សកម្មជន​ស្នើ​សមត្ថកិច្ច​ស៊ើប​អង្កេត​ក្រុមហ៊ុន​លោក គិត ម៉េង ពាក់ព័ន្ធ​ជួញដូរ​ឈើ​ខុស​ច្បាប់

ដោយ យាង សុជាមេត្តា
2017-05-24
Share
3 គំនរ​ឈើ​ដែល​គេ​ដឹក​ពី​តំបន់​ផ្សេងៗ​មក​ទម្លាក់​ក្នុង​តំបន់​បាត​អាង​នៅ​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥
Photo: RFA

សកម្មជន​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ ស្នើ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​ឈាន​ដល់​ចាត់​វិធានការ​បញ្ឈប់​ការ​កាប់​ឈើ និង​រក​ស៊ី​ឈើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​លោក គិត ម៉េង ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​សម្អាត​ផ្ទៃ​បាត​អាង​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។ ការ​ស្នើ​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ បន្ទាប់​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហោះ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​រក​ស៊ី​ខុស​ច្បាប់​របស់​ក្រុមហ៊ុន គិត ម៉េង តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​ដក​ចេញ​វិញ​ដោយ​អះអាង​ថា ជា​បញ្ហា​បច្ចេកទេស។

ការ​ដក​ចេញ​វិញ​ពី​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នូវ​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា គិត ម៉េង ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល កំពុង​ធ្វើ​ឲ្យ​មនុស្ស​ងឿង​ឆ្ងល់​ចំពោះ​បញ្ហា​នេះ។

កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហោះ​ព័ត៌មាន​ដែល​ថា ក្រុមហ៊ុន​របស់​លោក គិត ម៉េង ដែល​គេ​ដឹង​ថា​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​សម្អាត​ផ្ទៃ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ តាំង​ពី​ឆ្នាំ​២០១២ នោះ បាន​យក​ឈើ​ដែល​កាប់​ខុស​ច្បាប់​មក​ពី​តំបន់​ផ្សេង មក​ស្តុក​ទុក​ក្នុង​តំបន់​ផ្ទៃ​បាត​អាង។ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវ​បាន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដក​ចេញ​ពី​គេហទំព័រ​របស់​ខ្លួន​វិញ​នៅ​ពេល​បន្ទាប់​មក ដោយ​ពុំ​ដឹង​មូលហេតុ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​មនុស្ស​លើក។

ទោះ​ជា​យ៉ាង​ណា លោក គៀត ច័ន្ទថារិទ្ធិ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បុគ្គលិក​ផ្នែក​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហោះ​ច្រឡំ​ព័ត៌មាន​នេះ ដោយ​លោក​ចាត់​ទុក​ថា​ជា​ការ​ធ្វេសប្រហែស។ ប៉ុន្តែ​លោក គៀត ច័ន្ទថារិទ្ធិ មិន​បាន​បញ្ជាក់​ទេ​ថា តើ​ព័ត៌មាន​ដែល​បង្ហោះ​នោះ​ពិត ឬ​មិន​ពិត​យ៉ាង​ណា​នោះ។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុង​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំង​ពី​ឆ្នាំ​២០១២។

កន្លង​ទៅ សហគមន៍ និង​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ អះអាង​ថា មាន​មនុស្ស​ជាច្រើន​ក្រុម​នាំ​គ្នា​កាប់​ឈើ​នៅ​តំបន់​ភ្នំ​ក្រឡា​ពស់ នៃ​ស្រុក​សេសាន និង​តំបន់​ព្រៃ​អភិរក្ស នៃ​ស្រុក​សៀមប៉ាង ដោយ​ប្រើ​គោយន្ត និង​រថយន្ត​ប៉ាកុង​ជា​មធ្យោបាយ​ដឹក​មក​ផ្ទុក​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ ប៉ុន្តែ​ការ​អះអាង​របស់​ពលរដ្ឋ​នេះ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ លោក អ៊ុំ រ៉េត បដិសេធ​ថា​ពុំ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ពី​ក្រៅ​ចូល​ផ្ទៃ​អាង ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ។ ភាគី​ក្រុមហ៊ុន​អះអាង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ប្រមូល​ឈើ​ក្នុង​ផ្ទៃ​អាង​ជាង ៣​ម៉ឺន​ហិកតារ​ពុំ​ទាន់​អស់​នៅ​ឡើយ ហើយ​ឈើ​ដែល​ប្រមូល​បាន​នោះ​មួយ​ចំនួន សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​មន្ទីរ​កសិកម្ម ខែត្រ​ស្ទឹងត្រែង ឬ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ដែល​ធ្លាប់​ចុះ​ពិនិត្យ និង​តាមដាន​បទល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក គិត ម៉េង អាច​មាន​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ឈើ​ខុស​ច្បាប់ ឬ​យក​ឈើ​កាប់​ចេញ​ពី​តំបន់​ផ្សេង​មក​ផ្ទុក​ក្នុង​តំបន់​បាត​អាង​ប្រាកដ​មែន។ លោក​ថា បើ​លោក គិត ម៉េង ចង់​បង្ហាញ​ថា​ខ្លួន​ជា​មនុស្ស​ស្អាតស្អំ លោក គិត ម៉េង គួរ​តែ​បិទ​រោងចក្រ​អារ​ឈើ​របស់​ខ្លួន​នៅ​តំបន់​នោះ និង​ដក​ខ្លួន​ចេញ​ពី​អាជីវកម្ម​ឈើ​នៅ​កម្ពុជា។ លោក អ៊ូច ឡេង ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​ចំពោះ​បញ្ហា​នេះ«មាន​រោងចក្រ​មួយ​យ៉ាង​ធំ​នៅ​មាត់​ទន្លេ ហើយ​មាន​ការ​ដឹក​ឈើ​ពិតប្រាកដ​មួយ សូម្បី​តែ​សង្គម​ស៊ីវិល ឬ​ក៏​អ្នក​កាសែត​អី​ក៏​មិន​ឲ្យ​ចូល​រោងចក្រ​អារ​ឈើ ខ្លាច​លួច​ថត បើ​សិន​ជា​គេ​លក្ខណៈ​ស្រប​ច្បាប់ រឿង​អី​គេ​ហាមឃាត់ ឃើញ​មាន​ប៉េអិម (PM) យាម​យ៉ាង​តឹងរ៉ឹង​គគ្រឹកគគ្រេង មិន​ឲ្យ​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​កន្លែង​អារ​ឈើ​នោះ​ទេ»

លោក អ៊ូច ឡេង ឲ្យ​ដឹង​ថា កន្លង​ទៅ ឈើ​ដែល​គេ​យក​មក​ស្តុក​ទុក​នៅ​ក្នុង​ផ្ទៃ​បាត​អាង​សេសាន​ក្រោម​២ ត្រូវ​បាន​គេ​ដឹក​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ចែកចាយ​ទៅ​កាន់​ដេប៉ូ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយសារ​មាន​ការ​រិះគន់​ខ្លាំង​ពី​សកម្មជន​ការពារ​បរិស្ថាន និង​សង្គម​ស៊ីវិល​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​ឈើ និង​អាជីវកម្ម​ឈើ​ខុស​ច្បាប់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​បង្កើត​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដោយ​មាន​លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន។ លោក ហ៊ុន សែន បាន​ផ្តល់​ឧទ្ធម្ភាគចក្រ ៣​គ្រឿង​សម្រាប់​សកម្មភាព​បង្ក្រាប​នេះ និង​បញ្ជា​ឲ្យ​លោក សៅ សុខា ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​កម្ទេច​ឈ្មួញ​កាប់​ព្រៃ​ឈើ បើ​មិន​បញ្ឈប់​សកម្មភាព​បទល្មើស​ព្រៃ​ឈើ។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ដឹក​ឈើ​ទៅ​កាន់​ប្រទេស​វៀតណាម ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា បទល្មើស​ព្រៃ​ឈើ និង​ការ​នាំ​ឈើ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន។

កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​រក​ឃើញ​ថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ដែល​ស្ថិត​ក្នុង​រយៈពេល​នៃ​បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា ឈើ​ខុស​ច្បាប់​ចំនួន​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​កាប់ ជាពិសេស​ពី​តំបន់​ព្រៃ​ការពារ​ក្នុង​ឧទ្យាន​ជាតិ រួច​ដឹក​យក​ទៅ​ប្រទេស​វៀតណាម។ របាយការណ៍​របស់ អ៊ី.អាយ.អេ ស្ដីពី​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា "ជន​ល្មើស​មុខ​ដដែល៖ អាជីវកម្ម​ជួញដូរ​ឈើ​ខុស​ច្បាប់​របស់​វៀតណាម គ្មាន​ទី​បញ្ចប់" ស្រាវជ្រាវ​ឃើញ​ថា មន្ត្រី​កម្ពុជា ឃុបឃិត​ជាមួយ​យោធា​អាជ្ញាធរ​វៀតណាម ដែល​ពុក​រលួយ បាន​ប្រែ​រូប​ឈើ​ខុស​ច្បាប់​ពី​កម្ពុជា ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល