កាស៊ីណូ​ចិន​ឈ្មោះ ជីនទីង មិន​ទាន់​រុះរើ​នៅ​ឡើយ ទោះ​ហួស​ថ្ងៃ​កំណត់​របស់​អាជ្ញាធរ​ព្រះសីហនុ

ដោយ ស្ងួន អមរា
2020-03-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ

យុវជន​អង្គការ​មាតា​ធម្មជាតិ​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រុះរើ​ទីតាំង​កាស៊ីណូ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម​។ ការ​ទាមទារ​នេះ​ដោយសារតែ ពួកគេ​សង្កេត​ឃើញ​ថា ម្ចាស់​សំណង់​ជា​ជាតិ​ចិន​មិន​ទាន់​បាន​រុះរើ សំណង់​របស់​ខ្លួន​តាម​​លិខិត​របស់​សាលា​ខេត្ត​នោះ​ទេ បើ​ទោះ​ជា​ដល់​ថ្ងៃ​កំណត់ ឬ​ឱសានវាទ បាន​ផុត​ទៅ​ហើយ​ក៏​ដោយ។

យុវជន​អង្គការ​មាតា​ធម្មជាតិ​លើកឡើង​ថា នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​ម្ចាស់​សំណង់​កាស៊ីណូ ជីនទីង រឹង​មិន​ទាន់​បាន​រុះរើ​សំណង់។ យុវជន​រិះគន់​ថា អាជ្ញាធរ​ខេត្ត​ហាក់​មិន​ហ៊ាន​ប្រើ​វិធានការ​រដ្ឋបាល​រុះរើ​សំណង់​នេះ​ដូច​ដែ​ខ្លួន​ប្រើ​វិធានការ​ក្ដៅ​លើ​ពលរដ្ឋ​របស់​ខ្លួន។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា ឱ្យ​​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​០៥ ខែ​មីនា ថា តាម​ព័ត៌មាន​ដែល​កញ្ញា​ទទួល​បាន​គឺ​សំណង់​កាស៊ីណូ ជីន ទីង មិន​ទាន់​មាន​ការ​រុះរើ​នោះ​ទេ គឺ​គ្រាន់​តែ​មាន​ដក​ស្លាក​យីហោ​ចេញ​។ កញ្ញា​រំពឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​មាន​វិធានការ​ដោយ​រុះរើ​សំណង់​កាស៊ីណូ​នេះ។ «»

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​ឱ្យ​​ដឹង​ថា កញ្ញា​ក៏បាន​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ឱ្យ​​បើក​ការស៊ើបអង្កេត​លើ​ម្ចាស់​កាស៊ីណូ​នេះ​។ កញ្ញា​បញ្ជាក់​ថា ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​ដោយសារ​កាស៊ីណូ​នេះ​សាងសង់​រំលោភ​ដី​ឆ្នេរ ប៉ុន្តែ​មិនទាន់​ឃើញ​អាជ្ញាធរ​មាន​វិធានការ​លើ​ម្ចាស់​កាស៊ីណូ​នេះ​នៅឡើយ​ទេ។ «»

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ដោយមាន​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត​បាន​ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ ជីន ទីង នៅ​លើ​កោះរ៉ុង​សន្លឹម​ដែល​សំណង់​នេះ​បាន​រំលោភ​លើ​ដី​ចំណី​ឆ្នេរ និង​បាន​លួច​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​។ ប៉ុន្តែ​ជា​ញឹកញាប់​ម្ចាស់​សំណង់​តែង​សុំ​ពន្យារ​ពេល​ដោយ​លើក​ហេតុផល​ថា រក​ទីតាំង​ថ្មី​មិន​ទាន់​បាន​។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ករណី​នេះ ពី​ចៅសង្កាត់​កោះរ៉ុង លោក ឡុក វ៉ាន់​ណារិន អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ឃាង ភារ​ម្យ និង​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ជាច្រើន​ថ្ងៃ​រហូត​ថ្ងៃ​ទី​០៥ ខែ​មីនា ប៉ុន្តែ​ក្រុម​មន្ត្រី​ទាំងនេះ​មិនបាន​លើក​ទូរស័ព្ទ​នោះ​ទេ​។ ប៉ុន្តែ លោក ឃាង ភារម្យ ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​ថា នៅ​ពេល​ដល់​កាលកំណត់​អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​តាមច្បាប់​។ ប៉ុន្តែ​យុវជន​អង្គការ​មាតា​ធម្មជាតិ​មិនទាន់​ឃើញ​អាជ្ញាធរ​មាន​វិធានការ​អ្វី​លើ​សំណង់​កាស៊ីណូ​នេះ​នៅឡើយ​ទេ​។ យុវជន​អង្គការ​មាតា​ធម្មជាតិ​ថា ពួកគេ​នឹង​ព្យាយាម​រក​មធ្យោបាយ​ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឱ្យ​​មាន​ភាព​ក្លាហាន​រុះរើ​សំណង់​កាស៊ីណូ​នេះ​ដូច​ខ្លួន​បាន​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ។

កាលពី​ចុង​ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចេញ​លិខិត​ដោយ​កំណត់​ពេលវេលា​ឱ្យ​​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ ជីនទីង ធ្វើការ​រុះរើ​សំណង់​របស់​ខ្លួន​ចេញ និង​រៀបចំ​សម្អាត​ឱ្យ​​បាន​ស្អាត​ឡើងវិញ ចាប់ពី​ថ្ងៃ​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជា​កំហិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល