ស្ថានទូតអូស្ត្រាលីប្រកាសជាផ្លូវការផ្ដល់ជូនប្រព័ន្ធធារាសាស្ត្រចំនួន ៤ខ្សែ ដែលមានតម្លៃ ៧ លានដុល្លារ ដល់សហគមន៍នានាក្នុងខេត្តព្រៃវែង ក្នុងខណៈដែលខេត្តនេះកំពុងជួបប្រទះនូវគ្រោះរាំងស្ងួតក្នុងឆ្នាំនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីដែលអាស៊ីសេរីទទួលបាន ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រទាំងបួនខ្សែ នឹងផ្ទល់ទឹកស្រោចស្រពពេញមួយឆ្នាំ ដល់កសិករជាង ១.៥០០គ្រួសារ នៅស្រុកព្រះស្តេច ពាមជរ ពាមរក៍ និងស្រុកកំពង់ត្របែក ដែលអាចជួយកសិករឱ្យធ្វើស្រែបានបីដងក្នុងមួយឆ្នាំ។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកស្រី អេនជីឡា ខ័រកូរ៉េន ( Angela Corcoran) បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា «នេះគឺជាឧទាហរណ៍មួយទៀត ដែលបង្ហាញថា កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលីនៅកម្ពុជា ផ្ដល់នូវលទ្ធផលប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាពសម្រាប់កសិករកម្ពុជា»។
អ្នកស្រីបញ្ជាក់ថា «អ្នកស្រីមានមោទនភាពចំពោះការងាររបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការជួយដល់គ្រួសារ និងសហគមន៍នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមរយៈពេលវែង ដូចជាកង្វះកម្លាំងពលកម្ម និងការប្រែប្រួលអាកាសធាតុជាដើម»។
ជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីដល់កសិករខេត្តព្រៃវែងនេះបានកើតឡើងតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាដែលហៅកាត់ថា កាវ៉ាក់ (CAVAC)។
កាវ៉ាក់មានគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលដល់កសិករខ្នាតតូចព្រមទាំងពាណិជ្ជកម្ម វិស័យស្រូវអង្ករ និងដំណាំផ្សេងៗ តាមរយៈពង្រឹងប្រព័ន្ធទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។
ចាប់តាំងពីឆ្នាំ២០១០ កាវ៉ាក់ បានសាងសង់ និងកែលម្អឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ៣០កន្លែង នៅក្នុងខេត្តកំពង់ធំ កំពត តាកែវ ព្រៃវែង និងខេត្តកណ្ដាល។
អាស៊ីសេរីនៅថ្ងៃនេះ មិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានទេ។ ក៍ប៉ុន្តែកន្លងមកលោកធ្លាប់ប្រាប់អាស៊ីសេរីថា គ្រោះរាំងស្ងួតដែលបណ្ដាលឱ្យខ្វះទឹកប្រើប្រាស់ បានធ្វើឱ្យប៉ះពាល់ដល់ផលដំណាំកសិកម្ម និងពលរដ្ឋជាង ៥ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ លោកបញ្ជាក់ថា ខេត្តដែលប៉ះពាល់ខ្លាំងជាងគេ គឺខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ ដែលមានរហូតជាង ២ម៉ឺនគ្រួសារ។ លោកបញ្ជាក់ទៀតថា ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា មិនទាន់អាចគ្របដណ្ដប់ និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មបាន ១០០% នៅឡើយទេ ជាក់ស្ដែងបានត្រឹមជាង ៥០% ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
