ប្រជាកសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង ត្អូញត្អែរពីផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ បោកបក់បណ្ដាលឲ្យធូរេនរបស់ពួកគាត់រលំដួលរាប់រយដើម និងជ្រុះផ្លែខូចខាតអស់ជាច្រើនតោន កាលពីរសៀលថ្ងៃទី២៣មីនា។ ពួកគាត់ព្រួយបារម្ភខ្លាចខាតដើមទុនគ្មានប្រាក់ដោះស្រាយជីវភាពគ្រួសារ ព្រោះជួបគ្រោះធម្មជាតិ ២ដង ផ្ទួនគ្នាក្នុងឆ្នាំ២០១៩នេះ។
ខ្យល់កន្ត្រាក់ប៉ះពាល់ដំណាំទុរេនរបស់កសិករ នៅចំនួនពីរឃុំ គឺឃុំស៊ុង និងឃុំសំឡូត ខែត្រ បាត់ដំបង កាលពីថ្ងៃទី២៣ មីនា។
កសិករនៅភូមិបឹងរ៉ុន ឃុំសំឡូត ស្រុកសំឡូត លោក អ៊ួន ជួន ឲ្យដឹងកាលពីថ្ងៃទី២៤ មីនាថា ឆ្នាំនេះពួកគាត់ជួបគ្រោះធម្មជាតិ ២ ផ្ទួនៗ ដោយនៅដើមរដូវដាំដុះដើមធូរេនរលួយងាប់ជាង ៦០ដើម ឬប្រមាណ ៣០ភាគរយនៃចំនួនទុរេន ដែលបានដាំដុះនៅលើផ្ទៃដីជាង ២ហិកតារ ដែលចំណាយដើមទុនអស់ប្រមាណ ៥ពាន់ដុល្លារ ត្រូវខ្យល់កន្ត្រាក់បោកបក់រលំបាក់ដើមធូរេន ៦ដើម ហើយជ្រុះផ្លែខូចខាតអស់ជិត ២តោន។ លោកបន្តថា ផ្លែធូរេនដែលជ្រុះមានទម្ងន់ពី ២ ទៅ ៣ គីឡូក្រាម ដែលត្រៀមប្រមូលផលនៅចុងខែមេសា ក៏ប៉ុន្តែត្រូវគ្រោះធម្មជាតិបោកបក់ខូចអស់៖ «ខ្ញុំស្ដាយដែរខំដាំយូរមកហើយ ដល់ពេលខូចអស់ដូច្នេះខ្ញុំស្ដាយណាស់ ព្រោះខំតស៊ូដាំមកយូរឆ្នាំមកទល់ពេលនេះពិបាកណាស់។ ខ្ញុំមិនដឹងធ្វើយ៉ាងមិចទេខ្ញុំមានតែកន្លែងដែលដើមធូរេនងាប់ យើងមានតែដាំបន្ថែមទៀតជួសវាឡើងវិញ។ខ្ញុំយ៉ាប់ហើយ ព្រោះធ្វើអស់លុយអស់កាក់ហើយអត់បានផល ផលបានតិចតួចមកមិនស្មើនឹងកម្លាំងដែលខំថែទាំវាទេ » ។
លោកបន្តថាបើទោះបីជាតម្លៃធូរេនឆ្នាំនេះខ្ពស់ជាងឆ្នាំកន្លងទៅក៏ដោយ ក៏កសិករមិនបានផលកម្រៃដូចឆ្នាំមុនៗ ដែរ ព្រោះចំណាយអស់ដើមទុនច្រើន ដូច្នេះនៅពេលប្រមូលផលលក់មិនបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពនោះទេ។
កសិករដាំធូរេននៅឃុំសំឡូតម្នាក់ទៀត លោក ខ្លឹម ចាន់ថុល អះអាងថា លោកដាំដំណាំទុរេនជាង១០០ដើមនៅលើផ្ទៃដីប្រហែល ១ហិកតារ ហើយត្រូវខ្យល់កន្ត្រាក់បោកបក់ជ្រុះផ្លែអស់ប្រហែល២តោន ស្របពេលដែលទុរេនជិតដល់រដូវប្រមូលផលនោះ។ កសិកររូបនេះបន្តថា កសិករនៅក្នុងមូលដ្ឋានបានត្រឹមតែនាំគ្នាសោកស្ដាយ ដោយមិនដឹងធ្វើយ៉ាងណាដោះស្រាយផលដំណាំរបស់ខ្លួនដែលបានខូចខាតនោះទេ ព្រោះផ្លែទុរេនដែលជ្រុះខូចអស់មិនអាចយកទៅលក់ដូរបានទេ៖ «បាទខាងភូមិផ្សេងជាប់គ្នានឹងដើមធូរេនគេរលំដួលច្រើនអ្នកខ្លះរលំ ១០ដើម ២០ដើម។ ខ្ញុំដាំរយៈពេល ៧ឆ្នាំបានទទួលផលវិញ ដល់ពេលវាដួលខូចអីចឹង ហើយយើងដាំវាថ្មីឡើងវិញ វាពិបាកណាស់ ហើយមានអ្នកខ្លះរហូតយំ ព្រោះស្ដាយទុរេនជិតបានផលហើយខូចអស់ » ។
ទាក់ទងនឹងបញ្ហានេះ មេឃុំ សំឡូត លោក ធឹម ព្រឿង មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ខ្យល់កន្ត្រាក់បក់បោក រលំដើមទុរេនរបស់កសិករក្នុងឃុំរបស់លោកប្រហែល ២០០ដើម និងប៉ើងដំបូលផ្ទះរបស់ពលរដ្ឋ ៦ខ្នងផ្ទះ ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ លោកបន្តថា គិតត្រឹមម៉ោង១២ថ្ងៃដដែល ដោយអាជ្ញាធរនៅតែបន្តចុះប្រមូលទិន្នន័យពីការខូចខាតមិនទាន់ចាប់នៅឡើយទេ៖ «បាទចាំបន្តិចទៀតខាងខ្ញុំកំពុងតែបូកសរុប ហើយខ្ញុំកំពុងតែធ្វើដំណើរតាមផ្លូវអត់ទាន់មានពេលនិយាយបកស្រាយបានទេ » ។
ទោះជាយ៉ាងពលរដ្ឋទាំង ២នាក់អះអាងថា អាជ្ញាធរបានត្រឹមចុះពិនិត្យមើលផលដំណាំរបស់ពួកគាត់ ដោយមិនបានសួរសុខទុក្ខ និងរកវិធីជួយដោះស្រាយពីការខូចខាតនេះជូនដល់ពួកគាត់នៅឡើយទេ។ របាយការណ៍អភិបាលស្រុកសំឡូត កាលពីឆ្នាំ២០១៨ ឲ្យដឹងថា កសិករក្នុងស្រុកមួយនេះបានដាំដុះដំណាំទុរេនប្រមាណ ៤.០០០ហិកតារ នៅឃុំស៊ុង និងឃុំសំឡូត ក្នុងនោះប្រហែល ២.០០០ហិកតារកំពុងហុចផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
