ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ កំពុង​បូម​ខ្សាច់​រាប់​តោន​ចាក់​លុប​ពង្រីក​ចូល​ទន្លេ​មេគង្គ​នៅ​​អរិយក្សត្រ

ដោយ មួង ណារ៉េត
2020-10-31
Share
ទន្លេមេគង្គ ពំនូកដីខ្សាច់ ឧកញ៉ា ឃុន សៀ បូមចាក់​ច្រាំងទន្លេមេគង្គ នៅ​តំបន់​អរិយក្សត្រ នៅ​ទល់មុខ​​កោះនរា ដែល​ឧកញ៉ា ពុង ឃាវសែ កំពុង​ចាក់ដីលុប​ទន្លេ​ដូច​គ្នា ពេល​ថត​នៅ​ថ្ងៃ​ទី៥ តុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ បូម​ខ្សាច់​ចាក់​លុប​ដីដុះ​តាម​ដង​ទន្លេ​មេគង្គ និង​ពង្រីក​ចូល​ទន្លេ​មេគង្គ នៅ​តំបន់​អរិយ​ក្សត្រ ជិត​១​រយ​ហិកតារ ឋិត​នៅ​ទល់មុខ​កោះនរា និង​កោះ​ពេជ្រ​។ សកម្មជន​បរិស្ថាន សោកស្ដាយ​ចំពោះ​ការ​បន្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​លុប​ទន្លេ​មេគង្គ​ជា​បន្តបន្ទាប់ ដោយសារតែ​គម្រោង​ទាំងនេះ បាន​បង្ក​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុមហ៊ុន​ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់​ឧកញ៉ា​ឃុន សៀ ដែល​រង​ការ​ចោទប្រកាន់​ថា ធ្វើទុក្ខបុកម្នេញ​និង​ប្រើ​ហិង្សា ដើម្បី​បណ្ដេញ​ពលរដ្ឋ​យក​ដី​នោះ កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់ ចាក់​លុប​តាម​ដង​ទន្លេ​មេគង្គ ស្ថិតនៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។ សកម្មភាព​បូម​ខ្សាច់​ចាក់​បំពេញ​ដីដុះ តាម​មាត់​ទន្លេ​មេគង្គ និង​ចាក់​ពង្រីក​ចូល​ទន្លេ​មេគង្គ​នេះ កំពុង​ប្រណាំងប្រជែង​គ្នា​ជាមួយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​កំពុង​ចាក់​ខ្សាច់ និង​ថ្ម​លុប​ទន្លេ​មេគង្គ​ម្ខាង​ទៀត ស្ថិតនៅ​តំបន់​កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ។

ពលរដ្ឋ​រស់នៅ​ឃុំ​អរិយក្សត្រ ឲ្យ​ដឹង​ថា ទំហំ​ផ្ទៃដី ដែល​ដុះ​តាម​មាត់ទន្លេ និង​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ដែល​ក្រុមហ៊ុន ឃុន សៀ កំពុង​ចាក់​លុប​នោះ មាន​ទទឹង​ចាប់ពី​ ៦០០ ទៅ ៧០០​ម៉ែត្រ និង​បណ្ដោយ​ជិត​៤​គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​ជាង ៧០​ហិកតារ គឺ​គិត​ចាប់​ពី​កំពង់​ចម្លង​អរិយ​ក្សត្រ រហូត​ដល់​វត្ត​សារិកាកែវ។ បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ បាន​បូម​ខ្សាច់​លុប​បាន​ប្រវែង​ជិត​២​គីឡូម៉ែត្រ​ហើយ។ពលរដ្ឋ​រស់នៅ​តំបន់​នោះ អះអាង​ថា បើ​គិត​ជា​ដីដុះ​តាម​បណ្ដោយ​មាត់ទន្លេ ដែល​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​នោះ គឺ​មាន​ខ្ទង់ ២០០​ម៉ែត្រ និង​៣០០​ម៉ែត្រ ទៅ​តាម​កន្លែង ហើយ​ក្រុមហ៊ុន បាន​បូម​ខ្សាច់​ពង្រីក​ចូល​ផ្ទៃ​ទន្លេ​ជាច្រើន​រយ​ម៉ែត្រ​ថែមទៀត​។ ក្នុង​មួយ​ថ្ងៃៗ មាន​សាឡង​ធំៗ រាប់​សិប​គ្រឿង បាន​ដឹក​ខ្សាច់​ពី​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល សម្រាប់​ចាក់​លុប​តាម​ដង​ទន្លេ​នេះ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជាច្រើន​គ្រឿង និង​បំពង់​ទុយោ​ធំៗ​ជាច្រើន​ដើម សម្រាប់​បូម​ខ្សាច់​នោះ។

ប្រជា​នេសាទ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ឃុំ​អរិយក្សត្រ លោកស្រី នៅ រៀបរាប់​ថា កន្លែង​ដែល​ក្រុមហ៊ុន ឃុន សៀ កំពុង​ចាក់​ខ្សាច់​លុប​នោះ គឺជា​កន្លែង​ដែល​លោកស្រី តែងតែ​នេសាទ​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ចិញ្ចឹមជីវិត​។ លោកស្រី ត្អូញត្អែរ​ថា ការ​នេសាទ​ត្រី​របស់​ពួក​លោក​ស្រី កំពុង​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​ចំនួន​ត្រី​ថយ​ចុះ​ខុសធម្មតា ស្រប​ពេល​ដែល​សាឡង់​បូម​ខ្សាច់​កើន​ច្រើន​ឡើង​ពេញ​ផ្ទៃ​ទឹកទន្លេ ហើយ​សាឡង់​បូម​ខ្សាច់​ទាំងនោះ តែងតែ​ធ្វើ​ឲ្យ​ដាច់​រហែក​មង​របស់​ពួក​លោក​ស្រី​ជា​ញឹកញាប់​ទៀត​ផង​។ លោកស្រី​មិន​ពេញចិត្ត​ចំពោះ​ការ​អភិវឌ្ឍ ដែល​លុប​ដង​ទន្លេ​មេគង្គ​ជា​បន្តបន្ទាប់​នេះ​ទេ ប៉ុន្តែ​លោកស្រី និយាយ​ថា ពលរដ្ឋ​ក្រីក្រ​តូចតាច មិន​អាច​ប្រឆាំង ឬ​ស្នើសុំ​ឲ្យ​បញ្ឈប់​គម្រោង​នេះ​បាន​ឡើយ៖ «ហើយ​គាត់​ថា ឲ្យ​យើង​ទៀត​ថា កន្លែង​នេះ គាត់​ត្រូវ​បូម​មិនមែន​កន្លែង យើង​រកស៊ី​ទេ ហើយ​គាត់ (សាឡង់​បូម​ខ្សាច់​) បណ្ដាក់​គ្នា​រហូត ដូច្នេះ​យើង​រក​អី​អត់​បានទេ​។ យើង​អត់​ធំ​ដូច​គាត់ យើង អត់​អាច​ប្រកែក​ជាមួយ​គាត់​បានទេ មានតែ​គេចៗ​គាត់​ខ្លះ​អ៊ីចឹង​ទៅ»

កាលពី​ឆ្នាំ​ទៅ រដ្ឋាភិបាល​សម្រេច​ធ្វើ​អនុប្រយោគ គឺ​ដំណើរ​ប្ដូរ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​ទ្រ​ព​សម្បត្តិ​ឯកជន​របស់​រដ្ឋ ពាក់ព័ន្ធ​នឹង​ដី​ទំហំ​ប្រមាណ​៧០​ហិកតារ ស្ថិត​នៅ​ភូមិ​អរិយ​ក្សត្រ និង ភូមិ​ខ្សាច់ ស្ថិត​ក្នុង​ឃុំ​អរិយ​ក្សត្រ​។ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល ចុះ​កិច្ចសន្យា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ជាមួយ​ក្រុមហ៊ុន ឃុន សៀ ក្នុង​រយៈពេល ៥០​ឆ្នាំ និង​អាច​បន្ត​ជាថ្មី​បាន បន្ទាប់ពី​ក្រុមហ៊ុន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​អាស្រ័យ​ផលដំណាំ​ផ្សេងៗ លើ​ដី​ដុះ​តាម​មាត់​ទន្លេ​នោះ។

ទោះជា​យ៉ាងណា ពលរដ្ឋ​អះអាង​ថា កន្លងមក ក្រុមហ៊ុន ឃុន សៀ បាន​ដាក់​កម្លាំង​អាជ្ញាធរ​ចម្រុះ និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង ចូល​ឈូស​ឆាយ​ផលដំណាំ និង​ហ៊ុមព័ទ្ធ​របង​យក​ដី​នោះ​ដោយ​គ្មាន​ជូនដំណឹង និង​គ្មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​ឡើយ ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ដាំ​ដុះ​អាស្រ័យ​ផល​លើ​ដី​ដុះ​តាម​ច្រាំងទន្លេ​ជាច្រើន​គ្រួសារ ផ្ទុះ​ការ​តវ៉ា​ជាច្រើន​លើក​។ ពលរដ្ឋ​អះអាង​ថា បច្ចុប្បន្ន​នេះ នៅ​មាន​ប្រជាពលរដ្ឋ ៤​គ្រួសារ​ទៀត មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​នៅ​ឡើយ។

មេភូមិ​ខ្សាច់​លោក សៅ សាវ៉ា ថ្លែង​ថា លោក មិន​បាន​ឃើញ​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ទៀត​ទេ ប៉ុន្តែ​លោក​បាន​ឃើញ​ក្រុមហ៊ុន ឃុន សៀ កំពុង​បូម​ខ្សាច់​ចាក់​បំពេញ​ដីដុះ​តាម​មាត់ទន្លេ ដែល​មាន​ទឹក​រាក់ ជា​រៀងរាល់ថ្ងៃ​។ លោក​មិនទាន់​បាន​ដឹង​អំពី​តម្លៃ ដែល​រដ្ឋ​ជួយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ និង​មិនទាន់​ដឹង​ថា ក្រុមហ៊ុន​មាន​គោលដៅ​អភិវឌ្ឍ​អ្វី​នោះ​ឡើយ​។ មេភូមិ​រូប​នេះ​អះអាង​ថា ក្រុមហ៊ុន​មិនបាន​បូម​ខ្សាច់​លុប​រំលោភ​ចូល​ផ្ទៃ​ទឹកទន្លេ​នោះ​ទេ ហើយ​លោក ក៏​មិន​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែរ ព្រោះ​លោក​អះអាង​ថា មុន​ជួល​ឲ្យ​ក្រុមហ៊ុន​នេះ អាជ្ញាធរ​ពាក់ព័ន្ធ ធ្លាប់​បាន​ចុះ​សិក្សា និង​វាយតម្លៃ​រួចរាល់​ហើយ៖ «ក្រុមហ៊ុន​គេ​បូម​ខ្សាច់​នេះ គេ​គ្រប​តែ​លើ​ដី​ដុះ​នេះ​ទេ ហើយ​ការ​បូម​ដាក់​ក្នុង​ទន្លេ​នោះ គឺ​បូម​ដាក់​វា​មិន​នៅ​ទេ ព្រោះ​ដីខ្សាច់​ហើយ​ទឹក​វា​ហូរ​ទៅ​ប៉ើង​អស់»

ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​លុប​ដង​ទន្លេ​មេគង្គ ដោយមាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នេះ ទាំង​ក្រុមហ៊ុន ឃុន សៀ និង​រដ្ឋាភិបាល មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នោះ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​តំណាង​ក្រុមហ៊ុន ឃុន សៀ បានទេ​កាល​ពី​ថ្ងៃ​ទី៣០ តុលា​។​

រីឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ការជួល​ដី និង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ឃុន សៀ នេះ​ទេ ប៉ុន្តែ​លោក​ថ្លែង​ការពារ​ថា ក្រុមហ៊ុន​នេះ មិន​បាន​បូម​ខ្សាច់​លុប​ទន្លេ​ឡើយ គឺ​គ្រាន់តែ​ពង្រីក​ច្រាំង​ទន្លេ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត លោក​ជឿជាក់​ថា ប្រសិនបើ​គម្រោង​នេះ មានការ​យល់​ព្រម​ពី​រដ្ឋាភិបាល​នោះ គឺ​ប្រាកដជា​មានការ​សិក្សា​ស្រាវជ្រាវ ពី​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​រួចរាល់​ហើយ៖ «បើកាលណា​គេ​ចេញ​ស..ណ ចេញ​សេចក្ដី​ជូន​ដំណឹង បាន​ន័យ​ថា រដ្ឋាភិបាល​បាន​ទទួល​ស្គាល់ ឬ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ហើយ​។ បើ​សួរ​ថា ហេតុ​ដូចម្ដេច​បាន​ឲ្យ​ធ្វើ អាហ្នឹង​ទាល់តែ​ទៅ​តាម​ពីក្រោយ​ទៀត​។ តើ​ខ្ញុំ​មាន​ពេល​ឯណា​ទៅតាម​រឿង​អ៊ីចឹងៗ​?»

ចំណែក​អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ កំពុង​បូម​ខ្សាច់​ចាក់​បំពេញ​នោះ គឺជា​ដីដុះ​តាម​មាត់ទន្លេ ដែល​រដ្ឋ​ជួល​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ តាម​នីតិវិធី​ច្បាប់​រយៈពេល ៥០​ឆ្នាំ សម្រាប់​សាងសង់​អគារ​អចលនទ្រព្យ​ផ្សេងៗ​។ នៅ​ពេល​អាស៊ីសេរី សួរ​ថា តើ​ការជួល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ រដ្ឋ​ទទួល​បាន​ផល​ចំណេញ​អ្វីខ្លះ​? លោក គង់ សោភ័ណ្ឌ ឆ្លើយតប​ថា លោក​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ ព្រោះ​ទើប​ឡើង​ជា​អភិបាលខេត្ត​ថ្មី ហើយ​របាយការណ៍​នេះ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ប៉ុន្តែ​លោក​ថា នឹង​ពិនិត្យមើល​កិច្ចសន្យាជួល និង​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ឃុន សៀ​នេះ បន្ត​ទៀត៖ «តាមមើល​តែ​រហូត ប្រសិនបើ​មាន​កន្លែង​ណាមួយ​ដែល​វា​ប៉ះពាល់​ដូច្នេះ​យើង​គិត​ថា វា​នៅ​ក្នុង​ក្របខ័ណ្ឌ​មួយទៀត គឺ​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ​នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​បញ្ហា​នេះ»

គម្រោង​អភិវឌ្ឍ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាងក្រោម​នៅ​តំបន់​អរិយ​ក្សត្រ ដោយ​ក្រុមហ៊ុន​ឃុន សៀ​នេះ បាន​បង្ក​ឲ្យ​អ្នក​បរិស្ថាន​និង​អង្គការ​សង្គម​ស៊ីវិល ព្រួយបារម្ភ​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន និង​សង្គម។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហានដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មាន​ប្រសាសន៍​ថា ទោះបីជា​ច្បាប់​ភូមិបាល បាន​ហាមឃាត់ មិន​ឲ្យ​ជួល​ឬ​លក់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​បឹងបួ ទន្លេ​និង​ឧទ្យាន​ជាតិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្តី ប៉ុន្តែ​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​ខ្វល់​អំពី​ច្បាប់ មិន​ខ្វល់​អំពី​តម្រូវការ និង​អារម្មណ៍​របស់​ប្រជាជន​ខ្មែរ​នោះ​ទេ៖ «ពេល​អត់​មាន​បក្ស​ប្រឆាំង​ក្នុង​សភា ពេល​សកម្មជន​បរិស្ថាន​ត្រូវ​បាន​ចាប់​ដាក់គុក​ជិត​អស់ ហើយ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ស្ទើរ​តែ​មិន​មាន​ទៀត​នេះ ធ្វើ​ឲ្យ​ល្បឿន​នៃ​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​នេះ កាន់តែ​លឿន​ទៅ​ៗ ដែល​អាច​និយាយ​ថា ជិះ​សេះ​លែងដៃ​មែនទែន»

សកម្មជន​បរិស្ថាន​រូប​នេះ ជឿជាក់​ថា គម្រោង​អភិវឌ្ឍន៍ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​កាន់តែ​រួម​តូច​នេះ នឹង​បង្ក​ជា​គ្រោះ​មហន្តរាយ​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ធនធាន​មច្ឆា​ជាតិ បំពុល​បរិស្ថាន និង​បាក់​ច្រាំងទន្លេ​ជាដើម៖ «​យើង​ឃើញ​លទ្ធផល​ជាក់ស្ដែង​អ៊ីចឹង​មែន គឺ​ក្រោយពី​លុប​បឹងកក់ លិច​ធ្ងន់ធ្ងរ ហើយ​ឥឡូវនេះ​លុប​បឹង​ស្ទឹង​ទាំង​អស់ហើយ​ដូច្នេះ​គ្មាន​នរណា​អាច​ប្រកែក​បានទេ អំពី​ទំនាក់ទំនង​នៃ​ការ​លុប​បឹង​និង​ការ​លិច​ផ្លូវ​។ ឥឡូវ​យើង​ឃើញច្បាស់​ក្រឡែត»

មាត្រា ១៦ នៃ​ច្បាប់​ភូមិបាល ចែងថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ មាន​ដូចជា បឹង ទន្លេ​ជាដើម មិន​អាច​លក់ដូរ​បាន​ឡើយ លុះត្រាតែ​បាត់បង់​ផលប្រយោជន៍​ជា​សាធារណៈ​។ សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល ពិនិត្យ​ឃើញ​ថា ទីតាំង​សាធារណៈ​ដែល​រដ្ឋាភិបាល​ជួល​ឲ្យ​ក្រុមហ៊ុន ឃុន សៀ និង​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត​កន្លង​មក​នោះ គឺ​មិនទាន់​បាត់បង់​ផលប្រយោជន៍​សាធារណៈ​ឡើយ៕

ពំនូកដីខ្សាច់ និង​ទុយោ​បូម​ខ្សាច់ របស់​ឧកញ៉ា ឃុន សៀ បូមចាក់​ច្រាំងទន្លេមេគង្គ នៅ​តំបន់​អរិយក្សត្រ ទល់មុខ​​កោះនរា ដែល​ឧកញ៉ា ពុង ឃាវសែ កំពុង​ចាក់ដីលុប​ទន្លេ​ដូច​គ្នា ពេល​ថត​នៅ​ថ្ងៃ​ទី៥ តុលា ឆ្នាំ២០២០។
ពំនូកដីខ្សាច់ និង​ទុយោ​បូម​ខ្សាច់ របស់​ឧកញ៉ា ឃុន សៀ បូមចាក់​ច្រាំងទន្លេមេគង្គ នៅ​តំបន់​អរិយក្សត្រ ទល់មុខ​​កោះនរា ដែល​ឧកញ៉ា ពុង ឃាវសែ កំពុង​ចាក់ដីលុប​ទន្លេ​ដូច​គ្នា ពេល​ថត​នៅ​ថ្ងៃ​ទី៥ តុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។