ពលរដ្ឋ​មួយ​ចំនួន​ប្រកប​​របរ​ចិញ្ចឹម​សត្វ​កណ្ដូប​លក់​ដោះស្រាយ​ជីវភាព

0:00 / 0:00

កសិករ​មួយ​ចំនួន​ប្រកប​​របរ​ចិញ្ចឹម​​កណ្ដូប​បារ៉ា​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ ខណៈ​ដែល​​អាជីព​នេះ​ ពួក​គាត់​អាច​រក​ចំណូល​បាន​រាប់​រយ​​ដុល្លារ​ ពី​ការ​លក់​កណ្ដូប​សាច់ និង​ពង​មេ​​ពូជ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជីព​ចិញ្ចឹម​កណ្ដូប របស់​កសិករ​កំពុង​ពេញ​និយម​​ព្រោះ​​​របរ​នេះ​មាន​ទីផ្សារ​ល្អ ទាំង​​​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ប៉ុន្តែ​ អាជ្ញាធរ​ពាក់ព័ន្ធ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពលរដ្ឋ។

អាជីព​ចិញ្ចឹម​កណ្ដូប​បារ៉ា​ ​យក​សាច់​​​ និង​ពង​ពូជ​លក់​ បាន​ក្លាយ​ជា​របរ​​ដ៏​ពេញ​​និយម​សម្រាប់​កសិករ​នា​ពេល​បច្ចុប្បន្ន​​ ក្រៅ​ពីរ​បរ​ធ្វើ​ស្រែ​ចម្ការ​ ព្រោះ​ថា របរ​នេះ​ចំណាយ​ដើម​ទុន​តិច​ ហើយ​រក​ចំណូល​បាន​ច្រើន។ ក្នុង​នោះ​គេ​ឃើញ​មាន​​ភាគ​ច្រើន កសិករ​​នៅ​ខេត្ត​បាត់ដំបង​ ត្បូងឃ្មុំ​​ សៀមរាប បន្ទាយមានជ័យ​ និង​ខេត្ត​កំពង់ធំ​​ជា​ដើម។

កសិករ​ចិញ្ចឹម​កណ្ដូប ​លោក អឹម សុផល រស់​នៅ​ភូមិ​តាប្រុក​ ឃុំ​ឈូកខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ អាជីព​ចិញ្ចឹម​កណ្ដូប​​​លក្ខណៈ​គ្រួសារ ​របស់​កសិករ​នៅ​ក្នុង​ភូមិ​តាប្រុក​​​នេះ ​មាន​រាប់​សិប​គ្រួសារ​ ហើយ​ភាគ​ច្រើន​ជា​ស្ត្រី ​និង​បុរស​វ័យ​ចំណាស់​ ដែល​ពួក​គាត់​ពុំ​មាន​ការងារ​ធ្វើ​​ទៀងទាត់។

លោក អឹម សុផល ចាប់​អាជីព​ចិញ្ចឹម​ កណ្ដូប ជាង ៣​ឆ្នាំ​ហើយ បន្ទាប់​ពី​​​របរ​​ចិញ្ចឹម​ ​សត្វ​ចង្រិត​​។​ ជា​ញឹកញាប់ លោក​​លក់​​សាច់​កណ្ដូប​ ឱ្យ​ទៅ​ក្រុម​​ឈ្មួញ​ស្ទើរ​តែ ២៥​ខេត្ត​ក្រុង ហើយ​មួយ​ថ្ងៃ​លោក​អាច​រក​ចំណូល​បាន ២០ម៉ឺន​រៀល​ ចំណែក​​ ការ​លក់​ពង​មេ​ពូជ លោក​អាច​រក​ចំណូល​បាន២ពាន់ ​(២០០០)ដុល្លារ​​ ​ ក្នុង​មួយ​ខែ​។​ លោក​ថា​​ កណ្ដូប​​សាច់​ លក់​១គីឡូក្រាម​តម្លៃ​ ២ម៉ឺន​ ទៅ ៣ម៉ឺន​រៀល​ ចំណែក​​ពង​មេ​ពូជ​​១គីឡូ​ក្រាម​​តម្លៃ​ជាង​​១០០​ដុល្លារ។

លោក អឹម សុផល៖«តាម​ពិត​ការងារ​ចិញ្ចឹម​កណ្ដូប​នេះ​ វា​ងាយ​ស្រួល​ជាង​ធ្វើ​ស្រែ​ចម្ការ ហើយ​វា​ជា​អាហារ​មួយ​ដែល​ពេញ​និយម។ វា​ជា​អាហារ​មួយ​ដែល​ញាំ​ហើយ អត់​ចេះ​ធាត់​។ វា​អត់​មាន​កាឡូរី ​ដែល​ធ្វើ​ឱ្យ​យើង​ធាត់​ទេ​ ហើយ​វា​មាន​ប្រូតេអ៊ីន​ខ្ពស់​ ហើយ​មនុស្ស​ចូល​ចិត្ត​ញាំ មាន​កម្លាំង។ អ្នក​ខ្លះ​យក​ទៅ​ញាំ​លេង អ្នក​ខ្លះ​យក​ទៅ​ញាំ​ជា​មួយ​បាយ អ្នក​ខ្លះ​យក​ទៅ​ធ្វើ​ជា​អាហារ​សម្រន់។ វា​ជា​អាហារ​មួយ​ដែល​នៅ​ស្រុក​ខ្មែរ​យើង​និយម​ញាំ​មែន​ទែន»។

​កណ្ដូប​បារ៉ា​ដែល​អ្នក​ភូមិ​ចិញ្ចឹម​លក់​ ​គឺ​ជា​សត្វ​ល្អិត​មួយ​ប្រភេទ​​ដែល​​មាន​ទំហំ​ប៉ុន​កូន​ម្រាមដៃ​ ហើយ​មាន​ស្លាប​​​​ពីរ​ពណ៌​បារ៉ា​ និង​ជើង​បួន​។​ កណ្ដូប​ទាំង​នោះ​​ ភាគ​ច្រើន​នាំ​​ចូល​មេ​ពូជ​ពី​ប្រទេស​ថៃ​ ដែល​ជា​ប្រភេទ​កណ្ដូប​ ងាយ​ចិញ្ចឹម​ និង​ធន​ជា​មួយ​អាកាស​ធាតុ​។​ ​ ចំណែក​ ​កសិករ​ ​ចំណាយ​ពេល​​តែ​​៤៥​ ទៅ​​៥០​ថ្ងៃ​ គឺ​អាច​ប្រមូល​ផល​​លក់​ ហើយ​ ចំណី​របស់​​វា​ មាន​ស្មៅ ស្លឹក​ចេក​​​ ​និង​​​ប្រភេទ រុក្ខជាតិ​​​ខ្ចី​ៗ​ជា​ដើម​​។

ទន្ទឹម​នឹង​នោះ​ ទ្រុង​​​​​ចិញ្ចឹម​កណ្ដូប​របស់​កសិករ​ ​ធ្វើ​ឡើង​ស្រដៀងនឹង​ទ្រុង​មាន់​​​ដែរ ហើយ​មាន​​ ហ៊ុមព័ទ្ធ​​ដោយ​ម៉ុង ឬ​ស្បៃ។ កសិករ​អាច​ដាក់​​ពង​ដើម្បី​ភ្ញាស់​ក្នុង​មួយ​រោង​ បាន​​២ ទៅ​៣គីឡូក្រាម ហើយ​បង្កើត​បាន​ជា​​កណ្ដូប​​​យក​សាច់​ ​ចន្លោះ​ពី ៥០​ទៅ ៧០គីឡូក្រាម។ កណ្ដូប​នេះ​ ​គេ​យក​​ធ្វើ​ជា​អាហារ​​​សម្រាប់​បរិភោគ​ជា​មួយ​បាយ​ ឬ​បរិភោគ​ទទេ​​ ដោយ​គ្រាន់​តែ​ផ្សំ​ជា​មួយ​គ្រឿង​ យក​មក​លីង​ឱ្យ​បាន​ឆ្អិន​ល្អ។

លោក អឹម សុផល មាន​ជំនាញ​​ជា​​អ្នក​ចិញ្ចឹម​កណ្ដូប​ច្រើន​ឆ្នាំ​មក​ ​ហើយ។ ជា​ញឹកញាប់​លោក​ ​​បាន​​បណ្ដុះបណ្ដាល​កសិករ​ជា​ច្រើន​នៅ​តាម​ខេត្ត​នានា​​ តាម​​រយៈ​ប្រព័ន្ធ​អនឡាញ​ (Online)​ខ្លះ​ និង​ផ្ទាល់​ខ្លះ​​ ក្នុង​នោះ​​ មាន​កសិករ​ប្រមាណ​ជាង​១ពាន់​គ្រួសារ​ហើយ ដែល​បាន​ទិញ​មេ​ពូជ​ ពី​លោក​ ដើម្បី​ចិញ្ចឹម​លក់​បន្ត​​។ លោក​ថា អាជីព​នេះ ​ពិត​ជា​សំខាន់ ហើយ​ចង់​ឃើញ​​ក្រសួង​ពាក់ព័ន្ធ​ជា​ពិសេស​ក្រសួង​ កសិកម្ម​​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​​ជួយ​ផ្សព្វផ្សាយ​និង​ បង្រៀន​​បច្ចេកទេស​​ចិញ្ចឹម​កណ្ដូប​​បន្ថែម ដល់​កសិករ។

លោក អឹម សុផល៖ «តាម​ពិត​ខ្ញុំ​សម្លឹង​ឃើញ​ថា​ ប្រសិន​បើ​មាន​ការ​សហការ​ពី​ក្រសួង​កសិកម្ម ឬ​ក៏​រដ្ឋ​ គាត់​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អាជីវកម្ម​ពីរ​នេះ​(កណ្ដូប និង​ចង្រិត)​ឬ​ក៏​ស្ថាប័ន​អង្គការ​ដែល​គាត់​ចុះ​ជួយ​បង្ហាត់បង្ហាញ​ ហើយ​ផ្ដល់​នូវ​សម្ភារៈ​មួយ​ចំនួន​ជួយ​ទៅ​ដល់​បង​​ប្អូន​យើង​ ដែល​គាត់​ខ្វះខាត ខ្ញុំ​ជឿ​ថា​វា​ជា​មុខ​របរ​មួយ​ដែល​ជួយ​សម្រាល​បន្ទុក ​និង​អាច​ទទួល​បាន​ចំណូល​គួរសម​សម្រាប់​បងប្អូន​យើង​ ដែល​មាន​ជីវភាព​ពុំ​សូវ​ល្អ ឱ្យ​គាត់​មាន​មុខ​របរ​ប្រចាំ​ថ្ងៃ​។»​​

កសិករ​ចិញ្ចឹម​កណ្ដូប​​ ម្នាក់​ទៀត​ រស់​នៅ ភូមិ​ប៉ោយ​តាសេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​ លោក ចក់ សីហៈ លើក​ឡើង​ថា​ អាជីព​ចិញ្ចឹម​កណ្ដូប​របស់​លោក​បាន​ជួយ​ជីវភាព​គ្រួសារ​ បាន​ល្អ​ប្រសើរ។ លោក​ថា​ ដំបូង​​ឡើយ​​​ លោក​ចំណាយ​ដើម​ទុន​ ​អស់​តែ​​២០០​ដុល្លារ​​ប៉ុណ្ណោះ​ សម្រាប់​ធ្វើ​ទ្រុង​ និង​ទិញ​មេ​ពូជ​មក​ភ្ញាស់​។ ចំណែក​ ចំណូល​ដែល​លោក​​​រក​បាន ពី​ការ​លក់​ពង​មេ​ពូជ និង​សាច់​កណ្ដូប​​​​ក្នុង​មួយ​លើក ​បាន​ជាង​៨០០​ដុល្លារ។

លោក​បន្ត​ថា បច្ចុប្បន្ន​អ្នក​ភូមិ​ប៉ោយតាសេក ប្រមាណ ១០០​គ្រួសារ​ ងាក​មក​ចិញ្ចឹម​កណ្ដូប​លក់ ហើយ​ឈប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ លោក​ថា​​​ កណ្ដូប​ដែល​កសិករ​លក់​​នោះ​ ​ភាគ​ច្រើន​លក់​ឱ្យ​ទៅ​ក្រុម​ឈ្មួញ​ នាំ​ចូល​ទៅ​ប្រទេស​ថៃ​ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​​ក្នុង​ប្រទេស​កម្ពុជា​។ ទោះ​ជា​យ៉ាង​ណា​ លោក​ថា​ សព្វ​ថ្ងៃ​​​ ការ​ចិញ្ចឹម​កណ្ដូប​​សម្រាប់​ផ្គត់ផ្គង់​ ទៅ​កាន់​ទី​ផ្សារ​ នៅ​​​​មិន​ទាន់​​គ្រប់​នោះ​ទេ​ ក៏​ប៉ុន្តែ​​ ប្រសិន​បើ​​កសិករ​នាំ​គ្នា​ចិញ្ចឹម​វា​ ​កាន់​តែ​ច្រើន​​​ឡើង​ប្រាកដ​​​ណាស់​ថ្ងៃ​ណា​មួយ​​នឹង​មាន​បញ្ហា​ខ្វះ​​ទីផ្សារ​វិញ ដូច្នេះ​លោក​ថា ​​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​​ពិនិត្យ​លើ​ករណី​នេះ​​​ ហើយ​រក​​ទី​ផ្សារ​នាំ​ចេញ​​ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន។

លោក ចក់ សីហៈ៖«មក​ពី​ថៃ​វិញ​មួយ​ឆ្នាំ​ ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ ខ្ញុំ​សាក​ចិញ្ចឹម​កណ្ដូប​លេង​​​ ដើម្បី​បង្កើត​ទី​ផ្សារ​តាម​យូធូប(YouTube)ពេល​នោះ​ទៅ​ក៏​ សម្បូរ​អ្នក​កុម្ម៉ង់​ទិញ​ សាច់​វា​ក៏​សម្បូរ​អ្នក​កុម្ម៉ង់​ទិញ​ច្រើន​អ៊ីចឹង​ទៅ​ ក៏​វា​ជួយ​សម្រួល​​ដល់​ជីវភាព​ធូរធារ​ជាង​មុន​ទៅ​តាម​ហ្នឹង​។​ វា​ពឹង​អាស្រ័យ​លើ​អ្នក​កុម្ម៉ង់​​ទិញ​ដែរ​ តែ​បើ​សាច់​កណ្ដូប មាន​ប៉ុន្មាន​ក៏​គេ​ទិញ​ដែរ​ គេ​ទាំង​អស់​ឱ្យ​តែ​មាន​។»​

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា​ ដើម្បី​ឆ្លើយ​តប​ ​ជុំ​វិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

ទាក់​ទិន​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​អ្នក​ចិញ្ចឹម​សត្វ លោក ជួប វិបុល សង្កេត​ឃើញ​ថា ​ការ​ដែល​​​កសិករ​នាំ​គ្នា​ងាក​មក​ចិញ្ចឹម​​កណ្ដូប​ជា​ច្រើន​គ្រួសារ​​នេះ​ គឺ​ជា​ការ​ល្អ​ ក៏​ប៉ុន្តែ លោក​ថា អ្វី​ដែល​ជា​ក្ដី​បារម្ភ​នោះ​ ការ​ចិញ្ចឹម​កណ្ដូប​ ចង្រិត ឬ​កង្កែប​ជា​ដើម​ កន្លង​ទៅ​ របស់​កសិករ​មិន​​ត្រូវ​បាន​ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឬ​អាជ្ញាធរ​​មូលដ្ឋាន​ ខ្វល់ខ្វាយ ឬ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​នឹង​ពួក​គាត់​នោះ​ទេ។​ លោក​អះអាង​ថា ករណី​នេះ​ ប្រសិន​បើ​​ពលរដ្ឋ​ជួប​បញ្ហា​ខ្វះ​ទីផ្សារ​ថ្ងៃ​ណា​មួយ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​គេចវេះ​ពី​បញ្ហា ​ហើយ​ដាក់​បន្ទុក​មក​លើ​កសិករ​ជា​អ្នក​ខុស។

លោក ជួប វិបុល៖«កន្លង​មក​ការ​ចិញ្ចឹម​កណ្ដូប​នេះ ទី​ផ្សារ​ភាគ​ច្រើន​នាំ​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​ទីផ្សារ​ក្នុង​ស្រុក​ចាប់​ផ្ដើម​ផុលផុស​​ក៏ កសិករ​គាត់​ធ្វើ​តាម​តម្រូវ​ការ​ក្នុង​ស្រុក ក៏​មិន​សូវ​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប៉ុន្មាន​​​ ដូច​កាល​ជំនាន់​មុន​ៗ​ទេ ប៉ុន្តែ ខ្ញុំ​កត់សម្គាល់​ថា ដើម្បី​ឱ្យ​កសិករ​​ធានា​បាន​ផល អាជ្ញាធរ​គួរតែ​គិតគូរ​កន្លែង​ហ្នឹង​ ធ្វើ​ម៉េច​ធានា​ឱ្យ​ពួក​គាត់​ ផលិត​ហើយ ធានា​ឱ្យ​មាន​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ដូច​មុន​។ កាល​ពី​មុខ​មាន​ការ​នាំ​ចេញ កណ្ដូប​ កូន​កង្កែប ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ការ​នាំ​ចេញ​វា​ហាក់​ដូច​មិន​សូវ​ផុលផុស​ដូច​មុន»។

លោក ជួប វិបុល ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ត្រូវ​តែ​ពង្រីក​​ និង​ស្វែង​រក​ទី​ផ្សារ​បន្ថែម​ ដែល​អាច​ធានា​​ទី​ផ្សារ​បាន​​យូរអង្វែង​​​ សម្រាប់​កសិករ​ចិញ្ចឹម​កណ្ដូប។ បន្ថែម​ពី​នោះ ​លោក​ថា ក្រសួង​ពាក់ព័ន្ធ ក៏​ត្រូវ​តែ​ ​ផ្ដល់​បច្ចេកទេស​​កសិកម្ម​ផ្សេងៗ​​​ ​ ​ជូន​ដល់​កសិករ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​​ពលរដ្ឋ​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។