របបក្រុងភ្នំពេញចាត់ទុករបាយការណ៍លាងលុយកខ្វក់នៅកម្ពុជាថា អាចជារឿងនយោបាយ
2019.02.23

មន្ត្រីរដ្ឋាភិបាលបដិសេធថា កម្ពុជាមិនមែនជាប្រទេសសម្រាប់បរទេសលាងលុយកង្វក់នោះទេ។ ការលើកឡើងនេះ ដោយសារតែ ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក ដាក់បញ្ចូលកម្ពុជាក្នុងបញ្ជី «ប្រផេះ» នៃក្រុមប្រទេសងាយរងគ្រោះនឹងអំពើលាងលុយកខ្វក់។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២២ កុម្ភៈ ថា អាចមានហេតុផលនយោបាយនៅពីក្រោយចំណាត់ការរបស់ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់របស់ពិភពលោកមួយនេះ។ លោកបដិសេធថា មិនមានករណីលាងលុយកខ្វក់នៅកម្ពុជានោះទេ៖ «យើងមានភ្នាក់ងារបរទេសអង្គុយនៅជាមួយចាំជួយប្រឹក្សាដល់ធនាគារកណ្ដាលរបស់យើង ក្នុងន័យបច្ចេកទេស។ ដូច្នេះ យើងមិនអាចធ្វើអ្វីមួយដែលលាក់បាំងភ្នែករបស់គេបានទេ ពីព្រោះគេនៅទទួលបន្ទុកនៅប្រតិបត្តិការជាមួយយើងហ្នឹងឯង។ ទឡ្ហីករណ៍របស់ខ្ញុំ ឈរទៅលើយន្តការ ឈរទៅលើច្បាប់ ឈរទៅលើគោលការណ៍ដែលយើងមានភាគីដៃគូបរទេសមកអង្គុយចាំត្រួតពិនិត្យមើលចរាចរណ៍ហិរញ្ញវត្ថុ។ អ្វីដែលដាក់កម្ពុជាចូលក្នុងបញ្ជីពណ៌ប្រផេះហ្នឹង គ្រាន់តែជានិន្នាការនយោបាយក្នុងហេតុផលសង្ស័យតែប៉ុណ្ណោះ តែកម្ពុជា អត់មានរឿងហ្នឹងនោះទេ!»។
ផ្ទុយពីអ្វីដែលលោក ផៃ ស៊ីផាន បានអះអាងនេះ ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក បានដាក់កម្ពុជាទៅក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានកង្វះខាតជាយុទ្ធសាស្ត្រក្នុងអំពើលាងលុយកខ្វក់នេះ ហើយចាំបាច់ត្រូវតែធ្វើការកែលម្អ ដើម្បីគោរពតាមស្តង់ដារអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ ឬហិរញ្ញប្បទានភេរវកម្ម។ ការសម្រេចនេះ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងក្រុមប្រទេសមានឈ្មោះមិនល្អចំនួន ១២ប្រទេស ដែលត្រូវស្ថាប័ននេះឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងនោះមានប្រទេសប៉ាគីស្ថាន (Pakistan) ស្រីលង្កា (Sri Lanka) ស៊ែប៊ី (Serbia) ទុយណេស៊ី (Tunisia) និងយេមែន (Yemen) ជាដើម។ កម្ពុជាក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងបញ្ជី «ប្រផេះ» នេះ។ បច្ចុប្បន្ន នៅលើពិភពលោក មានប្រទេសចំនួន ២ មានកេរ្តិ៍ឈ្មោះអាក្រក់បំផុត ស្ថិតក្នុងបញ្ជីខ្មៅរបស់ស្ថាប័ននេះ គឺប្រទេសកូរ៉េខាងជើង (North Korea) និងប្រទេសអ៊ីរ៉ង់ (Iran)។
ការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលនេះ គឺជាការដើរថយក្រោយមួយជំហានទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្រោយពីមានការព្រួយបារម្ភពីសំណាក់ស្ថាប័ននេះថា ប្រទេសកម្ពុជា បានបរាជ័យក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះទៅនឹងការលាក់បាំងហិរញ្ញវត្ថុ បានមកពីប្រភពខុសច្បាប់។ ហេតុការណ៍នេះ ក៏អាចបណ្ដាលឱ្យកម្ពុជាទទួលរងនូវការកាត់បន្ថយលំហូរហិរញ្ញវត្ថុ វិនិយោគទុន និងពាណិជ្ជកម្មអន្តរជាតិ។ ការសម្រេចនេះ ធ្វើឡើងនៅថ្ងៃទី២២ កុម្ភៈ ដោយស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក មានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ ស្ថាប័ននេះ មានឈ្មោះហៅថា ក្រុមការងារចំណាត់ការហិរញ្ញវត្ថុ ឬ FATF ដែលជាស្ថាប័នអន្តររដ្ឋាភិបាល បង្កើតឡើងកាលពីឆ្នាំ១៩៨៩ ដើម្បីកំណត់បទដ្ឋានអន្តរជាតិ ប្រឆាំងនឹងអំពើលាងលុយកខ្វក់ ហិរញ្ញប្បទានភេរវកម្ម និងការគំរាមកំហែងលើសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ សង្គមស៊ីវិលថា កម្ពុជានឹងត្រូវស្អុយឈ្មោះដោយសារតែការលាងលុយកង្វក់នេះ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) (ហៅអាឡិច) ដែលសកម្មក្នុងការលាតត្រដាងរឿងមិនប្រក្រតីក្នុងសង្គមកម្ពុជា គាំទ្រការដាក់ចំណាត់ថ្នាក់ដោយស្ថាប័នកម្រិតអន្តរជាតិនេះ។ លោក អាឡិច ដាក់ការសង្ស័យថា ប្រទេសចិនអាចដើរតួនាទីសំខាន់ក្នុងរឿងលាងលុយកខ្វក់នៅកម្ពុជា តាមរយៈវិនិយោគទុនរបស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ លើវិស័យកាស៊ីណូ អចលនទ្រព្យ និងធនាគារ។ លោកបន្តថា ការសម្រេចនេះ ធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះអាក្រក់លើឆាកអន្តរជាតិ ហើយរងគ្រោះថ្នាក់ខ្លាំងបំផុតខាងផ្នែកវិនិយោគស្របច្បាប់ពីក្រុមហ៊ុនរកស៊ីសុចរិតពីអឺរ៉ុប និងអាមេរិកជាដើម៖ «វិនិយោគិនមកពីប្រទេសចិន និងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកាស៊ីណូ ជាង ១៥០ កន្លែងហ្នឹង គឺគ្រាន់តែជាយន្តការលាងលុយកខ្វក់។ ទីពីរ អចលនទ្រព្យ...ឃើញថា មិនមែនជាអាគារមួយដែលគេសាងសង់សម្រាប់ឱ្យប្រជាជនខ្មែររស់នៅទេ។ កត្តាទីបី យើងឃើញថា ប្រទេសកម្ពុជា ជាប្រទេសតូច ដែលសេដ្ឋកិច្ចមិនខ្លាំងអីប៉ុន្មានទេ ប៉ុន្តែចំនួនធនាគារគឺច្រើនមែនទែន។ ផ្សារមូលប័ត្រ ដែលគេហៅថាផ្សារភាគហ៊ុននៅក្រុងភ្នំពេញ មានតែ ៥ ក្រុមហ៊ុនទេ ដែលបានចុះបញ្ជីរយៈពេល ១០ ឆ្នាំកន្លងមក...។ ប្រសិនជាប្រទេសកម្ពុជាធ្លាក់ក្នុងបញ្ជីប្រផេះ ឬក៏អនាគតជាប់លេខ ១ លេខ ២ ក្បែរៗប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ហ្នឹង អាចនឹងធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុនល្អ ឬក្រុមហ៊ុនស្អាតស្អំ ថយចុះមែនទែន ហើយរឹតតែទាក់ទាញក្រុមហ៊ុនងងឹតមករកស៊ីនៅក្នុងប្រទេសកម្ពុជា។ នេះជាហានិភ័យធំបំផុត»។
កាលពីពេលកន្លងទៅ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ធ្លាប់លាតត្រដាងរឿងមិនប្រក្រតីនៃការនាំចូលមាសសុទ្ធតម្លៃដល់ទៅ ១៥ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣៧០ តោន ពីសិង្ហបុរីមកកាន់កម្ពុជា ដោយគ្មានការកត់ត្រាតួលេខច្បាស់លាស់។ លោកបានដាក់ការសង្ស័យថា របបក្រុងភ្នំពេញអាចនឹងជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មហិរញ្ញវត្ថុជាប្រព័ន្ធដ៏មហាសាលមួយនៅកម្ពុជា ដែលក្នុងនោះ រួមមានដូចជា ករណីគេចពន្ធ ក្លែងបន្លំឯកសារ អំពើលាងលុយកខ្វក់ និងបញ្ហាពុករលួយផ្សេងៗ។
បន្ថែមពីលើនេះ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស ស្រង់ប្រសាសន៍នាយកស្ថាប័ន ក្រុមការងារចំណាត់ការហិរញ្ញវត្ថុ ឬ FATF លោក ម៉ាសល ប៊ីលីងស្លី (Marshall Billingslea) ឱ្យដឹងថា ប្រទេសកម្ពុជា មានកង្វះខាតគួរឱ្យកត់សម្គាល់ ខាងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់នេះ។ ទីភ្នាក់ងារសារព័ត៌មានដដែលនេះ ក៏បានស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់មួយរូបនៃស្ថាប័ននេះ ដែលសុំមិនបញ្ចេញឈ្មោះថា ការសម្រេចនេះ នឹងធ្វើឱ្យក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួននៅកម្ពុជា ទទួលរងនូវភាពពិបាកជាងមុន ក្នុងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ក្នុងរបាយការណ៍ចេញផ្សាយកន្លងទៅរបស់ស្ថាប័ន FATF ធ្លាប់កំណត់ថា ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ទទួលរងនូវអំពើពុករលួយកម្រិតខ្ពស់ និងថា កម្ពុជាបានប្រើប្រាស់តិចតួចបំផុត នូវយន្តការស៊ើបអង្កេតហិរញ្ញវត្ថុ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់នេះ។
ការដាក់បញ្ចូលកម្ពុជា ទៅក្នុងបញ្ជី «ប្រផេះ» របស់ស្ថាប័នហិរញ្ញវត្ថុដ៏មានឥទ្ធិពលរបស់ពិភពលោកមួយនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងធ្វើច្បាប់ត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មទូទៅ ឬ GSP របស់ខ្លួន។ ហេតុការណ៍ទាំងអស់នេះ អាចធ្វើឱ្យកម្ពុជា ខាតបង់ទឹកប្រាក់សរុប មិនតិចជាង ១ ពាន់លានដុល្លារ ដោយសារការយកពន្ធពីក្រុមប្រទេសទាំងនេះ។
ទីប្រឹក្សាផ្នែកប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម របស់ការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ប្រចាំតំបន់អាស៊ី និងមេគង្គ លោក គ្រីសស្តូហ្វឺ ប័ត (Christopher Batt) ធ្លាប់ប្រាប់អាស៊ីថា ប្រសិនបើស្ថាប័ន FATF ដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន នោះកម្ពុជា នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការផ្ទេរប្រាក់នៅលើឆាកអន្តរជាតិ ហើយអាចបណ្ដាលឱ្យមានការរាំងខ្ទប់មូលនិធិ ការកាត់បន្ថយការវិនិយោគពីបរទេស និងធ្វើឱ្យខូចកិត្តិសព្ទរបស់កម្ពុជាលើឆាកអន្តរជាតិទៀតផង៕