សហជីព​បារម្ភ​ថា ក្រុមហ៊ុន​ធំៗ​អាច​ផ្អាក​ការ​បញ្ជាទិញ​ប្រសិនបើ​គ្មាន​ការ​វិវឌ្ឍ​វិជ្ជមាន​រឿង EBA

ដោយ មួង ណារ៉េត
2019-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​ក្រុមហ៊ុន​បញ្ជា​ទិញ​វាយនភណ្ឌ​កម្ពុជា។
និមិត្ត​សញ្ញា​ក្រុមហ៊ុន​បញ្ជា​ទិញ​វាយនភណ្ឌ​កម្ពុជា។
Screenshot

សហជីព​ឯករាជ្យ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ អាច​នឹង​ផ្អាក​ការ​បញ្ជាទិញ​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា ប្រសិនបើ​របប​ក្រុងភ្នំពេញ​មិន​អាច​រក​ដំណោះស្រាយ​សមស្រប​ណាមួយ​ជុំវិញ​គម្រោង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​បានទេ​នោះ។ ក្រុមហ៊ុន​បញ្ជា​ទិញ​មួយ​ចំនួន ធ្លាប់​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួច​ទៅ​ហើយ​ថា បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា លោក​មិនទាន់​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ផ្លូវការ​ណាមួយ ទាក់ទង​នឹង​រឿង​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ ផ្អាក​ការ​បញ្ជា​ទិញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង ពី​កម្ពុជា​នៅឡើយ​ទេ ក៏ប៉ុន្តែ​លោក​កត់សម្គាល់​ថា បច្ចុប្បន្ន​នេះ​មាន​រោងចក្រ​មួយ​ចំនួន មិន​សូវ​មាន​ការងារ ឱ្យ​កម្មករ​ធ្វើ និង​ឃើញ​មាន​រោងចក្រ​មួយ​កន្លែង​នៅ​ខេត្ត​ស្វាយរៀង ព្យួរ​ការងារ​កម្មករ ដោយ​ពួកគេ​អះអាង​មិន​មាន​អ្នកបញ្ជា​ទិញ។ លោក​ថ្លែង​ថា ប្រសិនបើ​ភាគី​កម្ពុជា និង​សហភាព​អឺរ៉ុប មិន​អាច​រក​ដំណោះស្រាយ​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រឹម​ចុង​ឆ្នាំ ២០១៩ បានទេ​នោះ លោក​ជឿ​ថា ក្រុមហ៊ុន​ខ្លះ​អាច​នឹង​ដក​ការ​វិនិយោគ​របស់​ខ្លួន ហើយ​អ្នកបញ្ជា​ទិញ​ធំៗ​ខ្លះ ក៏​អាច​នឹង​ផ្លាស់ប្ដូរ​ការ​បញ្ជាទិញ​របស់​ខ្លួន​ដែរ៖ «ចៀស​មិន​ផុត​នោះ​ទេ ក្រុមហ៊ុន​តូចៗ​ដែល​គ្មាន​ការ​បញ្ជា​ទិញ​ច្បាស់លាស់​អាច​នឹង​មាន​បញ្ហា ប៉ុន្តែ​ក្រុមហ៊ុន​ធំៗ​អាច​នៅ​បន្ត។ ប៉ុន្តែ​បើ​ជម្លោះ​ហ្នឹង វា​កាន់តែ​ធំ​ឡើយ វា​អាច​នឹង​ប្រែប្រួល​តទៅទៀត​។ ខ្ញុំ​គិត​ថា ទីមួយ​ត្រូវ​ជជែក​ពិភាក្សា​បន្ត​ទៅ​ទៀត រឿង EBA ជា​រឿង​សំខាន់​បំផុត។ ទី​ពីរ​ការ​កែប្រែ​លក្ខខណ្ឌ​ការងារ ឬក៏​កែប្រែ​ច្បាប់ និង​ទី​បី​ធ្វើ​យ៉ាងម៉េច​បរិយាកាស​នៃ​ការ​វិនិយោគ​នៅ​ស្រុក​ខ្មែរ ត្រូវ​សម្រួល​លក្ខខណ្ឌ​ឱ្យ​បាន​ច្រើន រួម​ទាំង​កាត់បន្ថយ​នូវ​ការិយាធិបតេយ្យ និង​បង្កើន​ជំនាញ​ឱ្យ​បាន​ខ្ពស់ កាត់បន្ថយ​តម្លៃ​ទឹក​ភ្លើង ឬក៏​សេវា​អប្បបរមា​មួយ​ចំនួន​ចោល»

កាលពី​សប្ដាហ៍​មុន សារព័ត៌មាន​ឯកទេស​ផ្នែក​វាយនភណ្ឌ ឈ្មោះ អាផារែល អ៊ីនសាយឌើ (Apparel Insider) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ ដោយ​អះអាង​ថា មាន​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​មួយ​ចំនួន បាន​សម្រេច​ចិត្ត​រួចហើយ ក្នុង​ការ​ចាប់ផ្ដើម​ដក​ការ​បញ្ជាទិញ​របស់​ខ្លួន ពី​កម្ពុជា ដោយសារ​ពួកគេ​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នេះ។ Apparel Insider មិនបាន​បង្ហាញ​ឈ្មោះ​ប្រភព ដែល​ផ្ដល់​ព័ត៌មាន​នេះ និង​ឈ្មោះ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ទាំង​នោះ​ឡើយ ក៏​ប៉ុន្តែ​សារព័ត៌មាន​នេះ អះអាង​ថា ប្រឈម​មុខ​នឹង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នឹង​ត្រូវ​បាត់បង់​ការ​បញ្ជាទិញ​ផលិតផល​វាយនភណ្ឌ​ដ៏​ច្រើន​សម្បើម ពី​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ របស់​ប្រទេស​លោក​ខាងលិច។

ក្រុមហ៊ុន​យីហោ​ល្បីៗ ដែល​ទិញ​ផលិតផល​សំលៀកបំពាក់​ពី​កម្ពុជា មាន​ដូចជា ក្រុមហ៊ុន H&M, Gap និង Armani ជាដើម ដោយ​ឡែក​ក្រុមហ៊ុន​ដែល​ទិញ​ផលិតផល​ស្បែកជើង​ពី​កម្ពុជា​វិញ មាន​ដូចជា អេឌីដាស (Adidas) ណៃគី (Nike) និង​ពូម៉ា (Puma)

អាស៊ីសេរី​បាន​ទាក់ទង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ដើម្បី​សាកសួរ​ពី​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​ឆ្លើយ​ថា កំពុង​ជាប់រវល់ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ៖ «ទូរស័ព្ទ​មកពី​)​ខាង​ណា​? ខ្ញុំ​ជាប់​ប្រជុំ​បន្តិច​ណា​។ វិទ្យុ​អាស៊ីសេរី​ចាំ​បន្តិចទៀត»

អាស៊ីសេរី​បាន​ទាក់ទង​ទៅ​លោក​ម្តង​ទៀត​នៅ​ពេល​ក្រោយ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ឡើយ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ វិញ ក៏​អាស៊ីសេរី មិន​អាច​ស្នើសុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​បាន​ដែរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ​។ ក៏ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​សុំ​ឱ្យ​វិនិយោគិន​បរទេស និង​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ កុំ​រត់ចោល​កម្ពុជា ប្រសិនបើ​មានការ​ដាក់​ទណ្ឌកម្ម ពី​សហភាព​អឺរ៉ុប​ជុំវិញ​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ។ ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច កាលពី​ថ្ងៃ​ទី១៦ មករា កន្លងទៅ លោក ហេង សួរ បាន​សុំ​ឱ្យ​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ ជួយ​កម្ពុជា​បន្ត​ទៅ​ទៀត ហើយ​លោក​បន្ត​ថា របប​របស់​លោក ហ៊ុន សែន សន្យា​ថា នឹង​កែសម្រួល​គោលនយោបាយ​មួយ​ចំនួន ដើម្បី​ធានា​ថា វិស័យ​ឯកជន​នៅ​កម្ពុជា នឹង​អាច​បន្ត​និរន្ត​ភាព​របស់​ខ្លួន​បាន​តទៅទៀត បើ​ទោះ​បី​ជា​គ្មាន​ការ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​ក៏ដោយ។

កាលពី​ចុង​ឆ្នាំ ២០១៨ កន្លងទៅ ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​ដូចជា ដូចជា អេឌីដាស (Addidas) ណៃគី (Nike) ពូម៉ា (Puma) អាន់ឌើ អាមើរ (Under Amour) និង វីអេហ្វ (VF) ជាដើម ធ្លាប់​បាន​ព្រមាន​របប​លោក ហ៊ុន សែន ម្ដង​រួច​ទៅ​ហើយ​ថា ប្រសិនបើ​ចង់​ឱ្យ​ពួកគេ​ទុកចិត្ត និង​បន្ត​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ទៀត​នោះ របប​នេះ​ត្រូវតែ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស។ ពួកគេ​ក៏បាន​ដាស់តឿន​របប​ក្រុងភ្នំពេញ ឱ្យ​អនុវត្ត​សិទ្ធិ​ការងារ ឱ្យ​បាន​ល្អ​ប្រសើរ បើ​ចង់​ឱ្យ​ទីផ្សារ​កម្ពុជា​អាច​ចម្រើន និង​មាន​និរន្ត​ភាព។ ក្រៅ​ពី​នេះ ពួកគេ​ក៏បាន​ទាមទារ​ឱ្យ​របប​នេះ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​សហជីព​ផង​ដែរ។

ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​អះអាង​ថា ពួកគេ​មានការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​គោលនយោបាយ និង​សកម្មភាព​មួយ​ចំនួន​របស់​របប​ក្រុងភ្នំពេញ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ពួកគេ​បាន​ទាមទារ​ឱ្យ​របប​នេះ កែទម្រង់​ភាព​អវិជ្ជមាន​ទាំងឡាយ ដែល​ពួកគេ​បាន​ស្នើ​ឡើង ដើម្បី​អាច​បន្ត​ការ​រកស៊ី​ជាមួយគ្នា​បាន​តទៅ​ថ្ងៃមុខ​ទៀត។

ការ​ស្នើ​របស់​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​នេះ ក៏​ស្រដៀង​គ្នា​ទៅ​នឹង​លក្ខខណ្ឌ ដែល​សហភាព​អឺរ៉ុប កំពុង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ អនុវត្ត​នោះ​ដែរ ប្រសិនបើ​របប​នេះ ចង់​ទទួល​បាន​ផលប្រយោជន៍ ពី​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ក្រោម​កម្មវិធី “​ទំនិញ​គ្រប់មុខ លើកលែង​គ្រឿង​សព្វាវុធ ឬ EBA”

រហូត​មក​ទល់​ពេលនេះ មិនទាន់​ឃើញ​មាន​ការ​វិវឌ្ឍ​វិជ្ជមាន​ណាមួយ ទាក់ទង​នឹង​រឿង EBA នៅឡើយ ស្រប​ពេល​ដែល​ឱសានវាទ​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ ចេះតែ​បន្ត​ទៅមុខ ហើយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​របស់​លោក​បាន​នាំគ្នា​អះអាង​ថា ពួកគេ​មិន​បារម្ភ​ពី​រឿង​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឡើយ។

ស្រប​ពេល​ដែល​ថ្ងៃ​ដក​ការ​អនុគ្រោះ​ពន្ធ កាន់តែ​កៀក​ណាស់​ទៅ​ហើយ លោក ហ៊ុន សែន ប្រកាស​សុំ​ចរចា​បណ្ដើរ និង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ទប់ទល់​នឹង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​បណ្ដើរ។ យុទ្ធសាស្ត្រ​ថ្មី​នេះ គឺ​លោក ហ៊ុន សែន ថា ចាប់ផ្ដើម​ពី​ការ​លុបបំបាត់ អំពើពុករលួយ​ទាក់ទង​នឹង​ការនាំចេញ៖ «បើទោះបីជា​គ្មាន​ភាព​អនុគ្រោះ ក៏​កម្ពុជា​នៅតែ​រស់។ ឧទាហរណ៍ ខ្ញុំ​បានសម្រេច​អម្បាញ់មិញ នៅ​តាម​មាត់ច្រក​តាម​ព្រំដែន ក្នុង​ការ​នាំចេញ​នាំចូល អត់​មាន​តម្រូវការ​ឱ្យ​មាន​ស្ថាប័ន​ណា​ក្រៅពី​អន្តោប្រវេសន៍ និង​គយ​ទេ។ ឱ្យ​តែ​ពីរ​ហ្នឹង​ទេ​! ក្រៅពីនោះ ដកចេញ​ឱ្យ​អស់ ទាំង​កាំកុងត្រូល ទាំង​ស្អី ដកចេញ​ឱ្យ​អស់ ព្រោះ​អា​ហ្នឹង វា​កើត​ទៅជា​ឧបសគ្គ​នៃ​ការរារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញ​ទេ»

ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ រង​ការរិះគន់​ពី​អ្នកវិភាគ​គោលនយោបាយ គឺ​លោក​បណ្ឌិត អៀ សុផល ថា​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ ព្រោះ​អំពើពុករលួយ ចាក់​ឫសគល់​យ៉ាង​ជ្រៅ នៅ​ក្នុង​សង្គម​ខ្មែរ ដែល​ដើម្បី​លុប​បំបាត់​បាន គឺ​ទាល់តែ​ចាប់ផ្ដើម ចាត់​វិធាន​ពី​ថ្នាក់លើ​មក​មុន​សិន។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​របប​លោក ហ៊ុន សែន គឺ​លោក វង្សី វិស្សុត ឯណោះ​ចាត់​ទុក​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ជា​រឿង​ល្អ​ទៅវិញ។ លោក វង្សី វិស្សុត បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺជា​ឱកាស​ដែល​កម្ពុជា​អាច​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​កាន់តែ​ល្អ​ជាង​មុន៖ «យើង​កែ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង EBA ប៉ុន្តែ​ដល់ពេល​ចំណេញ គឺ​ចំណេញ​មួយ​ប្រទេស។ EBA ភាគច្រើន​ខោអាវ​តើ មិន​អ៊ីចឹង​? ប៉ុន្តែ​ដល់ពេល​កែ​ទៅ វា​ចំណេញ​អ្វី​ដែល​មិនមែន​ជា​ខោអាវ​នោះ​។ អ្វី​ផ្សេងទៀត​ក៏​ចំណេញ​ដែរ គ្រប់​រឿង​ទាំងអស់​តែម្ដង​។ វា​ទៅជា​បរិយាកាស​មួយ​ជួយ​រុញ​សេដ្ឋកិច្ច​ឡើង​ទាំងអស់​តែម្ដង»

ទោះជា​យ៉ាងណា ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ក្រុម​អ្នកដឹកនាំ​បច្ចុប្បន្ន​មិន​គួរ​មានគំនិត​បែបនេះ​ឡើយ ព្រោះ​លោក​មើល​ឃើញ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ជួយ​លើកស្ទួយ​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ។ លោក​ថ្លែង​ថា របប​បច្ចុប្បន្ន​គួរតែ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មាន ការ​អនុគ្រោះ​ពន្ធ​នេះ ត្រូវ​បាន​កាត់ផ្ដាច់ ព្រោះ​បើ​រឿង​នេះ​កើតឡើង​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​កម្មករ​-​កម្មការិនី​រាប់​សែន​នាក់​នៅ​ទូទាំង​ប្រទេស ព្រមទាំង​អ្នក​ទទួល​ផល​ពី​វិស័យ​កាត់ដេរ​នេះ​ផង​ដែរ៖ «អ្វី​ដែល​យើង​មាន​ហើយ គួរតែ​យើង​ខំ​រក្សា​វា ជាជាង​ការបាត់បង់​ទៅវិញ​។ ហើយ​វា​មិនមែន​ជា​ផ្នែក​មួយ​ពង្រឹង​សេដ្ឋកិច្ច ពង្រឹង​ខ្លួន​នោះ​ទេ​។ បើ​យើង​មាន​ប្រព័ន្ធ EBA ហ្នឹង​ស្ថិតស្ថេរ​ទៅ ហើយ​យើង​ពង្រឹង​ខ្លួន​យើង​បន្ថែម​ទៀត​ទៅ ពេលនោះ​សេដ្ឋកិច្ច ក៏​ដូច​ជីវភាព​ពលរដ្ឋ វា​កាន់តែ​ធូរធារ កាន់តែ​ប្រសើរ​ឡើង»

អ្នកការពារ​សិទ្ធិ​កម្មករ​រូប​នេះ ក៏​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ​ថា ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​អាច​នឹង​ដក​ការ​បញ្ជា​ទិញ​ពី​កម្ពុជា ដោយសារតែ​លក្ខខណ្ឌ​ដែល​ពួកគេ​បាន​ទាមទារ​កាល​ពី​ពេល​កន្លង​ទៅ​នោះ មិនទាន់​ឃើញ​របប​លោក ហ៊ុន សែន ដោះស្រាយ​បាន​នៅឡើយ។ លោក​ជំរុញ​ឱ្យ​របប​នេះ ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ឱ្យ​វិល​មក​រក​សភាព​ដើម​វិញ ដើម្បី​បញ្ចៀស​វិបត្តិ​ទណ្ឌកម្ម​ទាំងឡាយ​ដែល​អាច​កើតមានឡើង​នៅ​ពេល​ខាងមុខ៖ «ប្រសិនបើ​ស្ថានភាព​នៅតែ​ប្រទាញប្រទង់​គ្នា​ដូច្នេះ ចំពោះ​ក្រុមហ៊ុន​ដែល​គេ​មាន​កេរ្តិ៍ឈ្មោះ​ល្អៗ ក្រុមហ៊ុន​ធំៗ គេ​ពិបាក​មក​បណ្ដាក់ទុន​ចូល​មក​កម្ពុជា​យើង ហើយ​គេ​នឹង​អាច​ដក​ពី​កម្ពុជា​យើង រត់​ទៅ​ប្រទេស​ផ្សេងៗ»

ទោះបីជា​មេដឹកនាំ​របប​ក្រុងភ្នំពេញ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មិន​បង្ក​ផល​ប៉ះពាល់​ធំដុំ​ក៏ដោយ ក្រុម​សហជីព​ដែល​គាំទ្រ​របប​នេះ​បាន​ទទួល​ស្គាល់​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នឹង​ផ្ដល់​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ ក្រុម​សហជីព​គាំទ្រ​របប​ក្រុងភ្នំពេញ បាន​អះអាង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” បាន​បង្កើត​ការងារ​រាប់​ម៉ឺន​កន្លែង និង​ផ្ដល់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ដល់​កម្មករ​រាប់​សែន​នាក់ ដែល​ជួយ​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួកគាត់​នៅ​តាម​ទី​ជនបទ​រស់នៅ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ។

ក្រោម​កម្មវិធី EBA កម្ពុជា​បាន​រួចផុត​កាតព្វកិច្ច​ពន្ធ​ប្រមាណ ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ហើយ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ផលិតផល​សំលៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ បាន​ផ្ដល់​ប្រាក់ចំណូល​លើស​ពី ៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​ប្រាក់ចំណូល​ច្រើន​ជាងគេ នៃ​ការ​នាំ​ចេញ​ផលិតផល​គ្រប់​ប្រភេទ​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី FRANCE



​ យើងយល់ថាចិនហៅ ហ៊ុន​ សែន ទៅពន្យល់រឿង EBA នេះ ហើយពេលត្រឡប់មកកម្ពុជាវិញ ហ៊ុនសែន
នឹងយល់ព្រមធ្វើតាមសហភាពអឺរ៉ុប ពីព្រោះក្នុងវិបត្តិនេះ ចិនខូចប្រយោជនជាងខ្មែរយើងច្រើនណាស់ បើ
សហភាពអឺរ៉ុបលុបបំបាត់ការកាត់បន្ថយពន្ធ ។​ យើង
ទាំងអស់គ្នាដឹងស្រាប់ថាចិនក្នុងការរកស៊ី អ្វីដែលខាតគេមិនត្រូវការទេ ។

ហ៊ានភ្នាល់ឫទេ?

Jan 20, 2019 02:13 PM

គេហទំព័រ​ទាំងមូល