ប្រធានអង្គការមាតាធម្មជាតិថា នឹងធ្វើការទាមទារតាមដងផ្លូវទោះប្រឈមការបង្ក្រាបក្ដី
2019.03.03

ស្ថាបនិកអង្គការមាតាធម្មជាតិដែលកំពុងស្វះស្វែងរកថវិកានៅប្រទេសអូស្ត្រាលី ដើម្បីទ្រទ្រង់សកម្មភាពការងាររបស់ខ្លួននោះបានអះអាងថា ក្រុមការងាររបស់ខ្លួននឹងធ្វើសកម្មភាពឱ្យកាន់តែសកម្មថែមទៀត ដោយបន្ថែមចំនួនសមាជិក និងពង្រីកសកម្មការងារឱ្យកាន់តែច្រើនថែមទៀត។ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ហៅអាឡិច នៅអូស្ត្រាលីឱ្យដឹងអាស៊ីសេរីដឹងថា ពលរដ្ឋខ្មែរនៅអូស្ត្រាលីពេញចិត្តនឹងសកម្មភាពអង្គការរបស់លោក និងបានលើកទឹកចិត្តឱ្យអង្គការនេះបន្តដំណើរទៅមុខទៀត។ លោកអះអាងថា នៅពេលខាងមុខសកម្មជនរបស់មាតាធម្មជាតិមិនត្រឹមតែធ្វើសកម្មភាពនៅលើប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងចេញទាមទារតាមដងផ្លូវដោយសន្តិវិធីដែលជាសកម្មភាពជាក់ស្ដែងប្រាប់ទៅមហាជនឱ្យដឹងពីការបំផ្លាញបរិស្ថាន និងអំពើពុករលួយជាដើម៖ «គេគំរាមយើងគ្រប់ពេលវេលា អ៊ីចឹងយើងខ្លាចយើងបារម្ភ ប៉ុន្តែទន្ទឹមហ្នឹងយើងមានផ្លូវពីរទីមួយថយទីពីរយើងខ្លាចមែនប៉ុន្តែយើងនៅតែទៅមុខ យើងបានសម្រេចចិត្តថា ហានិភ័យប៉ុណ្ណា គ្រោះថ្នាក់ប៉ុណ្ណាក៏យើងត្រូវតែធ្វើ»។
លោក អាឡិច យល់ថា ទោះការទាមទារនេះប្រឈមនឹងការបង្ក្រាបពីសំណាក់សមត្ថកិច្ចក្តី ប៉ុន្តែក្រុមលោកគ្មានជម្រើសផ្សេងក្រៅពីការព្យាយាមធ្វើ ដើម្បីទទួលបានដំណោះស្រាវជាវិជ្ជមាន។ លោកបន្តថា ទន្ទឹមនឹងការបន្ថែមល្បឿនការងារ អង្គការរបស់លោកព្យាយាមរកសកម្មជនបន្ថែមទៀតដែលផ្ដល់អាទិភាពចំពោះស្ត្រី៖ «ស្ត្រីជាក្តីសង្ឃឹមធំបំផុត សម្រាប់ប្រទេសកម្ពុជាមិនមែនតែរឿងបរិស្ថានទេ សង្ឃឹមរបស់ខ្ញុំ៨០ភាគរយទៅលើស្ត្រី»។
លោក អាឡិច ឱ្យដឹងទៀត ថា លោកទៅប្រទេសអូស្ត្រាលីដើម្បីកៀរគររកថវិការយៈពេលបីសប្ដាហ៍ ហើយពេលនេះទទួលថវិកាពីសប្បុរសជនបានជាង ពីរម៉ឺនដុល្លារអូស្ត្រាលី។ លោកថា ក្រៅពីថវិកាដែលទទួលបាន ពីសប្បុរសជន អង្គការមាតាធម្មជាតិក៏ទទួលបាននូវមូលនិធិមួយចំនួនពីអន្តរជាតិផ្សេងទៀតដែរ។
ប្រធានសមាគមខ្មែរនៅអូស្ត្រាលីមួយ និងជាមន្ត្រីក្រុងដែនឌឺណុង (Dandenong) នៃប្រទេសអូស្ត្រាលី ដើមកំណើតខ្មែរ លោក ជា យូហន ប្រកាសស្វាគមន៍សកម្មភាពអង្គការមាតាធម្មជាតិ។ លោកបន្តថា លោកក៏អំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលីជួយគាំទ្រដល់សកម្មភាពការងាររបស់អង្គការមាតាធម្មជាតិ៖ «អង្គាសបានលុយថ្ងៃនេះបានប៉ុន្មានយកទៅជូនលោកអាឡិច ទាំងអស់ដើម្បីយកលុយនោះទៅបរិស្ថាននៅប្រទេសកម្ពុជា ព្រោះដូចប្អូនជ្រាបស្រាប់ហើយព្រៃឈើនៅកម្ពុជាយើងខ្ទេចខ្ទីអស់ហើយ»។
អង្គការមាតាធម្មជាតិ (Mother Nature) ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាលកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនដាក់ពន្ធនាគារដោយសារបានចុះទៅស៊ើបអង្កេតរឿងការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ដែលជាឧកញ៉ាដ៏មានឥទ្ធិពលស្និទ្ធនិងលោក ហ៊ុន សែន។
ប៉ុន្តែទោះរបបក្រុងភ្នំពេញ បិទអង្គការនេះ និងបណ្ដេញលោក អាឡិច ចេញពីកម្ពុជាក្តី ក៏ក្រុមយុវជនដែលជាសកម្មជនបរិស្ថាននៅតែបន្តការងាររបស់ខ្លួនយ៉ាងសកម្មដដែល។ កាលពីដើមខែកុម្ភៈអង្គការនេះ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេសយុវជនឱ្យជួយផ្ដល់ព័ត៌មានទាក់ទងនឹងបទល្មើសធនធានធម្មជាតិ និងការបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិខ្មែរ៕