សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ប្រហារ

ដោយ សេក បណ្ឌិត
2018-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក  វ៉ែន អែត ដែល​​ត្រូវ​គេ​លប​បាញ់​ប្រហារ កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ស្វះស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះកុង។ រូបថត​ថ្ងៃទី១៣ ឧសភា ឆ្នាំ​២០១៨។
សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត ដែល​​ត្រូវ​គេ​លប​បាញ់​ប្រហារ កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ស្វះស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះកុង។ រូបថត​ថ្ងៃទី១៣ ឧសភា ឆ្នាំ​២០១៨។
Photo Provided

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង ដែល​រង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ជំនាប់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​ប្រហារ​ចំនួន​មួយ​គ្រាប់​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី១២ ឧសភា។ ការ​បាញ់​ប្រហារ​នេះ ធ្វើឡើង​នៅ​ចំណុច​ផ្ទះ​របស់​គាត់​តែម្ដង។ ជនរងគ្រោះ និង​មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​សមត្ថកិច្ច​ចុះ​ស៊ើបអង្កេត និង​ចាប់​ជន​បង្ក​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

សកម្មជន​បរិស្ថាន​តំបន់អារ៉ែង លោក វ៉ែន អែត អះអាង​ប្រាប់​អាស៊ីសេរី​ថា ការ​លួច​បាញ់​ប្រហារ​លើ​រូប​លោក​នោះ កើតឡើង​នៅ​ម៉ោងជាង ១០​យប់ ពេល​លោក​កំពុង​ដើរ​ទៅ​តម្រង់​ទៅ​បន្ទប់ទឹក ចម្ងាយ​ប្រហែល ១០​ម៉ែត្រ​ពី​ផ្ទះ​របស់​លោក ប៉ុន្តែ​សំណាងល្អ​គ្រាប់​កាំភ្លើង​នោះ មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​រូបលោក​នោះ​ទេ។ ទោះបីជា​យ៉ាងណា លោក​អះអាង​ថា ហេតុការណ៍​លប​បាញ់​ប្រហារ​នេះ ធ្វើ​ឱ្យ​លោក​ភិតភ័យ និង​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ភ័យខ្លាច និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ ខ្ញុំ​គិត​ថា លើក​នេះ​គេ​បាញ់​ខុស តែ​បើ​ថ្ងៃក្រោយ​គេ​បាញ់​ត្រូវ នោះ​ជីវិត​របស់ខ្ញុំ​នឹង​ត្រូវ​ចប់​ហើយ។ ការ​បាញ់​នេះ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ដូច្នេះ​សំណូមពរ​ដល់​កម្លាំង​ប្រដាប់អាវុធ​មាន​ដូចជា ប៉ូលិស ជាដើម សូម​ជួយ​អន្តរាគមន៍​ស៊ើបសួរ​តាមដាន រក​អ្នកមាន​កាំភ្លើង​ដែល​បាន​បាញ់​ខ្ញុំ​កាលពី​យប់​មុន​នោះ»

ហេតុការណ៍​លប​បាញ់​ប្រហារ​លើ​លោក វ៉ែន អែត នេះ កើតឡើង​ក្រោយពេល​លោក​បាន​ត្រឡប់​ទៅ​ភូមិ​វិញ​កាលពី​សប្ដាហ៍​មុន ដើម្បី​ទៅ​បំភ្លឺ​ករណី​គំរាម​សម្លាប់​ពី​ជំទប់​ទី​មួយ​ឃុំ​ជំនាប់ ឈ្មោះ ទិល ចាន់។ លោក​បាន​សម្របសម្រួល​បញ្ចប់​ករណី​នេះ កាលពី​ថ្ងៃ​ទី៩ ឧសភា កន្លងទៅ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មបាំង។

លោក វ៉ែន អែត បញ្ជាក់​ថា លោក​មិន​បាន​ស្គាល់​មុខ​ជន​ប្រព្រឹត្ត​នោះ​ទេ ដោយសារ​ជុំវិញ​ផ្ទះ មាន​សភាព​ងងឹត​មើល​អ្វី​មិន​ឃើញ។ លោក​បន្ត​ថា លោក​មិនបាន​រាយការណ៍​រឿង​នេះ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជំនាប់​នោះ​ទេ ព្រោះ​ក្រុម​សមត្ថកិច្ច​ទាំងនេះ​មិនសូវ​អើពើ​នឹង​ករណី​គំរាមកំហែង​ដល់​អាយុជីវិត​ឡើយ ជាពិសេស ពួកគេ​មិនបាន​ចាត់​វិធានការណ៍​ឱ្យ​បាន​ទាន់​ពេល​វេលា​ចំពោះ​បណ្ដឹង​គំរាម​សម្លាប់​រូបលោក​ឡើយ។ លោក វ៉ែន អែត យល់ថា មូលហេតុ​នៃ​ការ​គំរាម​សម្លាប់ និង​ឈាន​ដល់​ការ​លប​បាញ់​ប្រហារ​រូបលោក​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ​ពីរ​យ៉ាង គឺ​ទីមួយ​លោក​ជា​អតីត​សកម្ម​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច និង​ទី​ពីរ​លោក​ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង៖ «ទិសដៅ​សំខាន់​ជាងគេ​ទី​មួយ គេ​កៀរគរ​ខ្ញុំ​ឱ្យ​ចូល​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។ ខ្ញុំ​ជា​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ពេល​គេ​កៀរគរ​ឱ្យ​ចូល ខ្ញុំ​អត់​ព្រម​ចូល។ ទី​ពីរ ខ្ញុំ​ជា​សកម្មជន​ព្រៃឈើ​ទៀត ហើយ​រឿង​ព្រៃឈើ​នេះ ក៏​ជា​ទិសដៅ​សំខាន់​មួយទៀត​ដែរ។ អ្នក​រក​ស៊ី​ឈើ គេ​ធ្វើ​អ្វី​មិនបាន​ដូច​ចិត្ត​គេ ហើយ​ឈ្មួញ​ឈើ និង​អាជ្ញាធរ​មួយ​ចំនួន​ស៊ុមគ្រលុំ​គ្នា ដូច្នេះ​យើង​ជា​អ្នកការពារ ហើយ​គេ​ជា​អ្នក​បំផ្លាញ​អីចឹង វា​មិន​ត្រូវ​គ្នា​ទេ»

អាស៊ីសេរី​មិនអាច​ទាក់ទង​សមត្ថកិច្ច​នគរបាល​ឃុំ​ជំនាប់ និង​សមត្ថកិច្ច​ស្រុក​ថ្មបាំង ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បានទេ​កាលពី​ថ្ងៃទី១៣ ឧសភា។

កាលពី​ថ្ងៃ​ទី ១៧ មេសា កន្លងទៅ សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត បាន​រង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​ពី​សំណាក់​ជំទប់​ទីមួយ​ឃុំ​ជំនាប់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ទិល ចាន់។ លោក​បាន​ប្ដឹង​ករណី​គំរាម​សម្លាប់​នេះ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជំនាប់ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី​ឡើយ​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ទាំងនោះ ទើប​ធ្វើ​ឱ្យ​លោក​បង្ខំចិត្ត​នាំ​ប្រពន្ធ​កូន​រត់​ភៀសខ្លួន​ចេញ​ពី​ផ្ទះ នៅ​ភូមិ​ច្រកឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ទៅ​រស់នៅ​លាក់ខ្លួន​នៅ​កន្លែង​ដទៃ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ក្រោយ​រត់​ភៀសខ្លួន​បាន ២សប្ដាហ៍ លោក វ៉ែន អែត បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​តែម្នាក់​ឯង ដោយ​ទុក​ឱ្យ​ប្រពន្ធ​កូន​របស់​លោក​នៅ​សំងំ​លាក់ខ្លួន​សិន។ ការ​ត្រឡប់​មកវិញ​នេះ គឺ​ដើម្បី​ទៅ​ឆ្លើយ​បំភ្លឺ​លើ​ពាក្យ​បណ្ដឹង​របស់​លោក​ដែល​ប្ដឹង​លោក ទិល ចាន់ អំពី​ករណី​គំរាម​សម្លាប់​នោះ នៅមុខ​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មបាំង ហើយ​ភាគី​ទាំងសងខាង​បាន​សុខចិត្ត​សម្របសម្រួល​ដើម្បី​បញ្ចប់​រឿង​នេះ ក៏​ប៉ុន្តែ​ស្រាប់តែ​នៅ​យប់​ថ្ងៃទី១២ ឧសភា មាន​ជន​មិន​ស្គាល់​មុខ​បាន​លប​បាញ់​ប្រហារ​លោក វ៉ែន អែត បែបនេះ។

មន្ត្រី​ប្រឹក្សា​ច្បាប់​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក ហ៊ួរ អ៊ីន ថ្លែង​ថា ករណី​លប​បាញ់​ប្រហារ លោក វ៉ែន អែត នេះ បណ្តាល​មក​ពី​សមត្ថកិច្ច​នគរបាល​បំពេញការងារ​របស់​ខ្លួន​មិនបាន​ត្រឹមត្រូវ​ទាក់ទង​នឹង​ការ​គំរាម​សម្លាប់ លោក វ៉ែន អែត កាលពី​លើក​មុន ដោយ​អាជ្ញាធរ​គ្រាន់តែ​សម្របសម្រួល​បញ្ចប់​សំណុំរឿង ប៉ុន្តែ​មិនបាន​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឡើយ។ លោក​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ស្វែង​រកមុខ​ជន​បង្ក​ហេតុ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់៖ «ទន្ទឹម​នឹង​ការចរចា​គ្នា​នេះ គេ​ក៏បាន​សួរ​ទៅ​ឈ្មោះ ទិល ចាន់ ដែរ​ថា មាន​អ្នក​នៅ​ពីក្រោយ​ដែរ​ឬ​អត់​នៅ​ក្នុង​រឿង​នេះ? តែ​ឈ្មោះ ទិល ចាន់ អត់​ហ៊ាន​ប្រាប់​ទេ ដូច្នេះ​កន្លែង​នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា រឿង​នេះ​ពិតជា​មាន​ភាគី​ទី​បី​នៅ​ខាងក្រោយ​ហើយ។ អ៊ីចឹង​នៅ​ក្នុង​ករណី​នេះ មន្ត្រី​នគរបាល​ស្រុក​ថ្មបាំង មិន​អាច​បិទ​សំណុំ​រឿង​នេះ​ត្រឹមហ្នឹង​នោះ​ទេ ទោះបីជា​ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា​ក៏ដោយ ព្រោះ​វា​ជា​រឿង​ព្រហ្មទណ្ឌ ហើយ​រហូតដល់​ថ្ងៃ​ម្សិលមិញ​នេះ ក៏​មាន​ការ​លួច​បាញ់​ប្រហារ​ទៅលើ វ៉ែន អែត ទៀត អ៊ីចឹង​ប៉ូលិស​ត្រូវតែ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​អ្នកណា​នៅ​ពីក្រោយ​រឿង​នេះ។ ធ្វើ​បែប​នេះ យើង​នឹង​អាច​រក​ឃើញ​អ្នក​ដែល​លួច​បាញ់​រូប​គាត់​ហ្នឹង»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ រកឃើញ​ថា លោក វ៉ែន អែត រង​ការរើសអើង និង​គំរាមកំហែង​ដល់​អាយុជីវិត ដោយសារ​លោក​បាន​ឡើង​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដើម្បី​សុំ​អន្តរាគមន៍​ពន្លឿន​ការធ្វើ​ស្វ័យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង។ លើស​ពី​នេះ លោក​ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដ៏​សកម្ម​ដែល​ធ្លាប់​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង។ សំខាន់​ជាង​នេះ​ទៅ​ទៀត លោក វ៉ែន អែត គឺជា​អតីត​បេក្ខជន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ជំនាប់ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល