សហជីព​ថា ការ​បន្ត​ព្យួរ​ការងារ និង​បិទទ្វារ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ

ដោយ មាន ឫទ្ធិ
2023.11.17
សហជីព​ថា ការ​បន្ត​ព្យួរ​ការងារ និង​បិទទ្វារ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ កម្មកររោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ ចេញសម្រាក​ម៉ោងបាយថ្ងៃត្រង់ កាលពីថ្ងៃទី១ កញ្ញា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហជីព​មើល​ឃើញ​ថា ការ​បិទទ្វារ​រោងចក្រ​កាត់ដេរ​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ឱ្យ​កម្មករ​ធ្លាក់​ទៅ​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរ​បង្កើត​ទីផ្សារ​ការងា​រទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយសង្គ្រោះ​កម្មករ​រោងចក្រ ដែល​បាត់បង់ ឬ​ត្រូវ​ព្យួរ​ការងារ ឱ្យ​មាន​លទ្ធភាព​ដោះស្រាយ​ជីវភាព។

សហជីព​មើលឃើញ​ថា រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​មួយចំនួន បាន​ព្យួរ​ការងារ​កម្មករ និង​ខ្លះ​ទៀត​បាន​បិទទ្វារ​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៦ វិច្ឆិកា ថា រោងចក្រ​កាត់ដេរ​មិន​តិច​ជាង ៦០ នោះ​ទេ បាន​បិទទ្វារ ក្រោម​ហេតុផល​ថា គ្មាន​អ្នក​បញ្ជា​ទិញ ឬ​ខាតបង់​ផល​ចំណេញ ដោយសារ​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ការ​មិន​បន្ត​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក​។ លោក​បន្ត​ថា កត្តា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​ភាគច្រើន រស់នៅ​ក្នុង​ជីវភាព​យ៉ាប់យ៉ឺន ព្រោះ​ពួកគេ​មិន​អាច​រក​ការងារ​ផ្សេង​បាន​ទាន់​ពេល​វេលា ខណៈ​បញ្ហា​ទំនិញ​ឡើងថ្លៃ និង​បំណុល កំពុង​រួមរឹត​ពួកគាត់​ឱ្យ​ធ្លាក់​ចូលក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ។

លោក អាត់ ធន់៖ «កាលណា​រោងចក្រ​បិទ​គាត់​មិន​មាន​ការងារ​ធ្វើ គាត់​មិន​អាច​រក​ការងារ​ធ្វើ​បាន មាន​ន័យ​ថា គាត់​វេទនា គាត់​ពិបាក​ក្នុង​ការ​យក​លុយ​ទៅ​ទិញ​ម្ហូបអាហារ ឬក៏​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់​កូន។ ហើយ​អ្នកខ្លះ​ក៏​លក់​ទ្រព្យសម្បត្តិ​ដីធ្លី អ្នកខ្លះ​ជំពាក់​លុយ​បំណុល​ធនាគារ​មិន​មាន​សង​ឱ្យ​គេៗ រឹបអូស​ទ្រព្យសម្បត្តិ​អី​អ៊ីចឹង​ទៅ។ ហើយ​យូរៗ គាត់​នឹង​ក្រ គាត់​នឹង​ក្លាយ​ជា​គ្រួសារ​ក្រីក្រ​ដែល​ជាប់បំណុល​វ័ណ្ឌក ឬក៏​អាច​ថា​គាត់​ពិបាក គាត់​មិន​មាន​លទ្ធភាព​ឱ្យ​កូន​បាន​រៀនសូត្រ និង​ចូលរួម​ក្នុង​សង្គម​នឹង​គេ»

អ្នកលក់​ទឹកអំពៅ ដែល​ជា​អតីត​កម្មករ​រោងចក្រ ឌីន ហាន (Din Han Enterprise CO., LTD) លោកស្រី ជា ស៊ីណែត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន ជីវភាព​លោកស្រី​កាន់តែ​លំបាកលំបិន ខ្វះមុខខ្វះក្រោយ ជាពិសេស​រង​សម្ពាធ​ដោយសារ​បំណុល​ធនាគារ ក្រោយពេល​រោងចក្រ ឌីន ហាន ដែល​លោកស្រី​ធ្វើការ បាន​បិទទ្វារ​កាលពី​ចុងឆ្នាំ ២០២២ ដោយ​ថៅកែ​អះអាង​ថា គ្មាន​អ្នកបញ្ជា​ទិញ​។ លោកស្រី​បន្ត​ថា ថ្វី​ត្បិត​ការងារ​រោងចក្រ មិនអាច​ធ្វើ​ឱ្យ​លោកស្រី មាន​ជីវភាព​ល្អ​ប្រសើរ​យ៉ាងណា​ក្ដី ក៏​ការងារ​មួយ​នេះ បាន​ផ្ដល់​កម្រៃ​ដល់​លោកស្រី​ប្រចាំខែ ដែល​អាច​យក​ទៅ​សងបំណុល​ធនាគារ បង់ថ្លៃ​ទឹក ភ្លើង បន្ទាប់​ជួល បន្ទាប់ពី​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ម្ហូបអាហារ។

លោកស្រី ជា ស៊ីណែត៖ «ជីវភាព​គឺថា​លំបាក​ណាស់​។ ខ្ញុំ​ជាប់​កូន​រៀន​ផង គឺ​វា​ពិបាក​ខ្លាំង​។ ឥឡូវ​បើក​លក់ដូរ​កំប៉ិកកំប៉ុក​នៅ​ឯ​ផ្ទះ​(​ជួល​)​បន្តិចបន្តួច​ទៅ ថ្ងៃ​ខ្លះ​លេង​លក់​បាន ៤​ពាន់​រៀល​។ អ្វី​ដែល​សំខាន់ នៅ​ពេល​បាត់បង់​ការងារ យើង​រក​ការងារ​(ផ្សេង) ធ្វើ​អត់​បាន ហើយ​រោងចក្រ​ឥឡូវ ក៏​វា​ពិបាក សម្រាក​ខ្លះ​ទៅ អត់​ថែម​ម៉ោង​ទៅ ស៊ី ៥០​ភាគរយ​ទៅ»

កាលពី​ថ្ងៃទី​២៩ ខែ​តុលា អង្គការ​សង់ត្រាល់(Central) ធ្វើ​ការស្ទង់មតិ កម្មករ​ចំនួន ៣០០​នាក់ មក​ពី​រោងចក្រ​ចំនួន ២០ ក្នុង​នោះ​មាន កម្មករ ៩១​ភាគរយ ជំពាក់​បំណុល​ធនាគារ ខណៈ​កម្មករ ៧០​ភាគរយ អះអាង​ថា បំណុល​របស់​ពួកគេ​កើនឡើង​ទ្វេដង​នៃ​ប្រាក់​ជំពាក់។ ការស្ទង់មតិ​ឱ​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា កម្មករ​ប្រមាណ ៤០ ភាគរយ​ជំពាក់​បំណុល​ធនាគារ​រហូត​ដល់​ទៅ ៣​កន្លែង ដោយសារ​ពួកគាត់​ខ្ចី​ពី​កន្លែង​មួយ​យក​ទៅ​សង​កន្លែង​មួយទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន និង​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ កាលពី​ថ្ងៃទី១៦ វិច្ឆិកា។

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា នៅ​រយៈកាល​ចុងក្រោយ​នេះ មាន​រោងចក្រ​ចំនួន ៩ ក្នុងចំណោម​រោងចក្រ​ជិត ៤០ ដែល​មាន​សមាជិក​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ព្យួរការងារ​កម្មករ ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ និង​មួយចំនួន​បិទទ្វារ​ដោយ​គ្មាន​មូលហេតុ​។ លោក​យល់​ឃើញ​ថា ប្រឈម​នឹង​បញ្ហា​នេះ រដ្ឋាភិបាល គួរ​បង្កើត​ទីផ្សារ​ការងារ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយសង្គ្រោះ​កម្មករ​រោងចក្រ ដែល​បាត់បង់ ឬ​ត្រូវ​ព្យួរ​ការងារ ឱ្យ​មាន​លទ្ធភាព​ដោះស្រាយ​ជីវភាព និង​សងបំណុល​ធនាគារ។

លោក ប៉ាវ ស៊ីណា៖ «ការ​បណ្ដុះបណ្ដាល​ជំនាញ ស្រប​ទៅ​តាម​គោលនយោបាយ ដែល​រដ្ឋាភិបាល​កំពុង​តែ​ដាក់ចេញ​ហ្នឹង​គឺជា​រឿង​ចាំបាច់​ហើយ ប៉ុន្តែ​បើសិនជា​យើង​មាន​ជំនាញ តែ​ខ្វះ​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា ក៏​យើង​នឹង​ពិបាក​ដែរ​។ អ៊ីចឹង បើ​មាន​ជំនាញ​ហើយ ទាល់​តែ​មាន​ការងារ​ទៀត​។ ដូច្នេះ​ទាំងអស់​នេះ​ហើយ ទើប​បាន​វា​ឆ្លើយតប​គ្នា»

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ រោងចក្រ​ចំនួន​ជិត ៥​រយ (៤៩១) បាន​បិទទ្វារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​និយោជិត​សរុប​ជិត ៦​ម៉ឺន​នាក់ (៥៩.០០០) និង​មាន​រោងចក្រ​សហគ្រាស​ចំនួន​ជាង ១​រយ (១០២) បាន​ព្យួរ​ការងារ។ ចំណែក​ខាង​សហជីព​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​រយៈពេល​៨​ខែ ឆ្នាំ​២០២៣ នេះ មាន​រោងចក្រ​ចំនួន ៤០ ដែល​បាន​ប្រកាស​ក្ស័យធន និង​បិទទ្វារ ខណៈ​រោងចក្រ​មួយចំនួន បាន​កាត់បន្ថយ​ចំនួន​កម្មករ ឬ​ម៉ោង​ការងារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់ខែ​កម្មករ។ ដោយឡែក ថ្មីៗ​នេះ​សហជីព​ឱ្យ​ដឹង​ថា មាន​រោងចក្រ ២០​បន្ថែម​ទៀត បាន​ប្រកាស​បិទទ្វារ​ផង​ដែរ។

កម្មករ និង​សហជីព ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​បន្ត​អនុគ្រោះ​ពន្ធ GSP ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក មកវិញ ដោយ​ពួកគាត់​យល់​ឃើញ​ថា មានតែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ប៉ុណ្ណោះ ដែល​អាច​ទាក់ទាញ​វិនិយោគិន ឱ្យមក​បើក​រោងចក្រ​ក្នុងស្រុក​កាន់តែ​ច្រើន ដែល​ផ្ដល់​ការងារ​ឱ្យ​ពួកគាត់​បាន​ធ្វើ​ដោយ​គ្មាន​ហានិភ័យ​ពី​ការ​បិទទ្វារ​រោងចក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។