អាជីវករ​លក់ដូរ​តាម​ដងផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​ប្រឈម​នឹង​ការ​បណ្ដេញ​មិន​ឱ្យ​លក់ដូរ​ពី​អាជ្ញាធរ

0:00 / 0:00

ក្រុម​អាជីវករ​លក់​ដូរ​តាម​ដងផ្លូវ និង​តាម​រ៉ឺម៉ក​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ការ​បណ្ដេញ​មិន​ឱ្យ​លក់​ពី​សំណាក់​អាជ្ញាធរ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រក​ប្រាក់ចំណូល​របស់​ពួកគាត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​ផ្ដល់​ទីកន្លែង​ឱ្យ​អាជីវករ​ខ្នាត​តូច​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​អាច​មាន​កន្លែង​លក់ដូរ​សមរម្យ និង​សម្រួល​ដល់​ការ​បង់​ថ្លៃ​ភាស៊ី​ដល់​ពួកគាត់។

អាជីវករ​លក់​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន​ជា​សមាជិកសមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រឈម​នឹង​ការរើសអើង និង​ការ​បណ្ដេញ​ពួកគាត់​ចេញ​មិន​ឱ្យ​លក់​ពី​សំណាក់​អាជ្ញាធរ និង​កម្លាំង​សន្តិសុខ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

អាជីវករ​លក់​មាន់​នៅ​ផ្សារ​គីឡូ​លេខ​៧ ខណ្ឌ​ឫស្សីកែវ លោកស្រី ម៉ាន ម៉ារី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ថា សព្វថ្ងៃ​លោកស្រី​លក់ដូរ​មិនសូវ​ដាច់ ហើយ​ប្រឈម​នឹង​ការ​បណ្ដេញ​ពី​សំណាក់​អាជ្ញាធរ​ឱ្យ​ទៅ​លក់​កន្លែង​ផ្សេង និង​រង​ការ​មើលងាយ​ពី​ម្ចាស់ផ្ទះ​ដោយសារតែ​លោកស្រី​គ្មាន​ប្រាក់​បង់ថ្លៃ​ភាស៊ី។ លោកស្រី​បន្ត​ថា អាជ្ញាធរ​ទាំង​នោះ​ភាគច្រើន​យក​លេស​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ដើម្បី​ដេញ​លោកស្រី​មិន​ឱ្យ​លក់ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ជួយ​សម្រួល​ដល់​អាជីវករ​លក់ដូរ​ឡើយ។

លោកស្រី ម៉ាន ម៉ារី៖ «គេ​លក់​តាំងពី​អើយ​មក​ហើយ​ដល់​អ៊ីចឹង​ទៅ​តាំង​មក​ដេញ​យើង​ថា ស្ទះ​វា​អី​អ៊ីចឹង​ទៅ​យើង​លក់​តាម​ចិញ្ចើមថ្នល់​មើល​ទៅ វា​ពិបាក​វេទនា​ពេល​ចុះ​មក​ម្តងៗ​និយាយ​ពី​បង​ភ័យ​លើក​កញ្ច្រែង​ថា ស​មាន់​ហ្នឹង​និយាយ​ទៅ​និយាយ​ពី​ភ័យ​អស់ហើយ​បេះដូង​ខ្លាច​គេ​ចុះ​មក​ចាប់​របស់​យើង​អ៊ីចឹង គេ​ចាប់​យក​របស់​យើង​ទៅ​គេ​អត់ឱ្យ​យើង​ទេ គេ​មក​ប្រាប់​យើងៗ​អត់​ស្ដាប់»។

បញ្ហា​ដេញ​អាជីវករ​មិន​ឱ្យ​លក់ដូរ​នេះ​ធ្វើ​ឱ្យ​អាជីវករ​មួយចំនួន​ពិបាក​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ និង​អ្នក​ខ្លះទៀត​បាន​ខ្ចី​លុយ​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ដោះ​ទ័ល ព្រមទាំង​បង់ថ្លៃ​បន្ទប់​ជួល​ដែល​បណ្ដាល​ឱ្យ​ពួកគាត់​គ្មាន​ប្រាក់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ ហើយ​អាជីវករ​មួយ​ចំនួន​ទៀត​បង្ខំចិត្ត​ឱ្យ​កូន​ឈប់​រៀន​ដោយសារ​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលារៀន។

ដោយ​ឡែក តំណាង​អាជីវករ​នៅ​ខណ្ឌ​សែនសុខ លោកស្រី មាន សាវឿន រៀបរាប់​ថា បច្ចុប្បន្ន​ខាង​អាជ្ញាធរ​ហាក់​មានការ​រើសអើង​ចំពោះ​អ្នក​លក់​ដូរ​តាម​រ៉ឺម៉ក​ដែល​មាន​បិត​ស្លាក​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មិន​ឱ្យ​លក់ និង​ចោទ​ប្រកាន់​លោកស្រី​ថា ជា​ក្រុមប្រឆាំង​បម្រើ​ការ​ឱ្យ​គណបក្ស​នយោបាយ។ លោកស្រី​ហួស​ចិត្ត នឹង​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ទាំង​នោះ ដែល​តែង​លាប​ពណ៌​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​លក់​ដូរ​ខ្នាត​តូច។

លោកស្រី មាន សាវឿន៖ «រាល់ថ្ងៃ​នេះ​ដោយសារ​លក់​តាម​ចិញ្ចើម​ផ្លូវ​អ៊ីចឹង​ទៅ​មានការ​ដេញ​អ៊ីចឹង​ទៅ មាន​ការ​ដេញ​មានការ​លាប​ពណ៌​អត់ឱ្យ​លក់​គេ​រៀបចំ និយាយ​ទៅ​គេ​លើកឡើង​ថា គេ​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យ​តែ​មក​អ៊ីចឹង​ដេញ​ស្រួល​មិន​ស្រួល លើក​ឡើង​លើ​ឡាន​អស់​ដល់​ឥឡូវ​គាត់​មាន​ការ​ពិបាក​មែនទែន​ដូច​ថា យើង​លក់​ឥឡូវ​ក៏​លក់​មិនសូវ​ដាច់​ដោយសារ​ឥឡូវ​ហ្នឹង​ខាង​សមត្ថកិច្ច​ដូច​ខាង​សណ្ដាប់ធ្នាប់ ដូច​មាន​ការ​រើសអើង​ចំពោះ​ក្រុម​បង»។

លោកស្រី មាន សាវឿន បន្ថែម​ថា មូលហេតុ​ដែល​អាជីវករ​មួយចំនួន​លក់​តាម​រ៉ឺម៉ក ទូលកញ្ជើ​លក់​តាម​ចិញ្ចើម​ផ្លូវ​ដោយសារ​ពួកគាត់​គ្មាន​ប្រាក់​ជួល​កន្លែង​សម្រាប់​លក់ ពីព្រោះ​ម្ចាស់​ផ្សារ ឬ​ម្ចាស់ផ្ទះ​យក​ភាស៊ី​ថ្លៃ ដូច្នេះ​ពួកគាត់​គ្មាន​ជម្រើស​ក្រៅពី​ដើរ លក់​តាម​ដងផ្លូវ​នោះ​ទេ។

លោកស្រី មាន សាវឿន៖ «បង​និយាយ​ភាពស្មោះត្រង់​អ្នកលក់​តាម​កញ្ជើ អ្នកលក់​តាម​ថាស​អីហ្នឹង​គឺ​គាត់​អត់​មាន​លុយ​ទៅ​ជួល​តូប​ទេ ពី​ព្រោះ​តូប​ក្នុង​តម្លៃ​ថ្លៃៗ​អ៊ីចឹង​គាត់​បង្ខំចិត្ត​លក់​តាម​កញ្ជើរ តាម​ចិញ្ចើម​ផ្លូវ​ដល់​ពេល​យើង ដេញ​អត់ឱ្យ​គាត់​លក់​ទៀត​សួរ​ថា សេដ្ឋកិច្ច​គាត់​នឹង​ធ្លាក់​ដល់​កម្រិត​ណា បើ​គាត់​មាន​លុយ​គាត់​ទៅ​ជួល​លក់​តូប​លក់​បាត់​ហើយ​មិនបាច់​ឱ្យ​គេ​ដេញ​ព្រឹក​ដេញ​ល្ងាច​អ៊ីចឹង​ទេ»។

ការ​ត្អូញត្អែរ​របស់​ក្រុម​អាជីវករ​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ​នេះ​គឺ​ដោយសារ​ពួកគាត់​កំពុង​ជួបប្រទះ​បញ្ហា ដូចជា គ្មាន​កន្លែង​លក់ដូរ​សមរម្យ បញ្ហា​អនាម័យ បញ្ហា​សុវត្ថិភាព សុខភាព អ្នក​លក់ដូរ​តាមផ្លូវ​រង​ការ​បៀតបៀន​ពី​ម្ចាស់ផ្ទះ និង​អាជ្ញាធរ​មួយចំនួន ។ ជាងនេះ​ទៅ​ទៀត​ពួកគេ​ក៏​រង​ការរំលោភ​សិទ្ធិ ការ​បណ្ដេញ​ចេញពី​កន្លែង​លក់ដូរ​មិន​ទទួល​បាន​កិច្ច​គាំពារ និង​របប​សន្តិសុខ​សង្គម ដែល​ធ្វើ​ឱ្យ​ចំណូល​ធ្លាក់ចុះ ថ្លៃ​ភាស៊ី​មិន​ច្បាស់លាស់ ព្រមទាំង​រង​អំពើ​ហិង្សា​ពី​កងកម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ចុះ​ចាប់​អីវ៉ាន់​អ្នក​លក់ដូរ ធ្វើ​ឱ្យ​ខូចខាត​សម្ភារៈ និង​បាត់បង់​សម្ភារៈ​លក់ដូរ​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ។

កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា សាលារាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីប្រកាស​លុប​ការ​បង់​ភាស៊ី និង​ការ​បង់ថ្លៃ​ផ្សេងៗ​ចំពោះ​ប្រជាពលរដ្ឋ​លក់​តាម​កញ្ច្រែង កញ្ជើ ល្អី និង​នៅ​តាម​ទីផ្សារ​ទូទាំង​ប្រទេស។ លិខិត​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន ឬ​អ្នក​វិនិយោគ​ធ្វើ​អាជីវកម្ម​ប្រមូល​ភាស៊ី និង​ចំណូល​អនាម័យ​គ្រប់​ប្រភេទ​មិន​ត្រូវ​យក​ថ្លៃ​ភាស៊ី លើ​ពលរដ្ឋ​លក់ដូរ​តាម កញ្ច្រែង កញ្ជើ ឡើយ ហើយ​ករណី​មិន​អនុវត្ត​តាម​សារាចរ​ខាងលើ​នឹង​ត្រូវ​លុប​ចោល​កិច្ចសន្យា។

ទោះជា​បែបនេះ​ក្ដី​កន្លងទៅ​គេ​សង្កេត​ឃើញ​ថា ក្រុម​អាជីវករ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ ឆ្នេរ​សមុទ្រ រោងចក្រ និង​កន្លែង​ទេសចរណ៍​មួយចំនួន​តែង​រង​ការប្រើ​អំពើ​ហិង្សា ពី​សំណាក់​អាជ្ញាធរ ឬ​កម្លាំង​សន្តិសុខ ដោយ​យក​បន្លែ​ផ្លែឈើ នំចំណី​របស់​ពួកគាត់​ចាក់ចោល និង​បណ្ដេញ​ចេញ​មិន​ឱ្យ​លក់​ជាដើម។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ឈម​នឹង​រើសអើង​ពី​សំណាក់​អាជ្ញាធរ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ប្រាក់​ចំណូល ប៉ះពាល់​ដល់​ជីវភាព និង​គ្មាន​ប្រាក់​សងបំណុល​ធនាគារ​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​យកចិត្ត​ទុកដាក់​ចំពោះ​អាជីវករ​លក់ដូរ​តាមផ្លូវ ពីព្រោះ​ពួកគាត់​ក៏​ជា​អ្នក​បង់ពន្ធ​ជូន​រដ្ឋ​ដែរ ដូច្នេះ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ។

លោក វន់ ពៅ៖ «ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​តែមួយ​តែ​គាត់​ជា​អ្នក​លាប​ពណ៌​ថា ពួក​យើង​ជា​ពួក​ប្រឆាំង ប៉ុន្តែ​គាត់​ភ្លេច​គិត​ថា គាត់​គឺជា​អ្នក​បើក​ប្រាក់ខែ​ពី​ពួក​យើង​ជា​ប្រជាពលរដ្ឋ ខ្ញុំ​យល់​ថា អាជ្ញាធរ​គួរតែ​សិក្សា​ពី​បញ្ហា​នេះ​ឡើងវិញ ពី​ព្រោះ​ពួក​យើង​គឺជា​ម្ចាស់​ពន្ធ ពួក​យើង​គឺជា​ម្ចាស់​វាសនា​ប្រទេស​ជាតិ មិន​ត្រូវ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ហើយ​រើសអើង​ប្រជាពលរដ្ឋ​ខ្លួនឯង​អ៊ីចឹង​ទេ ធ្វើ​បែប​ហ្នឹង​គិតថា​គឺជា​រឿង​ប្រាសចាក​យ៉ាងធ្ងន់ធ្ងរ​ណាស់ អំពី​គោលនយោបាយ​ជាតិ គោល​នយោបាយ​រដ្ឋធម្មនុញ្ញ និង​គោលនយោបាយ​ដែល​មាន​ចែង​នៅក្នុង​អនុសញ្ញា​ដូច​នៅក្នុង​អង្គការ​សហប្រជាជាតិ​អី​ជាដើម»។

របាយការណ៍​ស្ទង់​មតិ​របស់​អង្គការ​អុកស្វាម (Oxfam) ចេញ​ផ្សាយ កាល​ពី​ឆ្នាំ​២០១៩ បង្ហាញ​ថា នៅ​កម្ពុជា​មាន​អាជីវករ ឬ​អ្នក​លក់ដូរ​តាម​ដងផ្លូវ​ចំនួន​ជិត ១​លាន ៧​ម៉ឺន​នាក់ (១៦៧.៣៣៩.០) ឬ​ប្រមាណ ១០​ភាគរយ (១០%) នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ក្នុង​នោះ​មាន​អ្នក​លក់​ដូរ​តាម​ដងផ្លូវ​នៅ​រាជធានី​ភ្នំពេញ ចំនួន​ជាង ១​ម៉ឺន ៦​ពាន់​នាក់ (១៦.៤១៩) ហើយ ៧៥​ភាគរយ (៧៥%) ជា​ស្ត្រី។

ក្រុម​អាជីវករ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ ផ្ដល់​កិច្ច​គាំពារ​សង្គម រៀបចំ​ផ្ដល់​កន្លែង​ឱ្យ​ពួកគាត់​លក់ដូរ​បាន​សមរម្យ និង​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា ឬ​ការរើសអើង​លើ​អាជីវករ ដើម្បី​អាច​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។