សង្គមស៊ីវិលនៅខេត្តកំពត ជំរុញឲ្យអាជ្ញាធរខេត្ត ហ៊ានបើកការស៊ើបអង្កេត និងចាត់វិធានការ លើមន្ត្រីដែលចេញប្លង់ និងបើកដៃឲ្យឈ្មួញ បោះបង្គោលព្រំ លើមាត់ឆ្នេរ និងដែនសមុទ្រលក់។ ការជំរុញនេះ ធ្វើឡើងក្រោយពេល អាជ្ញាធរខេត្តរកឃើញ ទីតាំងជាក់ស្ដែង ដែលមានការបោះបង្គោលលក់ដីលើផ្ទៃសមុទ្រ ពិតមែន គឺនៅត្រង់តំបន់ភ្នំដូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត។
អ្នកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពត លោក ប៊ី វន្នី យល់ថា បើទោះការបោះបង្គោលព្រំនៅមាត់ឆ្នេរ និងក្នុងដែនសមុទ្រនោះ នៅមិនទាន់មានការចាក់ដីបំពេញ ប៉ុន្តែនេះជាទង្វើរំលោភយកដែនសមុទ្រ និងដីរដ្ឋ។ លោកជឿជាក់ថា ដីនោះ មិនមែនពលរដ្ឋសាមញ្ញ មានលទ្ធភាពទេ គឺអ្នកដែលមានលុយ និងមានអំណាចទើប អាចមានលទ្ធភាពឃុបឃិត ជាមួយអាជ្ញាធរចេញប្លង់កម្មសិទ្ធិឲ្យបាន។
លោក ប៊ី វន្នី បន្តថា ការចុះទៅស៊ើបអង្កេតដល់ទីតាំងលក់ដីក្នុងសមុទ្រ ដោយសាររងការរិះគន់ ពីពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក (facebook) ហើយក្រោយពេលចុះទៅពិនិត្យដល់ទីតាំងនោះហើយ អាជ្ញាធរគួរពន្យល់ ពលរដ្ឋឲ្យច្បាស់ ជៀសវាងពលរដ្ឋមានមន្ទិលសង្ស័យថា អាជ្ញាធរបន្តនៅឃុបឃិតនឹងឈ្មួញ ទើបមិនព្រមចាត់វិធានការច្បាប់ លើបុគ្គលរំលោភដែនសមុទ្រលក់៖ « ចង់ឲ្យអាជ្ញាធរមេត្តាពិនិត្យមើលឡើងវិញ ករណីបែបហ្នឹងតើអ្នកណា មន្ត្រីមួយណា ដែលជាអ្នកធ្វើប្លង់ឲ្យ ហើយបើសិនជាធ្វើតើគាត់សំអាងអ្វី ហើយបង្ហាញមក » ។
អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (freshnews) ថា មន្ត្រីជំនាញមួយក្រុម បានរកឃើញទីតាំងបោះបង្គោលក្នុងដែនសមុទ្រលក់ហើយ គឺ នៅចំណុចភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត។
អាស៊ីសេរី បានទូរស័ព្ទច្រើនដងទៅអភិបាលខេត្តកំពត លោក ជាវ តាយ និងប្រធានមន្ទីរដែនដី ខេត្តកំពត លោក យិន វុឌ្ឍ តែមិនទទួលទូរស័ព្ទ នៅថ្ងៃទី២១ ឧសភា។ តែយ៉ាងណា អភិបាលរងខេត្តកំពត លោក នៃ គង់ ប្រាប់កាសែតក្នុងស្រុកថា អាជ្ញាធរត្រូវការពេលវេលាមួយ ឬពីរថ្ងៃបន្ថែមទៀត ដើម្បីប្រមូលឯកសារ ខណៈអាជ្ញាធររកឃើញថា ដីតំបន់ក្បែរបោះបង្គោលព្រំ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ។
ចំណែកកាសែត (Phnom Penh Post) វិញ បានស្រង់សំដីរបស់ប្រធានក្រុមហ៊ុន BLUE STAR REAL ESTATE លោក កែវ សុជាតិ បដិសេធថា ក្រុមហ៊ុននេះ មិនពាក់ព័ន្ធនឹងការរំលោភយកដីនោះទេ គ្រាន់តែក្រុមហ៊ុន ជួយដាក់លក់ ប៉ុន្តែក្រោយមានការរិះគន់លោកបានផ្អាកហើយ។
មាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញ ចែងថា ដីធ្លី ធនធានក្រោមដី ភ្នំ សមុទ្ទ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្ទ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ ជាដើម ជាទ្រព្យសម្បត្តិរដ្ឋ។
នេះមិនមែនជាករណីថ្មីទេ សម្រាប់ការរំលោភយកឆ្នេរ និងដែនសមុទ្រនៅខេត្តកំពត។ កន្លង មកកើតមានករណីបែបនេះច្រើនដង ដូចករណី ចាក់ដីរំលោភយកឆ្នេរ និងដែនសមុទ្រ ទំហំប្រមាណ២០០ហិកតារ នៅក្នុងដែនសមុទ្រភូមិកែបថ្មី និងភូមិទទឹងថៃ្ង នៃឃុំបឹងទូក ស្រុកទឹកឈូ តាំងពីកំឡុងឆ្នាំ២០១០ មក នៅតែបន្តមានភាពចម្រូងចម្រាសដល់សព្វថ្ងៃ។
អ្នកនេសាទនៅដែនសមុទ្រ អះអាងថា ការរំលោភយកដីសមុទ្រ ហាក់ជាការសម្លាប់អ្នកនេសាទ ព្រោះដែនទឹកកាន់តែបាត់បង់ ហើយអ្នកនេសាទត្រូវជិះទូកវាង ដើម្បីទៅនេសាទក្នុងសមុទ្រ។
សង្គមស៊ីវិល ខេត្តកំពត លោក ប៊ី វន្នី យល់ថា ប្រសិនបើ អាជ្ញាធរខេត្តកំពត មិនចង់ឲ្យរងការរិះគន់ថា បើកដៃ ឬឃុបឃិត ជាមួយឈ្មួញ លក់ដីសមុទ្រ និងមាត់ឆ្នេរតទៅទៀត ត្រូវផ្ដន្ទាទោសតឹងរ៉ឹងលើករណីរំលោភដីសមុទ្រ នៅសង្កាត់ត្រើយកោះ ដើម្បីបង្ហាញជាគំរូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
