អ្នក​ឃ្លាំមើល​បរិស្ថាន​រក​ឃើញ​ថា ការ​នាំ​ឈើ​ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ទៅ​លក់​នៅ​វៀតណាម​កើត​មាន​ច្រើន

ដោយ វ៉ែន សុមេធ
2019-07-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ឈើ​មួយ​កន្លែង មាន​រាប់​សិប​ម៉ែត្រ​គូប ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ចាប់​រឹប​អូស កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០១៩។
គំនរ​ឈើ​មួយ​កន្លែង មាន​រាប់​សិប​ម៉ែត្រ​គូប ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ចាប់​រឹប​អូស កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ លោក ជា ហ៊ាន

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា​ សកម្មភាព​កាប់​ឈើ​ និង​ការ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល​ ដែល​ឋិតនៅ​ចន្លោះ​ខេត្ត​កោះកុង​ និង​ខេត្ត​កំពង់ស្ពឺ​ កំពុង​កើត​មាន​យ៉ាង​កក្រើក។ ពួក​គេ​ថា ​ការ​កាប់​រំលំ​ដើម​ឈើ​ធំៗ ​ធ្វើអាជីវកម្ម​ នៅ​តំបន់​នោះ​កើតមាន​ច្រើន​ ដោយសារ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ជន​ល្មើស​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ។

អ្នកឃ្លាំមើល​បរិស្ថាន​អំពាវនាវ​ជាថ្មី​ទៀត​ ឲ្យ​ក្រសួងបរិស្ថាន​ ពិនិត្យ​ពី​ភារកិច្ច​ និង​ការទទួលខុសត្រូវ​របស់​មន្ត្រី​ឧទ្យានុរក្ស​ថ្នាក់​ក្រោម​របស់​ខ្លួន​ឡើង​វិញ​ ខណៈ​ដែល​ពួកគេ​រក​ឃើញ​ថា មន្ត្រី​ជំនាញ​ទាំងនោះ​មាន​ចេតនា​ បើកដៃ​ឲ្យ​មានការ​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ ទប់ស្កាត់​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិពល​រដ្ឋ​ លោក​ ជា​ ហ៊ាន​ ដែល​អង្កេត​រឿង​នេះ​ឲ្យដឹង​នៅ​ថ្ងៃ​ទី២ កក្កដា​ថា ជា​រៀងរាល់ថ្ងៃ​ មានកម្ម​ករ​ជាច្រើន​នាក់​ ដណ្ដើម​គ្នា​កាប់​ឈើ​ធំៗ ក្នុង​តំបន់​ជួរភ្នំ​ក្រវាញ​កណ្ដាល ​រួច​ដឹក​ជញ្ជូន​តាម​គោយន្ត​ និង​រថយន្ត​ប៉ាកុង​ទាំង​យប់​ទាំង​ថ្ងៃ​ចេញក្រៅ​។ លោក​ថា​ ឈើ​ល្អៗ មានមុខ​កាត់​ចាប់​ ៤តឹក​​ប្រវែង​ ៣ម៉ែត្រ​ឡើង​ទៅ​ ត្រូវ​គេ​ដឹក​មក​ស្តុក​ទុក​នៅ​ចំណុច​ជាំ​ រួច​ដឹកជញ្ជូន​បន្ត​ តាម​រថយន្ត​យី​ឌុប​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត៖ «ពលរដ្ឋ​កាប់​ឈើ​ពី​ក្នុង​ព្រៃ​ដឹក​តាម​គោយន្ត ដល់​កន្លែង​គោល​ដៅ ស្ទូច​ដាក់​ឡាន​ម៉ោង ១២យប់ គឺ​ដឹក​ទៅ​វៀតណាម។ បើ​យើង​ឆ្លើយ​បំភ្លឺ​នៅ​តែ​ម៉ាស៊ីន​ត្រជាក់​យើង​អត់​ដឹង​ថា បទ​ល្មើស​កើត​គ្រប់​រូបភាព​ទេ បើ​យើង​ចុះ​មក​ដល់​ទីតាំង​ជាក់​ស្ដែង​ទើប​ដឹង​ថា បទ​ល្មើស​វា​កើត​បែប​ណា? បទ​ល្មើស​ដឹក​ចេញ​តាម​តែ​ផ្លូវ មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ ឈរ​តាម​ផ្លូវ​មិន​បង្ក្រាប»

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា បទ​ល្មើស​ព្រៃឈើ​ជា​ក្រុមៗ នេះ​ ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ព្រោះ​តាម​ដង​ផ្លូវ​ ដែល​ឈ្មួញ​ដឹក​ឈើ​ មាន​សមត្ថកិច្ច​ចម្រុះ​ពង្រាយ​កម្លាំង​ឈរ​ជើង​ជា​ច្រើន និង​មាន​ស្នាក់​ការ​មន្ត្រី​បរិស្ថាន​ផង​ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​ទាំងនោះ​បែរជា​មិន​អនុវត្ត​ច្បាប់ព្រៃ​ឈើ។ លោក​សង្កត់​ធ្ងន់​ថា បច្ចុប្បន្ន​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ បាន​ក្លាយ​ជា​តំបន់​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ ឈើ​ធំៗ ដែល​ដុះ​តាម​ជម្រាល​ភ្នំ​ និង​តំបន់​ជ្រោះ​ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ធម្មជាតិ​បៃតង​ នឹង​រលាយ​ទាំង​ស្រុង​នៅ​ថ្ងៃ​អនាគត៖ «គ្រប់​ជំនាញ​ទាំង​អស់​ដែល​ឈរ​ជើង​តាម​បណ្ដោយ​ផ្លូវ ប្រសិន​គ្មាន​ការ​សម​គំនិត​គ្នា​ទេ? បទល្មើស​មិន​អាច​ដឹក​ដល់​ប្រទេស​វៀតណាម​បាន​ទេ។ ឈរ​ទាំង​នោះ ឋិត​នៅ​តំបន់​អភិរក្ស បើ​សិន​ជា​យើង​ទុក​ឈើ​ទាំង​ហ្នឹង​ធ្វើ​ជា​តំបន់​ទេសចរណ៍​វិញ វា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន ពលរដ្ឋ​អាច​រស់។ បើ​សិន​ជា​កាប់​ឈើ​អ៊ីចឹង បាន​តែ​មួយ​ពព្រិច​ភ្នែក​ទេ លទ្ធផល​ចុង​ក្រោយ​កាប់​ឈើ​ប្រជាជន​នៅ​តែ​ក្រ​ដដែល»

ប្រធាន​ស្ដីទី​ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ស៊ូស សុផល បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ទាក់ទិន​ករណី​នេះ​ តាម​ទូរស័ព្ទ​នោះ​ទេ៖ «មក​នេះ​មក និយាយ​តាម​ទូរស័ព្ទ​អត់​អស់​ទេ ការងារ​វា​ច្រើន។ និយាយ​តាម​ទូរស័ព្ទ​អត់​កើត»

អាស៊ី​សេរី​បាន​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ នេត្រ​ ភត្ត្រា​ ដើម្បី​សុំ​បំភ្លឺ​បញ្ហា​នេះ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី២ កក្កដា។

តែ​ទោះ​យ៉ាងណា​ លោក​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ក្រសួង​បរិស្ថាន​ កំពុង​ខំ​ពង្រឹង​យន្តការ​ទប់ទល់​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​បាន​ល្អ​ ដោយ​ត្រូវ​បន្ថែម​កម្លាំង​ឈរជើង​ និង​ការ​ដើរ​ល្បាត​ ព្រម​ទាំង​សហការ​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ ចូលរួម​គាំពារ​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះ​នៅ​តំបន់​ឧទ្យាន​ជាតិ។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ ដោយ​ត្រូវ​ផ្ដល់​ព័ត៌មាន​មក​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ ដើម្បី​ចាត់​វិធានការ៖ «យន្តការ​ដែល​ក្រសួង​បរិស្ថាន​បន្ត​អនុវត្ត គឺ​ការ​អនុវត្ត​ច្បាប់​​ប្រឆាំង​ជន​ល្មើស ហើយ​ជាមួយ​គ្នា​នេះ គឺ​យើង​ស្នើសុំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ សាធារណជន​ចូលរួម ទាំង​អស់​គ្នា​ក្នុង​ការ​ទប់ស្កាត់ ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ តាម​រយៈ​ការ​រាយការណ៍ ការ​ផ្ដល់​ព័ត៌មាន ការ​ជូន​ជា​របាយការណ៍​ផ្សេងៗ មក​កាន់​មន្ត្រី​របស់​យើង ដើម្បី​យើង​មាន​ភស្តុតាង​ក៏​ដូច​ជា ឯកសារ​គ្រប់គ្រាន់​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ឲ្យ​ទាន់​ពេល​វេលា»

សកម្មជន​បរិស្ថាន​បន្ថែម​ថា ប្រសិនបើ​ក្រសួង​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ឲ្យបាន​ពេញលេញ​ ដើម្បី​ថែ​រក្សា​ព្រៃឈើ​នៅ​តំបន់​នោះ​ឲ្យ​គង់​វង្ស នោះ​ក្រុម​ឈ្មួញ​ និង​អ្នក​កាប់​ឈើ​មិន​អាច​គេច​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​ចម្រុះ​បាន​ទេ។ ក៏ប៉ុន្តែ​ក្រុម​អ្នក​កាប់​ឈើ និង​ឈ្មួញ​បាន​ប្រើ​អំណាច​ទឹក​លុយ​ជា​ច្រើន ជះ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​នោះ​ជា​ថ្នូរ​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នៅ​តំបន់​នោះ។

តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល និង​ជួរភ្នំ​ក្រវាញ​ខាង​ត្បូង លាត​សន្ធឹង​ជាប់​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ​ និង​ខេត្ត​កោះកុង ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ​ និង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល មាន​ផ្ទៃ​ដី​ជាង ៨សែន​ហិកតារ។ តំបន់​អភិរក្ស​នេះ​ មាន​មន្ត្រី​ឧទ្យានុរក្ស​របស់ក្រ​សួង​បរិស្ថាន​ជាង​ ៧០នាក់​ដែល​ជា​អ្នក​ការពារ និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​ជីវចម្រុះ​នៅ​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល