ចំនួន​ភ្ញៀវ​ទេសចរ​ខេត្ត​សៀមរាប​ធ្លាក់​ចុះ «ដោយសារ​កម្សោយ​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល»

ដោយ ហ៊ុំ ចំរើន
2024.07.03
ចំនួន​ភ្ញៀវ​ទេសចរ​ខេត្ត​សៀមរាប​ធ្លាក់​ចុះ «ដោយសារ​កម្សោយ​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល» ភ្ញៀវទេសចរចូលទស្សនា​ប្រាសាទអង្គរវត្ត នាខេត្ត​សៀមរាប។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

បញ្ហា​ដែល​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ បាន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​គ្នា រវាង​មន្ត្រី​រដ្ឋាភិបាល និង​ពលរដ្ឋ ដោយ​មន្ត្រី​រដ្ឋាភិបាល​អះ​អាង​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នៅ​ពេល​នេះ គឺ​ទៅ​តាម​រដូវ​កាល និង​វិបត្តិ​សេដ្ឋកិច្ច​ជាស​កល ក៏ប៉ុន្តែ មគ្គទេសក៍​នាំ​ភ្ញៀវ​នៅ​តំបន់​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប លើកឡើង​ថា បញ្ហា​នេះ គឺ​បណ្ដាល​មក​រដ្ឋាភិបាល​ខ្វះ​ការ​ផ្សព្វផ្សាយ​លើកកម្ពស់​វិស័យ​ទេសចរណ៍ សេវាកម្ម​នៅ​ព្រលាន​យន្តហោះ​មិនសូវ​ល្អ និង​រឿងអាស្រូវ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត នៅ​លើ​ទឹកដី​កម្ពុជា។

វិស័យ​ទេសចរណ៍ ដែល​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង គឺជា​ប្រភព​ដ៏​សំខាន់​មួយ សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ក៏ប៉ុន្តែ ក្រោយ​ការ​ថមថយ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហាក់​នៅតែ​ដើរ​យឺត​ជាង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន ទោះបី​កម្ពុជា​បាន​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​បន្ថែម​ទៀត នៅ​ខេត្ត​សៀមរាប ក្ដី​។ ប្រឈម​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​នៅតែ​បន្ត​ដាក់បន្ទុក​លើ​វិបត្តិ​សេដ្ឋកិច្ច ខណៈ​អ្នកធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​លើកឡើង​ថា គឺ​មកពី​រដ្ឋាភិបាល​ទៅវិញ​ទេ ដែល​ខ្វះ​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ ដើម្បី​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ។

មគ្គទេសក៍​ភាសា​អង់គ្លេស លោក តុង ហាន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មូលហេតុ​ដែល​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ចាញ់​ប្រៀប​ប្រទេសជិតខាង ដោយសារ រដ្ឋាភិបាល​នៅ​មិនទាន់​ហ៊ាន​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ទេសចរណ៍​កម្ពុជា ទៅកាន់​គោលដៅ​សំខាន់ៗ ដូចជា​នៅ​ទីប្រជុំជន Time Square ក្នុង​សហរដ្ឋអាមេរិក ការ​ផ្សព្វផ្សាយ​នៅ​តាម​និវេសនដ្ឋាន ស្ថានទូត​កម្ពុជា​នៅ​ក្រៅ​ប្រទេស ឬ​ចុះ​លើ​ទស្សនាវដ្ដី​ល្បីៗ ដូចជា Bloomberg ខណៈ​ប្រទេសជិតខាង​កម្ពុជា កំពុង​បង្កើន​ការ​ផ្សព្វផ្សាយ​តាម​វិធី​នេះ។

លោក តុង ហាន៖ «ឧបមា​ថា ខ្ញុំ​ចង់​ធ្វើ​ពិព័រណ៍​មួយ​អំពី​ទេសចរណ៍ ខ្ញុំ​មិនមែន​មក​ធ្វើ​នៅ​ជិត​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្រុង​សៀមរាប​នេះ​ទេ​។ យើង​គួរ​ធ្វើ​នៅឯណា ឧបមា​ថា ធ្វើ​នៅ ញូវយ៉ក (New York) ធ្វើ​នៅឯណា​ឯ​ណី យើង​មាន​ស្ថានទូត​យើង​នៅ​គ្រប់កន្លែង យើង​អាច​ធ្វើ​បាន​តើ​។ ផ្សព្វផ្សាយ​ពី​សក្ដានុពល​របស់​យើង​។ យើង​មាន​ផលិតផល​អី​ខ្លះ ជាពិសេស​ម្ហូបអាហារ និង​រូបភាព​ផ្សេងៗ អាច​ហ្វ្រី (Free) បាន ក៏​ហ្វ្រី (Free) ឱ្យ​ជនបរទេស ឱ្យ​គេ​ភ្លក់ ឱ្យ​គេ​ហូប មិន​បាច់​គិត​រឿង​លុយ​ទេ ព្រោះ​យើង​មិនមែន​នៅ​ក្រ​ឯណា​។ កាលណា​ទេសចរ​ដិតដាម មក​ដល់​ស្រុក​យើង​គេ គេ​ដឹង​ច្រើន​អី​ច្រើន យើង​អាច​មានឱកាស»

កម្ពុជា​មាន​ប្រាសាទ​ដែល​មាន​រូបរាង​ជិត ៦​រយ​ប្រាសាទ​(៥៨២ ប្រាសាទ​) ក្នុង​នោះ​ខេត្ត​សៀមរាប មាន​ប្រាសាទ​បុរាណ​ដែល​នៅសល់​រូបរាង​ច្រើន​ជាងគេ គឺ​មាន​ចំនួន ២២០​ប្រាសាទ​។ បន្ថែម​ពីលើ​នេះ ខេត្ត​សៀមរាប ដែល​ជា​អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ មាន​ទាំង​តំបន់​ទេសចរ​ធម្មជាតិ និង​វប្បធម៌​ជាច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​ខេត្តសៀមរាប ក្លាយជា​តំបន់​ប៉ូល​ទេសចរ ដ៏​សំខាន់​ជាងគេ របស់​កម្ពុជា។ ទោះបី​ជា​មាន​សក្ដានុពល​យ៉ាងណាក្ដី ក៏​មកដល់ពេលនេះ វិស័យ​ទេសចរណ៍​របស់​ខេត្ត​សៀមរាប ហាក់​បន្ត​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម ខណៈ​ប្រទេសជិតខាង កាន់តែ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍ ជា​បន្តបន្ទាប់។

មគ្គទេសក៍​ភាសា​អង់គ្លេស នៅ​តំបន់​អង្គរ លោក ង៉ែន ប៊ុនលឹម ប្រាប់​ថា ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ មក​លេង​នៅ​ខេត្ត​សៀមរាប បណ្ដាល​មក​ពី​ការ​ធ្វើ​ទីផ្សារ​ទាក់ទាញ​ភ្ញៀវ​របស់​កម្ពុជា មិនសូវ​ល្អ និង​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត និង​ការ​ជួញដូរ​មនុស្ស នៅ​លើ​ទឹកដី​កម្ពុជា​។ លោក​ពន្យល់​ថា ចំនួន​ភ្ញៀវ​ទេសចរ គឺ​មិន​អាស្រ័យ​ទៅ​លើ​រដូវ​កាល ដែល​គេ​ហៅថា Low season នោះ​ទេ​។ ជាក់ស្ដែង​នៅ​អំឡុង​ខែ​កក្កដា នេះ មាន​តែ​ភ្ញៀវ​អឺរ៉ុប និយាយ​ភាសា​អង់គ្លេស មួយ​ប៉ុណ្ណោះ ដែល​ថយ​ចុះ ក៏ប៉ុន្តែ ចំពោះ​ភ្ញៀវ​ជនជាតិ​អេស្ប៉ាញ (Spain) និង​អាស៊ី ជាច្រើន​ទៀត មាន​ដូចជា ចិន​(China) កូរ៉េ​(South Korea) និង​ជប៉ុន​(Japan) ជាដើម គឺ​ពួកគេ​នៅតែ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ធម្មតា។

លោក ង៉ែន ប៊ុនលឹម៖ «ច្រក​ចេញ​ចូល​ព្រំដែន ធ្វើ​វីសា​យ៉ាប់ ធ្វើ​ឱ្យ​ភ្ញៀវ​ពិបាក​។ ព្រលាន​យន្តហោះ​យើង​ក៏​ថ្លៃ​ជាងគេ សំបុត្រ​យន្តហោះ​យើង ក៏​ថ្ងៃ​ជាងគេ ការ​ផ្សព្វផ្សាយ​យើង ដូចជា​មិនសូវ​ធំ​ទូលាយ​។ ខ្ញុំ​តែង​សុំ​កម្មវិធី​ភ្ញៀវ​មើល ភ្ញៀវ​គេ​ទៅលេង​វៀតណាម ដល់​ទៅ​ពីរ​សប្ដាហ៍ ហើយ​មកលេង​ខ្មែរ​យើង​តែ​បី​ថ្ងៃ​។ ហើយ​ដល់​ពេល​មកលេង​នៅ​ខ្មែរ​បី​ថ្ងៃ ភ្ញៀវ​គេ​ឆ្ងល់ គេ​សួរ​ថា ខ្មែរ​សម្បូរ​កន្លែង​ដើរ តែ​ហេតុ​អី ធួរ​(​ក្រុមហ៊ុន​ទេសចរណ៍ Tourist) រៀបចំ​កម្មវិធី គេ​រៀបចំ​ឱ្យ​ដើរលេង​នៅ​វៀតណាម​យូរ​ម្ល៉េះ ហេតុ​អី​មិន​ឱ្យ​មក​ខ្មែរ»

យ៉ាងណា​ក៏​ដោយ​ចុះ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ថា ព្រលាន​យន្តហោះ​ថ្មី នៅ​ខេត្ត​សៀមរាប ដែល​មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ ចុង​ជា​ក្រោយ​បែរជា​ស្ងាត់ឈឹង ហើយ​ថែមទាំង​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​រហូត​ដល់​ទៅ ៣០​ដុល្លារ និង​ប្រើ​ពេល​យូរ​រហូត​ដល់ ១​ម៉ោង ពី​ព្រលាន​យន្តហោះ​ទៅ​ក្រុង​សៀមរាប ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​មាន​អារម្មណ៍​ថា​ខ្ជះខ្ជាយ។

ពាក់ព័ន្ធ​នឹង​ការរិះគន់​នេះ អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា កាលពី​ថ្ងៃទី​២៩ ខែមិថុនា បាន​ចេញ​មក​ច្រានចោល លើ​ការរិះគន់​របស់​អ្នកលេង​បណ្ដាញ​សង្គម ដោយ​អះអាង​ថា ភាព​ស្ងប់ស្ងាត់​នៃ​ភ្ញៀវ​ទេសចរ នៅ​ខេត្ត​សៀមរាប មិន​ពាក់ព័ន្ធ​នឹង​ព្រលាន​យន្តហោះ​ទេ ក៏ប៉ុន្តែ គឺ​ដោយសារតែ​រដូវ​កាល​នេះ គឺជា​រដូវ​កាល​ធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរ (Low Season) បូករួម​នឹង​ស្ថានភាព​សេដ្ឋកិច្ច​សកល ដែល​មិន​ប្រាកដប្រជា​ថែម​ទៀត​នោះ បាន​ជះ​ឥទ្ធិពល​ដល់​ការ​ថមថយ នៃ​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្ត​សៀមរាប។

ទោះជា​បែបនេះ​ក្ដី មហាជន​លើកឡើង​ថា ការ​បកស្រាយ​របស់​មន្ត្រី​អាកាសចរ​ស៊ីវិល​រូប​នេះ មិន​សម​ហេតុផល​នោះ​ឡើយ ព្រោះ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​ដូចជា ថៃ (Thai) និង​វៀតណាម​(Vietnam) ដែល​មិនសូវ​សម្បូរ​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ ដូច​កម្ពុជា ផង​នោះ បែរជា​មាន​ភ្ញៀវ​ទេសចរ​មក​ដើរ​កម្សាន្ត​ច្រើន​ទៅវិញ​។ ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ថែមទាំង​បង្ហាញ​ពី​រូបភាព​ដែល​ថត​ដោយ​ផ្កាយរណប បង្ហាញ​បច្ចុប្បន្នភាព​ជើងហោះហើរ​របស់​ប្រទេសជិតខាង ដែល​មាន​យន្តហោះ ធ្វើ​ចរាចរ​នៅ​ពីលើ​អាកាស ច្រើន​ជាង​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២ ខែ​កក្កដា។

ទាក់ទិន​រឿងនេះ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​អង្គរ លោក ខៀវ ធី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​រៀបចំ​វិស័យ​ទេសចរណ៍​ឱ្យ​មាន​ភាព​ទាក់ទាញ ដោយ​ចាប់​ផ្ដើម​ចេញពី​ការ​កែសម្រួល​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស និង​ពង្រីក​ទំនាក់ទំនង​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ ដើម្បី​ស្នើ​ដាក់បញ្ចូល​កម្ពុជា ទៅ​ក្នុង​កម្មវិធី​ដំណើរ​កម្សាន្ត​។ លោក​បន្ត​ថា កត្តា​សំខាន់​មួយ​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នោះ​គឺ ការសម្រួល​តម្លៃ​វីសា សម្រាប់​កញ្ចប់​ទេសចរណ៍ ដែល​មាន​រយៈពេល​វែង ឬ​អ្នក​ដែល​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​ក្រុម។

លោក ខៀវ ធី៖ «អ្វី​ដែល​ទាក់ទង​នឹង​ព្រលាន​យន្តហោះ រដ្ឋាភិបាល​គួរតែ​បញ្ចុះតម្លៃ​ការ​យកពន្ធ​ដែល​យន្តហោះ​ចត​។ កាលណា​(​យន្តហោះ​)​ចុះចត យើង​គួរ​បញ្ចុះតម្លៃ​ឱ្យ​ថោក​បន្តិច​ទៅ​។ កាលណា​តម្លៃ​យកពន្ធ​នៅ​ប្រ​លាន​ថោក​បន្តិច​ទៅ ក្រុមហ៊ុន​អាកាសចរណ៍​លក់​សំបុត្រ​ថោក​ដែរ​។ អ៊ីចឹង​មាន​ភ្ញៀវ​មួយ​ចំនួនធំ​គាត់​បាន​និយាយ​ថា យន្តហោះ​មកលេង​ស្រុក​ខ្មែរ​វា​ថ្លៃ​។ វា​ថ្លៃ​ដោយសារ​យើង​ពិបាក​យក​យន្តហោះ ហោះ​ត្រង់​(Direct Flight) អ៊ីចឹង​បាន​ស្រុក​យើង​ត​ជើង​(​យន្តហោះ​)​ច្រើន​កន្លែង»

របាយការណ៍​ក្រសួង​ទេសចរណ៍ ចេញផ្សាយ​កាលពី​ខែ​មេសា បង្ហាញថា កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​ចំនួន​ជាង ១​លាន ៥​សែន​នាក់​(,៥៨ លាន​នាក់​) នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ កើនឡើង ២២,៥ ភាគរយ ពី​ចំនួន​ជិត ១​លាន ៣​សែន​នាក់ (,២៩ លាន​នាក់​) ក្នុងអំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣​។ របាយការណ៍​បញ្ជាក់​ថា ប្រទេស​ថៃ គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​បំផុត​របស់​កម្ពុជា ក្នុង​អំឡុង​ពេល​នេះ ដែល​មាន​ភ្ញៀវ​ទេសចរ ចំនួន​ជិត​កន្លះ​លាន​នាក់ (៤៤៩,៧៨១​នាក់)

ទន្ទឹម​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​អបអរសាទ​រ ចំពោះ​ប្រាសាទ​អង្គរវត្ត ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ទី​១២ ជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក ពី​កម្មវិធី​ពានរង្វាន់ Traveler Choice Awards របស់​គេហទំព័រ ទ្រីបអេដវ៉ាយស័រ (TripAdvisor)

ផ្ទុយ​ពី​របាយការណ៍ និង​មោទនភាព​របស់​មេដឹកនាំ ពលរដ្ឋ​ប្រកប​របរ ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប លើកឡើង​ថា របាយការណ៍​វាយតម្លៃ​ពី​ចំនួន​ភ្ញៀវ​ទេសចរណ៍ របស់​រដ្ឋាភិបាល គឺ​មិន​ដែល​អន់​ម្ដង​ណា​ឡើយ ប៉ុន្តែ​បើ​ក្រឡេក​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​វិញ ពួកគាត់​សឹងតែ​ដាច់​បាយ​ទៅ​ហើយ បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​បាន​កន្លង​ផុត​ទៅ ភ្ញៀវ​ទេសចរ​មក​ពី​បរទេស ដែល​មកលេង​ខេត្ត​សៀមរាប ហាក់​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ រហូត​ដល់​អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្សារ​ទំនើប​មួយចំនួន បាន​ក្ស័យធន និង​បិទទ្វារ​បន្ត​គ្នា​ទៅ​ហើយ។

ជាក់ស្ដែង កាលពី​ថ្ងៃទី​១ ខែ​កក្កដា ហាង​លក់​សាច់​អាំង​តារា​នី នៅ​ខេត្ត​សៀមរាប បាន​ប្រកាស​បិទទ្វារ ដោយសារ​រដ្ឋ​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​តម្លៃ​បន្ថែម​(VAT)​ចំនួន ១០​ភាគរយ ដែល​ធ្វើ​ឱ្យ​អតិថិជន​មិន​ពេញចិត្ត និង​ឈប់​ចូល​បរិភោគ​ជា​បន្តបន្ទាប់ ខណៈ​ខេត្តសៀមរាប កាន់តែ​ស្ងាត់​ភ្ញៀវ​ទេសចរ​ជាង​មុន។

មគ្គទេសក៍​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ជំរុញ​ឱ្យ​រដ្ឋាភិបាល អភិវឌ្ឍ​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ ឱ្យមក​ទស្សនា​កម្ពុជា ឡើង​វិញ​។ ជាមួយ​គ្នា​នេះ ពួកគាត់​លើកឡើង​ថា ដើម្បី​ពង្រីក​វិស័យ​ទេសចរណ៍​នេះ​បាន រដ្ឋាភិបាល​ត្រូវ​ចេះ​ទទួលស្គាល់​ភាព​កម្សោយ​របស់​ខ្លួន និង​រក​វិធី​ដោះស្រាយ ជា​ជាង​ការ​ចេញ​ផ្សាយ​តែ​តួលេខ​ខ្ពស់ ដែល​ខុស​ពី​ការ​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។