រដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានជាប់ពាក់ព័ន្ធអំពើពុករលួយបទល្មើសព្រៃឈើ
2015.02.02
ក្រុមអ្នកអភិរក្សព្រៃឈើ នៅកម្ពុជារកឃើញថា បទល្មើសព្រៃឈើភាគច្រើន គឺក្រៅពីឈ្មួញ ក៏នៅមាន មន្ត្រីយោធា ប៉េអិម បរិស្ថាន និងមន្ត្រីរដ្ឋាភិបាលព្រៃឈើជាដើម ក៏ជាអ្នកដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ខ្លាំងជាងគេដែរ។
ស្របពេល បទល្មើសព្រៃឈើនៅកម្ពុជា បានក្លាយជាប្រធានបទ ដ៏រសើបនោះ ដោយឡែក អង្គភាពប្រឆាំងអំពើពុករលួយវិញ បានប្រកាសថា ខ្លួននឹងបើកការបើកស៊ើបអង្កេត ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានជិត ៥០នាក់។ អ្នកទាំងនោះ សង្ស័យថា មានជាប់ពាក់ព័ន្ធអំពើពុករលួយ ក្នុងរឿងព្រៃឈើនេះ។
ការបញ្ជាក់ជំហរដូចនេះ របស់អង្គភាពប្រឆាំងអំពើពុករលួយ គឺបន្ទាប់ពីស្ថាប័នប្រឆាំងអំពើពុករលួយមួយនេះ បានរកឃើញឈ្មោះ និងលេខទូរស័ព្ទ របស់មន្ត្រីរដ្ឋាភិបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ជិត៥០នាក់ ( ៤៩) ត្រូវបានគេទម្លាយឲ្យដឹង កាលពីថ្ងៃទី ២៦មករា។
ភ្លាមៗ ក្រោយពីលេខទូរស័ព្ទ និងឈ្មោះរបស់មន្ត្រីជំនាញ ត្រូវបានរកឃើញនៅក្នុងរថយន្តមួយគ្រឿង ដឹកគ្រឿងសង្ហារិម បន្ទាប់ពីប៉ូលិសសេដ្ឋកិច្ច ចាប់បានកាលពីថ្ងៃទី ២៦ មករា ក្នុងខេត្តកំពង់ឆ្នាំង។ ដោយឡែក អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ចូលឈ្មោះ សមត្ថកិច្ចទាំងនោះក្នុងបញ្ជីខ្មៅ ហើយត្រៀមបើកការស៊ើបអង្កេត។
យ៉ាងណាលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្យាយាមបដិសេធក្នុងការផ្ដល់ព័ត៌មាន នៅថ្ងៃទី ២ កុម្ភៈ ជុំវិញចំណាត់ការនេះ៖ «សូមទោសខ្ញុំមិនទទួលអ្នកកាសែតប្រើ លេខទូរស័ព្ទមិនឃើញលេខ (Private Number) ទេ។ លោកបន្តថា ព្រោះខ្ញុំត្រូវថតទុក ត្រូវការមានអីភស្តុតាងដែរ»។
បើទោះជាបែបណា មន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងបញ្ជីឈ្មោះទាំង ៤៩ នាក់នោះ ភាគច្រើន ពិបាកទាក់ទងដើម្បីស្នើសុំឆ្លើយតបណាស់ ។ ក្នុងនោះ មានឈ្មោះ បុគ្គលិកអង្គការ ស៊ី អាយ (CI) ២នាក់ រដ្ឋបាលព្រៃឈើ ២ នាក់ និង ប៉េអិម ម្នាក់ផង ត្រូវបានគេលុប មិនឲ្យឃើញឈ្មោះទេ។
យ៉ាងណា មន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ ក្នុងចំណោម មន្ត្រីដែលមានជាប់ពាក់ព័ន្ធថា បានដាក់ប៉ុស្តិ៍ចាំយកលុយ ពីឈ្មួញដឹកឈើ គឺ លោក កែវ ចាន់នី ដែលបដិសេធថា លោកពុំមែនជា អធិការរងស្រុកវាលវែង ដូចក្នុងបញ្ជីឈ្មោះលេខទូរស័ព្ទ អះអាងថា លោកពុំដែលបានទទួលសំណូកណាមួយ រឿងបទល្មើសនេះឡើយ។ លោកថ្លែងថា នឹងមិនខ្លាចការស៊ើបអង្កេត របស់អង្គភាពប្រឆាំង អំពើពុករលួយទេ៖ «រឿងហ្នឹងខ្ញុំសូមបដិសេធទាំងស្រុង។ ព្រោះអីខ្ញុំមិនថា រឿងនេះបើខ្ញុំបានទទួលលាភសក្ការៈ មួយម៉ឺនក្ដី ពីរម៉ឺនក្ដី ខ្ញុំទទួលខុសត្រូវ»។
កាសែតក្នុងស្រុកបានចុះផ្សាយថា មន្ត្រីជំនាញ និងសមត្ថកិច្ចមិនជិត ៥០នាក់ បានដាក់កុងត្រូលចាំយកលុយ នៅតាមផ្លូវជាតិលេខ ៥ ពីឈ្មួញរកស៊ីឈើ ចាប់តាំងពីខេត្តពោធិ៍សាត់ រហូតដល់ព្រែកក្ដាមខេត្តកណ្ដាល។
ព្រៃឈើគឺជាប្រព័ន្ធការពារបរិស្ថានដ៏សំខាន់។ កម្ពុជាបាត់បង់ព្រៃឈើជាច្រើន តាមរូបភាពផ្ដល់ដី សម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវិនិយោគ។ មានក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគមួយចំនួន ដូចជាក្រុមហ៊ុន ស៊ី អ ស៊ី ខេ (CRCK) នៅព្រៃឡង់ ក្រុមហ៊ុនធីមបើគ្រីន (Timber Green) នៅខេត្តកោះកុងជាដើម ភាគច្រើនសកម្មភាពទាំងនោះ របស់ក្រុមហ៊ុន ចូលប្រមូលអនុផលព្រៃឈើ ជាជាងទទួលបានសិទ្ធិ ហើយយកទៅអភិវឌ្ឍន៍។
ក្នុងមួយឆ្នាំៗមានឈើជាច្រើនម៉ឺនម៉ែត្រគូប ត្រូវបានកាប់បំផ្លាញដោយខុសច្បាប់ ចេញពីព្រៃរនាម ព្រៃស្រោង និងតំបន់ព្រៃឡង់ ហើយដឹកយកទៅលក់ទៅក្រៅប្រទេស។
ប្រធានអង្គការកិច្ចការ ពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ថ្លែងថា មូលហេតុដែលនាំឲ្យឈ្មួញឈើ ប្រព្រឹត្តបទល្មើសហើយ មិនដែលត្រូវបានចាប់ខ្លួននោះ ដោយសារតែពួកគេ គឺជាមនុស្សដែលស្និទ្ធបំផុត ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងខ្សែស្រឡាយ របស់លោក៖ «មន្ត្រីក្រោមឱវាទរបស់គាត់ ហើយគឺជាអ្នកដែលពាក់ព័ន្ធជាមួយគាត់ ហើយជាមន្ត្រីស្និទ្ធជាមួយគាត់ទៀតផង ។ លោកបន្តថា ដូចជាកងកម្លាំងប្រដាប់អាវុធជាដើម មានផ្កាយពីរផ្កាយបីជាដើម នៅទូទាំងប្រទេសកម្ពុជា»។
យ៉ាងណា រដ្ឋាភិបាលក្នុងពេលកន្លងទៅ បានព្យាយាមបំផុសឲ្យប្រជាពលរដ្ឋ ដាំដើមឈើឡើងវិញ និងឲ្យចេះស្រលាញ់ធម្មជាតិ និងថៃរក្សាបរិស្ថានឲ្យបានល្អ។ ក៏ប៉ុន្តែ សម្រាប់ក្រុមអភិរក្សព្រៃឈើនៅកម្ពុជា យល់ឃើញថា ការស្តាឡើងវិញ តាមរយៈការដាំដើមឈើនេះ មិនសមាមាត្រ ទៅនឹងការកាប់ព្រៃឈើ យ៉ាងរង្គាលរបស់ក្រុមឈ្មួញ និងអ្នកវិនិយោគនោះឡើយ។
អង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រកឃើញកាលពីឆ្នាំ២០១៣ ថាគម្របព្រៃឈើទាំងមូល នៅសល់ប្រមាណ២៨ភាគរយ ប៉ុណ្ណោះ នៃផ្ទៃព្រៃឈើសរុប ដែលមានចំនួន១០លានហិកតារនៅចន្លោះឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩២។
ដោយឡែកអង្គការឃ្លាំមើលពិភពលោក រកឃើញថា ចំណូលដែលបានមកពីអនុផលព្រៃឈើ មិនត្រូវបានចូលទៅក្នុងថវិការដ្ឋទេ។ បញ្ហានេះបានធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ថវិកាប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍ថា នៅពេលដ៏ឆាប់ខាងមុខនេះ លោកនឹងដាក់របាយការណ៍ ស្ដីពីបទល្មើសព្រៃឈើ ទៅរដ្ឋាភិបាល ។ នៅក្នុងរបាយការណ៍នោះ លោកបញ្ជាក់ថា គឺសុទ្ធតែមន្ត្រីធំៗ នៅក្នុងជួររដ្ឋាភិបាល ដែលមានងារជាឧកញ៉ា យោធា និងឈ្មួញដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា មិនតិចជាង ៣ពាន់នាក់ទេ ក្នុងអំឡុងពេល ជិត៥ឆ្នាំកន្លងទៅនេះ៖ «អង្គការខ្ញុំ ដែលជាក្រុមកិច្ចការពិសេស នឹងដាក់របាយការណ៍មួយទៅរដ្ឋាភិបាល អំពីឈ្មោះពិតប្រាកដ អំពីតួលេខ អ្នកណាដែលពាក់ព័ន្ធបទល្មើសពិតប្រាកដ នៅក្នុងឆ្នាំ ២០១៥ នេះ។ លោកបន្តថា ចាប់តាំងពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៥ យើងរកឃើញចំនួន ៣,០០០នាក់ »។
យ៉ាងណាលោក អ៊ូច ឡេង ហាក់មានជំនឿតិចតួច ដែលថារដ្ឋាភិបាល អាចនឹងចាត់វិធានការប្រឆាំងមន្ត្រី ដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទាំងនោះ។
បើទោះជាច្បាប់ស្ដីពីការគ្រប់គ្រងព្រៃឈើ ដែលបានអនុម័ត កាលពីឆ្នាំ ២០០២ ហើយបានដាក់ឲ្យប្រើប្រាស់រួចក៏ដោយ និងថែមទាំងកំណត់ថា បទល្មើសព្រៃឈើ គឺជាបទឧក្រិដ្ឋក៏ដោយ ក៏សង្កេតឃើញថា អ្នកកាប់ព្រៃឈើនៅតែត្រូវបានរួចខ្លួន ហើយអាចធ្វើបានធ្វើមាន ព្រោះតែបទល្មើសព្រៃឈើនេះថែមទៀតផង។
មានឧទាហរណ៍ស្រាប់ ដូចជាលោក ឧកញ៉ា ទ្រី ភាព ជាឈ្មួញរកស៊ីឈើដ៏ល្បីឈ្មោះ មិនត្រូវបានរដ្ឋាភិបាល កោះហៅ ឬ ដាក់ទោសទណ្ឌប្រឆាំង ការចរាចរណ៍ឈើ ដ៏ធំជាងគេនៅកម្ពុជាទេ។ ករណីនេះ នៅមិនទាន់គិតមន្ត្រីដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្សេងទៀតនៅឡើយផង។
ប្រធានអង្គការកិច្ចការ ពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ថ្លែងថា បើទោះជាអ្នកទាំងនោះ រកឃើញមានបានប្រព្រឹត្តបទល្មើសក៏ដោយ ក៏គេអាចរស់នៅក្រៅសំណាញច្បាប់ ដោយសប្បាយដែរ។ មូលហេតុដោយសារអ្នកទាំងនោះ គឺក្រៅពីរកចំណូលសម្រាប់ ខ្លួនហើយ គឺជាអ្នកដែលរកចំណូលសម្រាប់បក្សកាន់អំណាច ដ៏ចំណានថែមទៀតផង។
ក្រុមអ្នកអភិរក្សព្រៃឈើនៅកម្ពុជា រកឃើញថា ប្រភេទឈើប្រណិត និងឈើកម្ររបស់កម្ពុជា ភាគច្រើន ត្រូវបានឈ្មួញ ចិន និងវៀតណាម ជាអ្នកស្ថិតនៅក្រោយជុំវិញការនាំឈើពីប្រទេសកម្ពុជា។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសកាត់កលោកចោល ប្រសិនបើលោក ការពារព្រៃឈើ មិនបានទេ។ បន្ថែមពីលើនេះទៀត លោក ហ៊ុន សែន ថែមទាំងបញ្ជាឲ្យទប់ស្កាត់ និងស្នើឲ្យមានការស៊ើបអង្កេត រកប្រភពដែលទិញឈើពីកម្ពុជា ក្នុងពេលកន្លងទៅនេះទៀតផង។
យ៉ាងណាផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុងក្រោយនេះ ត្រូវបានក្រុមអភិរក្សព្រៃឈើ ចាត់ទុកថា គ្មានន័យឡើយ៕