ពលរដ្ឋ​រស់នៅ​ខេត្តស្វាយរៀង​ត្អូញត្អែរ​ថា អាជ្ញាធរ​ធ្វើ​ផ្លូវ​គ្មាន​គុណភាព

ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៣ ក្នុងស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​រអ៊ូរទាំ ផ្លូវថ្នល់​គ្មាន​គុណភាព នៅតែ​ជា​បញ្ហា​ដដែលៗ​គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ អ្នកភូមិ​បារម្ភ​ថា បញ្ហា​នេះ​អ្នក​ដែល​រងគ្រោះ​ញឹកញាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​សិស្សានុសិស្ស។

ផ្លូវលំ​មួយ​ខ្សែ​ក្រាល​កៅស៊ូ​មាន​ប្រវែង​ជាង ២០ គីឡូម៉ែត្រ​ចាប់ពី​ខ្លោងទ្វារវត្ត​ក្រោលគោ ជាប់​ផ្លូវជាតិ​លេខ​០១ ក្នុង​ឃុំ​ក្រោលគោ ឆ្ពោះ​ទៅ​កាន់​ឃុំ​ឈើទាល និង​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម​កំពុង​ប្រឈម​ការ​ខូច​ជា​បណ្តើរៗ ខណៈ​អាជ្ញាធរ​ទើបនឹង​សាងសង់​រួចរាល់​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​។​

ពលរដ្ឋ​រស់នៅ​អម​សាង​ខាង​ផ្លូវ ក្នុង​ឃុំ​ឈើទាល លោក ជា គា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ១៣ សីហា​ថា ផ្លូវ​គ្មាន​គុណភាព​បែបនេះ ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ដល់​អ្នកដំណើរ ព្រោះ​មាន​ជង្ហុក​ច្រើន ដាច់​ជា​កង់ៗ​។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​កសាង​ផ្លូវ ប្រើប្រាស់​បានតែ ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ឬ​យ៉ាងហោចណាស់​ក្នុង​មួយឆ្នាំ​ត្រូវធ្វើ​ឡើងវិញ​ម្តង​ទៀត។

លោក ជា គា៖ «​ពិបាក​ដែរ​ផ្លូវ​រហូត​តាំងពី​ក្រោលគោ​មក​គឺ​មាន​ជង្ហុក​ទាំងអស់ គេ​ធ្វើ​រាល់​ឆ្នាំ​ហើយ​ធ្វើ​មិនដែល​ទំនេរ​ទេ​ផ្លូវ​ហ្នឹង​រាល់​ឆ្នាំ​អត់​ខាត ងាកៗ​ខូច​អ្នក​ខូច​អ៊ីចឹង»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ឃុំ​គ្រួស ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ រស់​នៅ​តាម​បណ្តោយ​ដងផ្លូវ​នេះ ក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​ស្វាយជ្រំ បាន​ចាត់ទុក​ផ្លូវ​មួយ​ខ្សែ​នេះ ជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ក៏ប៉ុន្តែ​គុណភាព​ផ្លូវ​មិនបាន​ឆ្លើយតប​នឹង​តម្រូវការ​ចាំ​របស់​របស់​ពលរដ្ឋ​នៅឡើយ​ទេ​។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល កសាង​ផ្លូវ​នេះ​មាន​គុណភាព គ្មាន​អំពើពុករលួយ និង​ទទួលយក​មតិយោបល់ ពី​ពលរដ្ឋ​ចូលរួម​កែ​លម្អ​លើ​គម្រោង​អភិវឌ្ឍន៍​នេះ។

ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ផ្លូវ​ហ្នឹង​បើ​និយាយ​ទៅ​វា​ចេញ​ច្រកព្រំដែន វា​ផ្លូវ​ចេញ​ចូល​រហូត​ហ្នឹង​ផ្លូវ​ហ្នឹង ប៉ុន្តែ​គេ​ធ្វើ​មិនទាន់​បាន​មួយឆ្នាំ​ស្រួលបួល​ផង​ចាប់ផ្ដើម​ក្រហែង​ក្រហូង ឥឡូវ​វារ​លាយ​អស់ហើយ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​កា​របំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​អភិបាល​ខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១៣ និង​១៤ សីហា។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ករណី​នេះ​ឡើងវិញ ដោយ​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​មក​ទទួលខុសត្រូវ​។ លោក​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ដោះស្រាយ​ករណីនេះ បញ្ហា​នេះ​នឹង​បន្ត​កើតមាន​ដដែលៗ។

លោក យង់ គិមអេង៖ «ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​បាន​ច្រើន​នៅក្នុង​ដំណើរ​ការ​ធ្វើ​ផ្លូវ​ហ្នឹង​គឺ ធ្វើជា​ភ្នែក​ជា​ច្រមុះ​និង​តាមដាន​មើល​ថា​ការ​ធ្វើ​នោះ​គោរព​ស្តង់ដារ​ឬ​មិន​គោរព ក្នុង​នោះ​អាច​រៀបចំ​ជា​ប្រព័ន្ធ​ឱ្យ​បាន​ប្រសើរ​តាំង​ពីលើ​រហូតដល់​ក្រោម​ដោយ​តម្លាភាព ខ្ញុំ​ជឿ​ថា ប្រហែលជា​គុណភាព​ហ្នឹង​ត្រូវ​បាន​កែ​លម្អ​ជា​រឿង​មួយ​សំខាន់»។

ច្បាប់​ស្តីពី​ផ្លូវថ្នល់ ឆ្នាំ​២០១៤ មាត្រា ៥២ ចែងថា ត្រូវ​ដាក់​ទោសទណ្ឌ​ឬ​ពិន័យ​ចំពោះ​បុគ្គល​ឬ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​គ្មាន​បច្ចេកទេស​ព្រមទាំង​បុគ្គល​ធ្វើ​ឱ្យ​ប៉ះពាល់​ឬ​ខូចខាត​ផ្លូវថ្នល់​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ច្បាប់​នេះ មិន​ទាន់​ឃើញ​រដ្ឋាភិបាល​យក​មក​អនុវត្ត​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។