សហជីព​ជំរុញ​ឲ្យ​​​ផ្អាក​ការងារ​​​​​​​តាម​រោងចក្រ​រយៈ​ពេល​ខ្លី ​ដើម្បី​​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ដែលឆ្លង​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​

ដោយ មួង ណារ៉េត
2021-05-25
Share
សហជីព​ជំរុញ​ឲ្យ​​​ផ្អាក​ការងារ​​​​​​​តាម​រោងចក្រ​រយៈ​ពេល​ខ្លី ​ដើម្បី​​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ដែលឆ្លង​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​ ​ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់ ព្រួយ​បារម្ភ​ថា ស្ថានភាព​ឆ្លង​តាម​រោង​ចក្រ នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត បើ​សិនជា​អាជ្ញាធរមិន​​ចាត់​​វិធានការ​បិទ​​រោងចក្រ​​​ ដែល​កំពុង​​ឆ្លង​ជំងឺ​កូវីដ​១៩ ​ទាំង​ស្រុង​​ជា​បន្ទាន់​​ទេ។
រូប៖ RFA

ជំងឺ​កូវីដ​១៩ កំពុង​ឆ្លង​កាន់​តែ​​ច្រើន​តាម​​បណ្ដា​​​​រោងចក្រទាំង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ និង​នៅ​​តាម​បណ្តា​​ខេត្ត។ ការ​​ឆ្លង​​នេះ គឺ​​ក្រោយ​​ពេល​​អាជ្ញាធរ​​បាន​​បន្ធូរ​បន្ថយ​​តំបន់​​បិទ​​ខ្ទប់ ឲ្យ​​នៅ​​រួម​តូច​​បំផុត និង​​បើក​ផ្លូវ​​ឲ្យ​ពលរដ្ឋ​អាច​​ធ្វើ​ដំណើរ​​ឆ្លង​​ខេត្តដោយ​​សេរី និង​អនុញ្ញាតឲ្យបើក​ដំណើការ​ការងារ​និង​អាជីវកម្មឡើង​វិញ។

​​ប្រធាន​​សហភាព​​ការងារ​​កម្ពុជា​លោក អាត់ ធន់ ព្រួយ​​បារម្ភ​​ថា ស្ថានភាព​​ឆ្លង​​តាម​​រោង​ចក្រ នឹង​​កាន់​​តែ​​ធ្ងន់ធ្ង​រ​​ជាង​នេះ​​ទៅ​​ទៀត បើ​សិន​ជា​​អាជ្ញាធរមិន​​ចាត់​​វិធានការ​បិទ​​រោងចក្រ​​​ ដែល​កំពុង​​ឆ្លង​ជំងឺ​កូវីដ​១៩ ​ទាំង​ស្រុង​​ជា​បន្ទាន់​​ទេ។ ជាមួយ​នឹង​ការ​ជំរុញ​នេះ​​ លោក​ស្នើសុំ​ឲ្យ​​ក្រសួង​ការងារអន្តរាគមន៍​ទៅ​ថៅកែ កុំ​ឲ្យ​កាត់​​​ប្រាក់​ឈ្នួល និង​ត្រូវ​រក្សា​ប្រាក់​អត្ថប្រយោជន៍​ទាំង​អស់ឲ្យ​កម្មករក្នុង​ពេល​ផ្អាក​ការងារ​នោះ។ លោកក៏​ស្នើសុំ​ឲ្យ​ក្រសួង​ការងារជួយ​ទំនុក​បម្រុង​ស្បៀង​អាហារ​សម្រាប់​កម្មករ​ក្នុង​ពេល​ផ្អាក​ការងារ​រយៈ​ពេល​ខ្លី​នេះ​ដែរ៖ «​ផ្អាក​វា​ប៉ះពាល់​ហើយ ធម្មតា​ឥវ៉ាន់​បញ្ជូន​មិន​ទាន់​ទៅ​ឲ្យ​ក្រុម​​អ្នក​បញ្ជា​ទិញ​។ វា​អាច​ផ្ទេរ​ពី​ក្រុមហ៊ុន​មួយ ទៅ​ក្រុម​ហ៊ុន​មួយ​ ហើយ​វា​អាច​ធ្វើ​ឲ្យ​គរ ឬ​ក៏​ស្ទះ​ អា​ខ្សែ​សង្វាក់​ផលិត​កម្ម​ ​Order នៅ​ខែ​បន្តៗ​ទៀត។ ចំណែក​កម្មករ អត់​មាន​លុយ តែ​ផ្អាក​ទៅ​អត់​មាន​លុយ​។ ដល់​អ៊ីចឹងបាន​ថា ផ្អាក​តែ​កន្លែង​ណា​ដែល​កើត ខ្ញុំ​គិត​ថា វា​ជា​វិធី​មួយ​ដែរ ធ្វើ​ម្ដេច​តាមដាន​ឲ្យ​ច្បាស់​លាស់​ ហើយ​ចាប់​ផ្ដើម​ផ្អាក​មួយ​សប្ដាហ៍​ដំបូង​សិន​ទៅ ដើម្បី​រក​មើល​ប្រភព​ចម្លង ហើយ​និង​ទំនាក់​ទំនង។ បន្ទាប់​មក​យើង​អាច​កាត់​ផ្ដាច់​បាន​ហើយ។ ត្រូវ​ផ្អាក ឬ​ក៏​ត្រូវ​ឲ្យ​ដំណើរ​ការ​ឡើងវិញបាន​ហើយ​»។

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​មួយ​ចំនួនបង្ហាញ​ថា ​តួលេខ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​អ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ ភាគច្រើន​នៅ​តាម​រោងចក្រ ដូច​ជា ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​មួយ​ចំនួននៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង រោងចក្រ​​ជា​ច្រើននៅ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​តាកែវ ខេត្ត​កំពង់ស្ពឺ និង​​នៅ​ខេត្ត​ព្រះសីហនុ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈលោក ហេង សួរ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និង​ លោក លី សុវណ្ណ បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​​ជំងឺ​កូវីដ​១៩ នៅ​តាម​រោងចក្រ​នេះ។

ប៉ុន្តែ​រដ្ឋបាល​រាជធានីភ្នំពេញនៅ​រសៀល​ថ្ងៃទី២៤ ខែឧសភា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូវីដ១៩ ចំនួន ២៤៥ នាក់ ដែល​បាន​រកឃើញ​ថ្មីក្នុង​នោះ​ភាគ​ច្រើន​លើស​លុប ​គឺជា​កម្មករោងចក្រ ហើយ​ក៏មាន​ករណី​ឆ្លង​ដល់​ព្រះសង្ឃ​ជាលើក​ដំបូង​ផងដែរចំណែក​នៅឯ​ខេត្តស្វាយរៀង​វិញ រដ្ឋបាល​​ខេត្ត​​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​កាលពី​ថ្ងៃ២៣​ ខែឧសភា ដោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកឆ្លង​ជំងឺកូវីដ​ជាង​មួយ​រយ (១០១) នាក់ ដែល​សុទ្ធសឹង​តែជា​កម្មករ​នៅ​រោងចក្រ​​យូលី (YOU LI INTERNATIONAL (CAMBODIA) GARMENTS CO., LTD.) នៅ​ខេត្ត​ស្វាយរៀង​​។

សន្តិសុខ​​​​រោងចក្រ​យូលី​ (YOU LI) ​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​លោក ប៉ោ វ៉ាន់នី​ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ​មាន​អគារ​ចំនួន​ ២​ ក្នុង​រោងចក្រ​ ត្រូវ​បាន​បិទ​ខ្ទប់ មិន​ឲ្យ​កម្មករ​​ចេញ​ក្រៅ​ដាច់​ខាត​។ លោក​ថា ​អាជ្ញាធរ តម្រូវ​ឲ្យ​កម្មករ​ក្នុង​អគារ​ទាំង ​២ ដែល​ក្នុង​នោះ មាន​​ប្រពន្ធ​របស់​លោក​ម្នាក់​ផង ត្រូវបាន​យក​សំណាកទៅពិនិត្យ និង​ស្នាក់​នៅ​ក្នុង​អគារ​មួយ​រយៈ រហូត​ដល់​មាន​ការ​អនុញ្ញាត​ ទើប​អាច​ចេញ​ក្រៅ​អគារ​បាន​។ សន្តិសុខ​រូប​នេះ ​ឲ្យ​ដឹង​ទៀត​ថា ​កម្មករ​នៅ​អគារ​ផ្សេង​ទៀត ក្នុង​រោងចក្រ​ កំពុង​​ធ្វើការ​​ធម្មតា និង​​អាច​ធ្វើ​ដំណើរ​​ទៅ​ផ្ទះ​បាន៖ «ចេះ​តែ​មាន​ការ​បារម្ភ​ខ្លះ គ្រាន់​តែ​ថា បើ​យើង​តក់ស្លុត​ខ្លាំង ក៏​វា​ពិបាក​ដែរ​ណា។ អ៊ីចឹង​ហើយ យើង​ធ្វើ​ធម្មតា។ កម្មករ​ ដែល​រក​ឃើញ ​(​ឆ្លង​កូវីដ)​ គឺ​គាត់​យក​ទៅ ខាង​ក្រសួង​សុខាភិបាល​។ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ចត្តាឡីស័ក ​១៤​ថ្ងៃ​ហ្នឹង គឺ​គ្រាន់​តែ​កម្មករ ដែល​សង្ស័យ​ទេ។ ដល់​អ៊ីចឹង គេ​គ្រាន់​តែ​ឃុំ​ទៅ​នៅ​ហ្នឹង អត់​ឲ្យ​ទៅ​ណា​ទេ»។

ចំណែក​​​កម្មករ​តាម​រោងចក្រ​ផ្សេង​ទៀត ដែល​មិន​​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ចូល​ដល់ ក៏​បង្ហាញ​ការ​បារម្ភ​ពី​ការ​ឆ្លង​ដែរ។ កម្មការិនី​ម្នាក់ ធ្វើការ​នៅ​រោងចក្រ​​ ជេ ឌី (JD) នៅ​​ស្រុក​បាទី ខេត្ត​តាកែវ កញ្ញា ណុប សុផា ថ្លែងថា នាង​ទ្រាំ​ធ្វើការ​ទាំង​អារម្មណ៍​ភ័យ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩។ ​​កញ្ញា​អះអាង​ថា កម្មករ​ទាំង​អស់ គ្មាន​លទ្ធភាព ​ឈប់​​សម្រាក​​​ទេ ទើប​បង្ខំ​ចិត្ត​នាំ​គ្នា​មក​ធ្វើការ​ដូច​ធម្មតា។ កម្មការិនី​រូប​នេះ​ស្នើ​​ថា​​ ក្នុង​ករណី​រោងចក្រ​ជេឌី មាន​កម្មករ​ឆ្លង​ជំងឺ​កូវីដ​១៩ គឺ​សុំ​ឲ្យ​ក្រសួង​ការងារជួយ​អន្តរាគមន៍​ឲ្យ​កម្មករ​​បាន​​ឈប់​សម្រាក ​​ធ្វើ​ចត្តាឡីស័ក ​ដោយ​កុំ​កាត់​ប្រាក់​ឈ្នួល​របស់​ពួក​គាត់៖ «ពួក​ខ្ញុំ ការ​ងារ​មាន​តិចៗ​ធ្វើ ​អត់​មាន​ម៉ោង​ថែម​ទេ ធ្វើ​ធម្មតា​អ៊ីចឹង​ណា។ សម្រាប់​អគារ​គេ​អ្នក​កើត​ ​ដូច​ថា ធម្មតា​អគារ​វា​ធំ​ មួយ​ទាំង​មូល។ អ៊ីចឹង ចំណុច​ណា​ដែល​កើត ហើយ​ចំណុច​ណា​ ដែល​មាន​ពាក់ព័ន្ធ​គឺ​គេ​ឲ្យ​ពួកគាត់​ហ្នឹង​ផ្អាក​។ តែ​កន្លែង​ណា ​អត់​មាន​ពាក់ព័ន្ធ​គេ​ ឲ្យ​គាត់​នៅ​ធ្វើ។ តែ​គ្រាន់​ថា ចេញ​ម៉ោង ​៤ ​អ៊ីចឹង​ទៅ​ណា។ អា​ហ្នឹង វា​ដើរ​ទន្ទឹម​គ្នា អា​ខ្លាច ហើយ​និង​អត់​លុយ​ហ្នឹង»។

ជុំវិញ​​ការ​ឆ្លង​នេះ អាស៊ី​សេរី ​បាន​ព្យាយាម​សុំ​​ការ​បញ្ជាក់​ពី​​​អគ្គ​លេខាធិការ​សមាគម​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជាលោក ខេន លូ តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល​។​ ដោយឡែក អគ្គ​លេខាធិការ​រង​សមាគម​ស្បែកជើងលោក ងួន ចាន់​ណារ៉ា ប្រាប់​ថា ខាង​លោក​ មិន​ទាន់​មាន​តួលេខ​ជាក់លាក់ ​ពី​ការ​ឆ្លង​នេះ​ទេ។ ​លោក​បញ្ជាក់​ថា សមាជិក​ទាំង​អស់​ នឹង​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​ការងារ​ជានិច្ច​ ខណៈ​ការ​​ឆ្លង​ថ្មីៗ​នេះ​ មិន​ទាន់​ប៉ះពាល់​ ដល់​សង្វាក់​ផលិត​កម្ម​​​ការ​​ផលិត​ស្បែកជើង​នៅ​ឡើយ​​​​ទេ៖ «បើ​សិន​ជា​មាន​វិជ្ជមាន​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិត​កម្ម​មួយ​ណា គឺ​យើង​អនុវត្ត​តាម​ក្រសួង​ក្នុង​ការ​ស្វែង​រក​អ្នក​​ដែល​ទាក់​ទង​ផ្ទាល់ និង​ប្រយោគ។ អ៊ីចឹង យើង​អាច​នឹង​ផ្ដាច់​សង្វាក់​ផលិតកម្ម​ព្យួរ​មួយ​រយៈ មួយ​Line ហ្នឹង​ទៅ ហើយ​អ្នក​មិន​ប៉ះពាល់​ នៅ​ដំណើរ​ការ​ធម្មតា»។

រយៈពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ ចំនួន​អ្នក​ស្លាប់ និង​អ្នក​ឆ្លងជំងឹ​កូវីដ ចាប់​ផ្តើមកើន​ឡើង​វិញ ជា​បន្ត​បន្ទាប់ ហើយ​អ្នក​ឆ្លង​ភាគ​ច្រើន គឺជា​កម្មករ​រោងចក្រ។ សេចក្ដី​ជូន​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា បង្ហាញ​​​​ថា ​​អ្នក​ជំងឺ​កូវីដ​១៩ ចំនួន ​៣ នាក់​ទៀតស្លាប់​។ ចំនួន​នេះ បាន​ធ្វើ​ឲ្យ​​អ្នក​ស្លាប់​សរុប​ កើន​ដល់​ជិត​ពីរ​រយ (១៧៩) ​នាក់។ ចំណែក​អ្នក​ឆ្លង​ថ្មី នៅ​ថ្ងៃ​ដដែល​នេះ មាន​ជិត​ប្រាំ​មួយ​រយ (៥៥៦) ​នាក់។ អ្នក​ជំងឺជា​សះ​ស្បើយ​ជាង​ប្រាំ​មួយ​រយ (៦៥៨)​ នាក់។ មក​ដល់​ពេល​នេះ កម្ពុជាបាន​រក​ឃើញ ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ជាង​ពីរ​ម៉ឺន​ (២៥.៧៦១)​នាក់ ហើយ​បាន​ព្យាបាល​ជា​សះ​ស្បើយ ជាង​ពាក់​កណ្ដាល (១៨.៣៥៩​នាក់​)៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល