មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ម្នាក់​រង​ការ​ចោទ​ថា រំលោភ​យក​ដី​ព្រៃ​អភិរក្ស​ជិត ២ពាន់​​ហិកតារ

អ្នកស្រី សុ ជីវី
2019-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា ដែល​សហគមន៍​ជន​ជាតិ​ដើមភាគ​តិច​ខេត្ត​មណ្ឌលគិរី​ចោទ​ថា រំលោភ​ដី​ព្រៃ​អភិរក្ស​ជិត ២ពាន់​ហិកតារ។
អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា ដែល​សហគមន៍​ជន​ជាតិ​ដើមភាគ​តិច​ខេត្ត​មណ្ឌលគិរី​ចោទ​ថា រំលោភ​ដី​ព្រៃ​អភិរក្ស​ជិត ២ពាន់​ហិកតារ។
រូប៖ ពលរដ្ឋ​ផ្តល់​ឲ្យ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ម្នាក់​ រង​ការ​ចោទ​ថា​ បាន​រំលោភ​ដី​ព្រៃ​អភិរក្ស​ក្នុង​ខេត្ត​មណ្ឌលគិរី​ជិត ២ពាន់​ហិកតារ បំប្លែង​ជា​សម្បត្តិ​បុគ្គល។ ការ​ចោទ​ប្រកាន់​នេះ​ ក្រោយ​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រក​ឃើញ​ ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី​ ដែល​ចុះ​ហត្ថលេខា​ដោយ​មេ​ភូមិ​ មេ​ឃុំ​ អភិបាល​ស្រុក​ និង​អភិបាល​ខេត្ត។ រី​ឯ​ក្រុម​ជនជាតិ​ជាតិ​ដើម​ភាគ​តិច​ព្រមាន​ថា នឹង​លើក​គ្នា​តវ៉ា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ មិន​និរាករណ៍ ឬ​មោឃភាព​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​ទេ។

ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ រស់​នៅ​ស្រុក​កោះញែក​ និង​ស្រុក​អូរ​រាំង​ ខេត្ត​មណ្ឌលគិរី​ អះអាង​ថា​ បុគ្គល​មាន​អំណាច​ម្នាក់​ មាន​តួនាទី​ជា​ អនុ​រដ្ឋលេខាធិការ​ ក្រសួង​យុត្តិធម៌​ ឈ្មោះ​ សេង​ សុវណ្ណារ៉ា បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ រំលោភ​ដី​ព្រៃ​អភិរក្ស​ជិត ២ពាន់​​ហិកតារ​ ឋិត​នៅ​ស្រុក​កោះ​ញែក​ និង​អូរ​រាំង។

សេចក្ដី​រាយការណ៍​ពី​សហគមន៍​ជន​ជាតិ​ភាគ​តិច​ឲ្យដឹង​ថា​ ទំហំដី​​​ជាង ៩៩០​ហិកតា (៩៩០,២៤២​ហិកតារ) ដែល​អភិបាលខេត្ត​មណ្ឌលគិរី​ លោក​ ស្វាយ​ សំអ៊ាង ចុះ​ហត្ថលេខា​ឯកភាព​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​ទៅ​ឲ្យ​បុគ្គល​ឈ្មោះ​ សេង​ សុវណ្ណារ៉ា​ ជាន់​ចំ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ ក្នុង​ភូមិ​អន្ត្រេះ​ ឃុំ​អរ​បួន​លើ​ ស្រុក​កោះ​ញែក។ លើស​ពី​នេះ​ មាន​ដី​សហគមន៍​ពីរ​ទីតាំង​ផ្សេងទៀត​មាន​ទំហំ​សរុប ៧៦៤​ហិកតារ ឋិត​នៅ​ភូមិ​ពូ​ហ្យាម​ និង​ភូមិ​ពូ​រាំង​ ឃុំ​សែន​មនោរម្យ​ ស្រុក​អូរ​រាំង​ក្នុង​ដែន​ជម្រក​សត្វ​កែវ​ សីមា​ ក៏​ត្រូវ​បាន​ បុគ្គល​ឈ្មោះ​ សេង​ សុវណ្ណ​រ៉ា​ រំលោភបំពាន​ដែរ​។ អ្នកភូមិ​ថា​ មកទល់​នេះ​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ជាង​ ៥០គ្រួសារ​ បា​ន​ផ្ដិត​មេ​ដៃ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ​ករណី​នេះ។

ប្រធាន​សហគមន៍​ភូមិ​ពូ​រាំង​ លោក ញ៉ាន ស្រេវ ឲ្យដឹង​នៅ​ថ្ងៃ​ទី១៦ កក្កដា​ថា ព្រៃ​សហគមន៍​ភូមិ​ពូ​រាំង​ ដែល​ជនជាតិ​ដើម​ភាគតិច​ ស្នើសុំ​ចុះបញ្ជី​ប្រើប្រាស់​សមូហភាព​ ត្រូវ​គេ​កាប់​ផ្ដួល​ដើម​ឈើ​អស់​មួយ​ចំនួន​ បំណង​ហ៊ុមព័ទ្ធ​​យក​ដី​ទំហំ ៤៧២​ហិកតារ។ លោក​ថា​ ក្រុម​ពលរដ្ឋ​ជាង ៥០គ្រួសារ​ បាន​ផ្ដិត​មេដៃ​ ស្នើ​ឲ្យ​អាជ្ញាធរ​ដកហូត​ដី​ទាំង​នោះ​មក​វិញ​ ហើយ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ និង​ដោះ​ស្រាយ។ លោក​បន្ថែម​ថា​ ព្រៃ​សហគមន៍​ភូមិ​ពូ​រាំង​ មានផ្ទៃ​ដី​ជាង ១ពាន់​ហិកតារ​ ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​ កែវ​សីមា អ្នក​ភូមិ​ មាន​ទិសដៅ​ ថែ​រក្សា​ព្រៃ​នេះ​ ជា​សម្បត្តិ​សមូហភាព​ បន្សល់​ចុង​ក្រោយ​សម្រាប់​ឃ្វាល​គោ​ក្របី​ រក​ឃ្មុំ​ អាស្រ័យ​ផល​បែប​ប្រពៃណី​ និង​ជាទី​តាំង​ជ្រក​សត្វ​ដំរី​ព្រៃ​រស់នៅ​ជា​ដើម៖ «គាត់​ហ្នឹង​គាត់​ថា ដី​ព្រៃ​សហគមន៍​ហ្នឹង​ត្រូវ​អញ​យកៗ។ គាត់​ថា អ៊ីចឹង ឈ្មោះ​គាត់ សេង សុវណ្ណារ៉ា ថ្នាក់​គាត់​ឯកឧត្ដម នៅ​ក្រសួង​យុត្តិធម៌។ ដី​ហ្នឹង​ដី​ចម្ការ​វិល​ជុំ ដី​ភ្នំ ដី​តំណម មួយ​ភូមិ​ហ្នឹង​តែ​ម្ដង​ដី​ហ្នឹង»

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង (ពូន​ង) ស្រុក​អូរ​រាំង​ ខេត្ត​មណ្ឌលគិរី​ លោក​ បូ​រ៉េ​ត កា​ពី​ ចាត់ទុក​ ការរំលោភ​ដី​ព្រៃ​អភិរក្ស​របស់​សហគមន៍​ គឺជា​ទង្វើ​ល្មើសច្បាប់​ភូមិបាល​ និង​បំពាន​អនុក្រឹត្យ​លេខ​ ៨៣​ របស់​រដ្ឋាភិបាល​។ លោក​ថា​ ដី​ព្រៃ​អភិរក្ស​ដែល​ឈ្មួញ​​ព្យាយាម​រំលោភ​យក​ទាំងនោះ​ ជា​តំបន់​ដែល​ជនជាតិ​ដើម​ភាគតិច​ អាស្រ័យផល​បែប​ប្រពៃណី​ និង​ជា​តំបន់​កេរ​ដំណែល​​វប្បធម៌​ ដែល​សល់​ចុងក្រោយ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ទីនោះ។ លើស​ពី​នេះ​ ក្រសួងមហាផ្ទៃ​ធ្លាប់​ប្រកាស​ទទួលស្គាល់​ជនជាតិ​ដើម​ភាគតិច​ព្នង​ ដែល​កំពុង​អាស្រ័យ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​​នេះ​​ដែរ​ ហើយ​ក្រសួង​ដែនដី​ កំពុង​ពិចារណា​ចុះបញ្ជី​ដី​សមូហភាព​ជូន​សហគមន៍៖ «ដី​ដែល​គេ​រំលោភ​ហ្នឹង ជាដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ដី​សម្រាប់​បន្ត​វេន​ដំណាំ ដី​សម្រាប់​បម្រុង​ទុក។ ខ្ញុំ​យល់​ឃើញ​ថា គាត់​រំលោភ​លើ អនុក្រឹត្យ ៨៣ របស់​រាជ​រដ្ឋាភិបាល ដែល​គេ​និយាយ​អំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច និង​រំលោភ​ច្បាប់​ភូមិបាល មាត្រា ២៣, ២៥, ២៦, ២៧ និង២៨ គេ​ការពារ​ដី​ជន​ជាតិ​ដើម​ភាគ​តិច និង​ប្រកប​របរ ជា​លក្ខណៈ​សមូហភាព»

ឯកសារ​ ដែល​អាស៊ី​សេរី​ទទួល​បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ២០១៩ អភិបាល​ខេត្ត​មណ្ឌលគិរី​ លោក​ ស្វាយ​ សំអ៊ាង បាន​ចុះ​ហត្ថលេខា​ឯកភាព​ លើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​មួយ​កន្លែង​ទំហំជាង ៩៩០​ហិកតារ (៩៩,២៤២​ហិកតារ) ទៅ​ឲ្យ​បុគ្គល​ឈ្មោះ​ សេង​ សុវណ្ណារ៉ា​ ឋិតនៅ​ឃុំ​អន្ត្រេះ​ ឃុំ​អរ​បួន​លើ​ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី និង​ដី​មួយ​កន្លែង​ទៀត​ ឋិតនៅ​ភូមិ​ពូ​ហ្យាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​ មាន​ទំហំ​ជាង ២៩២​ហិកតារ (២៩២,៣៧៩​​ហិកតារ)។ លើស​ពី​នេះ​ មាន​ដី​មួយ​កន្លែង​ផ្សេងទៀត​ មាន​ទំហំ​ ៤៧២ហិកតារ​ ឋិតនៅ​ភូមិ​ពូ​រាំង​ ឃុំ​សែន​មនោរម្យ​ ស្រុក​អូរ​រាំង​មាន​ហត្ថលេខា​ត្រឹម​មេ​ភូមិ​ បាន​ឯកភាព​ធ្វើ​លិខិតស្នើ​សុំ​កាន់កាប់​ដី​ធ្លី​ទៅ​ឲ្យ​បុគ្គល​ឈ្មោះ​ សេង​ សុវណ្ណារ៉ា​ដែរ។

អាស៊ី​សេរី​បាន​ទាក់ទង​ អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ លោក​ សេង​ សុវណ្ណារ៉ា​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​ តែ​លោក​មិន​លើក​ទូរស័ព្ទ​។ តែ​យ៉ាងណា​ លោក​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ នឹង​មិន​ឆ្លើយ​បំភ្លឺ​តាម​ទូរស័ព្ទ​ទេ៖ «ទម្លាប់​ខ្ញុំ គឺ​ខ្ញុំ​អត់​សម្ភាសន៍​តាម​ខ្យល់​ទេ។ គឺ​មាន​ការ​អី បង​អញ្ជើញ​មក​ជួប​ខ្ញុំ​ផ្ទាល់»

រី​ឯ​អ្នក​នាំ​ពាក្យ​សាលាខេត្ត​មណ្ឌលគិរី​ លោក សុក សេរ៉ា មានប្រសាសន៍​ថា​ រដ្ឋបាល​ខេត្ត​នៅ​មិន​ទាន់​ទទួល​ដំណឹង​ទាក់ទិន​ ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី​ទាំងនេះ​ទេ។ លោក​ថា​ ប្រសិន​បើ​ក្រុម​ពលរដ្ឋ​មិន​សុខ​ចិត្ត​រឿង​នេះ​ អាច​សរសេរ​ពាក្យ​បណ្ដឹង​មក​អាជ្ញាធរ​ពាក់ព័ន្ធ។ ចំពោះ​សំនួរ​ដែល​សួរ​ថា​ ពលរដ្ឋ​ជាង​ ៥០គ្រួសារ​ បាន​ផ្ដិត​មេដៃ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​វិបត្តិ​ដី​ទំហំ ៤៧២ហិកតារ​ ដែល​បុគ្គល​ឈ្មោះ​ សេង​ សុវណ្ណ​រ៉ា​ រំលោភ​យក​ អ្នក​នាំ​ពាក្យ​រូប​នេះ​ ឆ្លើយ​ថា រដ្ឋបាល​ខេត្ត​កំពុង​ស្រាវជ្រាវ​បញ្ហា​នេះ ហើយ​ប្រសិនបើ​រក​ឃើញ​ថា មានផល​ប៉ះពាល់​ធំធេង រដ្ឋបាល​ខេត្ត​នឹង​និរាករណ៍​ឯកសារ​ពាក់ព័ន្ធ​ទាំង​នោះ​មកវិញ៖ «ខេត្ត​កំពុង​ធ្វើការ បើ​ឃើញ​ថា បើ​ប៉ះពាល់​ធំ​ដុំ ខេត្ត​នឹង​សូម​ដក​ទុក​ជា​ដី​សម្បត្តិ​រដ្ឋ និរាករណ៍​គ្រប់​លិខិត​ពាក់ព័ន្ធ ព្រោះ​ដី​កន្លែង​ផ្សេងៗ ឪពុក​ថា អត់​ដឹង​ថា តែ​កូន​លក់។ គេ​មាន​លិខិត​កន្លែង​ផ្សេងៗ មិនមែន​និយាយ​កន្លែង​ហ្នឹង​ទេ។ គាត់​លក់​អស់​ហើយ វាល ភ្នំ​អី លក់​ខ្ទេចខ្ទី​អស់​ហើយ នៅ​សល់​តែ​មួយ​ដុំ​ហ្នឹង។ ឥឡូវ​ហ្នឹង​ខេត្ត ឲ្យ​ធ្វើ​ការ​ដោះ​ស្រាយ សម្របសម្រួល​ដី​សហគមន៍​យ៉ាង​ម៉េច ទៅ​យក​ព័ត៌មាន​ឲ្យ​ជាក់លាក់ »

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ខេត្ត​មណ្ឌលគិរី​ លោក​ ក្រើ​ង តុលា​ថា​ ចាត់​ទុក​ ការ​ធ្វើពាក្យ​ស្នើសុំ​កាប់​កាប់ដី​ធ្លី​នេះ​ មាន​ភាព​មិន​ប្រក្រតី​ច្រើន​ និង​ជា​អំពើពុករលួយ​ជា​ប្រព័ន្ធ​ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​មាន​ឥទ្ធិពល​ បំផ្លាញ​ធនធាន​ធម្មជាតិ។ លោក​ថា ទំហំដី​ដែល​បុគ្គល​ឈ្មោះ សេង សុវណ្ណរ៉ា រំលោភ​ជា​សម្បត្តិ​បុគ្គល​ មាន​ទំហំ​ជិត ២ពាន់​​ហិកតារ​ សុទ្ធ​សឹង​ជា​ដី​ព្រៃ​អភិរក្ស​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រឹត្យ​ ហេតុ​អ្វី​បាន​ជា​ រដ្ឋបាល​ខេត្ត​ឯកភាព​ស៊ីញេ​ដី​ទាំងនោះ​ ដោយ​មិន​បាន​សហការ​ជាមួយ​ក្រសួង​ដែនដី​ ក្រសួង​បរិស្ថាន​ និង​រដ្ឋាភិបាល? លោក​សង្កត់ធ្ងន់​ថា​ លោក​ សេង​ សុវណ្ណ​រ៉ា​ បាន​អះអាង​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ថា ខ្លួន​ជា​ឯកឧត្ដម និង​ជា​អនុ​រដ្ឋលេខាធិការ​របស់ក្រ​សួង​ យុត្តិធម៌​ និង​បាន​គំរាម​ពលរដ្ឋ​ណា​ ដែល​ចេញ​មុខ​រារាំង​ សកម្មភាព​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​របស់​គេ៖ «សេង សុវណ្ណរ៉ា ម្នាក់​ឯង​គ្រប់គ្រង​ដី​ច្រើន។ អា​នេះ​ជាង ៩ពាន់ បូក​ជាមួយ ២៩២ហិកតារ យើង​បូក​ជាមួយ ៤៧២ហ្នឹង វា​ច្រើន​មែនទែន លើសលប់​ម្នាក់​ឯង ហើយ​ដី​ហ្នឹង​សុទ្ធតែ​ជា​ដី​ព្រៃ​ទាំង​អស់។ កន្លែង​ខ្លះ​ត្រូវ​ស្រែ​របស់​ពួក​គាត់​អ៊ីចឹង។ សហគមន៍​ក៏​ដូចជា ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី យើង​កំពុង​ពិភាក្សា​ថា តើ​យើង​គួរ​ប្តឹង​នរណា​ខ្លះ? ប្រមូល​ភស្តុតាង បាន​តំបន់​ណា​ខ្លះ? ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជា​ផ្លូវការ »

លោក ក្រើង តុលា​ មានមន្ទិល​ថា​ ហេតុអ្វី​មន្ត្រី​បរិស្ថាន​ ដែល​មាន​តួនាទី​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ និង​ដែន​ជម្រក​សត្វព្រៃ​កែវ​ សីមា​ ធ្វើ​មិន​ដឹង​មិន​ឮ​ ចំពោះ​ការ​ធ្វើពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​ត្រួត​ស៊ី​គ្នា​នឹង​ដី​អភិរក្ស​នេះ? លោក​សង្ស័យ​ថា​ អំពើ​ពុក​រលួយ​ ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​អភិរក្ស​ កំពុង​ក្លាយ​ជា​ជំងឺ​មហារីក​ធ្ងន់ធ្ងរ​ក្នុង​សង្គម​ និង​ជា​គ្រោះ​មហន្តរាយ​ធំធេង​ដល់​ធនធាន​ធម្មជាតិ​៖ «ខ្ញុំ​គិត​ថា គួរ​តែ​អនុវត្ត​អភិក្រម​ទី៥ ប្រសើរ​ជាង​លួងលោម។ មនុស្ស​មាន​សមត្ថភាព​ច្រើន​ណាស់​នៅ​កម្ពុជា​យើង ព្រោះ​មនុស្ស​ទាំង​នេះ សុទ្ធ​តែ​បំផ្លាញ​ជាតិ​គួរណាស់តែ​ដាក់​ទោស​ទណ្ឌ យក​អភិរក្ស​ទី៥ ល្អ​ជាង​ទុក​ត្រី​តែ​ស្អុយ មក​បន្លំ​ជា​មួយ​ត្រី​ល្អៗ ខ្ញុំ​ទទួល​យក​អត់​បាន​ទេ»

អាស៊ី​សេរី​នៅ​បាន​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បំភ្លឺ​​ពី​សាវ​តា​ លោក​ សេង​ សុវណ្ណ​រ៉ា​ តែ​ទូរស័ព្ទ​ហៅ​ចូល​​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភត្ត្រា​ លើក​ទូរស័ព្ទ​ដែរ​តែ​លោក​ថា កំពុង​ជាប់​ប្រជុំ​។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី​ លោក អ៊ាង ម៉េងលី យល់ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ ត្រូវតែ​ស៊ើប​អង្កេត​ឲ្យ​ស៊ីជម្រៅ​ ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ចុះ​ហត្ថលេខា​ធ្វើពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​ដ៏​ធំ​សម្បើម​នេះ។ លោក​ថា​ សន្ទុះ​នៃ​ការ​ចុះហត្ថលេខា​ ស្នើសុំ​កាន់កាប់​ដីធ្លី​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​នេះ​ កំពុង​រីក​ដូច​ផ្សិត​ដែល​លោក​ចាត់​ទុក​ថា ជា​ទង្វើ​ផ្ទុយពី​គោលការណ៍​ណែនាំ​របស់ក្រ​សួង​ដែនដី​ និង​ជា​អំពើ​ល្មើសច្បាប់​៖ «អាជ្ញាធរ​ខេត្ត ពុំ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា ឲ្យ​បុគ្គល​ឯកជន​នោះ​ទេ។ ទាក់ទង​ការ​រំលោភ​បំពាន​ដីធ្លី​នេះ បើ​បុគ្គល​ណា​មួយ ប្រើ​អំណាច​ឃុបឃិត​គ្នា មាន​ការ​គំរាមកំហែង រំលោភ​យក​ដី​សហគមន៍ និង​ដី​រដ្ឋ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ អំពាវនាវ​ជាថ្មី​ទៀត​ ឲ្យ​ក្រសួងមហាផ្ទៃ​ ក្រសួងបរិស្ថាន​ និង​ក្រសួង​កសិកម្ម ត្រូវ​អនុវត្ត​ច្បាប់​ភូមិបាល​ និង​ច្បាប់ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើង​វិញ ខណៈ​បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​ភាគច្រើន​ នៅតែ​ឃុបឃិត​ធ្វើពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​ លើ​ដី​សាធារណៈ​របស់​រដ្ឋ​ ដី​ព្រៃ​អភិរក្ស​ និង​ដី​ព្រៃ​ស្រោង​ដោយ​ខុស​ច្បាប់។

ច្បាប់​ភូមិបាល​មាត្រា​ ២៦២​ និង​ ២៦៣​ ចែងថា​ អាជ្ញាធរ​មានសមត្ថកិច្ច​ ដែល​រំលោភ​យក​ដី​របស់​រដ្ឋ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ៣០លាន​រៀល​ និង​ដាក់​ពន្ធនាគារ​ ចាប់ពី ២ឆ្នាំ​ ដល់ ៥ឆ្នាំ​ និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែមទៀត​។ អាជ្ញាធរ​មាន​សមត្ថកិច្ច ​ដែល​ព្រងើយ​កន្តើយ​បណ្ដោយ​ឱ្យ​មាន​ការ​រំលោភ​យក​ដីធ្លី​របស់​រដ្ឋ​ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ១០លាន​រៀល និង​ត្រូវ​ទទួលទោស​រដ្ឋបាល​មួយ​កម្រិត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល