សកម្មជនបរិស្ថានតំបន់អារ៉ែង លោក វ៉ែន វ៉ន ស្នើយ៉ាងទទូចដល់សាលាឧទ្ធរណ៍ឱ្យពន្លឿនសំណុំរឿងក្តីរបស់លោក ដែលត្រូវបានផ្អឹបទុកអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ។ អ្នកការពារសិទ្ធិមនុស្សអះអាងថា សកម្មជនរូបនេះមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់នោះទេ ដូច្នេះសាលាឧទ្ធរណ៍គួរតែផ្តល់យុត្តិធម៌ដល់រូបលោកវិញ។
សកម្មជនការពារសិទ្ធិជនជាតិដើមភាគតិចជង និងជាអ្នកការពារបរិស្ថាននៅតំបន់អារ៉ែង លោក វ៉ែន វ៉ន ប្រាប់អាស៊ីអាស៊ីសេរីនៅថ្ងៃទី១៣ ឧសភាថា លោកបានរង់ចាំសវនាការជំនុំជម្រះលើកទី២ របស់សាលាឧទ្ធរណ៍អស់រយៈពេលជាយូរមកហើយ ក៏ប៉ុន្តែនៅតែមិនទទួលបានដំណឹងអ្វីឡើយពីខាងតុលាការ មកដល់ពេលនេះ។ លោកបន្តថា ការជាប់ក្ដីក្ដាំនៅតុលាការធ្វើឱ្យលោកមិនជ្រះស្រឡះក្នុងចិត្តនោះឡើយហើយវាបានធ្វើឱ្យសិទ្ធិសេរីភាពរបស់លោកស្ថិតក្រោមការត្រួតពិនិត្យ។ លោកស្នើសុំយ៉ាងទទូចដល់តុលាការឱ្យពន្លឿនសំណុំរឿងនេះ និងលើកលែងបទចោទប្រកាន់លើរូបលោក៖ «វាហាក់ដូចជាមិនយុត្តិធម៌សម្រាប់ខ្ញុំ ដោយសារខ្ញុំធ្វើ សម្រាប់សហគមន៍ ឬក៏ប្រយោជន៍ សាធារណៈទេ មិនគួរណាប្ដឹង ខ្ញុំ ហើយទុកសំណុំរឿងហ្នឹងរហូតដល់ រយៈពេល ២ - ៣ ឆ្នាំ។ គួរណាស់ តែមានការសម្រេចណាមួយ ហើយទទួលបានយុត្តិធម៌ពេញលេញ។ ខ្ញុំតានតឹងមែនទែន ដោយ សារដំណើរការ របស់តុលាការមានភាពយឺតយ៉ាវ ហើយអត់មាន ភាពមួយ ច្បាស់ លាស់»។
កាលពីដើមខែមីនា ឆ្នាំ២០១៦ តុលាការខេត្តកោះកុងបានកាត់ទោសឱ្យលោក វ៉ែន វ៉ន ជាប់ពន្ធនាគារ ១ឆ្នាំពីបទប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងលុបបំបាត់វត្ថុតាង ក្រោយពេលលោកបានទិញឈើយកមកធ្វើស្នាក់ការសហគមន៍អារ៉ែង។ ក៏ប៉ុន្តែទោសនេះត្រូវបានព្យួរ បន្ទាប់ពីលោកបានជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុងអស់រយៈពេលជិតពាក់កណ្តាលនៃទោសនេះរួចទៅហើយ។
ដោយមិនសុខចិត្តនឹងការសម្រេចរបស់តុលាការខេត្តកោះកុងនេះ លោក វ៉ែន វ៉ន បានប្តឹងសារទុក្ខទៅសាលាឧទ្ធរណ៍ ហើយតុលាការជាន់ខ្ពស់មួយនេះ ក៏បានតម្កល់សាលក្រមផ្តន្ទាទោសរបស់តុលាការខេត្តកោះកុង ទុកជាបានការដដែល។ សកម្មជនរូបនេះក៏បានសម្រេចដាក់ប្តឹងទាស់ទៅតុលាការកំពូលបន្តទៀត ហើយនៅដើមខែកក្កដា ឆ្នាំ២០១៧ តុលាការកំពូលក៏បានសម្រេចបង្វិលសំណុំរឿងនេះ ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ ក្រោមហេតុផលថា សាលដីកាសាលាឧទ្ធរណ៍មិនត្រឹមត្រូវតាមគតិច្បាប់។
ទោះជាយ៉ាងណារយៈពេលជិត ២ឆ្នាំមកនេះ មិនទាន់ឃើញតុលាការឧទ្ធរណ៍កំណត់ពេលបើកសវនាការរឿងនេះ តាមបញ្ជារបស់តុលាការកំពូលនៅឡើយ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធ ដើម្បីសុំការបំភ្លឺអំពីបញ្ហានេះបានទេនៅថ្ងៃទី១៣ ឧសភា ដោយលោកមិនលើកទូរស័ព្ទ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា សាលាឧទ្ធរណ៍អាចមានសំណុំរឿងច្រើនដែលត្រូវដោះស្រាយ ក៏ប៉ុន្តែលោកថា ករណីលោក វ៉ែន វ៉ន នេះ តុលាការគួរតែបើកការជំនុំជម្រះឱ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់សកម្មជនបរិស្ថានរូបនេះ។ លោកបន្ថែមថា ចំណាត់ការទាំងឡាយទៅលើលោក វ៉ែន វ៉ន គឺជាការគំរាមកំហែង ដូច្នេះលោកស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើ លោក វ៉ែន វ៉ន ដើម្បីសកម្មជនរូបនេះមានសេរីភាពពេញលេញ និងបន្តការងារជួយការពារបរិស្ថានតំបន់អារ៉ែងតទៅទៀត៖ «ឈើដែលគាត់ធ្វើទីស្នាក់ការសហគមន៍ហ្នឹង គឺ ដើម្បីផល ប្រយោជន៍សហគមន៍ អារ៉ែង ទាំងមូលទេ។ ការចាប់ខ្លួន ហើយនិងចោទប្រកាន់គាត់ហ្នឹង គ្រាន់តែជាការគំរាមកំហែងទប់ស្កាត់ការចូលរួម និងការពារធនធានធម្មជាតិ ព្រៃឈើ នៅក្នុង តំបន់ អារ៉ែង ហ្នឹងទេ អ៊ីចឹង បានរឿង របស់គាត់មកដល់ពេលបច្ចុប្បន្នហ្នឹង គឺមិន ទាន់ចប់ នៅឡើយ ទេ»។
បើគិតពីថេរវេលាក្នុងសំណុំរឿងនេះ ការអនុវត្តសាលក្រមប្រើពេលត្រឹមមួយឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែ ការប្តឹងទាស់សេចក្តីសម្រេចរបស់តុលាការ បានប្រើពេលអស់ជាង ២ឆ្នាំទៅហើយ។
ទោះជាយ៉ាងនេះក្តី លោក វ៉ែន វ៉ន អះអាងថា លោកសុខចិត្តចំណាយពេលនៅរង់ចាំការជំនុំជម្រះជាថ្មី ព្រោះបើលោកទទួលយកសាលក្រមផ្តន្ទាទោស មានន័យថា លោកពិតជាបានប្រព្រឹត្តខុសមែន ក៏ប៉ុន្តែរឿងពិតនោះ គឺលោកគ្មានកំហុសអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
