ក្រសួង​ទេសចរណ៍​អំពាវនាវ​ឱ្យ​កំណត់​តម្លៃ​សេវាកម្ម​ឱ្យ​បាន​សមរម្យ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ

ក្រសួង​ទេសចរណ៍​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​បំរើ​សេវាកម្ម​ទេសចរណ៍​ទាំងអស់ កំណត់​តម្លៃ​សេវាកម្ម​ឱ្យ​បាន​សមរម្យ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅ​តាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួង​ទេសចរណ៍ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​កំពុង​ជួប​វិបត្តិ​ក្នុងស្ថានភាព​ជំងឺ​កវីដ​១៩​នេះ ឱ្យ​បានល្អ​ប្រសើរ​ឡើងវិញ។

ប្រធាន​នាយកដ្ឋាន​ទីភ្នាក់ងារ​ដឹក​ជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍​លោក ឈុន មករា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ឱ្យ​ដឹង​ថា ក្រសួង​នឹង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​កម្សាន្ត​ទៅកាន់​ខេត្តសៀមរាប និង​តំបន់​ផ្សេងៗ រួម​នឹង​ការផ្សព្វផ្សាយ​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ខ្មែរ នៅ​ខេត្តសៀមរាប ក្នុង​តម្លៃ​ពិសេស ក្នុង​នោះ​មាន​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណិត ការ​ទស្សនា​កន្លែង​ថ្មីៗ ដោយមាន​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​អ្នកដឹកនាំ​ក្នុង​ដំណើរ​កម្សាន្ត​នេះ។

គោលដៅ​សំខាន់​នៃ​កញ្ចប់​ទស្សនកិច្ច​កម្សាន្ត​នេះ គឺ​ដើម្បី​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង ធ្វើ​ដំណើរ​កម្សាន្ត​តាមរយៈ​កញ្ចប់​ទស្សនកិច្ច ដែល​បង្កើតជា​តម្លៃ​នៃ​ដំណើរ​កម្សាន្ត បទពិសោធន៍​ថ្មី និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​ត្រៀម​ទទួល​ទេសចរ ក្នុង​អំឡុង​ពេល​ឈប់​សម្រាក​ការងារ​ពី​ថ្ងៃ​ទី​១៧-២១ ខែសីហា ឆ្នាំ​២០២០​ខាងមុខ។

របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០​នេះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ម្ពុ​ជា​បាន​ថយចុះ​៥៩%​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​គឺ​ធ្លាក់ចុះ​ពី​ចំនួន​ជិត​៣​លាន​នាក់​(២,៨៨)​មក​នៅ​ជាង​១​លាន​នាក់​(១,១៧)​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន ថា ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​-១៩ ចំនួន​ភ្ញៀវទេសចរ​បរទេស​អាច​ធ្លាក់ចុះ​ដល់​៧០​ភាគរយ​ក្នុង​ឆ្នាំ​២០២០​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។