លោក អាឡិច ថា អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រៀន​តាម​ខ្មែរក្រហម​ទើប​ចោទ​លោក​ថា ធ្វើ​ចារកម្ម​ឱ្យ​បរទេស

ដោយ មួង ណារ៉េត
2018-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
Photo Screenshot

សកម្មជន​បរិស្ថាន លោក អាឡិកហាន់ដ្រូ ហ្គាន់ហ្សាឡេស ដេវីតសឹន (Alejandro Gonzalez Davidson) (ហៅ​អាឡិច) ច្រានចោល​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដែល​ថា លោក​ជា​ចារកម្ម​បរទេស។ លោក​ថ្លែង​ថា ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​បែបនេះ គឺជា​របៀប​ដែល​លោក សុខ ឥសាន រៀន​ពី​របប​ខ្មែរក្រហម និង​ពី​មេ​កើយ​របស់​លោក​សព្វថ្ងៃ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិច យល់ឃើញ​ថា ការចោទប្រកាន់​លើ​រូបលោក​នេះ ទំនងជា​លោក សុខ ឥសាន ទទួលបញ្ជា​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ឱ្យ​វាយប្រហារ​លោក ដោយសារ​សកម្មភាព​របស់​អង្គការ​មាតា​ធម្មជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​អសកម្ម និង​អំពើពុករលួយ​របស់​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ។ លោក​បន្ត​ថា មន្ត្រី​បក្ស​កាន់អំណាច​វាយប្រហារ​លោក​ដោយ​ពាក្យ​សម្តី​បែបនេះ ព្រោះ​ពួកគេ​មិន​អាច​ចាប់ខ្លួន ឬ​ធ្វើបាប​រូបលោក​ដោយ​ផ្ទាល់​បាន។ លោក​បន្ថែម​ថា រឿង​នេះ​នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​បក្ស​កាន់អំណាច ឬ​របប​ក្រុងភ្នំពេញ​ឡើយ ហើយ​លោក​ថា អ្វី​ដែល​របប​នេះ​ត្រូវ​ធ្វើ គឺ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ​ទៅវិញ​ទេ៖ «ពេលណា​ដែល​អ្នក​ដទៃ​រិះគន់​យើង បើ​យើង​ឆ្លាត យើង​យកពាក្យ​សម្ដី​របស់​គេ ការរិះគន់​របស់​គេ ដើម្បី​កែ​ទម្លាប់​ខ្លួនឯង ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​ជាង​មុន ប៉ុន្តែ លោក សុខ ឥសាន អត់​ធ្វើ​អ៊ីចឹង​ទេ។ គាត់​ចោទប្រកាន់ លាប​ពណ៌ ធ្វើបាប​ទៅលើ​អ្នក​រិះគន់ អ៊ីចឹង​បានជា​រដ្ឋាភិបាល​របស់​គាត់​កាន់តែ​អន់​ទៅៗ អ៊ីចឹង​បានជា​ប្រទេស​កម្ពុជា​កាន់តែ​ហិនហោច​ទៅៗ»

កាលពី​ថ្ងៃទី២១ ធ្នូ កន្លង​ទៅ មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​លោក សុខ ឥសាន បាន​ចោទ​លោក អាឡិច ថា ជា​ចារកម្ម​បរទេស​ដែល​កំពុង​បំផ្លាញ​កម្ពុជា។ លោក​ថ្លែង​ថា សកម្មជន​រូប​នេះ​គ្មាន​សិទ្ធិ​បញ្ចេញយោបល់​លើ​ការងារ​គ្រប់គ្រង​របស់​របប​លោក​ឡើយ ហើយ​គួរ​ទុក​ពេល​ពិនិត្យមើល​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​វិញ​ទៅ។ លោក​បន្ថែម​ថា មានតែ​របប​របស់​លោក​ទេ​ដែល​មាន​សិទ្ធិ​ការពារ​ធនធានធម្មជាតិ និង​ទ្រព្យសម្បត្តិ​របស់​ជាតិ គ្មាន​ជនបរទេស​ណា​អាច​មក​ជ្រៀតជ្រែក​រឿង​នេះ​ឡើយ។

លោក អាឡិច ថ្លែង​ថា គ្មាន​ច្បាប់​ណាមួយ​របស់​កម្ពុជា ដែល​ហាមឃាត់​មិន​ឱ្យ​ជនបរទេស​ចូលរួម​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នោះ​ឡើយ ហើយ​ច្បាប់​អន្តរជាតិ​វិញ ក៏​ដូចគ្នា​ដែរ។ លោក​បន្ត​ថា លោក​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ចង់​ជួយ​ថែរក្សា​ធនធានធម្មជាតិ​របស់​ខ្មែរ ខណៈ​របប​ក្រុងភ្នំពេញ​បរាជ័យ​នឹង​រឿង​ការពារ​ធនធានធម្មជាតិ​នេះ​។ លោក​បន្ថែម​ថា លោក​មិន​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​រឿង​ការគ្រប់គ្រង​នៅ​អេស្ប៉ាញ​ឡើយ ព្រោះ​អេស្ប៉ាញ​មាន​រដ្ឋាភិបាល​ដែល​គិតគូរ និង​ស្ដាប់​មតិ​ពលរដ្ឋ មិន​ដូច​របប​ក្រុងភ្នំពេញ​ឡើយ៖ «ខ្ញុំ​បញ្ចេញមតិ​រិះគន់​តាម​រដ្ឋធម្មនុញ្ញ​ហ្នឹង អ៊ីចឹង​ប្រសិនបើ​គាត់​អត់​ចង់​ឱ្យ​ជនបរទេស​បញ្ចេញយោបល់​រិះគន់​រដ្ឋាភិបាល​ហ្នឹង គាត់​គួរតែ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៅ នោះ​ទើប​គាត់​និយាយ​អាច​ត្រូវ។ ដរាបណា​រដ្ឋាភិបាល​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នៅតែ​ចាប់​សកម្មជន​បរិស្ថាន​ដាក់គុក ឬក៏​នៅតែ​រករឿង​ជាមួយ​គេ នៅតែ​សម្លាប់​គេ ខ្ញុំ​នៅតែ​តស៊ូ ខ្ញុំ​នៅតែ​បន្ត​ការងារ​របស់ខ្ញុំ ដោយសារ​សកម្មជន​បរិស្ថាន​នៅ​ខ្មែរ​អត់​សូវ​មាន​សុវត្ថិភាព បើ​ចេញ​មុខជា​សាធារណៈ»

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ជឿជាក់​ថា សកម្មភាព​របស់​លោក អាឡិច កន្លងមក មិនមែន​ជា​ការ​ធ្វើ​ចារកម្ម​អ្វី​ឡើយ ផ្ទុយទៅវិញ​កិច្ច​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ដែល​លោក​បាន​ធ្វើ​ទាំងឡាយ​នោះ គឺជា​ការអនុវត្ត​ស្របតាម​ឆន្ទៈ​របស់​របប​ក្រុងភ្នំពេញ​ទៅវិញ​ទេ។ លោក​កត់សម្គាល់​ទៀត​ថា សកម្មភាព​ទាំងនោះ​ក៏​មិនមែន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោក​នោះ​ដែរ ប៉ុន្តែ​គឺជា​ការ​លាតត្រដាង​នូវ​ភាព​អសកម្ម​របស់​មន្ត្រី​មួយ​ចំនួន​ដែល​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ។ លោក​ថា របប​ក្រុងភ្នំពេញ​គួរ​មានការ​លើកទឹកចិត្ត​ចំពោះ​លោក អា​ឡិច និង​បើកផ្លូវ​ឱ្យ​លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ៖ «វា​ជា​រឿង​មួយ​ល្អ​ទៅវិញ​ទេ សម្រាប់​រដ្ឋាភិបាល​ដែល​មិនទាន់​បាន​បំពេញ​តួនាទី​ហ្នឹង​ល្អ ហើយ​យើង​យក​ការ​ចេញ​របាយការណ៍ ការផ្សាយ​ពី​អ្វី​ដែល​រក​ឃើញ​ទាំងអស់​ហ្នឹង​មក​កែ​លម្អ វា​ប្រសើរ​ជាង​ក្នុង​ការ​ចោទប្រកាន់។ យើង​មិន​មិន​ឃើញ​ថា អាឡិច យក​ព័ត៌មាន​ទាំងអស់​ហ្នឹង​មក​បំផ្លាញ​កម្ពុជា​ទេ ផ្ទុយទៅវិញ គឺ​បាន​ជួយ​រក​ព័ត៌មាន​ដើម្បី​ផ្ដល់​ទៅ​រដ្ឋាភិបាល​បាន​ច្រើន​មែនទែន ដើម្បី​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​នូវ​សកម្មភាព​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​ហ្នឹង»

លោក អា​ឡិច ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ បណ្ដេញ​ចេញពី​កម្ពុជា កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ដោយ​ផ្អែកលើ​ហេតុផល​ថា ទិដ្ឋាការ​របស់​លោក​ផុត​កំណត់។ ក្រោយពី​ត្រូវ​បាន​បណ្តេញ​ចេញ លោក អា​ឡិច ក៏បាន​ស្វះស្វែង​តាម​មធ្យោបាយ​ជាច្រើន ដើម្បី​អាច​ត្រឡប់​មក​កម្ពុជា​វិញ ប៉ុន្តែ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​បដិសេធ ដ្បិត​លោក​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទឹកដី​កម្ពុជា​នោះ​ឡើយ។ លោក​ក៏​ជាប់​បណ្ដឹង​នៅ​តុលាការ​ខេត្ត​កោះកុង​មួយ​ផង​ដែរ គឺ​បទ “​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​” ជាមួយ​ក្រុម​យុវជន​អង្គការ​មាតា​ធម្មជាតិ ក៏ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ទៅ​ហើយ ដោយ​គ្មាន​ការ​ជំនុំជម្រះ​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ពី TOULOUSE-FRANCE

​​

​​​ ប្រជាពលរដ្ឋខ្មែរស្នេហាជាតិទាំងក្នុង​និងក្រៅប្រទេស សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោក​ អាឡិច​ ដែលបានធ្វើសកម្មភាពការពារ
បរិស្ថាន និងប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលផ្ដាច់
ការកម្ពុជាសព្វថ្ងៃ​ ៕

Dec 23, 2018 02:23 PM

See something...say something bro...and God bless u

Of course,u are 1,000,000% right bro...Hitler killed millions Jews,Joseph Stalin+Mao Tsedung killed almost 80 millions pple for their fascist commies experiment ideology and tmil Hun Sen+Pol Pot are not really far away from those fascism"fascism voodoo psychics".We all have to know to many forms of world worst evil men who created mass destruction and try to turn down the whole world upside down with great pleasure killing human beings as their entertainment,and those ever never face a justice after deaths with some are still alive today by without anyone bring them to justice and they still killing pple as their entertainment.

Dec 22, 2018 11:42 AM

គេហទំព័រ​ទាំងមូល