សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន តាម​ដាន​បទ​បញ្ជា​​ខ្លួន​រឿង​លុប​ព្រៃ​កោងកាង​នៅ​កោះកុង

ដោយ ជាតិ ចំណាន
2018-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដី​ព្រៃ​កោងកាង ស្ថិត​ក្នុង​តំបន់​អភិរក​ជម្រក​សត្វព្រៃ​ពាមក្រសោប ក្នុង​ភូមិសាស្ត្រ សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប​អស់​ជាច្រើន​ហិកតារ កាល​ពី​ពេល​ថ្មីៗ​នេះ។
ដី​ព្រៃ​កោងកាង ស្ថិត​ក្នុង​តំបន់​អភិរក​ជម្រក​សត្វព្រៃ​ពាមក្រសោប ក្នុង​ភូមិសាស្ត្រ សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប​អស់​ជាច្រើន​ហិកតារ កាល​ពី​ពេល​ថ្មីៗ​នេះ។
រូបថត​ដោយ​ អង្គការ​មាតា​ធម្មជាតិ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន និង​សិទ្ធិ​មនុស្ស​ ទាមទារ​ឱ្យ​ស្ថាប័ន​ជំនាញ​របស់​របស់​ក្រុង​ភ្នំពេញ និង​ស្ថាប័ន​ជំនាញ​ក្នុង​ខេត្ត​កោះកុង អនុវត្ត​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រឿង​ក្រុមហ៊ុន​ឯកជន​បូម​ខ្សាច់​ពន្លិច​ព្រៃ​កោង​កាង​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ​ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ថែរក្សា​បរិស្ថាន​ និង​ប្រព័ន្ធ​ជីវៈ​ចម្រុះ​នៅ​ទីនោះ​ឱ្យ​បាន​គង់​វង្ស។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ក្រោយ​ពេល​ពួក​គេ​ពិនិត្យ​ឃើញ​ថា តំបន់​ព្រៃ​កោង​កាង​ដែល​ជា​ព្រៃ​ការពារ​ដោយ​ច្បាប់​ នៅ​ចំណុច​សង្កាត់​ស្ទឹងវែង​នោះ ត្រូវ​បាន​ក្រុមហ៊ុន​របស់​អ្នក​មាន​លុយ​មាន​អំណាច​បូម​ខ្សាច់​ពន្លិច​អស់​ជា​ច្រើន​ហិកតារ។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង​ លោក អ៊ិន គង់ជិត ថ្លែង​ថា ការ​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង​នៅ​ចំណុច​ស្ទឹងវែង​នោះ កើត​មាន​ជា​យូរ​មក​ហើយ ក៏​ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់​ការ​ទប់​ស្កាត់​​​​ពី​សំណាក់​ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​​អាជ្ញាធរ​ខេត្ត​កោះកុង​​ឡើយ​ ជាពិសេស ​គឺ​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​ តែម្ដង​ ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ និង​ថែរក្សា​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ​ តែ​បែរ​ជា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទ​ល្មើស​ឧក្រិដ្ឋ​​កើត​ឡើង ក្នុង​តំបន់​គ្រប់​គ្រង​របស់​ខ្លួន​ទៅ​វិញ។ លោក​គាំ​ទ្រ​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​នេះ ដើម្បី​ថែរក្សា​ព្រៃ​កោងកាង​ និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ ហើយ​បើ​រក​ឃើញ​ថា មន្ត្រី​ណា​ពាក់​ព័ន្ធ​ ឬ​ឃុបឃិត​ក្នុង​រឿង​នេះ លោក​ចង់​ឃើញ​ការ​ដាក់​ទោស​ទណ្ឌ​ឱ្យ​សម​ទៅ​នឹង​ទង្វើ​របស់​ពួក​គេ៖ «អាជ្ញាធរ​ខេត្ត​ និង​មន្ទីរ​ពាក់​ព័ន្ធ​ត្រូវ​តែ​យក​អនុសាសន៍​របស់​​គាត់​ (នាយករដ្ឋមន្ត្រី) ទៅ​ពិភាក្សា​ធ្វើ​ការ​ស្រាវជ្រាវ​ ហើយ​គាត់​ត្រូវ​តែ​មាន​ចំ​ណាត់​ការ​ផ្លូវ​ច្បាប់ ទៅ​លើ​អ្នក​ប្រព្រឹត្ត និង​​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។ បើ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​ជាមួយ​​ប្រ​ធាន​មន្ទីរ​ (បរិស្ថាន) ​​ដក​ប្រ​ធាន​មន្ទីរ​នោះ​​ចោល​ទៅ​ ផ្លាស់​អ្នក​ផ្សេង​ដាក់​ទៅ ព្រោះ​គេ​ឱ្យ​គាត់​មើល​ការ​ខុស​ត្រូវ​លើ​ដី​របស់​រដ្ឋ​ហើយ​ គាត់​ធ្វេសប្រហែស ឱ្យ​គេ​ទិញ​លក់​បាន​​ នេះ​​​វា​ជា​កំហុស​មួយ​ដែល​គាត់​មិន​អនុវត្ត​ទៅ​តាម​ច្បាប់»

កាល​ពី​ថ្ងៃ​ទី ២២ ខែ​ កុម្ភៈ កន្លងទៅ នៅ​ក្នុង​សន្និសីទ​ជាតិ​ស្ដីពី​ប្រតិភូ​កម្ម​អំណាច​ទៅ​ថ្នាក់​ក្រោម​ជាតិ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្ដីបន្ទោស​មន្ត្រី​របស់​លោក អំពី​រឿង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​មុខ​នាទី​របស់​ខ្លួន ជាពិសេស គឺ​រឿង​លុប​ព្រៃ​កោង​កាង​នៅ​ខេត្ត​កោះកុង​នេះ​តែម្ដង។ លោក​បាន​ដាក់​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ លោក ជា សុផារ៉ា និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សំអាល់ ព្រម​ទាំង​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ឱ្យ​ចុះ​ពិនិត្យ​ករណី​នេះ​ជា​បន្ទាន់​ ព្រោះ​​ក្រុមហ៊ុន​ឯកជន​នោះ​កំពុង​ធ្វើ​សកម្មភាព​ដោយ​បំពានច្បាប់៖ «នៅ​ខេត្ត​កោះ​កុង ត្រូវ​​មាន​បញ្ហា​ហើយ​។ ឥឡូវ​ឮ​ថា គេ​បូម​ខ្សាច់​ចាក់​សមុទ្រ ​បង្កើត​ទៅ​ជា​ស្ថានភាព​ថា​ចង់​ធ្វើ​ជា​ទី​ក្រុង រឿង​នេះ​​អ្នក​ណា​ឱ្យ​ធ្វើ? សួរ​មួយ​មិន​ដឹង ​ពីរ​មិន​ដឹង​​ អ៊ីចឹង​អស់​លោក​ទៅ​ធ្វើ​អ្វី? រឿង​នេះ​​បើ​និយាយ​ពី​ស្ថាប័ន​ គឺ​ជា​ភារកិច្ច​របស់ ជា សុផារ៉ា ភារកិច្ច​របស់ សាយ សំអាល់ ហើយ​។ ទៅ​មើល​ថា តើ​រឿង​នេះ​វា​យ៉ាង​ម៉េច​? ​ទើប​​បាន​ជា​ហ៊ាន​​ទន្ទ្រាន​​យក​ដី​រដ្ឋ​ក្នុង​តំបន់​ព្រៃ​កោងកាង​ដែល​ត្រូវ​ការពារ​ អ៊ីចឹង​ទេ ​អភិបាល​​ខេត្ត​កោះកុង​ ត្រូវ​ធ្វើ​ការ​​ឆ្លើយ​តប​​ តើ​វា​យ៉ាងម៉េច​រឿង​នេះ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) លោក សុខ សុខុម យល់ឃើញ​ថា ករណី​​នេះ​មិន​មែន​អាជ្ញាធរ​​មិន​ដឹង​ថា មាន​ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​សកម្មភាព​​រំលោភ​​ច្បាប់​នោះ​ទេ ប៉ុន្តែ​ខាង​អាជ្ញាធរ​ហាក់​ដូចជា​ខ្លាច​អំណាច​របស់​ក្រុម​ហ៊ុន​ ឬក៏​អាច​ឃុបឃិត​ទទួល​បាន​ផល​ប្រយោជន៍​ពី​អំពើ​ទុច្ចរិត​មួយ​នេះ។ លោក​អះអាង​ថា ដី​ព្រៃ​កោងកាង​ចន្លោះ​ពី​ ៣ ទៅ ៥ ហិកតារ ត្រូវ​បាន​​ក្រុម​ហ៊ុន​ចាក់​​ដី​លុប​រួចរាល់​​ហើយ ហើយ​បើ​ទប់​ស្កាត់​មិន​ទាន់​ពេល​ទេ​នោះ​ ព្រៃ​កោង​កាង​ជា​ច្រើន​ហិកតារ​ទៀត​នឹង​ទទួល​រង​នូវ​ការ​វិនាស​ហិនហោច​ជាក់​ជា​មិន​ខាន។ លោក​គាំទ្រ​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏​ប៉ុន្តែ​ស្នើ​ឱ្យ​លោក ហ៊ុន សែន ត្រូវ​តាម​ដាន​ករណី​នេះ​ឱ្យ​បាន​​ជាប់​លាប់ ដើម្បី​ធានា​ថា បទ​បញ្ជា​របស់​លោក​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​៖ «ខ្ញុំ​ផ្ទាល់​​បាន​ជួប (នាយករដ្ឋមន្ត្រី) ​តាំង​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា ​​ឆ្នាំ​២០១៧ រួច​ហើយ​​ ហើយ​សម្ដេច​បាន​ដាក់​បញ្ជា​ច្បាស់​លាស់​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព។ ពេល​នេះ​សម្ដេច​បាន​ដាក់​យ៉ាង​ម៉ឺង​ម៉ាត់​ដូច​កាល​ពី​ពេល​នោះ​​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ប្រសិទ្ធភាព​បែប​ណា​នោះ​ទេ ដោយ​សា​រ​តែ​គាត់ (មន្ត្រី​ជំនាញ​) ​ចុះ​មក​គាត់​ឃើញ​អ្នក​ប្រព្រឹត្ត​​​​មាន​អំណាច​ធំ​ដែរ​ ដូច្នេះ​គាត់​ធ្វើ​តែ​របាយការណ៍​​ស្រាលៗ​ទៅ​ ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​រួច​ខ្លួន​ដដែល។ ដូច្នេះ ខ្ញុំ​សំណូមពរ​ឱ្យ​សម្ដេច​តេជោ​​នាយករដ្ឋ​មន្ត្រី​ តាម​ដាន​ករណី​នេះ​ឱ្យ​បាន​ម៉ត់​​ចត់ និង​​​ម៉ឺង​ម៉ាត់​មែន​ទែន​ បើ​មិន​ដូច្នេះ​ទេ ចំណាត់​ការ​របស់​សម្ដេច​​ដាក់​ហើយ​នឹង​គ្មាន​​​ប្រ​សិទ្ធ​ភាព​ដូច​ពេល​​កន្លង​ទៅ​អ៊ីចឹង»

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) លោក សុខ សុខុម ចុះ​​ទៅ​ពិនិត្យមើល​តំបន់​ព្រៃ​កោងកាង ដែល​រង​ការ​បំផ្លាញ​ដោយ​ការ​បូម​ខ្សាច់​លុប​ កាល​ពី​ពេល​កន្លងទៅ។ រូបថត​​អង្គការ ស៊ី.អ៊ិន.រ៉ូ (CNRO)
ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) លោក សុខ សុខុម ចុះ​​ទៅ​ពិនិត្យមើល​តំបន់​ព្រៃ​កោងកាង ដែល​រង​ការ​បំផ្លាញ​ដោយ​ការ​បូម​ខ្សាច់​លុប​ កាល​ពី​ពេល​កន្លងទៅ។ រូបថត​​អង្គការ ស៊ី.អ៊ិន.រ៉ូ (CNRO)

លោក សុខ សុខុម អះអាង​ថា ខាង​អង្គការ​របស់​លោក​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ថែម ​ដើម្បី​រក​ឱ្យ​ឃើញ​ថា​តើ អ្នក​ណា​ខ្លះ​ដែល​ពាក់ព័ន្ធ​ក្នុង​បទ​ល្មើស​ឧក្រិដ្ឋ​នេះ។ លោក​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​​ឱ្យ​វែក​មុខ​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឱ្យ​បាន​​​តឹងរ៉ឹង ដើម្បី​កុំ​ឱ្យ​មាន​អ្នក​ហ៊ាន​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​ជាតិ​បែប​នេះ​តទៅ​ទៀត«ខ្ញុំ​ចង់​ឱ្យ​ក្រសួង​មាន​សមត្ថកិច្ច​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​​ក្រោម​ជាតិ​ ត្រូវ​តែ​កសាង​សំណុំ​រឿង​លើ​បុគ្គល រក​ឱ្យ​បាន​ច្បាស់​ថា អ្នកណា​មក​​លុប​ព្រៃ​កោង​កាង​នេះ​ រក​ឱ្យ​បាន​ច្បាស់ ឃើញ​ឱ្យ​បាន​ច្បាស់ មាន​​ភស្តុតាង​គ្រប់​គ្រាន់​ និង​ត្រឹម​ត្រូវ​ហើយ ​កសាង​សំណុំ​រឿង​ដាក់​ទៅ​តុលាការ ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​អ្នក​នោះ​​​មក​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​សាធារណៈ​របស់​រដ្ឋ អញ្ចឹង​​ត្រូវ​តែ​មាន​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​ មិន​​ត្រូវ​បណ្ដោយ​ឱ្យ​មក គ្រាន់​តែ​ដក​ហូត (ដី) ​ទុក​​វិញ​ ចំពោះ​បុគ្គល​ដែល​បាន​បំផ្លាញ លុប​​ព្រៃ​កោង​កាង​ហើយ​ឱ្យ​រួច​ខ្លួន​ដូច​ពេល​​កន្លងទៅ​​នោះ​ទេ»

ដី​តំបន់​ឆ្នេរ​ និង​ដី​សហគមន៍​ទំហំ​ជាង ១៣​ហិកតារ ស្ថិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ត្រូវ​បាន​គេ​លក់​ទៅ​ឱ្យ​ឧកញ៉ា​ម្នាក់​ឈ្មោះ ជា លាងហុង កាល​ពី​ខែ​មីនា ឆ្នាំ ២០១៧ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​បន្ទាប់មក​ផ្ទៃ​ដី​ជា​ច្រើន​ហិកតារ​ដែល​ត្រូវ​បាន​លក់​នោះ ក៏​ត្រូវ​បាន​គេ​បូម​ខ្សាច់​ចាក់​បំពេញ​ដោយ​គ្មាន​ការ​អនុញ្ញាត។

សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) យល់ឃើញ​ថា បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន នៅ​ពេល​នេះ ​អាច​មាន​ប្រសិទ្ធភាព​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​មាន​លុយ​មាន​អំណាច​ ហើយ​ក៏​មាន​ការ​បើក​ដៃ​ឱ្យ​ធ្វើ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​កោះកុង​ផង​ដែរ។ លោក​ជឿជាក់​ថា ដំណោះស្រាយ​តែ​មួយ​គត់​ក្នុង​រឿង​នេះ គឺ​ការ​នាំ​ខ្លួន​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់​ព័ន្ធ​ទៅ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់ ព្រោះ​វា​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ដ៏​ធំ​ ដែល​ភស្តុ​តាង​ឃើញ​នៅ​នឹង​ភ្នែក​ស្រាប់ គឺ​ព្រៃ​កោង​កាង​ជា​ច្រើន​ហិកតារ​ត្រូវ​បាន​បំផ្លាញ និង​តំបន់​អភិរក្ស​ជម្រក​សត្វព្រៃ​ត្រូវ​បាន​គេ​ចាក់​ដី​យក​ធ្វើ​ជា​កម្មសិទ្ធិ៖ «រឿង​នេះ​គឺ​​ត្រូវ​តែ​ជំរុញ​ឱ្យ​តុលាការ​ ឱ្យ​ព្រះ​រាជ​អាជ្ញា ​និង​ចៅ​ក្រម​ជា​អ្នកស៊ើប​អង្កេត ​ហើយ​ត្រូវតែ​ដាក់​ពាក្យ​ប្ដឹង​​ ពី​ព្រោះ​ឯក​សារ​ និង​​ភស្តុតាង​មាន​គ្រប់​គ្រាន់​អស់​ហើយ សូម្បី​តែ​កុងត្រា​រវាង​ ជា លាងហុង និង​​អ្នក​លក់​​ក៏​មាន​អស់​ហើយ​ដែរ​ ទាំង​រូបភាព​ និង​វីដេអូ​​មាន​យូរហើយ។ ដូច្នេះ​​​គេ​ដឹង​ហើយ​ថា ​អ្នកណា​នៅ​ពី​ក្រោយ​ អ៊ីចឹង​​ប្រសិន​បើ​លោក ​ហ៊ុន សែន និង​អាជ្ញាធរ​ខេត្ត​កោះ​កុង​ប្រាកដ​ថា ចង់​ទប់​ស្កាត់​រឿង​នេះ ​ខ្ញុំ​ថា​ វា​គួរ​តែ​ជំរុញ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​​​រឿង​នេះ​​ដោយ​ឯក​រាជ្យ​ និង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ទៅ​លើ​បុគ្គល​ដែល​ពាក់​ព័ន្ធ​ ជា​ពិសេស​លោក​ឧកញ៉ា ជា លាងហុង ​ដែល​ជា​​ជំនួយការ​របស់​លោក ​ហ៊ុន ម៉ាណែត»

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​ឧកញ៉ា ជា លាងហុង បាន​ទេ នៅ​ថ្ងៃទី២៣ កុម្ភៈ ដើម្បី​សុំ​ការ​ពន្យល់​អំពី​រឿង​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​បរិស្ថាន​ កត់​សម្គាល់​ថា ការ​ចាក់​ដី​លុប​ព្រៃ​កោង​កាង​នេះ​កើត​មាន​ជា​ច្រើន​កន្លែង នៅ​តាម​តំបន់​ឆ្នេរ​ក្នុង​ខេត្ត​ទាំង​បួន នៃ​ប្រទេស​កម្ពុជា គឺ​នៅ​ក្នុង​​ខេត្ត​កោះកុង​ ខេត្ត​ព្រះសីហនុ ខេត្ត​កំពត​ និង​ខេត្ត​កែប ហើយ​អាជ្ញាធរ​ដែល​គ្រប់​គ្រង​តំបន់​ទាំង​នោះ​ ភាគ​ច្រើន​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ និង​បាន​បណ្ដែតបណ្ដោយ ឬ​ឃុបឃិត​ឱ្យ​ពួក​ឈ្មួញ​ចាក់​លុប ឬ​ឈូស​បំផ្លាញ​​ព្រៃ​កោងកាង និង​តំបន់​ឆ្នេរ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​អស់​ជា​ច្រើន​កន្លែង។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​បរិស្ថាន​ ព្រមាន​ថា ផល​​វិបាក​ជា​ច្រើន​នឹង​កើត​មាន​ឡើង​ ប្រសិន​បើ​សកម្មភាព​​បំផ្លិច​បំផ្លាញ​ព្រៃ​កោងកាង នៅ​តាម​តំបន់​ឆ្នេរ​មិន​ត្រូវ​បាន​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ។ នោះ​គឺ​ជា​​ការ​ខូច​ខាត​បរិស្ថាន​តំបន់​ឆ្នេរ​ ការ​បាត់​បង់​ធនធាន​ជីវៈ​ចម្រុះ និង​ការ​ធ្លាក់​ចុះ​ដុន​ដាប​នៃ​ជីវភាព​របស់​ពលរដ្ឋ​ដែល​រស់​នៅ​​ពឹង​ផ្អែក​លើ​របរ​នេសាទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បទល្មើស បំផ្លាញជាតិគ្រប់បែបយ៉ាង ដែលកើតឡើងបានដោយសារ ដៃជើង តាចាស់ ហ៑ុន សែន ជាអ្នកប្រព្រឹត្ត ទាំងអស់ !

Feb 25, 2018 09:36 AM

គេហទំព័រ​ទាំងមូល