ភ្លើងកំពុងឆេះបំផ្លាញព្រៃរនាមជាច្រើនរយហិកតារ នៅក្នុងឡូត៍លេខ៤ នៃដែនបឹងទន្លេសាប។ ភ្លើងឆេះព្រៃនេះ កំពុងបំផ្លាញព្រៃឈើលិចទឹក និងបំផ្លាញព្រៃដែលជាទីជម្រកសម្រាប់សត្វជាច្រើនប្រភេទរស់នៅ។
មូលហេតុនៃការឆេះព្រៃនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែប្រភពខ្លះអះអាងថា ការឆេះនោះបណ្ដាលមកពីអ្នកដើររកឃ្មុំ និងអ្នកខ្លះអះអាងថា មានអ្នកលួចដុតដើម្បីកាប់យកអុស។
រហូតមកដល់ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៣ ភ្លើងដែលកំពុងឆេះព្រៃនៅក្នុងតំបន់បីនៃដែនបឹងទន្លេសាបនោះ នៅពុំបានរលត់ទៅវិញទេ បើទោះបីការឆេះព្រៃនេះកើតមានអស់រយៈពេលជាច្រើនថ្ងៃមកហើយក៏ដោយ។
ក្រុមអ្នកភូមិជាអ្នករស់នៅជិតតំបន់នោះ ថ្លែងថា ភ្លើងឆេះព្រៃនេះបានកើតមានអស់រយៈពេលជាង ១សប្ដាហ៍ នៅក្នុងដែនព្រៃលិចទឹកតំបន់ស្ថិតក្នុងឡូត៍លេខ៤។ មូលហេតុដែលបណ្ដាលឲ្យមានភ្លើងឆេះព្រៃនេះ ពុំមានអ្នកដឹងច្បាស់នោះទេ៖ «ព្រៃឆេះគ្រប់កន្លែង ដំណើរមកពីអ្នកយកឃ្មុំ មិនមែនដុតទេ។ វាយកឃ្មុំរួចទៅ វាបោះភ្លើងហ្នឹងចោល ឆេះទៅ មិនមែនយើងអ្នកដុតទេ។ ឆេះនៅក្នុងឡូត៍លេខ៤ មានសត្វអណ្ដើក ពស់ ពស់វែកប៉ះអីឆេះខ្នាច់ អណ្ដើកខែនេះ អត់ភ្លៀងងាប់អស់។ ប្រជាជននៅទីនេះពុំមានអ្នកណាហ៊ានដុត គ្រាន់តែកាប់ព្រៃគេចាប់»។
ភ្លើងដែលកំពុងឆេះ នៅតែបន្តឆេះបំផ្លាញព្រៃ ដោយសារតែរដូវនេះជារដូវប្រាំង មេឃពុំមានភ្លៀង។ នៅតាមទីកន្លែងដែលមានភ្លើងឆេះនោះ គេសង្កេតឃើញដើមឈើ និងរុក្ខជាតិតូចៗជាច្រើនដើម និងច្រើនទីតាំង ត្រូវភ្លើងឆេះខ្មៅរោលពីគល់ដល់ចុង។ នៅលើផ្ទៃមានផេះពណ៌សលាយខ្មៅ និងនៅទីតាំងព្រៃខ្លះទៀត ភ្លើងកំពុងឆេះបំផ្លាញបន្ត។
ក្រុមអ្នកភូមិខ្លះ អះអាងថា ភ្លើងឆេះព្រៃរនាមនេះ អាចបណ្ដាលមកពីការលួចដុតបំផ្លាញព្រៃ ដើម្បីចាប់សត្វ ហើយឆ្លៀតឱកាសដើម្បីកាប់អុសនៅឆ្នាំក្រោយ៖ «ឆេះរាល់ថ្ងៃ វាមិនដឹងថាអ្នកណាជាអ្នកដុត ខ្លាចអ្នកកាប់អុស ដុតរាលទៅមុខ គេមកកាប់អុសយក មានសត្វពស់ អណ្ដើក ឃ្មុំអី ងាប់អស់។ បច្ចុប្បន្ននេះ វាទូទៅហើយ យើងមិនដឹងដែរ សភាពនេះមកពីក្ដៅ អានេះទូទៅមិនមែនឆេះតែយើងណា សូម្បីតែខាងព្រៃចាស់អី ក៏ឆេះទូទៅអស់ហើយ មិនថាទីណាកន្លែងណានោះ»។
នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង លោក ជួង សុភា ថ្លែងថា ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ពុំមានវិធានការទប់ស្កាត់ការឆេះបំផ្លាញព្រៃនេះបានទេ ដោយសារតែវិសាលភាពនៃតំបន់ព្រៃរនាមនោះធំធេងពេក ពុំមានផ្លូវសម្រាប់បើករថយន្តពន្លត់អគ្គិភ័យចូលទៅពន្លត់បាន។ ករណីភ្លើងឆេះព្រៃនេះ ខាងរដ្ឋបាលជលផល បានរាយការណ៍ជូនថ្នាក់លើរួចហើយ៖ «ភ្លើងកំពុងឆេះអ៊ីចឹង យើងមិនអាចវាយតម្លៃបាន មានតែការចូលរួមពីប្រជាពលរដ្ឋទេ។ តំបន់ហ្នឹងវាមិនអាចមានឡានអីចូលទៅជួយបាន អានេះមានតែ ខ្ញុំឲ្យសង្កាត់ឲ្យឃុំជួយរកម៉ាស៊ីនបូមទឹក កន្លែងណាអី។ រលត់បន្តិច បានយើងជិះទៅឆ្វែលជុំវិញ។ យើងប៉ាន់ប្រមាណបាន តាមពិតវាឆេះរាល ដោយសារបងប្អូនគាត់ដុតរកអណ្ដើកអីផង ព្រោះឡូត៍លេខ៤ នេះ កាត់ឲ្យរាស្ត្រ អ៊ីចឹងគាត់អាចមានសិទ្ធិចូលទៅ»។
ក្រុមអ្នកភូមិ បានឲ្យដឹងថា ការឆេះបំផ្លាញព្រៃរនាមនេះ បានសម្លាប់សត្វជាច្រើនប្រភេទ ដូចជា ពស់ អណ្ដើក និងពងកូនសត្វតូចជាដើម។ លើសពីនេះ ការបាត់បង់ព្រៃលិចទឹកនោះ កំពុងគំរាមកំហែងដល់ជម្រកត្រីពងបណ្ដាឆ្នាំក្រោយទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
