ការងើបឡើងវិញនៃតម្លៃកសិផលបានបន្តិចនេះ គឺមិនទាន់អាចធ្វើឲ្យកសិកររួចថ្លៃដើម កាលពីពេលដំណាំធ្លាក់ចុះខ្លាំង និងអំឡុងពេលអាជ្ញាធរបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះឡើយ ស្របពេលដែលកសិករជាច្រើននាំគ្នាបោះបង់មុខរបរដាំដុះ ហើយងាកទៅរកការងារធ្វើចំណាកស្រុកទាំងគ្រួសារនោះ។
កសិករដាំសាឡាត់ និងខ្ទឹម នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល លោក ប៊ុន លី ឲ្យដឹងថា កសិករជាច្រើននាក់ ដែលធ្លាប់តែខាតធ្ងន់ធ្ងរ នាំគ្នាកាត់បន្ថយការដាំដុះពី ៣០ ទៅ ៥០ ភាគរយគ្រប់គ្នានៅមួយរយៈចុងក្រោយនេះ ទើបធ្វើឲ្យតម្លៃបន្លែបានងើបឡើងវិញបន្តិច។
ទន្ទឹមគ្នានេះលោកថា ខាងវៀតណាមក៏បានកាត់បន្ថយការនាំបន្លែចូលមកកម្ពុជាដែរ ដោយសារវិបត្តិជំងឺកូវីដ១៩(Covid-19)។ លោកបន្តថា សាឡាត់ ដែលធ្លាប់តែចុះថោកហៅមិនលឺ ឥឡូវបានថ្លៃជាងមួយពាន់ (១,២០០) រៀល ក្នុងមួយគីឡូ ខណៈបន្លែផ្សេងទៀត ដូចជាស្ពៃក្ដោប ស្ពៃក្រញាញ់ និងខ្ញី ជាដើម មានតម្លៃគ្រាន់បើឡើងវិញបន្តិច។ ទោះជាយ៉ាងណា កសិកររូបនេះនៅមិនទាន់ហ៊ានប្រថុយបង្កើនការដាំដុះឲ្យបានច្រើនដូចមុនវិញនោះទេ ព្រោះមិនទាន់ទុកចិត្តទាំងស្រុង និងបារម្ភ ខ្លាចអាជ្ញាធរបិទផ្សារទ្រង់ទ្រាយធំម្ដងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់កសិផលរបស់លោកមិនអាចលក់ចេញ៖ « បើសិនជាអាការបង្ហូរចូល នាំចូល ( បន្លែ ) មកច្រើន អ៊ីចឹងកសិកម្មយើងក្នុងស្រុកហ្នឹងរាំងស្ទះខ្លាំងហើយ។ កសិករអត់ដឹងថាអាលំហូរចូលហ្នឹងវាមានបន្លែណាខ្លះ។ អ៊ីចឹងដល់ពេលកសិករដាំចំបន្លែហ្នឹងដែរគឺខាត។ តែបើយើងមានលំនឹងមួយថា ការនាំចូលឲ្យមានកំណត់ឬកាត់បន្ថយរឹតបន្តឹងបន្ដិចទៅបន្លែក្នុងស្រុកយើងមានលំនឹងហើយធម្មតាវិញហើយ»។
កសិករនៅក្បែរព្រំដែនថៃឯណោះវិញ ក៏អះអាងថា ដំឡូងមី និងពោត មានតម្លៃគ្រាន់បើជាងឆ្នាំមុនដែរ។ កសិករនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក បូ សួរ ឲ្យដឹងថា ថៃបានចូលទៅទិញកសិផលដល់ចម្ការ និងមានតម្លៃល្អជាងឆ្នាំមុនៗ។
លោកឲ្យដឹងថា ដំឡូងមីស្ងួត ដែលធ្លាប់លក់នៅឆ្នាំមុន បានតែមួយគីឡូក្រោម ២បាត ស្មើប្រមាណ ២៥០ រៀល ឥឡូវអាចលក់បានជាងប្រាំមួយ (៦.៧០) បាត ឬជាង ៨ ដុល្លារក្នុងមួយគីឡូក្រាម ហើយពោតក៏លក់បានជាងបួន (៤.៥០) បាតដែរ ឬប្រមាណជិត ៦រយរៀលក្នុងមួយគីឡូ។ ប៉ុន្តែស្ថានភាពកសិករនៅក្បែរទល់ដែនថៃនោះ ក៏ដូចគ្នានឹងនៅកន្លែងផ្សេងទៀតដែរ គឺការដាំដុះមានការថយចុះជាងមុន ដោយសារកសិករខ្លះបោះបង់ការដាំដុះកាលពីឆ្នាំមុនៗ ហើយចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស៖ « ភាគច្រើនគឺតម្លៃដំឡូងនឹងពោតស្មើគ្នា ព្រោះការទំនាក់ទំនងខ្មែរយើងនិងថៃហ្នឹងវាល្អ វាយ៉ាប់តែមួយមុខទេអូន គឺកូវីដ ហើយបន្ទាយមានជ័យយើងកើតច្រើនឥឡូវហ្នឹងណា»។
កសិករម្នាក់ទៀតរស់នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក ត្រែក សុខជា ជាអ្នកដាំទុរេន សាវម៉ាវ និងមង្ឃុត ឲ្យដឹងថា ឆ្នាំនេះ ផ្លែឈើហូបផ្លែទាំងនេះទទួលបានផល និងមានតម្លៃគ្រាន់បើ ដោយសារមិនសូវសម្បូរការនាំចូលពីប្រទេសក្បែរខាងដូចឆ្នាំមុនៗ។ ទោះយ៉ាងណា លោកសង្កេតឃើញថា ក្នុងរដូវប្រមូលឆ្នាំនេះ មានខ្យល់កន្ត្រាក់ខ្លាំង ដែលធ្វើឲ្យទុរេនជ្រុះផ្លែខូចច្រើនកាលពីពេលចេញក្ដឹប និងនៅខ្ចី។ លោកបន្តថា ទោះជាទុរេនលក់បានថ្លៃ តែការដាំដុះដំណាំនេះមានការលំបាក និងត្រូវចំណាយទុនច្រើន ហើយត្រូវការការថែទាំគ្រប់ដំណាក់កាល ទើបធ្វើឲ្យការលក់កសិផលមិនសូវចំណេញ៖ « បាទ ! ផ្លែគួរសម។ តម្លៃដើមដៃបានថ្លៃ ចុងដៃរាងចុះដែរ។ ទុរេនលក់១៦ . ០០០រៀល កាលដំបូងបាន២២ . ០០០រៀល។ ទុរេនឆ្នាំនេះរាងថ្លៃជាងឆ្នាំទៅ»។
កាលពីខែមេសា និងខែឧសភា កសិករជាច្រើនបានត្អូញត្អែរសឹងគ្រប់ទីកន្លែងពីការលក់កសិផលមិនចេញ ដោយសារតែការបិទផ្សារធំៗ និងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។ វិបត្តិកាលនោះ បានធ្វើឲ្យកសិករខ្លះភ្ជួរផលដំណាំចោល និងខ្លះទៀតរាងចាលលែងហ៊ានដាំដុះរហូតមកដល់ពេលនេះ។
ទោះជាកសិករធ្លាប់អះអាងពីការលក់កសិផលមិនដាច់ក៏ដោយ តែរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា កម្ពុជាទទួលបានចំណូលពីការនាំចេញក្នុងត្រីមាសដំបូង ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើង ៨៤ ភាគរយ។ របាយការណ៍ដដែលបង្ហាញថា រយៈពេល ៦ ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលទៅ ជាងហុកសិប (៦២) ប្រទេស សរុបកសិផលជាងបួនលាន (៤លាន) តោន និងទទួលបានទឹកប្រាក់ជាងពីរពាន់លាន (២.៥៧១លាន)ដុល្លារ។ កសិផលទាំងនោះមានដូចជា ស្រូវ (១លានតោន) អង្ករ (២៨ម៉ឺនតោន) ដំឡូងមីក្រៀមឬស្ងួតជាង (១លានតោន) គ្រាប់ស្វាយចន្ទី( ៨៤ម៉ឺនតោន) ផ្លែចេកស្រស់ (២៣ម៉ឺនតោន) ផ្លែស្វាយស្រស់ (៦ម៉ឺនតោន) និងម្រេច (១ម៉ឺនតោន)ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ស្រី វុឌ្ឍី និងអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហ៊ន បានទេ នៅថ្ងៃទី២១ ខែកក្កដា។ ទោះជារបាយការណ៍ក្រសួងបង្ហាញថា ការនាំចេញបានច្រើន តែអ្នកជំនាញកសិកម្មសង្កេតឃើញថា កសិករនៅតែប្រឈមបញ្ហាគ្មានទីផ្សារសម្រាប់លក់ចេញទាំងនៅក្នុងស្រុក និងក្រៅស្រុកដដែល ខណៈអាជ្ញាធរហាក់មិនសូវអើពើនឹងវិបត្តិនេះសោះ។
ប្រធានសមាគមកសិករដើម្បីអភិវឌ្ឍជីវភាព (FALD) លោក ស៊ុម ម៉ាណែត ឲ្យដឹងថា កសិករដែលធ្លាប់ដាំដុះទ្រង់ទ្រាយធំបាននាំគ្នាទម្លាក់ដៃ ងាកមកដាំដុះខ្នាតតូច ឬតាមលក្ខណៈគ្រួសារវិញ។ លោកថា កសិករនៅតែជួបបញ្ហាខ្ចីបុលធនាគារមកដាំដុះ ហើយពេលដាំបានលក់កសិផលមិនចេញដដែល ហើយនេះជាបញ្ហារ៉ាំរ៉ៃកើតឡើងដដែលៗ ដែលមិនអាចរកដំណោះស្រាយបាន។
លោកបន្តថា មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានត្រឹមតែណែនាំទ្រឹស្ដី តែមិនបានចុះទៅបណ្ដុះបណ្ដាលបច្ចេកទេសការដាំដុះ ការផ្ដល់ទុន ឬកម្ចីការប្រាក់ទាប និងបានជួយរកទីផ្សារឲ្យលក់ចេញទេ ទើបបញ្ហានេះរកផ្លូវចេញមិនរួច។ លោកយល់ថា កសិករនឹងបោះបង់មុខរបរដាំដុះ ស្រែចម្ការ ហើយលក់ដីចោល រួចនាំគ្នាធ្វើចំណាកស្រុកវិញ ប្រសិនបើមិនអាចដោះស្រាយវិបត្តិនេះបាន។ លោកជំរុញឲ្យអាជ្ញាធរ និងមន្ត្រីជំនាញរកយន្តការដោះស្រាយវិបត្តិគ្មានទីផ្សារ ទើបអាចលើកទឹកចិត្តឲ្យកសិករងាកមកប្រកបវិស័យកសិកម្មឡើងវិញ៖ « អាជ្ញាធរមូលដ្ឋានគួរតែធ្វើយ៉ាងម្ដេចគឺអាចជួយដូចជាគ្រាប់ពូជ គ្រាប់អ្វីទៅ លើកទឹកចិត្តឲ្យគាត់មានការដាំដុះអ្វីឡើងវិញអ៊ីចឹងទៅ។ មានតែ៣ជម្រើសហ្នឹង ដែលអាចធ្វើឲ្យប្រជាកសិករដែលគាត់បោះបង់ការដាំហ្នឹង ងាកមកដាំឡើងវិញ ក៏ដូចជាប្រជាកសិករដែលគាត់ដាំហើយ បានផលហើយ គួរតែឲ្យគាត់ព្យាយាមដាំបន្តទៀត ដើម្បីឲ្យកសិករនៅក្នុងស្រុកយើងមានការងារធ្វើច្បាស់លាស់ ហើយជៀសវាងការចំណាកស្រុកទៅស្រុកគេ»។
កាលពីខែមេសា ឆ្នាំ២០២០ ក្នុងពេលជំងឺកូវីដ១៩ទើបតែផ្ទុះឡើងនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យកម្មករ និងពលករនាំគ្នាបង្កើនការដាំដុះនិងចិញ្ចឹមសត្វ ពិសេសត្រីអណ្ដែង ដោយលោកសន្យាថា អាជ្ញាធរនឹងជួយផ្គត់ផ្គង់ពូជ និងបច្ចេកទេសតាមក្រោយ ដើម្បីទប់ទល់នឹងវិបត្តិគ្មានការងារធ្វើក្នុងស្ថានភាពការឆ្លងកូវីដ១៩។ ប៉ុន្តែជាងមួយឆ្នាំហើយ កសិករអះអាងថា មិនទទួលបានការផ្គត់ផ្គង់ដូចការសន្យាទេ។ បន្ថែមពីនោះ នៅពេលពលរដ្ឋបង្កើនការដាំដុះ បែរជាគ្មានទីផ្សារលក់ចេញ ហើយថែមទាំងជំពាក់បុលធនាគារវ័ណ្ឌកទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។