អ្នកឃ្លាំមើល​មិន​រំពឹង​ថា កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ជា​ដុំ​កំភួន​លើ​ក្របខ័ណ្ឌ «ត្បូង​ពេជ្រ»

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មិន​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ដុំកំភួន​លើ​កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត​នោះ​ទេ។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង (Beijing) លើ​កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» និង​កិច្ច​សហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួម​ទាំង​ការ​កសាង​ជោគវាសនា​ចិន​កម្ពុជា​រួមគ្នា។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា ការណ៍​ដែល​កម្ពុជា និង​ចិន​ព្រមព្រៀងគ្នា​ឈាន​ដល់​ការបង្កើត​កិច្ច​សហប្រតិបត្តិការ​មួយ​កម្រិត​ទៀត​ដែល​ភាគី​ទាំង​ដាក់​ឈ្មោះ​ថា «​ត្បូង​ពេជ្រ​» នោះ​គឺជា​ការ​ឆ្លុះបញ្ចាំង​ថា កម្ពុជា​លម្អៀង​ទៅ​រក​ប្រទេស​ចិន​បន្ថែម​ទៀត​។ លើស​ពី​នេះ ពួកគេ​ចាត់ទុកថា ការបង្កើត​កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» មួយ​កម្រិត​ទៀត​នេះ​ភាគី​ចិន​អាច​គ្រាន់តែ​ចង់​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា​តាមរយៈ​រដ្ឋាភិបាល លោក ហ៊ុន សែន។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត (M.O.D) លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែមីនា​ថា ប្រសិនបើ​ការបង្កើត​កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» ពុំ​បាន​គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារីស និង​ច្បាប់​រដ្ឋធម្មនុញ្ញ កម្ពុជា​អាច​នឹង​បន្ត​រង​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ ខណៈ​ប្រទេស​និយម​ប្រជាធិបតេយ្យ​ដូចជា​អាមេរិក​ជាដើម​តែងតែ​ប្រកាន់​ជំហរ​ថា នឹង​នៅ​ជាមួយ​ប្រជាជន​កម្ពុជា។

លោក សេក សុជាតិ មិន​រំពឹង​ថា កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» ដែល​ភាគី​ចិន និង​កម្ពុជា​ប្រសិទ្ធិនាម​នោះ​នឹង​ផ្ដល់​ផលប្រយោជន៍​សម្រាប់​កម្ពុជា និង​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​មាន​ភាព​ប្រសើរ​នោះ​ទេ​។ ផ្ទុយទៅវិញ​លោក​ថា ការណ៍​ដែល​កម្ពុជា​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​ខ្លាំង និង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» នេះ​ដោយសារតែ​កម្ពុជា​ចង់បាន​ចិន​ធ្វើ​ខ្នងបង្អែក និង​ឱ្យ​ជួយ​គាំទ្រ​តាមរយៈ​ការ​ផ្ដល់​កម្ចី ឬ​ជំនួយ​នានា ដើម្បី​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​បន្ត​មាន​ឥទ្ធិពល និង​បន្ត​ការគ្រប់គ្រង​អំណាច។

លោក សេក សុជាតិ៖ «ការ​លម្អៀង​របស់​មេដឹកនាំ​ប្រទេស​មួយ​ទៅលើ​ប្រទេស​មួយ​នៅ​ពេល​ខ្លួន​ពុំ​មាន​ទី​ពំនាក់ ឬ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​គ្រប់គ្រង​ហិរញ្ញវត្ថុ​អនុវត្ត​នូវ​ការ​ពង្រឹង និង​ពង្រីក​នូវ​វិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេសជាតិ​នីមួយៗ ដូច្នេះហើយ​ក្រោយ​កម្ពុជា​ទទួលរង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​កាន់តែ​ខ្លាំង កម្ពុជា​ហាក់បីដូចជា​បាន​ងាក​ចេញ​ពី​ប្រទេស​លោក​សេរី ហើយ​ទៅ​ចាប់​ជាមួយ​នឹង​ប្រទេស​មាន​សេដ្ឋកិច្ច​រឹងមាំ​មួយទៀត ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​ឥទ្ធិពល និង​អំណាច​ដែល​ពួកគាត់​មាន​រាល់ថ្ងៃ​គឺ​វា​មិន​មាន​ការ​បាត់បង់»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១០ ខែ​មីនា ប្រកាស​ថា លោក​នឹង​ធានា​ជាថ្មី​ចំពោះ​នាយករដ្ឋមន្ត្រី​ចិន អំពី​ការ​ប្ដេជ្ញាចិត្ត​កម្ពុជា លើ​កិច្ច​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ដោយ​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​ចិន។ លោក ហ៊ុន សែន ប្រកាស​បែបនេះ​ក្នុង​លិខិត​សាទរ លោក លី ឈាង (Li Qiang) ដែល​ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី​ចិន។

កម្ពុជា និង​ចិន បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​លើ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​នេះ​ក្នុង​អំឡុង​ពេល​លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពីដើម​ខែកុម្ភៈ​កន្លង​ទៅ​។ កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ភាគី​កម្ពុជា និង​ចិន ប្ដេជ្ញា​ដោយ​ឥត​ងាករេ​ក្នុង​ការ​អភិវឌ្ឍ​ដោយ​ផ្ដោត​ចំណុច​សំខាន់ៗ​ដូចជា វិស័យ​នយោបាយ​ការទូត សមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល និង​វិស័យ​សន្តិសុខ​ជាដើម​។ បន្ថែម​ពី​នេះ ក្រៅពី​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ កសិកម្ម សន្តិសុខ ការពារ​ជាតិ និង​ការទូត ភាគី​ទាំងពីរ​ក៏បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និង​ឈាន​រហូតដល់​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​មូលដ្ឋាន​ថែម​ទៀត​ផង។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់​ថា កិច្ចការ​ពង្រឹង ឬ​ជំរុញ​ឱ្យ​មាន​ការ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​ចិន​អាច​មាន​លទ្ធភាព​ល្អ​ប្រសើរ​សម្រាប់​ភាគី​ទាំងពីរ​។ ទោះ​យ៉ាងណា លោក​ថា កម្ពុជា​នៅ​មាន​ភាព​ទន់ខ្សោយ​ត្រង់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​មាន​ការ​ខាតបង់ ដោយសារ​កត្តាផលិតកម្ម​កម្ពុជា​មាន​លក្ខណៈ​តូច ខណៈ​ផលិតកម្ម​របស់​ចិន​នាំចូល​កម្ពុជា​ច្រើន។

អ្នកជំនាញ​រូប​នេះ ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​បន្ត​ខិតខំ​រក្សា​ជំហរ​នយោបាយ​អព្យា​ក្រឹត្យ​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ក្នុងពេលដែល​ខ្លួន​កំពុង​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​ចិន ដើម្បី​ធានា​ថា កម្ពុជា​មិន​លម្អៀង​ទៅ​មហាអំណាច​ណាមួយ​ដែល​នាំ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឈម​ភាព​តានតឹង​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ឯម សុវណ្ណារ៉ា៖ «កម្ពុជា​ជា​ប្រទេស​តូច កម្ពុជា​ឈរ​នយោបាយ​ការបរទេស​ដូច​ឆ្នាំ​២០២២ ដែល​បាន​រៀបចំ​វេទិកា​ជាតិ​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នេះ ឃើញថា​កម្ពុជា​ធ្វើ​បាន​ល្អ។ ប្រសិនបើ​កម្ពុជា​រៀប​នូវ​យន្តការ​អព្យាក្រឹត្យ​បាន​ដូច​ឆ្នាំ​២០២២ អាច​ទទួល​យក​បាន​ពី​ភាគី​ទាំងអស់ ទាំង​ចិន ហើយ​លោកខាងលិច​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប ជាដើម​។ ហ្នឹង​ជា​កិច្ចការ​មួយ​ល្អ ដូចជា​ការ​ជំហរ​លើ​នយោបាយ​របស់​កម្ពុជា​ឈរ​លើ​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ការ​ថ្កោលទោស​របស់​ការ​ឈ្លានពាន​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន ជាដើម នេះ​ជា​ជំហរ​មួយ​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន ខ្លាច​តែ​យើង​ប្រាសចាក​គោលការណ៍​នេះ​ទេ ដែល​យើង​រង​ហានិភ័យ​បញ្ហា​ណាមួយ»។

ស្ថិតិ​ទំនិញ​ចេញ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ពាណិជ្ជកម្ម​នាំចូល​ជាមួយ​ប្រទេស​សំខាន់ៗ ត្រឹម​ដំណាច់ឆ្នាំ​២០២២ ចិន​គឺជា​ប្រទេស​ឈានមុខ​គេ​ដែល​កម្ពុជា​ទិញ​ទំនិញ ឬ​នាំចូល ក្នុង​ឆ្នាំ​២០២២ គឺ​ស្មើនឹង​ជិត ៣៥% (៣៤,៩%) ឬ​មានតម្លៃ​សរុប​ជាង ១០​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​ចិន​វិញ​បាន​តិចតួច​បំផុត គឺ​ត្រឹមតែ​ជាង ៥% (៥,៥%) ប៉ុណ្ណោះ ក្នុង​ឆ្នាំ​ដដែល​នេះ ពោល​គឺ​ស្មើនឹង​តម្លៃ​សរុប​ជាង ១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ស្ថិតិ​ដដែល​បង្ហាញថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​តែមួយគត់​ដែល​កម្ពុជា​នាំចេញ​ទំនិញ​ពាណិជ្ជកម្ម​ទៅ​ដាក់​លក់​បាន​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់ ពោល​គឺ​ស្មើនឹង​ជិត​ពាក់កណ្តាល ឬ​ ៤០% (៣៩,៩%) ដែល​មាន​តម្លៃ​សរុប​រហូតដល់​ជាង ៨​ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ​កម្ពុជា​បាន​ទិញ​ទំនិញ ឬ​នាំចូល​ទំនិញ​ពី​អាមេរិក​មកវិញ​បាន​ត្រឹម​តែ ១% ប៉ុណ្ណោះ ឬ​ស្មើនឹង​តម្លៃ​សរុប​ជាង ៣​រយ​លាន​ដុល្លារ​។ តួលេខ​នេះ បាន​បញ្ជាក់​ថា ចិន​ពុំ​មែន​ជាទី​ផ្សារ​ធំ​លើ​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នោះ​ទេ ខណៈ​កម្ពុជា​ទៅវិញ​ទេ​ដែល​ជា​ទីផ្សារ​ក្នុង​ការ​នាំចូល​ទំនិញ​របស់​ចិន។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​លើកឡើង​ថា ក្រោយ​រដ្ឋាភិបាល​ឯក​បក្ស​គាស់​រម្លើង​គ្រឹះ​ប្រជាធិបតេយ្យ​តាមរយៈ​រម្លាយ​គណបក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ព្យាយាម​ក្រសោប​ចិន​កុម្មុយនីស្ត និង​យក​ចិន​ធ្វើជា​ខ្នងបង្អែក​ស្ទើរ​គ្រប់​វិស័យ​ដើម្បី​បន្ត​រក្សា​អំណាច​របស់​ខ្លួន និង​ដឹកនាំ​ប្រទេស​កាន់តែ​ផ្ដាច់ការ​។ អ្នកជំនាញ​ផ្នែក​នយោបាយ​ព្រមាន​ថា បើ​កម្ពុជា​នៅតែ​គ្មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពាក់ព័ន្ធ​ការ​ស្ដារ​ប្រជាធិបតេយ្យ ហើយ​បែរ​មក​បង្កើន​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​ជាមួយ​ចិន ខណៈ​រឿង​មួយចំនួន​ដូចជា​បញ្ហា​ការសាងសង់​ទំនើបកម្ម​នៅ​កំពង់ផែ​រាម​មិនទាន់​លាង​ជម្រះ​មន្ទិល​សង្ស័យ​នៃ​វត្តមាន​កងទ័ព​ចិន នោះ​រដ្ឋាភិបាល​កម្ពុជា​ទំនង​ចៀស​មិន​ផុត​រង​ទណ្ឌកម្ម និង​បាត់បង់​ប្រយោជន៍​សេដ្ឋកិច្ច​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។