សហគមន៍​ព្រៃ​ឡង់​នៅតែ​អះអាង​ថា ព្រៃ​ឡង់​នៅ​តែ​រង​ការ​កាប់​ទន្ទ្រាន​ពី​មន្ត្រី និង​ឈ្មួញ​មួយ​ចំនួន

ដោយ សន ចាន់រដ្ឋា
2018.10.02
ហឿន សុភាព ព្រៃឡង់ ៦២២ បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ចុះ​ល្បាត​ព្រៃ​សហគមន៍​ក្បាលខ្លា ប្រទះ​ឃើញ​ការ​កាប់​ឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧
Photo: RFA

បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត នៅតែ​អះអាង​ថា ព្រៃ​ឡង់​នៅតែ​រង​ការ​កាប់​ទន្ទ្រាន និង​លួច​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់ ពី​សំណាក់​ជនល្មើស​អនាធិបតេយ្យ អ្នកមាន​អំណាច និង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន។ សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត គ្រោង​នឹង​ធ្វើ​សន្និសីទកាសែត​អំពី​រឿង​នេះ ដើម្បី​បង្ហាញ​ដល់​សាធារណជន ជាពិសេស​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នៅ​ថ្ងៃទី៤ ខែ​តុលា។

តំណាង​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព បាន​ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី២ ខែ​តុលា នេះ​ថា ក្រុម​សហគមន៍​នៅតែ​សង្កេត​ឃើញ​ថា មាន​មន្ត្រី​ពាក់ព័ន្ធ​នៅ​ថ្នាក់​មូលដ្ឋាន​មួយ​ដែល​លួច​ឃុបឃិត ប្រព្រឹត្តិ​អំពើពុករលួយ ជាមួយ​ឈ្មួញ​ដែល​ធ្វើ​អោយ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅតែ​បន្ត​កើតមាន៖ «ការ​ពិត​ទៅ​អ្វី​ដែល​យើង​នឹង​និយាយ​មិនមែន​ជា​ការ​ជះ​ទឹក​ដាក់គ្នា មិនមែន​ជា​រឿង​ចង់​បំបាក់​ម្ខាងៗ ប៉ុន្តែ​អ្វី​ដែល​យើង​និយាយ​គឺជា​រឿង​ពិត​ដែល​កើតឡើង​នៅ​មូលដ្ឋាន​នីមួយៗ​។ ការ​ពិត​ទៅ​គឺ​មន្ត្រី​មួយ​ចំនួន​ទេ មិនមែន​ទាំងអស់​ទេ គឺ​យើង​និយាយ​តែ​មន្ត្រី​មួយ​ចំនួន​ដែល​ខិលខូច។ រឿង​នេះ​ខ្ញុំ​គិត​ថា ពិបាក​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព ឬ​ការងារ​របស់​ក្រុម​យើង​ផង​ដែរ ដោយសារ​ព្រៃឈើ វា​ទាក់ទង​រឿង​នយោបាយ គឺ​វា​ពិបាក​នៅ​ក្នុង​ការវិនិច្ឆ័យ ការគ្រប់គ្រង ឬក៏​ការ​និយាយ​ស្តី វា​ពិបាក ពិបាក​មែនទែន»

លោក ហឿន សុភាព សង្ឃឹមថា បន្ទាប់ពី​ការរៀបចំ​សន្និសីទ​កាសែត​នេះ​រួច រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន នឹង​មាន​ចំណាត់ការ​មួយ​ដើម្បី​ទប់ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​មាន​ទំហំ​ជាប់​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ព្រះវិហារ។ បន្ថែម​ពី​នេះ លោក ហឿន សុភាព មាន​ជំនឿ​ថា ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ជាមួយ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត នឹង​អាច​ការពារ​ធនធាន​ធម្មជាតិ ក្នុង​តំបន់​ព្រៃ​ឡង់​បាន​ជាក់​ជា​មិនខាន។

ទោះ​យ៉ាង​ណា​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ ដែល​ផ្សាយ​នៅ​ថ្ងៃ​ទី ០២ ខែ​តុលា បាន​កោត​សរសើរ​ចំពោះ​មន្ត្រី​ឧទ្យានុរក្ស​មួយ​ចំនួន​ផ្សេងទៀត​ដែល​បាន​ធ្វើការ ដកហូត​ដី​ព្រៃ ដែល​ជន​អនាធិបតេយ្យ​កាប់​ទន្ទ្រាន ដកហូត​ម៉ាស៊ីន​អារ​ឈើ និង​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

សន្និសីទ​កាសែត​អំពី​ស្ថានភាព​ព្រៃ​ការពារ​ដែន​ជម្រក​សត្វព្រៃ “​ព្រៃ​ឡង់​” ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​តុលា​នេះ នឹង​ធ្វើឡើង​នៅ​ក្នុង ផ្ទះ​មេត្តា ឬ Meta House ដែល​ស្ថិតនៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។