​ ក៏​មួយ​ថ្ងៃ​ ៨​ម៉ឺន​រៀល​ដែរ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ជុំវិញ​រឿង​នេះ​ពី​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ ​លោក ឃឹម ហ្វីណង់ និងកញ្ញា អ៊ឹម រចនា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១១ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ ប្រធាន​សហគមន៍​បណ្ដាញ​កសិករ លោក សៀក ចំណាប់ យល់​ថា ​បញ្ហា​នេះ​រដ្ឋាភិបាល​គួរតែ​ជំរុញ​ឱ្យ​​មន្ត្រី​ជំនាញ​ចុះ​មូលដ្ឋាន​គ្រប់​ច្រក​ល្ហក ដើម្បី​អន្តរាគមន៍​ជួយ​កសិករ​ឱ្យ​ចំ​ទិសដៅ ធ្វើ​យ៉ាង​ណា​រក្សា​តម្លៃ​ស្រូវ​កុំឱ្យ​ក្រុម​ឈ្មួញ​ក្រឡុក​តាម​ចិត្ត។

លោក សៀក ចំណាប់៖«បញ្ហា​ដែល​អាច​ដោះស្រាយ​បាន​គឺ​ទាក់ទង​ជា​មួយ​នឹង​អាជ្ញាធរ​ហើយ!នៅ​រដូវ​ច្រូត​អ៊ីចឹង​អាជ្ញាធរ​គួរ​ដាក់​មន្ត្រី​​បច្ចេកទេស​​ប្រចាំការ​ ដើម្បី​មើល​តួលេខ​និង​ស្រាវជ្រាវ​មើល​អំពី​តម្លៃ​លាក់​ថ្លៃ​​អាច​ដោះស្រាយ​បញ្ហា។ ប៉ុន្តែ​បើ​អាជ្ញាធរ​ប្រសិន​មិន​គិតគូរ​ទេ​បញ្ហា​តម្លៃ​ស្រូវ​ចុះ​ថោក​ ​អាច​បញ្ចប់​ទេ នឹង​នៅ​តែ​កើត​ឡើង​ដដែលៗ»។

កាល​ពី​ថ្ងៃ​ទី៧ វិច្ឆិកា សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា រយៈពេល ១០​ខែ ឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង ៥សែន (៥,០៧) តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ ៣៧៦លាន​ដុល្លារ​អាមេរិក។

អង្ករ​ទាំង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​​ប្រទេស​​តំបន់​​អឺរ៉ុប ​សហរដ្ឋអាមេរិក ចិន ប្រទេស​ក្នុង​តំបន់​អាស៊ាន អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ជាដើម។

ប្រជា​កសិករ​ឱ្យ​ដឹង​ថា តម្លៃ​ស្រូវ​ចុះ​ថោក​ដូច្នេះ ​ធ្វើ​ឱ្យ​កសិករ​ខ្លះ​បាក់​ទឹក​ចិត្ត​បោះបង់​មុខ​របរ​នេះ ហើយ​ធ្វើ​ចំណាក​ស្រុក​។ ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ជួយ​កសិករ​ឱ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង គឺជា​ផ្នែក​មួយ​ទប់ស្កាត់​​ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។