អាជីវករមួយចំនួនត្អូញត្អែរពីការបិទផ្សាររយៈពេលយូរពេក បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ។ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរពន្លឿនការបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារ ហើយបើកឲ្យដំណើរការវិញឆាប់ ដើម្បីពួកគាត់លក់ដូររកប្រាប់ចំណូលផ្គត់ផ្គង់គ្រួសារ។
ក្រុមអាជីវករដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវី១៩ ថ្លែងថា ការបិទផ្សារយូរពេកបណ្ដាលឲ្យមានការខាតបង់ប្រាក់ចំណូលជាច្រើន ហើយធ្វើឱ្យអាជីវករខ្លះ ខ្វះលទ្ធភាពរកប្រាក់សងបំណុលធនាគារ។
អាជីវករលក់បន្លែនៅផ្សារប៉ាហ៊ីខេត្តប៉ៃលិន សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា អាជ្ញាធរបានបិទផ្សារជាងមួយខែហើយ ដោយសារមានអ្នកកើតជំងឺកូវីដ១៩ (covid-19) ចូលទៅទិញអាហារនៅក្នុងផ្សារ។ តែយ៉ាងណាអាជ្ញាធរបានអនុញ្ញាតឲ្យអាជីវករក្រាលកន្ទេលលក់ក្នុងដីឡូត៍មួយកន្លែងឆ្ងាយពីផ្សារ ដោយគ្មានដំបូល និងគ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវទេ ដែលបង្កការលំបាក ព្រោះឲ្យអាជីវករលក់ដូរហាលថ្ងៃហាលភ្លៀង។ លោកសំណូមពរឲ្យអាជ្ញាធរខេត្តប៉ៃលិនចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ឬឲ្យអាជីវករឆាប់បានចូលទៅលក់ក្នុងផ្សារវិញ៖ « គោលការណ៍គេនិយាយមកអ៊ីចឹង យើងពិបាកស្នើសុំគេ ពិបាកនិយាយជាមួយគេ មានតែតាមដំណើរនឹងគេទៅ បើគេថា១៤ថ្ងៃ គឺ១៤ថ្ងៃហ្នឹងគេទៅ។ តែអាជីវករវេទនាណាស់ លក់កណ្ដាលភ្លៀងកណ្ដាលផ្សៃពេញហ្នឹង។ សំខាន់បំណុលធនាគារទៀត។ គោលការណ៍ គេថាបិទការពារកូរ៉ូណាតែប៉ុណ្ណឹងឯង គេមិនខ្វល់ពីធនាគារឬមិនធនាគារទេ។ គេថា គិតពីសុវត្ថិភាពប្រជាពលរដ្ឋការលក់ដូរខ្លាចកូរ៉ូណាឆ្លង។ និយាយទៅយើងនៅក្រោមគេ ធ្វើអ្វីក៏ខុសដែរមិនដែលត្រូវទេ»។
អាជ្ញាធរបានបង្គាប់ឲ្យផ្អាកការលក់ដូរក្នុងផ្សារស្ទើរគ្រប់ខេត្តរាជធានី ដោយសារតែរកឃើញករណីឆ្លងជំងឺកូវីដ១៩។ ការបិទផ្សាររដ្ឋទាំងអស់នោះម្ដងៗ មានរយៈពេលយូរ គឺ ១៤ថ្ងៃយ៉ាងតិច។ ផ្សារខ្លះ បើកបានតែបន្តិច ក៏ត្រូវបិទវិញជាថ្មីទៀត ដោយសារតែការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ជាថ្មីទៀត ឬការរកឃើញ មេរោគកូវីដ១៩ បំប្លែងថ្មី ឈ្មោះ (Delta) ជាដើម។
ការបិទផ្សារទាំងនោះក៏បណ្ដាលឲ្យប៉ះពាល់ដល់អាជីវករលក់ដូរនៅខាងក្រៅផ្សារដែរ។ អាជីវករលក់ភេសជ្ជៈតាមដងផ្លូវក្បែរផ្សារតាខ្មៅ ខេត្តកណ្ដាល លោកស្រី ឌី ថុនា ឲ្យដឹងថា នៅពេលបិទផ្សារម្ដងៗ អាជ្ញាធរបានហាមអ្នកនៅក្រៅផ្សារមិនឲ្យលក់ដូរនោះទេ។ លោកស្រីបន្តថា ការបិទផ្សារយូរពេក បណ្ដាលឲ្យលោកស្រីគ្មានលទ្ធភាពរកប្រាក់សងបំណុលធនាគារទេ។ លោកស្រីស្នើសុំឲ្យអាជ្ញាធររៀបចំយន្តការលក់ដូរតាមផ្សារឡើងវិញ និងជួយអាជីវករកុំឲ្យបាត់បង់មុខរបរទាំងស្រុង ក្នុងពេលផ្ទុះករណីឆ្លងកូវីដ១៩ តាមផ្សារ៖ « ខ្ញុំចង់ឲ្យអាជំងឺហ្នឹងឲ្យវាបាត់ទៅវិញឲ្យរហ័សទៅ។ កុំឲ្យវាពិបាកពេក វាវេទនាមួយចប់អ៊ីចឹងនោះ។ លក់ដូរក៏អត់បាន។ លក់វិចខ្ចប់ទៀត អត់ឲ្យដាក់តុ ដាក់តុគេចាប់ គេស្ដីឲ្យ។ មិនដឹងថ្ងៃណាវារលាយវិញឲ្យបាត់ ឲ្យវាទៅស្រុកវាឲ្យបាត់ទៅ យើងស្រួលរកស៊ីវិញ»។
គ្រឿងទេស ឬសម្ភារៈមួយចំនួន អាចនឹងមិនខូចនៅពេលបិទផ្សាររយៈពេលយូរ ប៉ុន្តែសម្រាប់អ្នកលក់សាច់ និងគ្រឿងសមុទ្រ នឹងជួបបញ្ហាធ្ងន់ធ្ងរដោយសារការបិទផ្សាររយៈពេលយូរ។
អាជីវករម្នាក់នៅផ្សាររំលងខេត្តព្រះសីហនុ លោកស្រី អ៊ឹង ឆៃលី ព្រួយបារម្ភថា បើសិនផ្សាររំលងត្រូវបិទរយៈពេលយូរម្ដងទៀត អ្នកលក់គ្រឿងសមុទ្រភាគច្រើននឹងត្រូវខាតឡុងចុងជាមិនខាន ព្រោះនេះជារដូវវស្សាដែលមានការនាំចូលគ្រឿងសមុទ្រច្រើន។ លោកស្រីទទូចសុំឲ្យអាជ្ញាធររកយន្តការយ៉ាងណា កុំឲ្យមានការបិទផ្សារយូរពេក បើពុំដូច្នេះទេក្រុមអ្នកលក់គ្រឿងសមុទ្រអាចនឹងត្រូវលក់ផ្ទះ ដើម្បីយកប្រាក់សងបំណុលធនាគារហើយ៖ « ខ្ញុំរកស៊ីឥវ៉ាន់ខ្ញុំ ម៉ូយយកចូលមករាល់តែថ្ងៃ ហើយបើយើងមិនទៅលក់មាននរណាគេទិញ។ មានតែប្រថុយទៅលក់ ឥឡូវតាមដំណើរហើយ។ ឥវ៉ាន់ចូល ឥឡូវខែវស្សាចូលច្រើនៗ។ មួយរយៈហ្នឹងលក់ខាតរហូតហ្នឹង។ ( បើបិទ ) ចង់ឲ្យបិទឆាប់ កុំឲ្យបិទយូរពេក។ បិទយូរពេក ខ្ញុំប្រហែលជារកដើម រកចុងឲ្យគេអត់ឃើញទេបង។ មានតែលក់ផ្ទះសងគេហើយ ម្ដងនេះ ជំពាក់គេច្រើនណាស់»។
ជុំវិញការបិទផ្សាររយៈពេលយូរនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីប្រធានគណៈកម្មការផ្សារ អាជ្ញាធរនិងអ្នកនាំពាក្យខេត្តមួយចំនួនបានទេ នៅថ្ងៃទី១១ សីហា។
ទោះជាយ៉ាងណា សេចក្ដីប្រកាសរបស់អភិបាលខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ និងខេត្តសៀមរាបជាដើម បង្ហាញថា ការបិទផ្សារមួយចំនួនកន្លងមកនេះ ដោយសាររកឃើញអាជីវករលក់ដូរក្នុងផ្សារផ្ទាល់ មានឆ្លងជំងឺកូវីដ១៩។
មូលហេតុដែលបណ្ដាលឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងផ្សារគឺដោយសារមានអ្នកវិជ្ជមានកូវីដ១៩ ចូលទៅក្នុងផ្សារទិញឥវ៉ាន់ និងករណីខ្លះទៀត ឆ្លងពីអ្នកលក់ដូចគ្នា ខណៈអាជ្ញាធរក្រើនរំលឹកឲ្យអាជីវករពាក់ម៉ាស់ និងត្រូវចងខ្សែរក្សាគម្លាតសុវត្ថិភាពតាមតូបនីមួយៗ។ អាជ្ញាធរខេត្តខ្លះអះអាងថា អាជ្ញាធរគ្រោងនឹងអនុវត្តវិធានការផាកពិន័យលើអាជីវករដែលមិនពាក់ម៉ាស់ និងមិនព្រមអនុវត្តតាមវិធានការណែនាំទាំងឡាយ។
សង្គមស៊ីវិលស្វាគមន៍វិធានការអប់រំ ណែនាំទាំងឡាយរបស់អាជ្ញាធរក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ប៉ុន្តែពួកគាត់ ក៏ជំរុញឲ្យអាជ្ញាធរជួយមកអាជីវករវិញដែរ ក្នុងពេលបិទផ្សារម្ដងៗ។
តំណាងអាជីវករលក់ដូរតាមដងផ្លូវនៃសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អ្នកស្រី ផេង រតនា សង្កេតឃើញថាការផ្អាកផ្សាររដ្ឋ ផ្សារមិនរៀបរយ ឬផ្សារក្រមួនដោយសារបញ្ហាកូវីដ១៩ កន្លងមក មានរយៈពេលយូរពេកបណ្ដាលឲ្យអាជីវករជួបការលំបាកធ្ងន់ធ្ងរមែន ពិសេសគឺអាជីវករខ្នាតតូច និងអ្នកលក់ដូរតាមកញ្ជើ កញ្ច្រែង ជាអ្នករងគ្រោះខ្លាំងពីការបិទផ្សាររយៈពេលយូរនេះ ព្រោះ បន្លែ ត្រី សាច់ របស់ពួកគាត់ ត្រូវខូចខាតទាំងស្រុង។
បន្ថែមពីនេះ អ្នកស្រីថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់អាជីវករក្រីក្រ អំឡុងពេលបិទផ្សារនោះទេ។ អាជីវករនៅផ្សារអូរឫស្សី និងជាអ្នកឃ្លាំមើលរូបនេះ ផ្ដល់យោបល់ឲ្យអាជ្ញាធរកែសម្រួលឡើងវិញ ដោយយកគំរូតាមការបិទផ្សារទំនើបអ៊ីអន (EAON) កាលពីលើកមុន គឺបិទត្រឹមតែ ២ ឬ ៣ថ្ងៃបានហើយ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ រួចអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលលក់ដូរជាធម្មតាវិញ៖ « បិទផ្សារដូចជាអត់មានជួយអ្វីគាត់ទេ។ ប៉ុន្តែធ្លាប់រដ្ឋាភិបាលយើងបានប្រកាសចេញរួចមកហើយថានឹងផ្ដល់ឲ្យតាមរយៈអាជ្ញាធរមូលដ្ឋានភូមិសង្កាត់។ វាមិនស្រួលទេ អត់ស្រួលទេ មិនងាយទទួលបាននូវអត្ថប្រយោជន៍ទាំងអស់នោះតាមរយៈអាជ្ញាធរមូលដ្ឋានភូមិសង្កាត់នោះទេ។ វាពិបាកខ្លាំង»។
បើទោះជាអាជ្ញាធរធ្លាប់អះអាងថា ការបិទផ្សាររយៈពេលយូរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ ក៏ការឆ្លងជំងឺកូវីដ១៩ ហាក់មិនទាន់ថយចុះគួរឲ្យសម្គាល់ដែរ។ ផ្ទុយទៅវិញ ចំនួនអ្នកស្លាប់ដោយសារជំងឺនៅតែមានអត្រាខ្ពស់ដដែល ហើយបង្កើតជាផលលំបាកបាត់បង់ចំណូលទាំងស្រុងសម្រាប់អាជីវករ និងបង្កផលលំបាកសម្រាប់ពលរដ្ឋរកទិញម្ហូបអាហារទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។