ពលករ​ខ្មែរ​ក្រៅ​ប្រទេស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដក​អាជ្ញាប័ណ្ណ​វិនិយោគ​កោះកុង​ក្រៅ​ពី​ឧកញ៉ា លី យ៉ុងផាត់

ដោយ អាស៊ីសេរី
2020-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសភាព​កោះកុង​មើល​ពី​លើ​អាកាស។ រូបថត​កាល​ពីឆ្នាំ២០១៩។
ទេសភាព​កោះកុង​មើល​ពី​លើ​អាកាស។ រូបថត​កាល​ពីឆ្នាំ២០១៩។
Photo courtesy of Mother Nature

ក្រុម​យុវជន​ជា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដក​អាជ្ញាប័ណ្ណ​វិនិយោគ​កោះកុង​ក្រៅពី​ក្រុមហ៊ុន កោះកុង​អេសអ៊ីហ្សិត (Koh Kong SEZ) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកជំនួញ​ជិតស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ មន្ត្រី​ក្រសួងបរិស្ថាន ចោទ​ប្រកាន់​ថា ការ​តវ៉ា​របស់​ក្រុម​យុវជន​ទាំងនេះ មាន​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ កញ្ញា ដាំ ស្រីធាន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២១ មិថុនា​ថា យុទ្ធនាការ​ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan) ប្រទេស​ថៃ​នេះ គោលបំណង គឺ​ដើម្បី​ចូលរួម​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា និង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​កោះកុង​ក្រៅ​នេះ​ជាបន្ទាន់។

កញ្ញា​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​ផ្ដល់​អាជ្ញាប័ណ្ណ​វិនិយោគ​កោះកុង​ក្រៅ​ទៅ​ឱ្យ​ក្រុមហ៊ុន​កោះកុង​អេសអ៊ីហ្សិត (Koh Kong SEZ) របស់​ឧកញ៉ា លី យ៉ុងផាត់ ឬ​ឈ្មួញ​មានអំណាច​ដទៃ​ទៀត គឺ​កញ្ញា និង​ក្រុម​ពលករ​ដទៃ​ទៀត នឹង​នៅតែ​បន្ត​ការ​ទាមទារ និង​ប្រឆាំង​នឹង​គម្រោង​នេះ​ដដែល៖ «ខ្ញុំ​ធ្វើ​នេះ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​របស់​ប្រទេស​ខ្មែរ​យើង គឺ​កោះកុង​ក្រៅ​នេះ គឺជា​កន្លែង​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ហើយ​អាច​រក​ចំណូល​ជូន​ជាតិ​យើង​បាន​ច្រើន​ទៀត​។ គោលបំណង​របស់​ពួក​ខ្ញុំ ក៏ដូចជា​យុវជន​ទាំងអស់​ដែល​បាន​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃ​នេះ គោលបំណង គឺ​ចូលរួម​ជា​កម្លាំង ដើម្បី​នូវ​ទឹកដី​កោះកុង​ក្រៅ​នេះ​ឱ្យ​ស្ថិតស្ថេរ»

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​រូប​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ កញ្ញា សា ដា និយាយ​ថា កញ្ញា​ចង់​ឱ្យ​រដ្ឋាភិបាល​រក្សា​ភាព​ស្រស់​ស្អាត​នៃ​កោះ​នេះ​ដូចដើម ដោយ​មិន​ចង់​ឱ្យ​មានការ​កាប់​បំផ្លាញ រុះរើ ឬ​ជួញដូរ​កោះ​នេះ​ទៅ​ឱ្យ​ឈ្មួញ​មានអំណាច​ណា​ម្នាក់​នោះ​ទេ៖ «ការ​ទាមទារ​របស់​ពួក​ខ្ញុំ គឺ​ពួក​ខ្ញុំ​អត់​ចង់​បាត់បង់​ព្រៃឈើ អត់​ចង់​បាត់បង់​ធនធាន​របស់​ខ្មែរ​យើង​តាំងពី​យូរលង់​មក។ ពួក​ខ្ញុំ​ទាមទារ​ឱ្យ​មាន​ការ ដូច​ថា​ធនធាន​នៅ​ស្ថិតស្ថេរ មិន​បាត់បង់​ទៅ​កណ្ដាប់​ដៃ​ឧកញ៉ា​ណា​ម្នាក់​ដែល​ថា ចង់​លក់ដូរ ចង់​ផ្លាស់ប្ដូរ​អី​តាមតែ​អំពើ​ចិត្ត អ៊ីចឹង​ពួក​ខ្ញុំ​ត្រូវ​មាន​ការ​ទាមទារ​មិន​ឱ្យ​ឧកញ៉ា​ណា​ម្នាក់​ធ្វើ​ស្រេច​តែ​ចិត្ត»

ក្នុង​យុទ្ធនា​ការសង្គ្រោះ​កោះកុង​ក្រៅ​នេះ ក្រុម​យុវជន​ទាំងនេះ បាន​នាំ​គ្នា​លើក​បដា​ដែល​សរសេរ​ថា កោះកុង​ក្រៅ មិនមែន​សម្រាប់​លក់​នោះ​ទេ គ្មាន​ធម្មជាតិ គ្មាន​ជីវិត យើង​ស្រលាញ់​ធម្មជាតិ និង​ថា កោះកុង​ក្រៅ​ជា​របស់​ខ្មែរ មិនមែន​ជា​របស់​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្រា មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​ហើយ។ លោក​ចាត់​ទុក​សកម្មភាព​ទាមទារ​របស់​យុវជន​ថា ជា​ការ​កេង​ចំណេញ​នយោបាយ៖ «ប្រជាពលរដ្ឋ​ដែល​នៅ​កោះកុង​គេ​ស្រលាញ់​កោះកុង​ច្រើន​ជាង។ ​ប្រជាជន​មួយ​ចំនួន​ដែល​អឺ​អះអាង​ថា ខ្លួនឯង​ស្រលាញ់ ក៏ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​របស់​ពួកគាត់ គឺ​មាន​បង្កប់​ទៅ​ដោយ​របៀបវារៈ​នយោបាយ​។ ហើយ​យើង​ដឹង​ហើយ​ថា ដែល​ធ្វើ​សកម្មភាព​ហ្នឹង គឺ​ដើម្បី​អ្វី​។ ចំពោះ​បញ្ហា​នេះ ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ»

រីឯ ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក អ៊ុល វ៉ាន់ លើកឡើង​ថា សកម្មភាព​របស់​យុវជន និង​ការ​ទាមទារ​របស់​ពលករ​ខ្មែរ គឺជា​ទម្រង់​នៃ​ការអនុវត្ត​សិទ្ធ​សេរីភាព​បញ្ចេញមតិ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​យល់ថា គម្រោង​អភិវឌ្ឍន៍​លើ​កោះកុង​ក្រៅ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ ធនធានធម្មជាតិ​ដែល​មាន​នៅ​លើ​កោះ និង​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​លើ​កោះ​នោះ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​គាំទ្រ​ចំពោះ​សកម្មភាព​នៃ​ការចូលរួម​ទាមទារ​ឱ្យ​មាន​ការ​ដក​មក​វិញ​នូវ​លិខិត ឬក៏​អាជ្ញាប័ណ្ណ​ដែល​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​នៅ​កោះកុង​ក្រៅ​ហ្នឹង​។ សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​អំពី​ផល​ប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការអភិវឌ្ឍន៍ ឬក៏​ការ​ធ្វើតាម​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​នៅ​លើ​កោះកុង​ក្រៅ​ហ្នឹង ពីព្រោះ​យើង​ចង់​ឱ្យ​ការអភិវឌ្ឍន៍​ហ្នឹង គឺ​ផ្ដល់​ផល​វិជ្ជមាន​ច្រើន​ជាង​ផល​អវិជ្ជមាន»

កន្លង​មក ក្រុម​យុវជន​មាតា​ធម្មជាតិ​ធ្លាប់​បាន​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ផ្សព្វផ្សាយ​អំពី​កោះកុង​ក្រៅ​នេះ​ពីរ​ដង​រួច​មក​ហើយ តែ​ត្រូវ​បាន​អាជ្ញាធរ​រា​រាំងជា​បន្តបន្ទាប់​។ យុទ្ធនាការ​ជិះ​កង់​លើកទីមួយ​ធ្វើឡើង​កាលពីដើម​ខែ​មិថុនា ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​រារាំង ចំណែក​លើក​ទី​ពីរ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤ មិថុនា ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រារាំង ក្រោម​ហេតុ​ដូចគ្នា​គឺ ក្រុម​យុវជន​មិន​បាន​សុំច្បាប់។

ទោះជា​យ៉ាងណា ក្រុម​យុវជន​មាតា​ធម្មជាតិ នៅតែ​គ្រោង​នឹង​រៀបចំ​តាំង​ពិព័រណ៍​រូបភាព​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ នៅ​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា បន្ត​ទៀត។

កោះកុង​ក្រៅ​នេះ ស្ថិត​ក្នុង​ភូមិ​ជ្រោយប្រស់ ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង។ តំបន់​នេះ សម្បូរណ៍​ដោយ​សក្ដានុពល​ផ្នែក​ធនធានធម្មជាតិ និង​ជីវចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់​ស្អាត ស្ថិត​នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ដែល​មាន​ពណ៌​ខៀវស្រងាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល