កម្មករ​រោងចក្រ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយសារ​កាត់បន្ថយ​ការ​ហូបចុក

ដោយ ជាតិ ចំណាន
2023.12.31
កម្មករ​រោងចក្រ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយសារ​កាត់បន្ថយ​ការ​ហូបចុក កម្មកររោងចក្រមួយកន្លែង​នៅរាជធានីភ្នំពេញ ចេញ​សម្រាក​ទទួលទានអាហារថ្ងៃត្រង់ កាលពីថ្ងៃទី១ មិថុនា​ ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

កម្មករ​រោងចក្រ​មួយចំនួន​អះអាង​ថា ដោយសារតែ​ប្រាក់ចំណូល​ទាប ពួកគាត់​កាត់​បន្ថយ​ការ​ហូបចុក​ដើម្បី​សន្សំ​ប្រាក់​បង់​ធនាគារ និង​ផ្ទះ​ជួល។ មន្ត្រី​សហជីព​បារម្ភ​ថា បញ្ហា​នេះ​នឹង​ប៉ះពាល់​សុខភាព​កម្មករ និង​កូន​របស់​ពួកគាត់​ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​គ្មាន​វិធានការ​ដោះស្រាយ។

កម្មករ​រោងចក្រ​មួយចំនួន​លើកឡើង​ថា ពួកគាត់​ប្រឈម​នឹង​បញ្ហា​សុខភាព​ទាំង​ផ្លូវចិត្ត និង​កាយ​ដោយសារ​គ្មាន​ប្រាក់​ទិញ​ចំណីអាហារ​ដែល​មាន​ជីវជាតិ​ហូប និង​ត្រូវ​បង្ខំចិត្ត​ធ្វើការ​លើស​កម្លាំង។

កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ នៅ​សង្កាត់​ទឹកថ្លា លោកស្រី ជិន សារ៉េត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែធ្នូ ថា សព្វថ្ងៃ​លោកស្រី​កាត់បន្ថយ​ការ​ហូបចុក​ដើម្បី​សន្សំ​ប្រាក់​ទុក​ឱ្យ​កូន​រៀន ពោល​គឺ​ក្នុង​មួយថ្ងៃ​ចំណាយ​តែ ៧​ពាន់​រៀល (៧០០០) ប៉ុណ្ណោះ​សម្រាប់​អាហារ​៣​ពេល​។ លោកស្រី​បន្ត ថា នៅពេល​ហូបចុក​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​លោកស្រី តែង​វិលមុខ​ដួលសន្លប់​នៅ​កន្លែងធ្វើការ។

លោកស្រី ជិន សារ៉េត៖ «តាម​ខ្ញុំ​គិត​គួរតែ​មាន​ពេលវេលា​អ៊ីចឹង​ត្រូវ​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករ ដូច​ថា មាន​បញ្ហា​អ្វី​ឱ្យ​កម្មករ​លើក​ជា​យោបល់ ដូច​ថា ស្នើ​អី​បាន​ហើយ​ចង់​សួរ​ពី​ទុក្ខ​លំបាក​អី​ម៉េច​ពីព្រោះ​អី​ជិត​ចូលឆ្នាំ​២០២៤ នៅតែ​១​ថ្ងៃ ២​ថ្ងៃ​ទៀតហើយ​ទាល់​ពេល​ប្រាក់​យើង​និយាយ​ជីវភាព​គឺ​លំបាក​អ៊ីចឹង»

ក្រៅពី​កម្មករ​កាត់​បន្ថយថ្លៃ​ចំណាយ​ក៏​មាន​កម្មករ​មួយចំនួន​បង្ខំចិត្ត​ធ្វើការ​ថែម​ម៉ោង​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​សុខភាព​កាន់តែ​ខ្លាំង​។ ជាង​នេះ​ទៀត​ការ​កាត់បន្ថយ​កម្មករ​នៅ​តាម​រោងចក្រ និង​ការ​ព្យួរ​ការងារ​កម្មករ​រយៈពេល​យូរ​ធ្វើ​ឱ្យ​កម្មករ​មួយចំនួន​ធ្លាក់ខ្លួន​ក្នុង​បំណុល​វ័ណ្ឌក។

ដោយឡែក​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ខេនស្ព័តស៊ូ (Can sports shoes) ខេត្ត កំពង់ឆ្នាំង លោក កាន សុខវី ត្អូញត្អែរ​ថា នៅ​រោងចក្រ​របស់​លោក​ថៅកែ​ដាក់​ការងារ​ឱ្យ​កម្មករ​ធ្វើ​ច្រើន​លើស​កម្លាំង​ដែល​ធ្វើ​ឱ្យ​លោក និង​កម្មករ​មួយចំនួន​ស្ទើរតែ​គ្មាន​ពេល​សម្រាក​។ លោក​បន្ត​ថា​កម្មករ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ការងារ បើទោះជា​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ពួកគាត់​ក៏ដោយ ពីព្រោះ​ពួកគាត់​ត្រូវ​ការ​ប្រាក់​សងបំណុល​ធនាគារ។

លោក កាន សុខវី៖ «ហេតុ​បាន​ខ្ញុំ​ថា​ប៉ះពាល់​សុខភាព​ទី​១ គឺ​គាត់​ហូប​មិន​គ្រប់គ្រាន់​ទី​២​គាត់​ហូប​របស់របរ​មុខ​រោងចក្រ ដែល​លក់​ហ្នឹង​ខ្វះ​អនាម័យ​ដោយសារ​អី ដោយសារ​គាត់​ប្រាក់ខែ​តិច​ប្រាក់ខែ​តិច​កាលណា​គាត់​ចង់​ហូប​របស់​ឆ្ងាញ់​របស់​ល្អ​របស់​ប្រេន គឺ​វា​ទៅ​អត់​រួច​ទេ អ៊ីចឹង​គាត់​ហូប​តាម​ទឹក​លុយ​របស់​គាត់ ដូច​ថា កម្មករ​ខ្លះ​គាត់​ចំណាយ​ក្នុង​មួយថ្ងៃ​២​ពាន់​រៀល ១​ពាន់​រៀល អីហ្នឹង​អត់​ហ៊ាន​ហូប​ច្រើន​ទេ កាលណា​គាត់​ហូប​ច្រើន​តាម​គេ មាន​លុយ​ឱ្យ​កូន​ទៅ​រៀន គាត់​អត់​មាន​លុយ​សម្រាប់​បង់​អង្គការ គាត់​អត់​មាន​លុយ​សម្រាប់​បង់ថ្លៃ​ទឹក​ភ្លើង»

ការ​ត្អូញត្អែរ​របស់​កម្មករ​ទាំង​នេះ​គឺ​ស្រប​ពេល​ដែល​ប្រាក់ចំណូល​ធ្លាក់ចុះ​ធ្វើ​ឱ្យ​ពួកគាត់​បង្ខំចិត្ត​កាត់បន្ថយ​ការ​ហូបចុក​ដើម្បី​សន្សំ​ប្រាក់​បង់​ធនាគារ ថ្លៃ​បន្ទប់​ជួល ព្រមទាំង​ថ្លៃ​ចំណាយ​លើ​កូន​រៀន​ជាដើម​។ លើស​ពី​នេះ​ពួកគាត់​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​រោងចក្រ និង​ការរំលោភ​សិទ្ធិ​ការងារ​នៅ​កន្លែងធ្វើការ​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន និង​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក ខេន លូ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី ទូច សើ មាន​ប្រសាសន៍​ថា ក្រៅពី​ប្រាក់ខែ​ទាប ហើយ​កម្មករ​មួយចំនួន​រង​ការរំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​រោងចក្រ​បន្ថែម​ទៀត ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពួកគាត់​រង​សម្ពាធ​ផ្លូវចិត្ត និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ អ្នកស្រី​បន្ត​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​បញ្ហា​កម្មករ និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព​ដើម្បី​កុំឱ្យ​មាន​ការ​រំលោភសិទ្ធិ​នៅ​កន្លែង​ធ្វើការងារ​បន្ត​ទៀត។

អ្នកស្រី ទូច សើ៖ «សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី និង​ក្រសួង​ពាក់ព័ន្ធ​ថ្មី​ដូច​ថា គាត់​ទើបតែ​ឡើង​ធ្វើ​ហ្នឹង​ឬមួយ​ក៏​ខាង​អាជ្ញាធរ ឬមួយ​ក៏​ក្រសួងពាណិជ្ជកម្ម​អី​ផ្សេងៗ​សូម​ឱ្យ​ជួយ​កម្មករ​ដើម្បី​ឱ្យ​គាត់​ជួយ​ដោះស្រាយ​ទៅ​កម្មករ​ជាពិសេស​រដ្ឋាភិបាល​ថ្មី ហើយ​និង​ក្រសួង​ពាក់ព័ន្ធ ក្រសួង​ការងារ​អីហ្នឹង​ឱ្យ​គាត់​ជួយ​ស្វែងយល់​ដល់​កម្មករ​ផង»

កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​ប្រាប់​កម្មករ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​គិតគូរ​ពី​សុខទុក្ខ​របស់​ពួកគាត់​ជានិច្ច។

ទោះបីជា លោក ហ៊ុន ម៉ាណែត តាំងខ្លួន​ជា​អ្នក​គិតគូរ​ផលប្រយោជន៍ និង​ទុក្ខ​លំបាក​របស់​កម្មករ​យ៉ាងណាក្ដី​ក៏ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​សម្រាប់​ឆ្នាំ​២០២៤ ចំនួន​ត្រឹមតែ ២០៤​ដុល្លារ ប៉ុណ្ណោះ​។ មានន័យថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កើនឡើង​ចំនួន ៤​ដុល្លារ បន្ថែម​លើ​ប្រាក់ខែ​គោល​ចំនួន​២០០​ដុល្លារ ដោយ​ភាគី​ថៅកែ ដំឡើង​ឱ្យ ២​ដុល្លារ និង​២​ដុល្លារ​ទៀត បាន​មក​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត បន្ថែម​ឱ្យ ។ ក្រុម​កម្មករ និង​សហជីព​ទទូច​ឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត គិតគូរ​ពី​ជីវភាព​កម្មករ​ដូច​ការ​លើកឡើង​របស់​លោក​ដើម្បី​លើកកម្ពស់​ជីវភាព​កម្ម​ករ​ឱ្យ​រស់នៅ​សមរម្យ​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​គ្រួសារ និង​សងបំណុល​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។