សហជីព និងអ្នកធ្វើការផ្នែកទេសចរណ៍ច្រានចោលការលើកឡើងរបស់ក្រសួងទេសចរណ៍ ដែលថា ចំនួនភ្ញៀវទេសចរនៅខែមិថុនានេះ កើនឡើងជាងខែឧសភា។ ពួកគេថា របាយការណ៍បែបនេះ ធ្វើឱ្យពលរដ្ឋបាត់ជំនឿលើក្រសួងទេសចរណ៍។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ថ្លែងថា លោកមិនដឹងខាងក្រសួងទេសចរណ៍ បានទិន្នន័យកំណើនភ្ញៀវទេសចរណ៍មកពីណានោះទេ ព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនកំពុងព្រួយបារម្ភរឿងគ្មានប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ ស្របពេលអ្នកខ្លះទៀតបានបាត់បង់ការងារធ្វើជាបន្តបន្ទាប់ ហើយស្ថានភាពជំងឺ កូវីដ១៩ ក៏មិនទាន់ធូរស្បើយស្រួលបួលនៅឡើយដែរ។
លោក ម៉ម រិទ្ធី សង្កេតឃើញថា សណ្ឋាគារធំៗ និងសេវាកម្មទាំងឡាយដែលបម្រើឱ្យវិស័យទេសចរណ៍នៅមិនទាន់បើកដំណើរការនៅឡើយទេ ពោលគឺមានតែផ្ទះសំណាក់ប៉ុណ្ណោះ ដែលបើកទទួលភ្ញៀវ ហើយមានភ្ញៀវខ្មែរ ចេញ ចូល តិចតួចប៉ុណ្ណោះ។ រីឯមគ្គុទ្ទេសក៍មួយចំនួនធំវិញ លោកថា ពួកគេបានទៅប្រកបមុខរបរផ្សេងៗ អស់ហើយដើម្បីចិញ្ចឹមជីវិត។ លោកថា របាយការណ៍របស់ក្រសួងទេសចរណ៍ពេលនេះ មិនអាចយកជាការបានទេ៖ «របាយការណ៍ គួរតែតម្លាភាព ចេះតែយករបាយការណ៍យកមកដាក់និយាយបំប៉ោង ឬមួយក៏និយាយដើម្បីឱ្យល្អ ខ្ញុំគិតថា មិនគួរជារបាយការណ៍យកមកផ្សព្វផ្សាយទេ ហើយធម្មតាឥឡូវ ថ្មើរនេះគឺមនុស្សគេមានប្រព័ន្ធស្មាតហ្វូន គេទំនើបៗណាស់ គេអាចមើលឃើញ គេដើរទៅណាក៏អាចមើលឃើញដែរ អ៊ីចឹងណា ខ្ញុំគិតថារបាយការណ៍ ហ្នឹងខ្ញុំមិនទាន់យល់ស្របមួយរយភាគរយថា វាជារឿងត្រឹមត្រូវទេ ថាអាចមានអីចឹង តាមការមើលឃើញរបស់ខ្ញុំ»។
ប្រតិកម្មនេះកើតមាន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន អះអាងនៅពេលថ្មីៗនេះ ក្នុងរយៈពេលបីសប្ដាហ៍នៃខែមិថុនា មានភ្ញៀវទេសចរជាង ៤៥ ម៉ឺននាក់ បានចេញដើរកម្សាន្ត គឺកើនឡើងជាង៧% (៧.២៤%) បើធៀបនឹងរយៈពេល ៣សប្ដាហ៍ នៃខែឧសភា កន្លងទៅ។
លោក ថោង ខុន អះអាងទៀតថា តំបន់ឆ្នេរ ពិសេសខេត្តកំពត និងក្រុងកែប នៅតែជាគោលដៅទេសចរណ៍សំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរច្រើន ចំណែកឯខេត្តសៀមរាប មានការងើបឡើងជាបណ្តើរៗ ហើយអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។
ផ្ទុយពីការលើកឡើងនេះ ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរ លោក ខៀវ ធី អះអាងថា អ្នកប្រកបរបរនៅជុំវិញតំបន់អង្គរ ដូចជា អ្នកលក់វត្ថុអនុស្សាវរីយ៍ អ្នករត់ម៉ូតូកង់បី តាក់ស៊ី និងឡានទេសចរណ៍ ជាដើម បានបាត់បង់ការងាររយៈបីខែមក ហើយពួកគាត់បានរកការងារធ្វើបណ្ដោះអាសន្ន សម្រាប់ចិញ្ចឹមឆ្នាំងរៀងខ្លួន ដោយមិនទាន់មានអ្នកណាវិលមករកមុខរបរដើមវិញនៅឡើយទេ៖ «អត់ដោយឡែកមគ្គុទ្ទេសក៍ ទេសចរ អត់មានចំណូលទាំងស្រុង ចំណូលគិតទេហ្សេរូ ( ០ ) ។ លុយដែលសល់ពីមុនបន្តិចបន្តួច ចេះតែចាយបន្តិចបន្តួចទៅណា ហើយចេះតែរកខ្លះទៅ អត់មានការងារធ្វើ ខ្លះទៅបង់ត្រី ខ្លះទៅធ្វើការសំណង់ ខ្លះក៏ចាប់ផ្ដើមមុខរបរចិញ្ចឹមមាន់ ចិញ្ចឹមទា។ ខ្ញុំនៅផ្ទះ ហើយចាប់ផ្ដើមចិញ្ចឹមមាន់ខ្លះៗ ដែរ ទិញមាន់មកចិញ្ចឹមបង្កាត់ពូជវា បាទ»។
សហជីពផ្នែកវិស័យទេសចរណ៍យល់ថា ដើម្បីស្ដារវិស័យទេសចរណ៍ ឱ្យងើបឡើងដូចដើមវិញបាន កម្ពុជាត្រូវប្រើរយៈពេលប្រហែលជា២ឆ្នាំ ព្រោះកម្ពុជាជាប្រទេសក្រីក្រ ខ្វះធនធាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។